ថ្ងៃទី១៩ ខែធ្នូ
រដូវអបអរសាទរ
ពណ៌ស្វាយ
ថ្ងៃសុក្រ ទី១៩ ខែធ្នូ ឆ្នាំ២០២៥
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ដ៏មានតេជានុភាពសព្វប្រការ! ព្រះអង្គបានសម្តែងសិរីរុងរឿងដ៏អស្ចារ្យរបស់ព្រះអង្គ ដោយប្រោសប្រទានស្ត្រីព្រហ្មចារីម្នាក់អាចបង្កើតកូនបាន។ សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំ ឱ្យមានជំនឿកាន់តែមាំមួនឡើងៗ និងសុខចិត្តធ្វើតាមព្រះហឫទ័យព្រះអង្គដោយចិត្តស្រឡាញ់ផង។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរវីរបុរស វប ១៣,២-៧.២៤-២៥
នៅជំនាន់នោះក្នុងភូមិសូរេអាមានបុរសម្នាក់ឈ្មោះម៉ាណូអា ក្នុងពូជអំបូរលោកដាន។ ភរិយារបស់គាត់ជាស្ត្រីអារមិនអាចបង្កើតកូនឡើយ។ ថ្ងៃមួយទេវទូតរបស់ព្រះអម្ចាស់បង្ហាញខ្លួនឱ្យស្ត្រីនោះឃើញ ហើយមានប្រសាសន៍ថា៖«អ្នកជាស្ត្រីអារ មិនអាចបង្កើតកូនបានទេ! ក៏ប៉ុន្តែ បន្តិចទៀត អ្នកនឹងមានផ្ទៃពោះ ហើយបង្កើតបានកូនប្រុសម្នាក់។ តែចូរប្រយ័ត្ន ចាប់តាំងពីពេលនេះទៅ កុំពិសាស្រាឬគ្រឿងស្រវឹងឡើយ! កុំបរិភោគអ្វីដែលមិនបរិសុទ្ធឱ្យសោះ! ព្រោះអ្នកនឹងមានផ្ទៃពោះ ហើយនឹងបង្កើតបានកូនប្រុសម្នាក់។ កុំកោរ ឬកាត់សក់វាឡើយ ដ្បិតព្រះអម្ចាស់បានញែកកូននោះទុកសម្រាប់ព្រះអង្គតាំងពីក្នុងផ្ទៃម្តាយមកម្ល៉េះ គឺកូននោះហើយដែលនឹងសង្គ្រោះជនជាតិអ៊ីស្រាអែលឱ្យរួចពីកណ្តាប់ដៃរបស់ជនជាតិភីលីស្ទីន»។ ស្ត្រីនោះក៏ទៅជម្រាបប្តីថា៖«មានអ្នកបម្រើរបស់ព្រះជាម្ចាស់ម្នាក់មកជួបខ្ញុំ លោកនោះមានទ្រង់ទ្រាយជាទេវទូតរបស់ព្រះជាម្ចាស់ គួរស្ញែងខ្លាចក្រៃលែង។ ខ្ញុំមិនបានសួរថាលោកមកពីណាទេ ហើយលោកក៏មិនបានប្រាប់ឈ្មោះឱ្យខ្ញុំស្គាល់ដែរ។ តែលោកប្រាប់ខ្ញុំថា បន្តិចទៀតខ្ញុំនឹងមានផ្ទៃពោះ ហើយបង្កើតបានកូនប្រុសម្នាក់។ លោកហាមខ្ញុំមិនឱ្យផឹកស្រា ឬគ្រឿងស្រវឹងណាឡើយ ហើយក៏មិនឱ្យបរិភោគអ្វីដែលមិនបរិសុទ្ធដែរ! ដ្បិតព្រះជាមា្ចស់បានញែកកូននោះទុកសម្រាប់ព្រះអង្គតាំងពីរក្នុងផ្ទៃម្តាយរហូតអស់មួយជីវិត»។ ប៉ុន្មានខែក្រោយមក ស្រ្តីនោះបង្កើតបានកូនប្រុសម្នាក់ដែលគាត់ដាក់ឈ្មោះថា“សាំសុន”។ កូននោះមានវ័យចម្រើនធំឡើង ហើយព្រះអម្ចាស់ប្រទានពរឱ្យគេ។ ព្រះវិញ្ញាណរបស់ព្រះអម្ចាស់ក៏ចាប់ផ្តើមណែនាំគេដែរ។
ទំនុកតម្កើងលេខ ៧១ (៧០) ,១-៣.៥-៦.១៦-១៧ បទពាក្យ ៧
| ១ | បពិត្រព្រះម្ចាស់ខ្ញុំសូមជ្រក | ក្រោមម្លប់ជម្រកនៃព្រះអង្គ | |
| កុំឱ្យរូបខ្ញុំត្រូវបាត់បង់ | ទាំងកេរ្តិ៍ឈ្មោះផងអាប់អាសារ | ។ |
| ២ | ដោយព្រះអង្គមានព្រះហឫទ័យ | សុចរិតថ្លាថ្លៃសូមមេត្តា | |
| ផ្ទៀងព្រះកាណ៍ស្តាប់ខ្ញុំវាចា | សង្គ្រោះជីវ៉ាឱ្យបានរស់ | ។ |
| ៣ | សូមព្រះអង្គទៅជាថ្មដា | លាក់ពួនអាត្មាខ្ញុំផុតគ្រោះ | |
| ទ្រង់សព្វព្រះទ័យប្រណីប្រោស | ជីវិតខ្ញុំរស់បានសុខសាន្ត | ។ |
| ៥ | បពិត្រព្រះជាអម្ចាស់អើយ | រូបខ្ញុំនេះហើយផ្ញើជីវី | |
| ជីវិតលើទ្រង់គ្រប់នាទី | សង្ឃឹមតាំងពីនៅក្មេងវ័យ | ។ |
| ៦ | ខ្ញុំសូមពឹងផ្អែកលើព្រះអង្គ | តាំងពីនៅក្នុងផ្ទៃម្តាយថ្លៃ | |
| ព្រះអង្គតែមួយសព្វព្រះទ័យ | ដុតខាត់កែច្នៃខ្ញុំឥតឈប់ | ។ |
| ១៦ | បពិត្រព្រះជាម្ចាស់ខ្ញុំអើយ | ព្រោះព្រះអង្គហើយយកអាសា | |
| ខ្ញុំថ្កើងរំឭកធម៌ករុណា | សុចរិតថ្លៃថ្លារបស់ទ្រង់ | ។ |
| ១៧ | បពិត្រព្រះជាម្ចាស់ខ្ញុំអើយ | ទ្រង់អប់រំហើយគ្មានសៅហ្មង | |
| តាំងពីក្មេងទល់គ្រានេះម្តង | ចិត្តនៅចាំចងតែព្រះអង្គ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
ឱ! ខ្នែងដែលដុះចេញពីគល់របស់លោកយេសាយ ទុកសម្រាប់ប្រជាជនទាំងឡាយអើយ! សូមយាងមករំដោះយើងខ្ញុំ! សូមកុំបង្អង់ឡើយ!។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១,៥-២៥
នៅជំនាន់ព្រះបាទហេរ៉ូដគ្រងរាជ្យនៅស្រុកយូដា មានបូជាចារ្យម្នាក់ឈ្មោះសាការីជាសមាជិតក្រុមបូជាចារ្យអប៊ីយ៉ា។ ភរិយាលោកឈ្មោះអេលីសាបិត កើតក្នុងត្រកូលរបស់លោកមហាបូជាចារ្យអរ៉ុន។ ស្វាមីភរិយាទាំងពីរនាក់នេះជាមនុស្សសុចរិត ជាទីគាប់ព្រះ ហឫទ័យព្រះជាម្ចាស់ ហើយគាត់គោរពតាមវិន័យ និងបញ្ញត្តិទាំងប៉ុន្មានរបស់ព្រះអម្ចាស់ឥតមានទាស់ត្រង់ណាឡើយ។ អ្នកទាំងពីរគ្មានកូនទេ ព្រោះនាងអេលីសាបិតជាស្ត្រីអារ ហើយម្យ៉ាងទៀត អ្នកទាំងពីរក៏មានវ័យចាស់ណាស់ទៅហើយផង។ ថ្ងៃមួយលោកសាការី បំពេញមុខងារជាបូជាចារ្យតាមវេនក្រុមរបស់លោក។ គេបានជ្រើសរើសលោកដោយចាប់ឆ្នោត តាមទំនៀមទម្លាប់របស់ក្រុមបូជាចារ្យ ឱ្យលោកចូលទៅដុតគ្រឿងក្រអូបនៅក្នុងទីសក្ការៈរបស់ព្រះជាម្ចាស់។ ពេលលោកដុតគ្រឿងក្រអូប មានប្រជាជនច្រើនកុះករនៅខាងក្រៅកំពុងអធិដ្ឋាន។ រំពេចនោះ លោកសាការីឃើញទេវទូតរបស់ព្រះអម្ចាស់មួយរូបឈរនៅខាងស្តាំអាសនៈសម្រាប់ដុតគ្រឿងក្រអូប។ ឃើញដូច្នោះ លោករន្ធត់ចិត្ត ហើយភ័យខ្លាចទៀតផង។ ទេវទូតក៏មានប្រសាសន៍ទៅកាន់លោកថា៖ «កុំខ្លាចអីលោកសាការីអើយ! ព្រះអម្ចាស់យល់ព្រមតាមពាក្យទូលអង្វររបស់លោកហើយ! នាងអេលីសាបិតជាភរិយារបស់លោកនឹងបង្កើតកូនប្រុសមួយ លោកត្រូវដាក់ឈ្មោះកូននោះថា “យ៉ូហាន”។ កូននោះនឹងធ្វើឱ្យលោកមានចិត្តសប្បាយរីករាយ ហើយមនុស្សជាច្រើនក៏អបអរសាទរនឹងកំណើតកុមានោះដែរ។ កូនរបស់លោកនឹងមានឋានៈដ៏ប្រសើរឧត្តមនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ មិនសេពសុរា ឬគ្រឿងស្រវឹងណាមួយឡើយ។ កូននោះបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធតាំងពីក្នុងផ្ទៃម្តាយមក។ កូននោះនឹងមកមុនព្រះអង្គ ហើយមានវិញ្ញាណប្រកបដោយឫទ្ធានុភាពដូចដែលលោកអេលីបានទទួលដើម្បីបង្វែរចិត្តឪពុកទៅរកកូន ព្រមទាំងបំបែរចិត្តមនុស្សរឹងទទឹងឱ្យត្រឡប់មកជាមនុស្សសុចរិតវិញ ហើយនឹងរៀបចំប្រជារាស្ត្រមួយជាស្រេច ទុកសម្រាប់ទទួលព្រះអម្ចាស់»។
លោកសាការីសួរទៅទេវទូតថា៖ «តើធ្វើម្តេចឱ្យខ្ញុំដឹងថា ការនោះពិតជានឹងកើតមានឡើងមែន? ព្រោះរូបខ្ញុំនេះចាស់ហើយ ឯប្រពន្ធខ្ញុំសោតក៏មានអាយុច្រើនទៀតផង»។ ទេវទូតតបវិញថា៖ «ខ្ញុំឈ្មោះកាព្រីអែល ជាអ្នកបម្រើព្រះជាម្ចាស់ ព្រះអង្គចាត់ខ្ញុំឱ្យនាំដំណឹងល្អនេះមកប្រាប់លោក។ ប៉ុន្តែ ដោយលោកពុំព្រមជឿពាក្យខ្ញុំ លោកនឹងទៅជាមនុស្សគនិយាយពុំកើត រហូតដល់ថ្ងៃដែលហេតុការណ៍ទាំងនោះបានសម្រេចតាមពេលកំណត់»។ ក្នុងពេលជាមួយគ្នានោះ ប្រជាជនទន្ទឹងរង់ចាំលោកសាការី ហើយងឿងឆ្ងល់ណាស់ ព្រោះលោកចូលទៅក្នុងទីសក្ការៈយ៉ាងយូរដូច្នេះ។ កាលលោកចេញមកវិញ លោកពុំអាចនិយាយទៅគេបានឡើយ។ ប្រជាជនទាំងនោះយល់ថា ប្រាកដជាលោកបានឃើញការអស្ចារ្យអ្វីមួយនៅក្នុងទីសក្ការៈជាមិនខាន។ លោកសាការីធ្វើតែកាយវិការឱ្យគេយល់ព្រោះលោកនៅគ និយាយមិនកើត។ លុះលោកសាការីបំពេញការងារតាមវេនចប់សព្វគ្រប់ហើយ លោកក៏វិលត្រឡប់ទៅផ្ទះវិញ។ ក្រោយមកនាងអេលីសាបិតជាភរិយារបស់លោកក៏ចាប់មានផ្ទៃពោះ នាងលាក់ខ្លួនអស់រយៈពេលប្រាំខែ។ នាងនឹកគិតថា៖ «ឥឡូវនេះព្រះអម្ចាស់បានប្រោសប្រណីដល់រូបខ្ញុំ ព្រះអង្គសព្វព្រះហឫទ័យឱ្យខ្ញុំលែងខ្មាសមនុស្សលោកទៀតហើយ!»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានសង្គ្រោះប្រជារាស្ត្រព្រះអង្គយ៉ាងអស្ចារ្យ។ ក្រៅពីផ្ញើជីវិតទាំងស្រុងទៅលើព្រះអង្គ យើងខ្ញុំគ្មានអ្វីមកតបស្នងសងគុណព្រះអង្គឡើយ។ សូមទ្រង់ព្រះមេត្តាប្រោសឱ្យយើងខ្ញុំអាចចូលរួមជាមួយព្រះយេស៊ូ ដែលអរព្រះគុណ ព្រះអង្គក្នុងអភិបូជានេះផង គឺព្រះយេស៊ូដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះអង្គ អស់កល្បជាអង្វែងតរៀងទៅ។
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់ដ៏មានតេជានុភាពសព្វប្រការ! ព្រះអង្គបានប្រោសប្រទានអំណោយទានដ៏ច្រើនឥតគណនាឱ្យយើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំ ឱ្យយល់កាន់តែច្បាស់អំពីព្រះអំណោយទានដ៏អស្ចារ្យលើសលប់ ដែលព្រះអង្គបានប្រទានដល់មនុស្សលោក នៅពេលព្រះអង្គចាត់ព្រះបុត្រាឱ្យប្រសូតជាមនុស្សដូចយើងខ្ញុំ។
485 Views
Post Views:
487