អត្ថបទព្រះគម្ពីរ
ថ្ងៃសុក្រ ទី២១ ខែ
មករា ឆ្នាំ២០២២
អាទិត្យទី០២ រដូវធម្មតា
ពណ៌ក្រហ
បុណ្យរម្លឹក

សន្តីអាញេស ជាព្រហ្មចារិនី
និងជាមរណសាក្សី

​នាងអាញេសជាគ្រីស្តបរិស័ទជាតិរ៉ូមុំាងម្នាក់ រស់នៅក្រុងរ៉ូម នាដើមសតវត្សទី៤។ នាងមានចិត្ត​ស្រ​ឡាញ់ព្រះ​គ្រីស្តលើសអ្វីៗទាំងអស់។ កាលនាងអាយុ១២ឆ្នាំ នាងសុខចិត្តបាត់បង់ជីវិត ជាជាង​លះ​បង់​​ចោល​ជំនឿរបស់ខ្លួនចំពោះព្រះគ្រីស្ត។ ទោះបីរដ្ឋអំណាចគំរាមកំហែង និងធ្វើ​ទុក្ខបុកម្នេញ​នាង​យ៉ាង​ណា​ក៏ដោយ ក៏នាងនៅតែមានចិត្តក្លាហានស៊ូទ្រាំទាំងអស់ ដោយព្រះជាម្ចាស់ជួយគាំ​ទ្រនាង​ផង​។​​ តាមភាសាក្រិកឈ្មោះ ” អាញេស ” មានន័យថា ” បរិសុទ្ធ “។ តាមភាសា​ឡាតាំងវិញ ឈ្មោះ ” អាញេស ” មានសូរសំឡេងប្រហែលនឹង ” កូនចៀម “។ ដូច្នេះ គ្រីស្តបរិស័ទក្រុង​រ៉ូមនាំ​គ្នាគោ​រពនាងអាញេស​ទុក​ជា​សា​វ័ករបស់ព្រះគ្រីស្ត​ ដែលជា ” កូនចៀម ” របស់ព្រះជាម្ចាស់ ហើយដែលបូជាជីវិត។

សូមថ្លែងព្រះគម្ពីរព្យាការីសាមូអែល ១សម ២៤,៣-២១

លោកដាវីឌរត់ភៀសខ្លួនព្រោះខ្លាចព្រះបាទសាអ៊ូលប្រហារជីវិត។ ស្តេចសាអ៊ូលក៏ជ្រើសរើសទាហានដ៏ខ្លាំងពូកែចំនួនបីពាន់នាក់ពីក្នុងចំណោមកងទ័ពអ៊ីស្រាអែលទាំងមូលចេញទៅតាមរកលោកដាវីឌ និងពួកលោក នៅទល់មុខថ្មពពែព្រៃ។ ព្រះបាទសាអ៊ូលយាងកាត់តាមក្រោលចៀមមួយដែលនៅជាប់នឹងមាត់ផ្លូវ ទ្រង់ក្រឡេកទៅឃើញមាន​ល្អាងភ្នំមួយ ហើយក៏យាងចូលទោដោះទុក្ខសត្វក្នុងល្អាងនោះ។ លោកដាវីឌ និងពួកលោកពួននៅក្នុងល្អាភ្នំនោះដែរ តែនៅជ្រៅទៅខាងក្នុង។ អស់អ្នកដែលនៅជាមួយ​លោក ជម្រាបលោកថា៖ «នេះជាថ្ងៃដែលព្រះអម្ចាស់បានសន្យានឹងលោកថា” យើងនឹងប្រគល់បច្ចាមិត្តមកក្នុងកណ្តាប់ដៃរបស់អ្នក”។ សូមប្រព្រឹត្តចំពោះសេ្តច តាមលោក​យល់ឃើញទៅចុះ»។ លោកដាវីឌក្រោកឡើង លបចូលទៅកាត់ជាយព្រះភូសារបស់ព្រះបាទសាអ៊ូល។ ប៉ុន្តែ ក្រោយពេលដែលលោកកាត់ជាយព្រះភូសារព្រះបាទសាអ៊ូលដូច្នេះ លោករំភើបចិត្ត ញាប់ញ័រជាខ្លាំង ។ លោកមានប្រសាសន៍ទៅអស់អ្នកដែលនៅជាមួយលោកថា៖ «សូមព្រះអម្ចាស់ឃាត់ខ្ញុំ កុំឱ្យធ្វើអ្វីខុសចំពោះម្ចាស់របស់ខ្ញុំ ដែលព្រះអម្ចាស់បានចាក់ប្រេងអភិសេកជាស្តេចនេះឡើយ គឺខ្ញុំមិនត្រូវធ្វើគុតព្រះរាជាដែលព្រះអម្ចាស់បានតែងតាំងជាស្តេចនេះទេ»។ លោកដាវីឌហាមឃាត់ពួកលោកមិនឱ្យធ្វើគុតព្រះបាទសាអ៊ូល។ ព្រះបាទសាអ៊ូលយាងចេញពីល្អាងភ្នំ ហើយបន្តដំណើរ​ទៅមុខទៀត។ លោកដាវីឌចេញពីល្អាងមក ហើយស្រែកពីក្រោយព្រះបាទសាអ៊ូល​ថា៖ «ព្រះករុណាជាអម្ចាស់នៃទូលបង្គំអើយ! »។ ព្រះបាទសាអ៊ូលក៏ងាកមកទត​ លោកដាវីឌឱនមុខចុះ ក្រាបដល់ដី ថ្វាយបង្គំ រួចទូលថា៖ «ហេតុអ្វីបានជាព្រះករុណា​ចេះតែព្រះសណ្តាប់ពាក្យរបស់អស់អ្នកដែលទូលថា ដាវីឌចង់ធ្វើគុតព្រះករុណាដូច្នេះ? ព្រះករុណាទតឃើញស្រាប់ហើយថា ថ្ងៃនេះ ព្រះអម្ចាស់បានប្រគល់ព្រះករុណាមកក្នុងកណ្តាប់ដៃទូលបង្គំ កាលព្រះករុណានៅក្នុងល្អាងភ្នំនេះ។ គេសុំឱ្យទូលបង្គំធ្វើគុត​ព្រះករុណា តែទូលបង្គំមិនធ្វើតាមឡើយ។ ទូលបង្គំពោលថា “ខ្ញុំមិនធ្វើគុត​ម្ចាស់របស់ខ្ញុំជាដាច់ខាត ដ្បិតព្រះអម្ចាស់បានចាក់ប្រេងអភិសេក ឱ្យធ្វើជាស្តេចហើយ។ បពិត្រ​ព្រះបិតា សូមទ្រង់ទតមើលមកជាយព្រះភូសាដែលនៅក្នុងដៃទូលបង្គំនេះ។ ទូលបង្គំ​គ្រាន់តែកាត់ជាយព្រះភូសា តែទូលបង្គំមិនធ្វើគុតព្រះអង្គទេ។ ដូច្នេះ សូមទ្រង់ជ្រាប​ថា ទូលបង្គំគ្មានគំនិតអាក្រក់ចង់ធ្វើគុត ឬបះបោរប្រឆាំងនឹងព្រះបិតាឡើយ។ ទូលបង្គំក៏ពុំបានប្រព្រឹត្តអំពើខុសឆ្គងនឹងព្រះអង្គដែរ គឺមានតែព្រះករុណាទេ ដែលចេះតែ​តាមប្រហាជីវិតទូលបង្គំ ។ សូមព្រះអម្ចាស់ធ្វើជាចៅក្រមកាត់ក្តីឱ្យយើងទាំងពីរ។ ព្រះអម្ចាស់នឹងរកយុត្តិធម៌ឱ្យទូលបង្គំមិនខាន រី​ឯទូលបង្គំវិញ ទូលបង្គំមិនប្រព្រឹត្តអ្វី​ចំពោះព្រះករុណាឡើយ ដូចសុភាសិតពីព្រេងនាយចែងមកថា “មនុស្សអាក្រក់ប្រព្រឹត្ត​តែអំពើអាក្រក់”។ តែទូលបង្គំពុំបានប្រព្រឹត្តអំពើអាក្រក់ណាមួយចំពោះព្រះករុណា​ទេ។ តើព្រះមហាក្សត្រអ៊ីស្រាអែលចេញច្បាំងនឹងនរណា? តើព្រះករុណាដេញ តាមនរណា? គឺព្រះករុណាដេញតាមទូលបង្គំដែលប្រៀបដូចជាឆ្កែងាប់ ឬដូចចៃមួយ​ដ៏តូច។ សូមព្រះអម្ចាស់កាត់ក្តីឱ្យយើងទាំងពីរនាក់។ ព្រះអង្គនឹងទតមើលមក ហើយ​រកយុត្តិធម៌ឱ្យទូលបង្គំ ព្រះអង្គនឹងកាត់ក្តីឱ្យទូលបង្គំ ព្រមទាំងរំដោះទូលបង្គំឱ្យរូចផុតពីកណ្តាប់ដៃព្រះករុណាជាមិនខាន»។

កាលលោកដាវីឌទូលសេចក្តីទាំងនោះចប់សព្វគ្រប់ហើយ ព្រះបាទសាអ៊ូលមានរាជ​ឱង្ការថា៖«ដាវីឌកូនអើយ! នេះពិតជាសំឡេងកូនមែនឬ?»។ ព្រះបាទសាអ៊ូល ទ្រង់​ព្រះកន្សែងយ៉ាងខ្លាំង។ បន្ទាប់មក ទ្រង់មានរាជឱង្ការទៅកាន់លោកដាវីឌថា៖ «កូនជាមនុស្សសុចរិតជាងបិតា ព្រោះកូនបានប្រព្រឹត្តល្អចំពោះបិតា តែបិតាបានប្រព្រឹត្តអាក្រក់ចំពោះកូន។ ថ្ងៃនេះ កូនបានបង្ហាញចិត្តសប្បុរសមកលើបិតាយ៉ាងជាក់ស្តែង​ ដ្បិតព្រះអម្ចាស់ប្រគល់បិតាទៅក្នុងកណ្តាប់ដៃកូន តែកូនមិនបានសម្លាប់បិតាទេ។ ធម្មតា កាលណាមនុស្សម្នាក់ជួបប្រទះនឹងបច្ចាមិត្តហើយ គេមិនដែលទុកឱ្យបច្ចាមិត្តនោះបន្តដំណើរទៅមុខទៀតដោយស្រួលៗទេ។ សូមព្រះអម្ចាស់ប្រទានរង្វាន់ដល់កូនចំពោះអំពើល្អដែលកូនបានប្រព្រឹត្តមកលើបិតានៅថ្ងៃនេះ។ បិតាក៏ដឹងច្បាស់ថា ថ្ងៃ​មួយ កូននឹងឡើងធ្វើជាស្តេច ហើយរាជាណាចក្រអ៊ីស្រាអែលនឹងបានស្ថេតស្ថេរក្រោមការគ្រប់គ្រងរបស់កូន»។

ទំនុកតម្កើងលេខ ៥៧ (៥៦),២-៤.៦.១១ បទកាកគតិ

២.ឱព្រះជាម្ចាស់សូមមេត្តាប្រោសអាណិតមេត្តាដ្បិតទូលបង្គំ
ពឹងរាល់វេលាជ្រកក្រោមប្ញទ្ធាចេស្តាបារមី
៣.ខ្ញុំស្រែកហៅរកសូមព្រះយាងមកប្រញាប់ឃ្មាតខ្មីព្រះខ្ពស់បំផុត
លើភពផែនដីប្រទានសព្វអ្វីតាមខ្ញុំប្រាថ្នា
៤.សូមទ្រង់ប្រទានសង្រ្គោះពីស្ថានបរមសុខមកណាសូមជួយកំចាត់
សត្រូវប្ញស្សាសម្តែងមេត្តាករុណាដល់ខ្ញុំ
៦.ឱព្រះម្ចាស់អើយកុំគង់កន្តើយសម្តែងបារមីឧត្តុងឧត្តម
ថ្កុំថ្កើងថ្លាថ្លៃចែងចាំងលើដីរស្មីត្រចង់
១១.ដ្បិតព្រះហប្ញទ័យករុណាប្រណីព្រះម្ចាស់ខ្ពស់ដល់ទៅល់ផ្ទៃមេឃ
ឥតមានកិច្ចកលបារមីខ្ពស់ដប់វេហាស៍អាកាស

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អលេលូយ៉ា! អាលេលូយ៉ា!
មើលហ្ន! ព្រះដំណាក់របស់ព្រះជាម្ចាស់​ ស្ថិតនៅជាមួយមនុស្សលោក។
មានគ្រឹះដប់ពីរដែលមានចារឹកឈ្មោះ​គ្រីស្ដទូតទាំងដប់ពីរបស់កូនចៀម។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៣,១៣-១៩

ព្រះយេស៊ូយាងឡើងទៅលើភ្នំ ព្រះអង្គត្រាស់ហៅអស់អ្នកដែលទ្រង់សព្វព្រះហប្ញទ័យជ្រើសរើស អ្នកទាំងនោះក៏ចូលមកគាល់ព្រះអង្គ។ ព្រះអង្គតែងតាំងដប់ពីរនាក់ឱ្យនៅជាមួយព្រះអង្គ និងដើម្បីចាត់គេឱ្យទៅប្រកាសដំណឹងល្អ ទាំងមានអំណាចដេញ​អារក្សថែមទៀតផង។ ព្រះអង្គតែងតាំងអ្នកដប់ពីរអ្នកនេះ គឺស៊ីម៉ូន ដែលទ្រង់ដាក់​ឈ្មោះ​ថា “សិលា” យ៉ាកុបជាកូនរបស់លោកសេបេដេ និងយ៉ូហាន ជាប្អូនរបស់គាត់​ដែល​​ព្រះយេស៊ូដាក់ឈ្មោះថា “បោណើកែស”(ឈ្មោះនេះមានន័យថា” អ្នកដែល​មានចិត្ត​ខ្លាំង​ដូចផ្គរលាន់”) អន់ដ្រេ ភីលីព បាតូឡូមេ ម៉ាថាយ ថូម៉ាស យ៉ាកុប ជាកូនអាល់ផាយ ថាដេ ស៊ីម៉ូន ជាអ្នកជាតិនិយម និងយូដាស អ៊ីស្ការីយ៉ុត ជាអ្នកក្បត់ព្រះអង្គ។

142 Views

Theme: Overlay by Kaira