ថ្ងៃទី ១៩ ខែកញ្ញា
សន្តហ្សង់វីយេជាអភិបាល
និងជាមរណសាក្សី
ពណ៌ក្រហម
តាមសេចក្តីដែលគ្រីស្តបរិស័ទធ្លាប់តំណាលតៗរៀងមក លោកហ្សង់វីយេ នូអារីយ៉ូជាអភិបាលព្រះសហគមន៍នៅប្រទេសអ៊ីតាលី ហើយបានបូជាជិវិតថ្វាយព្រះគ្រីស្តនៅសតវត្សទី ៤ នៅក្រុងពូតេអូលី។
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះជាម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រោសប្រទានឱ្យសន្ត ហ្សង់វីយេ នូអារីយ៉ូ មានចិត្តក្លាហានហ៊ានបូជាជីវិតថ្វាយព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យមានចិត្តក្លាហានធ្វើជាសាក្សីថ្វាយព្រះអង្គ ក្នុងគ្រង់ឱកាសប្រចាំជិវិតយើងខ្ញុំផង។
សូមថ្លែងព្រះគម្ពីរលោកបេនស៊ីរ៉ាក់ បសរ ២,៧-១១
អស់អ្នកដែលគោរពកោតខ្លាចព្រះអម្ចាស់អើយ ចូរផ្ញើជីវិតលើព្រះហប្ញទ័យមេត្តាករុណារបស់ព្រះអង្គ! កុំងាកចេញពីព្រះអង្គទ្បើយ ក្រែងអ្នករាល់គ្នាត្រូវជំពប់ដួល។ អស់អ្នកដែលគោរពកោតខ្លាចព្រះអម្ចាស់អើយ! ចូរជឿលើព្រះអង្គចុះ! អ្នករាល់គ្នាមុខជាទទួលរង្វាន់ពុំខាន។ អស់អ្នកដែលគោរពកោតខ្លាចព្រះអម្ចាស់អើយ! ចូរសង្ឃឹមថា អ្នកនឹងទទួលសម្បត្ដិរបស់ព្រះអង្គ គឺមានអំណរសប្បាយអស់កល្បជានិច្ច និងទទួលសេចក្តីមេត្តាករុណាពីព្រះអង្គផង។ ចូរសង្កេតមើលមនុស្សជំនាន់មុនៗ ហើយរិះគិតពិចារណាចុះ! តើមាននរណាផ្ញើជីវិតលើព្រះអម្ចាស់ ហើយត្រូវខកចិត្តឬទេ? តើមាននរណាកោតខ្លាចព្រះអម្ចាស់ ហើយត្រូវព្រះអង្គបោះបង់ចោលឬទេ? តើមាននរណាអង្វរព្រះអង្គ ហើយត្រូវព្រះអង្គមើលងាយមិនអើពើឬទេ? ទេ! ព្រះអម្ចាស់មានព្រះហប្ញទ័យអាណិតអាសូរ និងមេត្តាករុណា ព្រះអង្គតែងតែលើកលែងទោសមនុស្សឱ្យរួចពីបាប ហើយសង្រ្គោះគេក្នុងគ្រាមានអាសន្ន។
ទំនុកតម្កើងលេខ ១១៦ (១១៥), ១-៩ បទព្រហ្មគីតិ
| ១ | ខ្ញុំស្រឡាញ់ព្រះម្ចាស់ | ដ្បិតទ្រង់ព្រះសណ្តាប់ខ្ញុំ | |
| សំឡេងសោកទួញយំ | ទទូចសុំទូលអង្វរ | ។ |
| ២ | ព្រះអង្គផ្ទៀងព្រះកាណ៌ | រាល់វេលាដោយស្មោះសរ | |
| ខ្ញុំនឹងស្រែកអង្វរ | មិនឈប់ឈរមួយជីវិត | ។ |
| ៣ | ខ្ញុំរងទុក្ខលំបាក | គ្មានស្រាន្តស្រាកទាំងភ័យភិត | |
| មច្ចុរាជមករួបរឹត | ខ្ញុំតក់ស្លុតខ្លាចខ្លួនក្ស័យ | ។ |
| ៤ | ខ្ញុំខំអង្វរស្រែក | ខ្លាំងពន់ពេករកម្ចាស់ថ្លៃ | |
| អាណិតកុំឱ្យក្ស័យ | សូមប្រណីសង្គ្រោះផង | ។ |
| ៥ | ព្រះអង្គតែងសន្តោស | ប្រណីប្រោសមិនដែលហ្មង | |
| សុចរិតយុត្តិធម៌ផង | ព្រះទ័យទ្រង់មេត្តា | ។ |
| ៦ | ព្រះអម្ចាស់បានជួយ | អ្នកខ្សត់ឱ្យផុតខ្លោចផ្សា | |
| ពេលខ្ញុំធ្លាក់កាយា | អង្គក្សត្រាមកសង្គ្រោះ | ។ |
| ៧ | ខ្ញុំលែងគិតខ្វល់ខ្វាយ | អ្វីទាំងឡាយសព្វទាំងអស់ | |
| ដ្បិតព្រះម្ចាស់ទ្រង់ប្រោស | ទ្រង់សន្តោសខ្ញុំសុខសាន្ត | ។ |
| ៨ | ព្រះអង្គបានរំដោះ | ខ្ញុំផុតគ្រោះបានថ្កើងថ្កាន | |
| ការពារជ្រែងទប់ប្រាណ | ខ្ញុំដើរបានមិនភ័យសោះ | ។ |
| ៩ | ខ្ញុំដើរមិនឈរឈប់ | ទាំងថ្ងៃយប់នៅចំពោះ | |
| ព្រះភក្ត្រព្រះជាម្ចាស់ | ភពមនុស្សក្នុងលោកនេះ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ២៤,៤-១៣
ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «ចូរប្រុងប្រយ័ត្ន កុំបណ្ដោយនរណាមកបញ្ឆោតអ្នករាល់គ្នាឱ្យវង្វេងឡើយ ដ្បិតនឹងមានមនុស្សជាច្រើនយកឈ្មោះខ្ញុំទៅប្រើ ដោយពោលថាៈ “ខ្ញុំនេះហើយជាព្រះគ្រីស្ដ”។ គេនឹងនាំមនុស្សជាច្រើនឱ្យវង្វេង។ អ្នករាល់គ្នានឹងឮគេនិយាយអំពីសង្គ្រាម និងឮដំណឹងថា មានសង្គ្រាមផ្ទុះឡើងហើយ។ កុំជ្រួលច្របល់ឡើយ ដ្បិតហេតុការណ៍ទាំងនេះត្រូវតែកើតឡើង តែមិនទាន់ដល់អវសានកាលនៃពិភពលោកនៅឡើយទេ។ប្រជាជាតិមួយនឹងធ្វើសង្គ្រាមតទល់នឹងប្រជាជាតិមួយទៀត ប្រទេសមួយតទល់នឹងប្រទេសមួយទៀត។ នៅតាមតំបន់ផ្សេងៗនឹងមានកើតទុរ្ភិក្ស និងរញ្ជួយផែនដី។ ប៉ុន្តែ ហេតុការណ៍ទាំងនេះប្រៀបបានទៅនឹងការឈឺចាប់ដើមដំបូងរបស់ស្ត្រីដែលហៀបនឹងសម្រាលកូន។ គេនឹងបញ្ជូនអ្នករាល់គ្នាទៅធ្វើទុក្ខទោស ព្រមទាំងឱ្យគេសម្លាប់អ្នករាល់គ្នាថែមទៀតផង។ ជាតិសាសន៍ទាំងអស់នឹងស្អប់អ្នករាល់គ្នា ព្រោះតែនាមខ្ញុំ។ នៅពេលនោះ នឹងមានមនុស្សជាច្រើនបែកចិត្តឃ្លាតចេញពីជំនឿ ក្បត់គ្នាទៅវិញទៅមក និងស្អប់គ្នាផង។ ព្យាការីក្លែងក្លាយជាច្រើននឹងមកដល់ ហើយបញ្ឆោតមនុស្សជាច្រើនឱ្យវង្វេង។ អំពើទុច្ចរិតនឹងរីកចម្រើនឡើងជាខ្លាំង បណ្ដាលឱ្យសេចក្ដីស្រឡាញ់របស់មនុស្សមួយចំនួនធំត្រូវធ្លាក់ចុះអន់ថយ។ ប៉ុន្តែ អ្នកណាស៊ូទ្រាំរហូតដល់ទីបញ្ចប់ ព្រះជាម្ចាស់នឹងសង្គ្រោះអ្នកនោះ។
606 Views
Post Views:
619