ថ្ងៃទី១៩ ខែតុលា
សន្តប៉ូលនៃព្រះឈើឆ្កាង ជាបូជាចារ្យ
ពណ៌បៃតង
លោកប៉ូលដាណែ (១៦៩៤-១៧៧៥) ជាជនជាតិអ៊ីតាលីម្នាក់។ មុនដំបូង លោកធ្វើទាហាន។ នៅឆ្នាំ ១៧២០ លោកសម្រេចចិត្តទៅរស់ជាឥសី រួចក៏ទទួលមុខងារជាបូជាចារ្យ។ លោកឧស្សាហ៍ដើរទៅពន្យល់គម្ពីរពាសពេញស្រុកអ៊ីតាលី។ លោកបង្កើតក្រុមគ្រួសារមួយ ដើម្បីដើរដាស់តឿនគ្រីស្តបរិស័ទឱ្យស្រឡាញ់ព្រះគ្រីស្តដែលត្រូវគេឆ្កាង។
សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស ១ករ ១,១៨-២៥
អ្នកដែលត្រូវវិនាសអន្តរាយ ចាត់ទុកដំណឹងអំពីព្រះគ្រីស្តសោយទិវង្គតនៅលើឈើឆ្កាងថាលេលា រីឯយើងដែលកំពុងតែទទួលការសង្គ្រោះវិញ យើងជឿថា ដំណឹងនេះជាឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដ្បិតមានចែងទុកមកថាៈ «យើងនឹងរំលាយប្រាជ្ញារបស់ពួកអ្នកប្រាជ្ញ ហើយធ្វើឱ្យតម្រិះរបស់ពួកអ្នកចេះដឹងរលាយសាបសូន្យទៅដែរ»។ ដូច្នេះ អ្នកប្រាជ្ញបណ្ឌិត និងអ្នកដេញដោលនាសម័យនេះធ្វើអ្វីកើត បើព្រះជាម្ចាស់បានធ្វើឱ្យប្រាជ្ញារបស់លោកីយ៍នេះទៅជាលេលាវិញនោះ!។ ដោយប្រាជ្ញារបស់ខ្លួន មនុស្សលោកពុំបានស្គាល់ព្រះជាម្ចាស់ តាមអ្វីៗដែលព្រះប្រាជ្ញាញាណរបស់ព្រះអង្គសម្ដែងឱ្យគេស្គាល់នោះឡើយ ហេតុនេះហើយ បានជាព្រះជាម្ចាស់សព្វព្រះហឫទ័យសង្គ្រោះអ្នកជឿ ដោយពាក្យប្រកាសដែលមនុស្សលោកចាត់ទុកថាលេលានោះ។ សាសន៍យូដាសុំមើលទីសម្គាល់ដ៏អស្ចារ្យ សាសន៍ក្រិកចង់ឃើញភស្តុតាងតាមប្រាជ្ញា រីឯយើងវិញ យើងប្រកាសអំពីព្រះគ្រីស្តដែលសោយទិវង្គតនៅលើឈើឆ្កាង។ សាសន៍យូដាយល់ឃើញថា ពាក្យប្រកាសនេះរារាំងគេមិនឱ្យជឿ ហើយសាសន៍ដទៃយល់ឃើញថាជារឿងលេលា។ ប៉ុន្តែ ចំពោះអស់អ្នកដែលព្រះជាម្ចាស់បានត្រាស់ហៅ ទាំងសាសន៍យូដា ទាំងសាសន៍ក្រិក គេចាត់ទុកព្រះគ្រីស្តថាជាឫទ្ធានុភាព និងជាព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់វិញ។ អ្វីៗដែលមនុស្សលោកយល់ថាជាគំនិតលេលារបស់ព្រះជាម្ចាស់នោះ ប្រសើរលើសប្រាជ្ញារបស់មនុស្សទៅទៀត ហើយអ្វីៗដែលមនុស្សលោកយល់ថាជាការទន់ខ្សោយរបស់ព្រះជាម្ចាស់ ក៏ប្រសើរលើសកម្លាំងរបស់មនុស្សដែរ។
ទំនុកតម្កើងលេខ ១១៧ (១១៦), ១-២ បទពាក្យ ៧
១ | ឱ! ប្រជាជនទាំងឡាយអើយ | ចូរសរសើរហើយលើកម្កើង | |
អស់ប្រជារាស្រ្តឆ្មៃឆ្មើង | តម្កើងសិរីនៃព្រះអង្គ | ។ | |
២ | ដ្បិតព្រះអង្គមានហឫទ័យ | ករុណាប្រណីពេកកន្លង | |
សប្បុរសស្មោះស្ម័គ្រឥតមានហ្មង | នឹងយើងរហូតតរៀងទៅ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៦,២៤-២៧
បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ពួកសាវ័កថា៖«បើអ្នកណាចង់មកតាមក្រោយខ្ញុំ ត្រូវលះបង់ខ្លួនឯងចោល ត្រូវលីឈើឆ្កាងរបស់ខ្លួន ហើយមកតាមខ្ញុំចុះ ដ្បិតអ្នកណាចង់បានរួចជីវិត អ្នកនោះនឹងបាត់បង់ជីវិត ប៉ុន្តែ អ្នកណាបាត់បង់ជីវិតព្រោះតែខ្ញុំ អ្នកនោះនឹងបានជីវិតវិញ។ បើមនុស្សម្នាក់បានពិភពលោកទាំងមូលមកធ្វើជាសម្បត្តិរបស់ខ្លួន តែបាត់បង់ជីវិត នោះនឹងមានប្រយោជន៍អ្វី? តើមនុស្សអាចយកអ្វីមកប្ដូរនឹងជីវិតរបស់ខ្លួនបាន? លុះដល់បុត្រមនុស្សប្រកបដោយសិរីរុងរឿងព្រះបិតារបស់ព្រះអង្គយាងមកជាមួយពួកទេវទូតរបស់ព្រះអង្គ ព្រះអង្គនឹងប្រទានរង្វាន់ ឬដាក់ទោសម្នាក់ៗតាមអំពើដែលខ្លួនបានប្រព្រឹត្ត។