សន្តអន់ដ្រេគីម ថេហ្គុន
ជាបូជាចារ្យនិងសន្តប៉ូល ជុងហាសាង
ព្រមទាំងសហជីវិន ជាមរណសាក្សីនៅកូរ៉េ
គ្រីស្តបរិស័ទនាំដំណឹងល្អទៅប្រទេសកូរ៉េនៅដើមសតវត្សទី ១៦ ដោយយកសៀវភៅពីស្រុកចិនមក។ នៅឆ្នាំ ១៨៣៦ មានសាសនទូតលួចចូលរួមក្នុងប្រទេសនោះ។ នៅឆ្នាំ ១៨៣៩-១៨៤៦ និង ១៨៦៦ រដ្ឋអំណាចបៀតបៀនធ្វើបាបគ្រីស្តបរិស័ទ។ ព្រះសហគមន៍គោរពមរណសាក្សីជាតិកូរ៉េ ១០៣នាក់។ ក្នុងចំណោមរណសាក្សីទាំងនោះ មានលោកបូជាចារ្យអន់ដ្រេគីម ថេហ្គុន និងលោកប៉ូល ជុងហាសាង ព្រមទាំងគ្រីស្តបរិស័ទទាំងប្រុស ទាំងស្រីនៅលីវ ឬអ្នកមានគ្រួសារ ចាស់ក្មេង ស៊ូបូជាជីវិតជាជាងលះបង់ជំនឿរបស់ខ្លួន។
សូមថ្លែងព្រះគម្ពីរព្រះប្រាជ្ញាញ្ញាណ ប្រាញ ៣,១-៩ ឬ រ៉ូម ៨,៣១-៣៩
មនុស្សសុចរិតស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ គេនឹងមិនជួបទុក្ខលំបាកណាទៀតឡើយ។ អ្នកឆោតល្ងង់ស្មានថា មនុស្សសុចរិតបាត់បង់ជីវិត ហើយយល់ថាការលាចាកលោកនេះ ជាមហន្តរាយរបស់មនុស្សសុចរិត។ គេស្មានទៀតថា ពេលឃ្លាតឆ្ងាយពីលោកយើងនេះ មនុស្សសុចរិតវិនាសសាបសូន្យ។ ប៉ុន្តែ តាមពិតមនុស្សសុចរិតស្ថិតនៅក្នុងសេចក្តីសុខសាន្ត។ តាមការយល់ឃើញរបស់មនុស្សធម្មតា អ្នកសុចរិតទាំងនោះបានរងទុក្ខទោសមែន តែពួកគេមានសង្ឃឹមយ៉ាងមោះមុតថា នឹងទទួលជីវិតអមតៈ។ 5 ព្រះជាម្ចាស់វាយប្រដៅពួកគេតែបន្តិចទេ តែពួកគេនឹងទទួលសុភមង្គលដ៏បរិបូណ៌។ ព្រះជាម្ចាស់ល្បងលពួកគេ ហើយឈ្វេងយល់ថា ពួកគេពិតជាសមនៅជាមួយព្រះអង្គ។ ព្រះអង្គបន្សុទ្ធពួកគេដូចជាងបន្សុទ្ធមាសក្នុងឡ ព្រះអង្គទទួលពួកគេ ដូចទទួលតង្វាយដុតទាំងមូល។ លុះដល់ពេលកំណត់ ដែលព្រះអង្គយាងមកវិនិច្ឆ័យទោសមនុស្សលោក ពួកគេនឹងភ្លឺដូចអណ្តាតភ្លើងឆាបឆេះជញ្រ្ជាំង។ ពួកគេនឹងវិនិច្ឆ័យទោសប្រជាជាតិនានា ហើយគ្រប់គ្រងលើជាតិសាសន៍ជាច្រើន។ ព្រះអម្ចាស់នឹងគ្រងរាជ្យលើពួកគេអស់កល្បជាអង្វែងតរៀងទៅ។ អស់អ្នកដែលពឹងផ្អែកលើព្រះអម្ចាស់នឹងយល់ថា គម្រោងការរបស់ព្រះអង្គពិតជាត្រឹមត្រូវ ហើយអស់អ្នកដែលជឿព្រះអង្គនឹងរួមរស់ជាមួយព្រះអង្គក្នុងសេចក្តីស្រឡាញ់។ ព្រះជាម្ចាស់មានព្រះហឫទ័យប្រណីសន្តោស និងមេត្តាករុណាចំពោះអស់អ្នកដែលព្រះអង្គបានជ្រើសរើស។
សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងរ៉ូម រម ៨,៣១-៣៩
បើដូច្នេះ តើយើងត្រូវគិតដូចម្ដេចទៀតអំពីសេចក្ដីទាំងនេះ? ប្រសិនបើព្រះជាម្ចាស់កាន់ខាងយើងហើយ តើនរណាអាចនឹងចោទប្រកាន់យើងបាន? ព្រះអង្គពុំបានទុកព្រះបុត្រារបស់ព្រះអង្គផ្ទាល់ទេ គឺព្រះអង្គបានបញ្ជូនព្រះបុត្រានោះមកសម្រាប់យើងទាំងអស់គ្នា បើដូច្នេះ ព្រះអង្គមុខជាប្រណីសន្ដោសប្រទានអ្វីៗទាំងអស់មកយើង រួមជាមួយព្រះបុត្រានោះដែរ។ តើនរណាអាចចោទប្រកាន់អស់អ្នកដែលព្រះជាម្ចាស់បានជ្រើសរើស បើព្រះអង្គប្រោសគេឱ្យសុចរិតហើយនោះ? តើនរណាអាចដាក់ទោសគេបាន បើព្រះគ្រីស្ដយេស៊ូបានសោយទិវង្គត ហើយជាពិសេសព្រះអង្គមានព្រះជន្មរស់ឡើងវិញ គង់នៅខាងស្ដាំព្រះបិតា និងទូលអង្វរឱ្យយើងដូច្នេះ? តើនរណាអាចបំបែកយើងចេញពីព្រះហឫទ័យស្រឡាញ់របស់ព្រះគ្រីស្ដបាន? ទុក្ខវេទនា ឬការតប់ប្រមល់ អន្ទះអន្ទែង ការបៀតបៀន ការស្រេកឃ្លាន ខ្វះសម្លៀកបំពាក់ គ្រោះថ្នាក់ ឬមួយត្រូវគេសម្លាប់? ដូចមានចែងទុកមកថាៈ ព្រោះតែព្រះអង្គ យើងត្រូវគេរកសម្លាប់ពីព្រឹកដល់ល្ងាច គេចាត់ទុកយើងដូចជាចៀមដែលត្រូវគេយកទៅសម្លាប់។ ប៉ុន្តែ ក្នុងការទាំងនោះ យើងមានជ័យជម្នះលើសពីអ្នកមានជ័យជម្នះទៅទៀត ដោយព្រះអម្ចាស់ដែលបានស្រឡាញ់យើង។ ខ្ញុំជឿជាក់ថា ទោះបីសេចក្ដីស្លាប់ក្តី ជីវិតក្តី ទេវទូតក្តី វត្ថុស័ក្តិសិទ្ធិនានាក្តី បច្ចុប្បន្នកាលក្តី អនាគតកាលក្តី អំណាចនានាក្តី អ្វីៗដែលនៅស្ថានលើក្តី នៅស្ថានក្រោមក្តី ឬអ្វីៗផ្សេងទៀតដែលព្រះជាម្ចាស់បង្កើតមកក្តី ក៏ពុំអាចបំបែកយើងចេញពីសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ដែលព្រះអង្គបានសម្ដែងឱ្យយើងឃើញក្នុងព្រះគ្រីស្ដយេស៊ូជាអម្ចាស់នៃយើងបានឡើយ។
ទំនុកតម្កើងលេខ ១២៦ (១២៥)១,៦ បទព្រហ្មគីតិ
| ១ | ពេលព្រះដឹកនាំអ្នក | ដែលជំពាក់ខ្លួនជាឈ្លើយ | |
| មកក្រុងស៊ីយ៉ូនហើយ | យើងធូរស្បើយដូចយល់សប្តិ | ។ |
| ២ | យើងសើចហ៊ោសប្បាយ | អរក្អាកក្អាយឥតមានឈប់ | |
| ស្រែកជ័យឃោសន៍សាយសព្វ | លាន់សូរសព្ទគ្រប់ទិសា | ។ |
| ពេលនោះក្នុងចំណោម | ជាតិទាំងព្រមគេពោលថា៖ | |
| «ព្រះម្ចាស់មានចេស្តា | ធ្វើអស្ចារ្យចំពោះគេ» | ។ |
| ៣ | ព្រះអង្គបានធ្វើការ | ដ៏អស្ចារ្យអ្វីម៉េ្លះទេ | |
| យើងលែងគិតគ្នាន់គ្នេរ | បានល្ហើយល្ហែអរសប្បាយ | ។ |
| ៤ | ឱ! ព្រះម្ចាស់ឧត្តម | សូមប្រោសខ្ញុំឱ្យរីកសាយ | |
| ដូចរហោស្ថានឆ្ងាយ | សូមប្រែក្លាយមានទឹកហូរ | ។ |
| ៥ | អ្នកណាសាបព្រោះស្រូវ | ដោយសោកសៅគួរអាសូរ | |
| ទាំងទឹកភ្នែកជន់ជោរ | នឹងច្រូតយកទាំងសប្បាយ | ។ |
| ៦ | គេយកពូជទៅព្រោះ | ទាំងស្រណោះយំសោកស្តាយ | |
| ក្រោយមកគេប្រែក្លាយ | ហ៊ោសប្បាយដោយអំណរ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៩,២៣-២៨
បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅគេទាំងអស់គ្នាថា៖«បើអ្នកណាចង់មកតាមក្រោយខ្ញុំ ត្រូវលះបង់ខ្លួនឯងចោល ត្រូវលីឈើឆ្កាងរបស់ខ្លួនរៀងរាល់ថ្ងៃ ហើយមកតាមខ្ញុំចុះ ដ្បិតអ្នកណាចង់បានរួចជីវិត អ្នកនោះនឹងបាត់បង់ជីវិតពុំខាន ប៉ុន្តែ អ្នកណាបាត់បង់ជីវិតព្រោះតែខ្ញុំ អ្នកនោះនឹងបានរួចជីវិតវិញ។ បើមនុស្សម្នាក់បានពិភពលោកទាំងមូលមកធ្វើជាសម្បត្តិរបស់ខ្លួន តែត្រូវស្លាប់បាត់បង់ជីវិតនោះមានប្រយោជន៍អ្វី។ បើអ្នកណាខ្មាសអៀនមិនហ៊ានទទួលស្គាល់ខ្ញុំ មិនហ៊ានទទួលពាក្យរបស់ខ្ញុំទេ លុះដល់បុត្រមនុស្សយាងមកប្រកបដោយសិរីរុងរឿងរបស់ព្រះអង្គ ព្រមទាំងសិរីរុងរឿងរបស់ព្រះបិតា និងរបស់ទេវទូតដ៏វិសុទ្ធ ព្រះអង្គក៏នឹងខ្មាសអៀន មិនហ៊ានទទួលស្គាល់អ្នកនោះវិញដែរ។ ប្រាកដមែន ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា មនុស្សខ្លះដែលនៅទីនេះនឹងមិនស្លាប់ទេ មុនបានឃើញព្រះរាជ្យរបស់ព្រះជាម្ចាស់»។ ប្រមាណជាប្រាំបីថ្ងៃ ក្រោយពីព្រះយេស៊ូមានព្រះបន្ទូលទាំងនោះមក ព្រះអង្គនាំលោកសិលា លោកយ៉ូហាន និងលោកយ៉ាកុបឡើងទៅលើភ្នំដើម្បីអធិស្ឋាន។
631 Views
Post Views:
661