អត្ថបទព្រះគម្ពីរ
ថ្ងៃព្រហស្បតិ៍ ទី២០ ខែ
មករា ឆ្នាំ២០២២
អាទិត្យទី០២ រដូវធម្មតា
ពណ៌បៃតង
ធម្មតា

ឬសន្តហ្វាប៊ីយុាំង ឬសន្តសេបាស្យាំង
ជាមរណសាក្សី

នៅឆ្នាំ ២៣៦ គ្រីស្តបរិស័ទក្រុងរ៉ូមបានបោះឆ្នោតតែងតាំងលោកហ្វាប៊ីយុំាង ឱ្យបំពេញ​មុខ​ងារ​ជា​អភិ​បាល​ព្រះហគមន៍ក្រុងរ៉ូម។ នៅឆ្នាំ ២៥០ នាមឌែស បៀតបៀនធ្វើបាបគ្រីស្តបរិស័ទ ហើយ​ប្រ​ហារ​ជីវិតលោក ។

លោកសេបាស្យុំាង ជានាយទានហានរ៉ូមុំាងដែលជឿលើព្រះគ្រីស្ត។ នៅពេលព្រះចៅ​អធិរាជ​ ឌី​យូ​ក្លេ​ស៊ី​យ៉ាងចាប់ចង់គ្រីស្តបរិស័ទយកទៅប្រហារជីវិត លោកតែងជួយលើកទឹកចិត្តគេ។ ប្រហែលនៅឆ្នាំ ៣០០ រដ្ឋ​អំ​ណាច​ចាប់លោកទៅសម្លាប់ចោល ដោយចោទថា លោកជាគ្រីស្តបរិស័ទដែរ ។

សូមថ្លែងព្រះគម្ពីរព្យាការីសាមូអែល ១សម ១៨;៦-៩,១៩,១-៧

ក្រោយពេលលោកដាវីឌបានប្រហារកូលីយ៉ាតហើយ ស្រ្តីៗនៅគ្រប់ក្រុង ក្នុងស្រុង​អ៊ីស្រាអែល ចេញទៅទទួលព្រះបាទសាអ៊ូល ទាំងស្រែកច្រៀង និងរាំតាមចង្វាក់ស្គរ​ និងភ្លេង ហើយស្រែកហ៊ោដោយអំណរសប្បាយយ៉ាងខ្លាំង។ ស្រ្តីទាំងនោះច្រៀង​ឆ្លើយឆ្លងគ្នាទៅវិញទៅមកថា៖ «ព្រះបាទសាអ៊ូលប្រហារបានរាប់ពាន់នាក់ រីឯលោក​ដាវីឌប្រហារបានរាប់ម៉ឺននាក់»។ ពាក្យទាំងនោះ ធ្វើឱ្យព្រះបាទសាអ៊ូលខ្ញាល់ជាខ្លាំង ទ្រង់នឹកថា៖ «គេសរសើរដាវីឌថា ប្រហារបានរាប់ម៉ឺននាក់ រីឯអញវិញ ត្រឹមតែរាប់
ពាន់នាក់។ ដូច្នេះ ដាវីឌនៅខ្វះតែរាជសម្បត្តិប៉ុណ្ណោះ»។ ចាប់តាំងពីថ្ងៃនោះមក​​ព្រះបាទសាអ៊ូលស្អប់លោកដាវីឌយ៉ាងខ្លាំង។

ព្រះបាទសាអ៊ូលប្រាប់សម្តេចយ៉ូណាថានជាបុត្រ ព្រមទាំងនាម៉ឺនមន្រ្តីពីបំណងដែលទ្រង់ចង់សម្លាប់លោកដាវីឌ។ ប៉ុន្តែ សម្តេចយ៉ូណាថានស្រឡាញ់លោកដាវីឌណាស់។ សម្តេច​​យ៉ូណាថានក៏នាំដំណឹងទៅប្រាប់លោកដាវីឌថា៖«ព្រះបាទសាអ៊ូលជាបិតារបស់ខ្ញុំមានបំណងចង់សម្លាប់លោកប្អូន។ ដូច្នេះ ព្រឹកស្អែកនេះ ចូរប្រុងប្រយ័ត្ន ហើយរក​កន្លែងលាក់ខ្លួនទៅ។ ខ្ញុំនឹចេញមកជាមួយបិតាខ្ញុំ ជិតកន្លែងដែលលោកប្អូនលាក់​ខ្លួន។ ខ្ញុំនឹងទូលបិតាអំពីរឿងលោកប្អូន ពេលណាខ្ញុំដឹងពីគោលបំណងបិតាហើយ​ ខ្ញុំនឹងប្រាប់ឱ្យលោកប្អូនដឹងដែរ»។ សម្តេចយ៉ូណាថានទូលព្រះបាទសាអ៊ូលជាបិតា​អំពីគុណសម្បត្តិរបស់លោកដាវីឌថា៖ «សូមបិតាកុំធ្វើបាបលោកដាវីឌ ជាអ្នកបម្រើ​របស់ព្រះអង្គអី ដ្បិតគ្នាពុំបានប្រព្រឹត្តអំពើខុសឆ្គងចំពោះបិតាទេ ផ្ទុយទៅវិញ ស្នាដៃ​អស្ចារ្យដែលដាវីឌធ្វើសុទ្ធតែមានផលប្រយោជន៍យ៉ាងខ្លាំងដល់បិតា។ ដាវីឌបាន​ប្រថុយជីវិតទៅសម្លាប់ជនជាតិភីលីស្ទីន គឺនៅថ្ងៃនោះ ព្រះអម្ចាស់បានប្រោសប្រទាន​ជ័យជំនះដ៏ធំធេងបំផុត ដល់ប្រជាជនអ៊ីស្រាអែលទាំងមូល ដូចបិតាបានទតឃើញ​និងសប្បាយព្រះហប្ញទ័យស្រាប់ហើយ។ ហេតុអ្វីបានជាបិតាចង់ប្រព្រឹត្តអំពើបាបដោយបង្ហូរឈាមមនុស្សម្នាក់ដែលគ្មានទោសពៃរ៍ គឺចង់សម្លាប់ដាវីឌដោយគ្មាន​មូលហេតុដូច្នេះ?»។ ព្រះបាទសាអ៊ូលទ្រង់ព្រះសណ្តាប់ពាក្យរបស់សម្តេចយ៉ូណាថាន ហើយមានរាជឱង្ការថា៖ «បិតាសូមស្បថក្នុងនាមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅថា​ដាវីឌមិនត្រូវស្លាប់ឡើយ!»។ បន្ទាប់មក សម្តេចយ៉ូណាថានទៅហៅលោកដាវីឌមកហើយរៀបរាប់សេចក្តីទាំងនោះប្រាប់លោក នាំលោកចូលមកគាល់ព្រះបាទសាអ៊ូល។ លោកដាវីឌក៏នៅបម្រើព្រះបាទសាអ៊ូលដូចពីដើម។

ទំនុកតម្កើងលេខ ៥៦ (៥៥),២-៣.៧.៩-១២.១៤ បទព្រហ្មគីតិ

២.ឱព្រះម្ចាស់ថ្លាថ្លៃសូមប្រណីហើយមេត្តា
មនុស្សច្រើនណាស់ណាវាយប្រហារទូលបង្គំ
៣.ជារៀងរាល់ខែឆ្នាំសត្រូវចាំងចងគំនុំ
ដេញវាយប្រហារខ្ញុំធ្វើប្ញកធំមកប្រយុទ្ធ
៧.គេឃ្លាំចាំតាមដានមិនដែលខានរាល់វេលា
រកឱកាសផ្តន្ទាចង់ប្រហារខ្ញុំឱ្យក្ស័យ
៩.ព្រះអង្គជ្រាបយ៉ាងច្បាស់ខ្ញុំរងទោសទុក្ខឥតស្បើយ
ទ្រង់ជ្រាបមិនកន្តើយទឹកភ្នែកខ្ញុំរាល់វេលា
១០.ថ្ងៃខ្ញុំស្រែករកព្រះជាអម្ចាស់លើលោកា
សត្រូវថយគ្រប់គ្នាខ្ញុំដឹងថាព្រះជួយខ្ញុំ
១១.ខ្ញុំកោតខ្លាចខ្លាំងណាស់សន្យាច្បាស់ឥតបន្លំ
ព្រះបន្ទូលរងំធ្វើឱ្យខ្ញុំស្ញប់ស្ញែងក្រៃ
១២.ខ្ញុំទុកចិត្តលើព្រះជាអម្ចាស់រៀងរាល់ថ្ងៃ
មនុស្សដែលតែងតែក្ស័យអាចធ្វើអ្វីរូបខ្ញុំបាន
១៤.ដ្បិតទ្រង់បានរំដោះខ្ញុំឱ្យរស់រានមានជន្ម
ការពារគ្រាអាសន្នមិនឱ្យមានអ្វីរំខាន
ឱ្យខ្ញុំបានដើរឆ្ពោះរកភក្រ្តព្រះដោយសុខសាន្ត
ក្រោមពន្លឺថ្កើងថ្កានបំភ្លឺស្ថានមនុស្សលោក

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ២ធម ១,១០

អលេលូយ៉ា! អាលេលូយ៉ា!

ព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់នៃយើង​បានបំបាត់អំណាចនៃសេចក្តីស្លាប់ ព្រមទាំងបំភ្លឺយើងឱ្យស្គាល់ជីវិត​ដោយសារដំណឹងល្អរបស់ព្រះអង្គ ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៣,៧-១២

ព្រះយេស៊ូយាងចេញទៅតាមឆ្នេរសមុទ្រកាលីឡេជាមួយក្រុមសាវ័ក។ មានបណ្តា​ជនជាច្រើននាំគ្នាទៅតាមព្រះអង្គ អ្នកទាំងនោះមកពីស្រុកាលីឡេ ស្រុកយូដា ក្រុង​យេរូសាឡឹម ស្រុកអ៊ីឌូមេ តំបន់ត្រើយខាងនាយទន្លេយ័រដាន់ និងតំបន់ជុំវិញក្រុងទីរ៉ូស និងក្រុងស៊ីដូន។ បណ្តាជនមកតាមព្រះយេស៊ូជាច្រើនយ៉ាងនេះ ព្រោះបានឮគេនិយាយអំពីកិច្ចការទាំងប៉ុន្មានដែលព្រះអង្គធ្វើ។ ព្រះយេស៊ូប្រាប់ក្រុមសាវ័កឱ្យរៀបចំទូក​មួយថ្វាយព្រះអង្គ ក្រែងបណ្តាជនប្រជ្រៀតគ្នាចោមរោមព្រះអង្គ ដ្បិតមានអ្នកជំងឺ​ជាច្រើន ខំប្រឹងសំរុកចូលមកជិតដើម្បីពាល់ព្រះអង្គ ព្រោះព្រះអង្គបានប្រោសមនុស្សជាច្រើនឱ្យបានជា។ ម៉្យាងទៀត ពេលខ្មោចឃើញព្រះអង្គ វាក្រាបចុះនៅទៀប​ព្រះបាទាព្រះអង្គ ហើយស្រែកឡើងថា៖ «ព្រះអង្គជាព្រះបុត្រារបស់ព្រះជាម្ចាស់»។ ប៉ុន្តែ ព្រះយេស៊ូបានគំរាមកំហែងវាយ៉ាងម៉ឺងម៉ាត់ មិនឱ្យនិយាយប្រាប់គេអំពីឋានៈ​របស់ព្រះអង្គឡើយ។

516 Views

Theme: Overlay by Kaira