អត្ថបទព្រះគម្ពីរ
ថ្ងៃអង្គារ ទី០១ ខែ
កុម្ភៈ ឆ្នាំ២០២២
អាទិត្យទី០៤ រដូវធម្មតា
ពណ៌បៃតង
ថ្ងៃធម្មតា

សូមថ្លែងព្រះគម្ពីរព្យាការីសាមូអែល ២សម ១៨,៩-១០.១៤ខ.២៤-២៥ក.៣០-១៩,​១-៤

ស្តេចអាប់សាឡុមរត់បាក់ទ័ព ក្រោយពីទ្រង់បានជួបប្រទះនឹងកងទ័ពរបស់ព្រះបាទដាវីឌ។ ទ្រង់ជិះលា លានោះដើរកាត់ក្រោមដើមឈើធំមួយដែលមានមែកសាខា ស្រាប់​តែព្រះកេសារបស់ស្តេចអាប់សាឡុម ទាក់ជាប់នឹងមែកឈើ លាដើរទៅមុខទៀតទុកស្តេចអាបសាឡុមនៅព្យួរផុតជើងពីដី។ ពលទាហានម្នាក់ឃើញដូច្នេះ ក៏នាំដំណឹង​ទៅជម្រាបលោកយ៉ូអាប់ថា៖«ខ្ញុំប្របាទឃើញស្តេចអាប់សាឡុម នៅព្យួរជាប់នឹងមែក​ឈើមួយ»។ លោកយ៉ូអាប់ចាប់យកជន្លួញបីដើម មកចាក់ទម្លុះត្រង់បេះដូចងស្តេចអាប់សាឡុម។ ពេលនោះព្រះបាទដាវីឌគង់នៅត្រង់ចន្លោះទ្វារខាងក្រៅ និងទ្វារខាងក្នុង​នៃកំពែងក្រុង។ អ្នកយាមម្នាក់ឡើងទៅលើកំពែងក្រុង ហើយសម្លឹងមើល​ទៅឃើញមនុស្សម្នាក់កំពុងរត់តម្រង់មក។ គេស្រែកទូលស្តេច ហើយស្តេចមានរាជឱង្ការថា៖ «ប្រសិនបើគេមកតែម្នាក់ឯង គេមុខជានាំដំណឹងល្អមកហើយ»។ ព្រះបាទដាវីឌ​​មានរាជឱង្ការទៅកាន់អ្នកនាំសារថា៖«ចូរថយទៅឈរនៅជិតនោះចុះ។ គាត់ក៏ដក​ខ្លួន ហើយឈរចាំ។ រំពេចនោះ ជនជាតិអេធ្យូពីម្នាក់មកដល់ ទូលស្តេចថា៖ «បពិត្រ​ព្រះករុណា! ទូលបង្គំនាំដំណឹងល្អមកថ្វាយព្រះករុណា។ ថ្ងៃនេះ ព្រះអម្ចាស់បានរកយុត្តិធម៌ថ្វាយព្រះករុណា ហើយព្រះអង្គបានរំដោះ ព្រះករុណាឱ្យរួចផុតពីកណ្តាប់ដៃរបស់ពួកបះបោរទាំងប៉ុន្មាន»។ ព្រះបាទដាវីឌមានរាជឱង្ការសួរថា៖ «ចុះអាប់​សាឡុមសុខសប្បាយឬទេ?»។ ជនជាតិអេធ្យូពីទូលថា៖ «បពិត្រព្រះករុណា! សូម​ឱ្យខ្មាំងសត្រូវ និងពួកបះបោរប្រឆាំងនឹងព្រះករុណាត្រូវវិនាសដូចបុត្រនោះចុះ!»។ ពេលនោះ ព្រះបាទដាវីឌក្តុកក្តួលក្នុងព្រះហប្ញទ័យយ៉ាងខ្លាំង។ ទ្រង់យាងឡើងទៅបន្ទប់ខាងលើខ្លោង​ទ្វារក្រុង ហើយទ្រង់ព្រះកន្សែងទាំងរៀបរាប់ថា៖ «អាប់សាឡុម​បុត្របិតា! ឱបុត្របិតា! អាប់សាឡុមបុត្របិតាអើយ! គួរតែឱ្យបិតាស្លាប់ជំនួសបុត្រ​វិញ?អាប់សាឡុមបុត្របិតា ឱបុត្របិតាអើយ!»។ មានគេមកជម្រាបលោកយ៉ូអាប់​ថា៖«ស្តេចទ្រង់ព្រះកន្សែងនិងអាឡោះអាល័យស្តេចអាប់សាឡុម»។ ជ័យជម្នះនៅថ្ងៃ នោះ បានក្លាយទៅជាទុក្ខព្រួយ ដ្បិតកងទ័ពទាំងមូល ឮគេនិយាយថា ព្រះរាជាសោក​សង្រេងអាឡោះអាល័យបុត្រ។ នៅថ្ងៃនោះ ពួកគេចូលមកក្នុងក្រុងវិញដោយស្ងាត់ៗដូចជាទាហានបាក់​ទ័ព រត់ចោលសមរភូមិ ទាំងក្តីអាម៉ាស់។

ទំនុកតម្កើងលេខ ៨៦(៨៥),១-៦ បទព្រហ្មគីតិ

ឱព្រះអម្ចាស់អើយកុំកន្តើយផ្ទៀងព្រះកាណ៍
ស្តាប់ស័ព្ទខ្ញុំវាចាហើយមេត្តាតបវិញផង
ដ្បិតខ្ញុំជាមនុស្សកំសត់ខុសគេទាំងពួង
ទុគ៌តពេកកន្លងតោកយ៉ាកយ៉ាប់រាល់វេលា
សូមរក្សាជីវិតឱ្យខ្ញុំស្ថិតផុតគ្រាំគ្រា
ដ្បិតខ្ញុំត្រង់ល្អជាស្ម័គ្រព្រះអង្គគ្មានគេចកែ
សូមមេត្តាសង្រ្គោះដ្បិតខ្ញុំស្មោះឥតប្រួលប្រែល
ជាបម្រើនៅក្បែរពឹងផ្អែកតែលើម្ចាស់ថ្លៃ
ឱ! ព្រះអម្ចាស់អើយអាណិតហើយសូមប្រណី
ទូលបង្គំស្រែករាល់ថ្ងៃរកព្រះអង្គមិនឈប់ឈរ
ឱព្រះអម្ចាស់អើយសូមប្រោសឱ្យបម្រើល្អ
មានសប្បាយអំណរតម្រង់រកព្រះអម្ចាស់
បពិត្រព្រះម្ចាស់ខ្ញុំព្រះឧត្តមសប្បុរសណាស់
អត់ឱនមិនថ្កោទោសតែងសន្តោសខ្ញុំបរិបូណ៌
ព្រះអង្គតែងអាណិតអ្នកផ្តេកផ្តិតទ្រង់អាសូរ
អ្នកដែលដង្ហោយថ្ងូរហៅព្រះអង្គមកសង្រ្គោះ
ឱព្រះអម្ចាស់អើយទ្រង់ផ្ទៀងហើយសូមសន្តោស
ពាក្យខ្ញុំស្រែករកនោះសូមទ្រង់ប្រោសរូបខ្ញុំផង

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ២ធម ១,១០

អលេលូយ៉ា! អាលេលូយ៉ា!
ព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់នៃយើង បានបំបាត់អំណាចនៃសេចក្តីស្លាប់ ព្រមទាំងបំភ្លឺយើងឱ្យស្គាល់ជីវិតដោយសារដំណឹងល្អរបស់ព្រះអង្គ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៥,២១-៤៣

ព្រះយេស៊ូឆ្លងទូកពីត្រើយម្ខាងមកវិញ ព្រះអង្គគង់នៅឆ្នេរសមុទ្រ។ មានបណ្តាជន​ច្រើនកុះករមកចោមរោមព្រះអង្គ។ ពេលនោះ អ្នកទទួលខុសត្រូវលើធម្មសាលាម្នាក់ឈ្មោះ យ៉ៃរ៉ូស មកដល់។ កាលគាត់ឃើញព្រះយេស៊ូ គាត់ក្រាបទៀបព្រះបាទាព្រះអង្គ​ហើយទទូចអង្វរព្រះអង្គថា៖ «កូនស្រីរបស់ខ្ញុំប្របាទឈឺធ្ងន់ ជីតស្លាប់ សូមលោក​អាណិតមេត្តាអញ្ជើញទៅដាក់ដៃលើនាង ដើម្បីសង្គ្រោះនាងឱ្យមានជីវិត»។ ព្រះយេស៊ូយាងទៅជាមួយគាត់។ មានបណ្តាជនជាច្រើនកុះករតាមព្រះអង្គទៅ ទាំង​ប្រជ្រៀតគ្នាជុំវិញព្រះអង្គ។ នៅពេលនោះ មានស្រ្តីម្នាក់កើតជំងឺធ្លាក់ឈាមដប់ពីរឆ្នាំមកហើយ។ គ្រូពេទ្យជាច្រើនបានព្យាបាលនាង តែនាងឈឺចុកចាប់កាន់តែខ្លាំងឡើង។ នាងបានចំណាយទ្រព្យសម្បត្តិទាំងប៉ុន្មានដែលនាងមាន តែជំងឺរបស់នាងនៅតែមិនបានធូរស្រាលសោះ។ ផ្ទុយទៅវិញ នាងកាន់តែឈឺខ្លាំងឡើងៗ។ ពេលឮគេនិយាយអំពី​ព្រះយេស៊ូ នាងក៏ចូលក្នុងចំណោមបណ្តាជន ហើយពាល់ព្រះពស្រ្តរបស់ព្រះអង្គពីខាងក្រោយ ដ្បិតនាងនឹកក្នុងចិត្តថា៖ «បើខ្ញុំបានពាល់អាវរបស់លោក ខ្ញុំនឹងជាសះស្បើយ​មិនខាន»។ រំពេចនោះ ឈាមឈប់ធ្លាក់ភ្លាម ហើយនាងដឹងថាខ្លួននាងបានជាសះស្បើយពីរោគា។ នៅពេលនោះ ព្រះយេស៊ូជ្រាបភ្លាមថា មានប្ញទ្ធានុភាពមួយចេញពី​ព្រះអង្គ។ ព្រះអង្គបែរទៅរកបណ្តាជន ហើយមានព្រះបន្ទូលសួរថា៖ «នរណាពាល់​អាវខ្ញុំ?»។ ក្រុមសាវ័កទូលព្រះអង្គថា៖ «ព្រះគ្រូឃើញស្រាប់ហើយ! បណ្តាជន​ប្រជ្រៀតប៉ះនឹងព្រះគ្រូគ្រប់គ្នា ចុះហេតុដូចម្តេច បានជាព្រះគ្រូសួរថា អ្នកណាពាល់​ព្រះគ្រូដូច្នេះ?»។ ព្រះយេស៊ូតទមើលជុំវិញ ដើម្បីឱ្យដឹងថាអ្នកណាបានពាល់​ព្រះអង្គ។ ស្ដ្រីនោះភ័យញ័ររន្ធត់ ព្រោះនាងដឹងអំពីហេតុការណ៍ដែលកើតដល់ខ្លួននាង។ នាងមកក្រាបទៀបព្រះបាទាព្រះយេស៊ូ ហើយទូលការពិតទាំងអស់ថ្វាយ​ព្រះអង្គ។ ព្រះ​យេស៊ូមានព្រះបន្ទូលទៅនាងថា៖ «កូនស្រីអើយ! ជំនឿរបស់នាងបាន​សង្រ្គោះនាងហើយ សូមអញ្ជើញទៅឱ្យបានសុខសាន្ត ហើយសូមឱ្យនាងជាសះស្បើយពីជំងឺចុះ!»។ កាលព្រះយេស៊ូកំពុងតែមានព្រះបន្ទូលនៅឡើយ មានគេមកពីផ្ទះលោក​យ៉ៃរ៉ូស ជម្រាប់គាត់ថា៖ «កូនស្រីលោកផុតដង្ហើមទៅហើយ ម្តេចក៏នៅរំខានលោកគ្រូ​ធ្វើអ្វី?»។ ព្រះយេស៊ូមិនយកព្រះហប្ញទ័យទុកដាក់នឹងពាក្យរបស់អ្នកទាំងនោះឡើយតែព្រះអង្គមានព្រះបន្ទូលទៅលោកយ៉ៃរ៉ូសថា៖ «កុំខ្លាចអី! គ្រាន់តែជឿប៉ុណ្ណោះបាន​ហើយ!»។ ព្រះអង្គមិនអនុញ្ញាតឱ្យអ្នកណាទៅតាមព្រះអង្គឡើយ លើកលែងតែ​លោកសិលា លោកយ៉ាកុប និងលោកយ៉ូហាន ជាប្អូនរបស់គាត់។ កាលទៅដល់ផ្ទះ​លោកយ៉ៃរ៉ូស ជាអ្នកទទួលខុសត្រូវលើធម្មាសាលា ព្រះយេស៊ូទតឃើញមនុស្សម្នា​ជ្រួលច្របល់ ព្រមទាំងទ្រហោយំជាខ្លាំងផង។ ព្រះអង្គយាងចូលទៅក្នុងផ្ទះ ហើយមាន​ព្រះបន្ទូលទៅគេថា៖ «ហេតុដូចម្តេចបានជាអ្នករាល់គ្នាជ្រួលច្របល់ ហើយទ្រហោយំ​ដូច្នេះ? ក្មេងនេះមិនស្លាប់ទេ នាងគ្រាន់តែដេកលក់ទេតើ!»។ គេនាំគ្នាចំអកដាក់​ព្រះអង្គ ព្រះអង្គក៏ដេញ គេឱ្យចេញទៅក្រៅទាំងអស់គ្នា រួចទ្រង់នាំតែឪពុកម្តាយក្មេងនិងសាវ័កទាំងបីនាក់ ចូលទៅក្នុងបន្ទប់ដែលក្មេងស្រីនោះដេក។ ព្រះអង្គចាប់ដៃ​ក្មេងស្រីនោះ ហើយមានព្រះបន្ទូលថា៖«តាលីថាគូម!»(ពាក្យនេះប្រែថា៖«នាងតូច​អើយ! ខ្ញុំប្រាប់នាងថា ចូរក្រោកឡើយ!»)។ ក្មេងស្រីក៏ក្រោយឡើយ ដើរមួយរំពេចដ្បិតនាងមានអាយុដប់ពីឆ្នាំហើយ គេងឿយឆ្ងល់ពន់ប្រមាណ ប៉ុន្តែ ព្រះយេស៊ូហាមប្រាមគេមិនឱ្យប្រាប់នរណាដឹងរឿងនេះឡើយ ។ បន្ទាប់មក ព្រះអង្គប្រាប់គេឱ្យយកចំណីអាហារមកឱ្យក្មេងស្រីនោះបរិភោគ។

120 Views

Theme: Overlay by Kaira