ថ្ងៃទី២១ ខែមិថុនា
សន្តលូអ៊ីស ហ្គូនហ្សាក ជាបព្វជិត
បុណ្យរម្លឹក
ពណ៌ស
លោកលូអ៊ីស (១៥៦៨-១៥៩១) ធ្វើរាជបម្រើព្រះមហាក្សត្រអេស្ប៉ាញ។ កាលអាយុ ១៧ឆ្នាំ លោកចូលក្នុងក្រុមគ្រួសារ “សហជិវិនព្រះយេស៊ូ” ហើយលះបង់សិទ្ធិទទួលកេរមត៌ករបស់ខ្លួន។ តាំងពីអាយុប្រាំបួនឆ្នាំ លោកសន្យាថា នឹងនៅព្រហ្មចារីអស់មួយជីវិត។ នៅឆ្នាំ ១៥៩១ មានជំងឺអាសន្នរោគត្បាតនៅក្រុងរ៉ូម។ លោកឧស្សាហ៍ព្យាបាលអ្នកជំងឺ ហើយត្រូវឆ្លងជំងឺអាសន្នរោគស្លាប់ដូចគេក្នុងជន្មាយុម្ភៃឆ្នាំ។
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះជាម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រោសប្រទានព្រះអំណោយទានពិសេសខាងព្រះវិញ្ញាណឱ្យសន្តលុយ គឺឱ្យលោកសុខចិត្តលះបង់អ្វីៗទាំងអស់ និងថ្វាយខ្លួនជាព្រហ្មចារីបរិសុទ្ធយ៉ាងអស្ចារ្យបំផុត។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យសុខចិត្តលះបង់ខ្លួនឯង និងយកចិត្តទុកដាក់កាន់កិរិយាបរិសុទ្ធល្អត្រឹមត្រូវ ដូចសន្តលុយផង។
សូមថ្លែងព្រះគម្ពីរវីវរណៈ វវ ២១, ៥-៧
ព្រះអង្គដែលគង់នៅលើបល្ល័ង្ក ព្រះអង្គមានព្រះបន្ទូលថា៖ «មើល៍ យើងបានធ្វើអ្វីៗទាំងអស់សុទ្ធតែថ្មី»។ បន្ទាប់មកព្រះអង្គមានព្រះ បន្ទូលទៀតថា៖ «ចូរកត់ត្រាទុក ដ្បិតសេចក្ដីទាំងនេះសុទ្ធតែជាពាក្យពិតគួរឱ្យជឿ»។ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «រួចស្រេចអស់ហើយ! យើងជាអាល់ផា និងជាអូមេកា គឺជាដើមដំបូង និងជាចុងបំផុត។ អ្នកណាស្រេក យើងនឹងឱ្យទឹកដែលហូរចេញពីប្រភពជីវិតទៅអ្នកនោះ ដោយគេមិនបាច់បង់ថ្លៃឡើយ។ អ្នកដែលមានជ័យជម្នះមុខជាបានទទួលមត៌កបែបនេះឯង។ យើងនឹងធ្វើជាព្រះរបស់គេ ហើយគេធ្វើជាបុត្ររបស់យើង។
ទំនុកតម្កើងលេខ ១២៦ (១២៥),១-៦ បទព្រហ្មគីតិ
| ១ | ពេលព្រះដឹកនាំអ្នក | ដែលជំពាក់ខ្លួនជាឈ្លើយ | |
| មកក្រុងស៊ីយ៉ូនហើយ | យើងធូរស្បើយដូចយល់សប្តិ | ។ |
| ២ | យើងសើចហ៊ោសប្បាយ | អរក្អាកក្អាយឥតមានឈប់ | |
| ស្រែកជ័យឃោសន៍សាយសព្វ | លាន់សូរស័ព្ទគ្រប់ទិសា | ។ |
| ពេលនោះក្នុងចំណោម | ជាតិទាំងព្រមគេពោលថា៖ | |
| «ព្រះម្ចាស់មានចេស្តា | ធ្វើអស្ចារ្យចំពោះគេ» | ។ |
| ៣ | ព្រះអង្គបានធ្វើការ | ដ៏អស្ចារ្យអ្វីម៉េ្លះទេ | |
| យើងលែងគិតគ្នាន់គ្នេរ | បានល្ហើយល្ហែអរសប្បាយ | ។ |
| ៤ | ឱ! ព្រះម្ចាស់ឧត្តម | សូមប្រោសខ្ញុំឱ្យរីការាយ | |
| ដូចរហោស្ថានឆ្ងាយ | សូមប្រែក្លាយមានទឹកហូរ | ។ |
| ៥ | អ្នកណាសាបព្រោះស្រូវ | ដោយសោកសៅគួរអាសូរ | |
| ទាំងទឹកភ្នែកជន់ជោរ | នឹងច្រូតយកទាំងសប្បាយ | ។ |
| ៦ | គេយកពូជទៅព្រោះ | ទាំងស្រណោះយំសោកស្តាយ | |
| ក្រោយមកគេប្រែក្លាយ | ហ៊ោសប្បាយដោយអំណរ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ៨,១២
អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះយេស៊ូគ្រីស្ត! ព្រះអង្គពិតជាពន្លឺបំភ្លឺពិភពលោកមែន! អ្នកណាទៅតាមព្រះអង្គ អ្នកនោះមានពន្លឺដែលនាំគេទៅកាន់ជីវិត! អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ១០,១៧-២៧
កាលព្រះយេស៊ូកំពុងចេញដំណើរទៅ មានបុរសម្នាក់រត់មកដល់ លុតជង្គង់ចុះនៅមុខព្រះអង្គ ទូលថា៖ «លោកគ្រូដ៏សប្បុរសអើយ! តើខ្ញុំត្រូវធ្វើអ្វីដើម្បីឱ្យបានទទួលជីវិតអស់កល្បជានិច្ចទុកជាមត៌ក?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ហេតុអ្វីបានជាអ្នកថា ខ្ញុំសប្បុរសដូច្នេះ? ក្រៅពីព្រះជាម្ចាស់មួយព្រះអង្គ គ្មាននរណាម្នាក់សប្បុរសឡើយ។ អ្នកស្គាល់វិន័យស្រាប់ហើយថា “កុំសម្លាប់មនុស្ស កុំប្រព្រឹត្តអំពើផិតក្បត់ កុំលួចទ្រព្យសម្បត្តិគេ កុំនិយាយកុហកធ្វើឱ្យគេមានទោស កុំកេងប្រវ័ញ្ចយកសម្បត្តិនរណាឱ្យសោះ ចូរគោរពមាតាបិតា”»។ បុរសនោះទូលព្រះអង្គថា៖ «លោកគ្រូអើយ! ខ្ញុំបានប្រតិបត្តិតាមវិន័យទាំងនេះ តាំងពីក្មេងមក»។ ព្រះយេស៊ូទតមើលទៅគាត់ ហើយមានព្រះហឫទ័យស្រឡាញ់គាត់ ព្រះអង្គមានព្រះបន្ទូលថា៖ «នៅខ្វះកិច្ចការមួយទៀតដែលអ្នកមិនទាន់ធ្វើ គឺត្រូវអញ្ជើញទៅលក់អ្វីៗដែលអ្នកមាន រួចចែកឱ្យជនក្រីក្រទៅ ធ្វើដូច្នេះ ទើបអ្នកមានសម្បត្តិសួគ៌ បន្ទាប់មកសឹមអញ្ជើញមកតាមខ្ញុំ»។ កាលបុរសនោះឮដូច្នេះ គាត់មានទឹកមុខស្រពោន ហើយវិលត្រឡប់ទៅវិញទាំងព្រួយចិត្ត ដ្បិតគាត់មានទ្រព្យសម្បត្តិស្ដុកស្តម្ភណាស់។ ព្រះយេស៊ូទតមើលជុំវិញ រួចមានព្រះបន្ទូលទៅពួកសាវ័កថា៖ «អ្នកមានមិនងាយចូលទៅក្នុងព្រះរាជ្យព្រះជាម្ចាស់បានទេ»។ ពួកសាវ័កងឿងឆ្ងល់នឹងព្រះបន្ទូលរបស់ព្រះអង្គជាខ្លាំង។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេទៀតថា៖ «កូនចៅអើយ ព្រះរាជ្យព្រះជាម្ចាស់ពិបាកចូលណាស់! សត្វអូដ្ឋចូលតាមប្រហោងម្ជុល ងាយជាងអ្នកមានចូលក្នុងព្រះរាជ្យព្រះជាម្ចាស់ទៅទៀត»។ ពួកសាវ័ករឹតតែឆ្ងល់ថែមទៀត ហើយនិយាយគ្នាថា៖ «បើដូច្នេះ តើអ្នកណាអាចទទួលការសង្គ្រោះបាន?»។ ព្រះយេស៊ូទតមើលគេ រួចមានព្រះបន្ទូលថា៖ «ការនេះមនុស្សធ្វើពុំកើតទេ តែព្រះជាម្ចាស់ធ្វើកើត ដ្បិតព្រះអង្គធ្វើគ្រប់ការទាំងអស់បាន»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះជាម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រោសសន្តលុយឱ្យថ្វាយខ្លួនទាំងស្រុងចំពោះព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំ ឱ្យចូលរួមក្នុងពិធីជប់លៀងដ៏ប្រសើរនៅស្ថានបរមសុខនៅថ្ងៃណាមួយផង។
ពាក្យអរព្រះគុណ
បពិត្រព្រះជាម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រទានព្រះកាយព្រះគ្រីស្តឱ្យយើងខ្ញុំទទួលទានទុកជាអាហារ។ សូមទ្រង់ព្រះមេត្តាជួយយើងខ្ញុំឱ្យកាន់កិរិយាបរិសុទ្ធត្រឹមត្រូវ ទំាងអរព្រះគុណព្រះអង្គគ្រប់ពេលវេលា ដូចសន្តលុយផង។
646 Views
Post Views:
628