អត្ថបទព្រះគម្ពីរ
ថ្ងៃអាទិត្យទី២០ ខែកុម្ភៈ ឆ្នាំ២០២២
អាទិត្យទី០៧ រដូវធម្មតា
ពណ៌បៃតង
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរសាម៉ូអែលទី១ ១សម ២៦,២.៧.៩.១២-១៣.២២-២៣
ព្រះបាទសាអ៊ូលចេញដំណើរឆ្ពោះទៅវាលរហោស្ថានស៊ីភ ដើម្បីតាមចាប់លោក ដាវីឌ។ ទ្រង់នាំទាហានដ៏អង់អាចចំនួនបីពាន់នាក់ទៅជាមួយ។ យប់នោះ លោកដាវីឌ និងលោកអប៊ីសាយ ចូលទៅក្នុងជំរំ ហើយឃើញព្រះបាទសាអ៊ូលផ្ទំនៅកណ្ដាលជំរំ ព្រម ទាំងមានលំពែងដោតជាប់នឹងដី ជិតក្បាលដំណេកផង។ រីឯលោកអាប់នែរ និងពលទាហានដេកលក់នៅជុំវិញស្ដេច។ លោកអប៊ីសាយជម្រាបលោកដាវីឌថា៖«យប់នេះ ព្រះជាម្ចាស់ប្រគល់សត្រូវរបស់លោកមកក្នុងកណ្ដាប់ដៃរបស់លោកហើយ!។ សូមអនុញ្ញាតឱ្យខ្ញុំយកលំពែងចាក់ទម្លុះស្ដេចជាប់នឹងដី ខ្ញុំចាក់តែមួយលំពែង មិនបាច់ចាក់ពីរដងទេ»។ ប៉ុន្ដែលោកដាវីឌមានប្រសាសន៍ទៅលោកអប៊ីសាយថា៖«ទេ! កុំធ្វើគុតព្រះករុណា ដ្បិតអ្នកណាលើកដៃប្រហារស្ដេចដែលព្រះអម្ចាស់ចាក់ប្រេងអភិសេក អ្នកនោះមិនអាចរួចខ្លួនបានឡើយ»។ លោកដាវីឌយកលំពែង និងក្អមទឹកដែលស្ថិតនៅក្បាលដំណេករបស់ព្រះបាទសាអ៊ូល ហើយនាំគ្នាចាកចេញទៅដោយគ្មានទាហានម្នាក់ ឃើញនិងដឹងឡើយ ហើយក៏គ្មាននរណាម្នាក់ភ្ញាក់ដែរ។ ពួកគេដេកលក់ទាំងអស់គ្នា ព្រោះព្រះអម្ចាស់ធ្វើឱ្យគេដេកលង់លក់ឥតដឹងខ្លួន។ លោកដាវីឌឆ្លងទៅភ្នំម្ខាងទៀត ហើយឡើងទៅឈរលើកំពូលភ្នំដែលនៅដាច់ឆ្ងាយពីជំរំ។ លោកដាវីឌទូល ថា៖«នេះជាលំពែងរបស់ព្រះករុណា! សូមចាត់សេនាម្នាក់ឱ្យមកយកទៅវិញចុះ! សូមព្រះអម្ចាស់ប្រព្រឹត្ដចំពោះយើងតាមសេចក្ដីសុចរិត និងស្មោះត្រង់របស់យើងម្នាក់ៗ។ ថ្ងៃនេះ ព្រះអម្ចាស់បានប្រគល់ព្រះករុណាមកក្នុងកណ្ដាប់ដៃទូលបង្គំ តែទូលបង្គំមិនព្រមលើកដៃប្រហារស្ដេចដែលព្រះអម្ចាស់បានចាក់ប្រេងអភិសេកឡើយ»។
ទំនុកតម្កើងលេខ ១០៣ (១០២), ១-៤.៨.១០.១២-១៣ បទកាកគតិ
១ | ខ្ញុំសូមសរសើរ | ព្រះគ្មានអ្វីស្មើ | អស់ពីដួងចិត្ដ | |
ខ្ញុំសូមតម្កើង | នាមដ៏វិសុទ្ធ | ព្រះដ៏មានឫទ្ធិ | ||
ផុតលើលោកា ។ | ||||
២ | ខ្ញុំសូមតម្កើង | សរសើរលើកឡើង | អស់ពីចិន្ដា | |
ខ្ញុំសូមរំឭក | ព្រះហស្ដអស្ចារ្យ | សប្បុរសករុណា | ||
មិនបំភ្លេចឡើយ ។ | ||||
៣ | ព្រះអង្គអត់ទោស | នូវរាល់កំហុស | ដែលមានមកហើយ | |
ខ្ញុំបានប្រព្រឹត្ដ | ព្រះអង្គប្រោសឱ្យ | ខ្ញុំបានធូរស្បើយ | ||
ផុតរោគសោកសៅ ។ | ||||
៤ | ព្រះអង្គរំដោះ | ជីវិតឱ្យរស់ | ផុតពីរណ្ដៅ | |
ព្រះអង្គអាណិត | អាសូរពេកកូវ | ខ្ញុំផុតសោកសៅ | ||
ដោយទ្រង់មេត្ដា ។ | ||||
៨ | ព្រះអម្ចាស់ថ្លៃ | មានព្រះហឫទ័យ | អាណិតករុណា | |
ប្រណីសន្ដោស | គ្រប់ពេលវេលា | ដល់មនុស្សគ្រប់គ្នា | ||
មិនឱ្យមានភ័យ ។ | ||||
១០ | ព្រះអង្គមិនដាក់ | ទោសយើងម្នាក់ៗ | ឱ្យឈឺគ្រាំគ្រា | |
សមតាមអំពើ | បាបច្រើនមហិមា | ទ្រង់តែងមេត្ដា | ||
មិនយកទោសពៃរ៍ ។ | ||||
១២ | ទិសកើតទិសលិច | ឆ្ងាយគ្នាមិនតិច | ឥតមានកែប្រែ | |
ព្រះអង្គធ្វើឱ្យ | អំពើបាបបែរ | ឆ្ងាយមិនជិតទេ | ||
ពីយើងយ៉ាងនោះ ។ | ||||
១៣ | ឪពុកអាណិត | ថ្នាក់ថ្នមផ្ដេកផ្ដិត | កូនមានទាំងអស់ | |
ព្រះក៏មេត្ដា | អាសូរស្រះណោះ | ដល់អ្នកដែលស្មោះ | ||
គោរពរាល់ថ្ងៃ ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស ១ករ ១៥,៤៥-៤៩
បងប្អូនជាទីស្រឡាញ់!
មានចែងទុកក្នុងគម្ពីរមកថា «មនុស្សទីមួយ គឺលោកអដាំ បានទទួលជីវិត»។ រីឯលោកអដាំចុងក្រោយបង្អស់ គឺព្រះគ្រីស្ដបានទទួលព្រះវិញ្ញាណដែលផ្ដល់ជីវិត។ មិនមែនរូបកាយប្រកបដោយព្រះវិញ្ញាណទេដែលកើតមុន គឺរូបកាយធម្មជាតិវិញឯណោះទេតើដែលបានកើតមុន ទើបរូបកាយប្រកបដោយព្រះវិញ្ញាណកើតមកតាមក្រោយ។ មនុស្សទីមួយកើតចេញពីដីមកមានលក្ខណៈជាដី។ រីឯមនុស្សទីពីរវិញ កើតមកពីស្ថានបរមសុខ។ អស់អ្នកដែលកើតពីដី ក៏មានលក្ខណៈដូចអ្វីៗនៅលើដីនេះ ហើយអស់អ្នកដែលកើតពីស្ថានបរមសុខ ក៏មានលក្ខណៈដូចព្រះអង្គដែលនៅស្ថានបរមសុខដែរ។ យើងមានទ្រង់ទ្រាយដូចមនុស្សដែលមានលក្ខណៈជាដីយ៉ាងណា យើងក៏នឹងមានទ្រង់ទ្រាយដូចព្រះអង្គដែលគង់នៅស្ថានបរមសុខយ៉ាងនោះដែរ។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១៣,៣៤
អលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់បានប្រទានវិន័យថ្មីដល់យើង គឺត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៦,២៧-៣៨
ព្រះយេស៊ូមានព្រះបន្ទូលមកកាន់បណ្ដាជនថា៖ «ខ្ញុំសុំប្រាប់អ្នករាល់គ្នាដែលកំពុង ស្ដាប់ខ្ញុំថា ចូរស្រឡាញ់ខ្មាំងសត្រូវរបស់ខ្លួន និងធ្វើអំពើល្អដល់អស់អ្នកដែលស្អប់អ្នករាល់ គ្នា ត្រូវជូនពរដល់អស់អ្នកដែលប្រទេចផ្ដាសាអ្នករាល់គ្នា និងអង្វរព្រះជាម្ចាស់សូមទ្រង់ ប្រទានពរដល់អស់អ្នកដែលមួលបង្កាច់អ្នករាល់គ្នា។ ប្រសិនបើមានគេទះកំផ្លៀងអ្នកម្ខាង ចូរបែរឱ្យគេទះម្ខាងទៀតចុះ។ ប្រសិនបើគេយកអាវធំរបស់អ្នក ចូរឱ្យគេយកអាវក្នុងថែមទៀតទៅ។ បើមានអ្នកណាសុំអ្វីពីអ្នក ចូរឱ្យគេទៅ ហើយបើគេរឹបអូសយកអ្វីដែលជារបស់អ្នក ចូរកុំទារពីគេវិញឡើយ។ បើអ្នករាល់គ្នាចង់ឱ្យគេប្រព្រឹត្ដចំពោះខ្លួនបែបណា ត្រូវប្រព្រឹត្ដចំពោះគេបែបនោះដែរ។ បើអ្នករាល់គ្នាស្រឡាញ់តែមនុស្សដែលស្រឡាញ់អ្នករាល់គ្នា តើនឹងមានគុណបំណាច់អ្វី?សូម្បីតែមនុស្សបាបក៏ចេះស្រឡាញ់គ្នាគេដែរ ហើយបើអ្នករាល់គ្នាធ្វើអំពើល្អតែចំពោះមនុស្សណាដែលធ្វើអំពើល្អដល់អ្នករាល់គ្នា តើនឹងមានគុណបំណាច់អ្វី? សូម្បីតែមនុស្សបាបក៏ចេះធ្វើអំពើល្អដល់គ្នាគេដែរ។ បើអ្នករាល់គ្នាឱ្យគេខ្ចីដោយសង្ឃឹមថា នឹងបានសំណងវិញ តើនឹងមានគុណបំណាច់អ្វី? សូម្បីតែមនុស្សបាប ក៏ឱ្យគ្នាគេខ្ចីដើម្បីទទួលសំណងដូចដើមវិញដែរ។ ចូរស្រឡាញ់ខ្មាំងសត្រូវរបស់ខ្លួន ហើយធ្វើល្អដល់គេព្រមទាំងឱ្យគេខ្ចី ដោយកុំនឹកសង្ឃឹមចង់បានអ្វីវិញឱ្យសោះ ពេលនោះអ្នករាល់គ្នានឹងបានទទួលរង្វាន់យ៉ាងធំ អ្នករាល់គ្នានឹងបានទៅជាបុត្រធីតារបស់ព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត ដ្បិតព្រះអង្គក៏មានព្រះហឫទ័យសប្បុរសចំពោះជនអកតញ្ញូ និងជនកំណាចដែរ។ ចូរមានចិត្ដមេត្ដាករុណាដូចព្រះបិតារបស់អ្នករាល់គ្នា ដែលមានព្រះហឫទ័យមេត្ដាករុណា»។ កុំថ្កោលទោសអ្នកដទៃឱ្យសោះ នោះព្រះជាម្ចាស់ក៏មិនថ្កោលទោសអ្នករាល់គ្នាដែរ។ កុំផ្ដន្ទាទោសអ្នកដទៃឱ្យសោះ នោះព្រះជាម្ចាស់ក៏មិនផ្ដន្ទាទោសអ្នករាល់គ្នាដែរ។ ត្រូវលើកលែងទោសឱ្យអ្នកដទៃ នោះព្រះជាម្ចាស់នឹងលើកលែងទោសឱ្យអ្នករាល់គ្នា។ ចូរធ្វើអំណោយដល់អ្នកដទៃ នោះព្រះជាម្ចាស់នឹងប្រទានអំណោយដល់អ្នករាល់គ្នាដែរ ទ្រង់នឹងប្រទានមកយ៉ាងបរិបូណ៌ហូរហៀរ។ ព្រះជាម្ចាស់នឹងវាស់ឱ្យអ្នក តាមរង្វាល់ដែលអ្នកវាល់ឱ្យ អ្នកដទៃ»។