ថ្ងៃទី២១ ខែធ្នូ
រដូវអបអរសាទរ
ពណ៌ស្វាយ
ថ្ងៃអាទិត្យ ទី២១ ខែធ្នូ ឆ្នាំ២០២៥
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ប្រកបដោយតេជានុភាពសព្វប្រការ! ព្រះអង្គចាត់ព្រះបុត្រាព្រះអង្គឱ្យយាងមករួមរស់ជាមួយមនុស្សលោក និងយាងមកប្រទានកិត្តិយសដ៏ថ្លៃថ្លាឱ្យយើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាតម្រែតម្រង់ចិត្តគំនិតយើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំទទួលសិរីរុងរឿងរបស់ ព្រះអង្គនៅថ្ងៃព្រះគ្រីស្តយាងមកវិញផង។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរបទចំរៀងរបស់ព្រះបាទសាឡូម៉ូន បច ២,៨-១៤
នាងខ្ញុំឮសំនៀងម្ចាស់ជីវិតខ្ញុំ។ គាត់កំពុងតែមកទាំងលោតផ្លោះនៅលើភ្នំតូចធំ។ ម្ចាស់ជីវិតរបស់ខ្ញុំរត់លឿនដូចក្តាន់ ឬដូចប្រើសស្ទាវ មើល៍គាត់ឈរនៅខាងក្រៅផ្ទះ គាត់អើតតាមបង្អួច ហើយពិនិត្យមើលតាមចម្រឹង។ ម្ចាស់ជីវិតខ្ញុំបំន្លឺសំឡេងមកខ្ញុំថា៖«អូនសម្លាញ់មាសបងអើយ! ចូរក្រោកឡើង! ស្រីស្រស់ស្អាតអើយ! ចូរចេញមក! ដ្បិតរដូវរងារកន្លងផុតទៅហើយ! រីឯភ្លៀងក៏ឈប់បង្អុរមកទៀតដែរ។ បុប្ផារីកស្គុះស្គាយពាសពេញស្រុក ដល់ពេលដែលបក្សាបក្សីយំខ្ញៀវខ្ញារ លលកបូលលាន់ឮពេញក្នុងស្រុកយើង។ ដើមស្វាយចាប់ផ្តើមផ្លែ ដើមទំពាំងបាយជូរមានផ្កាសាយក្លិនក្រអូប។ អូនសម្លាញ់មាសបងអើយ! ចូរក្រោកឡើង! ស្រីស្រស់ស្អាតអើយ! ចូរចេញមក! ព្រលឹងមាសបងប្រៀបដូចជាព្រាបលាក់ខ្លួននៅតាមក្រហែងថ្ម។ សូមបង្ហាញមុខអូនឱ្យបងឃើញផង! សូមបន្លឺសំឡេងឱ្យបងឮផង ដ្បិតសំឡេងអូនពីរោះ ហើយមុខរបស់អូនស្អាតណាស់»។
ទំនុកតម្កើងលេខ ៣៣ ,២-៣.១១-១២.២០-២១ បទព្រហ្មគីតិ
| ២. | ដេញពិណលើកតម្កើង | ព្រះនៃយើងគ្មានអ្វីស្មើ | |
| លេងចាប៉ីបណ្តើរ | ដេញបង្ហើរខ្សែដប់ថ្វាយ | ។ |
| ៣. | ចូរច្រៀងទំនុកថ្មី | ទាំងតន្រ្តីកុំជិនណាយ | |
| សូរសៀងពិរោះក្រៃ | ពេលសប្បាយអបអរទ្រង់ | ។ |
| ១១. | ឯផែនការព្រះអង្គ | ស្ថិតនៅគង់មិនអន្តរាយ | |
| គម្រោងការទាំងឡាយ | មិនរលាយនៅស្ថិតស្ថេរ | ។ |
| ១២. | ប្រជាដែលគោរព | បម្រើគ្រប់គ្មានទំនេរ | |
| ទុកជាព្រះឥតប្រែ | នោះជួបតែសុខគ្រប់គ្រា | ។ |
| ជនដែលព្រះអង្គជ្រើស | ឥតមានឃ្នើសជាទ្រព្យា | |
| ជារាស្ត្រផ្ទាល់អង្គា | នោះមុខជារួចផុតទុក្ខ | ។ |
| ២០. | យើងសូមផ្ញើជីវិត | លើព្រះពិតឥតខកខាន | |
| ជាខែលដ៏ចំណាន | សង្គ្រោះប្រាណផុតភិតភ័យ | ។ |
| ២១. | យើងខ្ញុំសែនរីករាយ | ចិត្តសប្បាយអរពេកក្រៃ | |
| សូមផ្ញើជីវិតថ្លៃ | លើព្រះទ័យល្អបំផុត | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
ឱ អេម៉ានូអែលអើយ! សូមយាងមក! ព្រះអង្គបានប្រទានធម្មវិន័យឱ្យយើងខ្ញុំ! ព្រះអង្គជាព្រះមហាក្សត្ររបស់យើងខ្ញុំ! ព្រះអម្ចាស់ជាព្រះរបស់យើងខ្ញុំ! សូមយាងមកសង្គ្រោះយើងខ្ញុំផង។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១,៣៩-៤៥
នៅគ្រានោះ នាងម៉ារីប្រញាប់ប្រញាល់ធ្វើដំណើរទៅកាន់ភូមិមួយនៅតំបន់ភ្នំក្នុងស្រុកយូដា។ នាងចូលទៅក្នុងផ្ទះលោកសាការី ហើយជម្រាបសួរនាងអេលីសាបិត។ ពេលនាងអេលីសាបិតឮនាងម៉ារីជម្រាបសួរ ទារកនៅក្នុងផ្ទៃនាងបំរះឡើង ហើយគាត់ក៏ពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ រួចបន្លឺសំឡេងឡើងថា៖«ព្រះជាម្ចាស់បានប្រទានពរដល់នាងលើសស្ត្រីនានា ព្រះអង្គក៏ប្រទានពរដល់បុត្រនាងដែរ។ តើរូបខ្ញុំនេះមានឋានៈអ្វីបានជាមាតានៃព្រះអម្ចាស់របស់ខ្ញុំមកសួរសុខទុក្ខខ្ញុំដូច្នេះ?។ កាលខ្ញុំឮពាក្យជម្រាបសួររបស់នាង ស្រាប់តែកូននៅក្នុងផ្ទៃបំរះឡើងដោយអំណរសប្បាយ។ នាងពិតជាមានសុភមង្គលមែន ព្រោះនាងបានជឿថា ព្រះបន្ទូលដែលព្រះអម្ចាស់ប្រាប់នាង។ មុខជានឹងសម្រេចមិនខាន»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គតែងតែប្រទានសុភមង្គលដល់អ្នកជឿសង្ឃឹលើព្រះអង្គ។ ក្រៅពីជំនឿយើងខ្ញុំគ្មានអ្វីទៅថ្វាយព្រះអង្គឡើយ។ សូមទ្រង់ព្រះមេត្តាទទួលសក្ការបូជា យើងខ្ញុំដោយអនុគ្រោះ សូមណែនាំយើងខ្ញុំឱ្យចូលរួមជាមួយព្រះយេស៊ូជាព្រះសង្គ្រោះ កាន់តែជិតស្និទ្ធឡើងៗផង គឺព្រះយេស៊ូគ្រីស្តដែលមានព្រះជន្មគង់នៅ និងសោយរាជ្យជាមួយព្រះអង្គ អស់កល្បជាអង្វែងតរៀងទៅ។
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រទានព្រះកាយព្រះគ្រីស្តឱ្យយើងខ្ញុំក្នុងអភិបូជានេះ។ សូមទ្រង់ព្រះមេត្តាថែរក្សាការពារយើងខ្ញុំជាប្រជារាស្ត្ររបស់ព្រះអង្គ។ សូមតម្រែតម្រង់ចិត្តយើងខ្ញុំឱ្យចេះបម្រើព្រះអង្គដោយបម្រើអ្នកដទៃ។ សូមសង្គ្រោះយើងខ្ញុំទាំងខាងផ្លូវចិត្ត ទាំងខាងផ្លូវកាយផង។
312 Views
Post Views:
314