ថ្ងៃទី១៨ ខែធ្នូ
រដូវអបអរសាទរ
ពណ៌ស្វាយ
ថ្ងៃព្រហស្បតិ៍ ទី១៨ ខែធ្នូ ឆ្នាំ២០២៥
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ដ៏មានតេជានុភាពសព្វប្រការ! ព្រះអង្គសព្វព្រះហឫទ័យសង្គ្រោះមនុស្សលោកឱ្យរួចពីបាប សូមទ្រង់ព្រះមេត្តារំដោះយើងខ្ញុំឱ្យមានសេរីភាពដ៏ពិតប្រាកដខាងផ្លូវចិត្ត សូមតម្រែតម្រង់ចិត្តគំនិតយើងខ្ញុំ ក្នុងពេលយើងខ្ញុំរៀបខ្លួនធ្វើពិធីលើកតម្កើងព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គប្រសូត្រមកជាមនុស្ស។
អត្ថបទទី១ សូមថ្លែងព្រះគម្ពីរព្យាការីយេរេមី យរ ២៣,៥-៨
ព្រះអម្ចាស់មានព្រះបន្ទូលថា៖«នៅគ្រាខាងមុខ យើងនឹងធ្វើឱ្យមានស្តេចមួយអង្គដ៏សុចរិត កើតចេញពីពូជពង្សរបស់ដាវីឌ។ ស្តេចនោះនឹងគ្រងរាជ្យប្រកបដោយប្រាជ្ញា ព្រមទាំងគ្រប់គ្រងស្រុកដោយសេចក្តីសុចរិត និងយុត្តិធម៌។ នៅរជ្ជកាលរបស់ស្តេចនោះ ជនជាតិយូដានឹងទទួលការសង្គ្រោះ ហើយជនជាតិអ៊ីស្រាអែលនឹងរស់នៅយ៉ាងសុខសាន្ត។ គេថ្វាយព្រះនាមស្តេចនោះថា “ព្រះអម្ចាស់ជាសេចក្តីសុចរិតរបស់យើង”។
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ “នៅគ្រាខាងមុខ គេនឹងលែងស្បថក្នុងព្រះនាមព្រះអម្ចាស់ដ៏មានព្រះជន្មគង់នៅ ដែលបាននាំជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីប” ទៀត ហើយ គឺគេនឹងស្បថក្នុងព្រះនាម “ព្រះអម្ចាស់ដ៏មានព្រះជន្មគង់នៅ ដែលបាននាំជនជាតិអ៊ីស្រាអែលចេញមកពីស្រុកខាងជើង និងពីស្រុកទាំងប៉ុន្មានដែលព្រះអង្គបានកម្ចាត់កម្ចាយពួកគេឱ្យទៅ!”។ យើងនាំពួកគេឱ្យវិលមកតាំងទីលំនៅក្នុងទឹកដីរបស់ខ្លួនវិញ»។
ទំនុកតម្កើងលេខ ៧២,១-២.១២-១៣.១៨-១៩ បទកាកគតិ
| ១. | ព្រះជាម្ចាស់អើយ | សូមប្រទានឱ្យ | រាជបុត្រនេះចេះ |
| វិនិច្ឆ័យក្តី | តាមព្រះតម្រិះ | សុចរិតវិសេស |
| | របស់ព្រះអង្គ | ។ |
| ២. | សូមឱ្យរាជា | គ្រប់គ្រងគ្រប់គ្នា | ប្រជារាស្ត្រទ្រង់ |
| ដោយយុត្តិធម៌ | សុចរិតផូរផង់ | វិសេសឥតហ្មង |
| | ត្រឹមត្រូវតាមច្បាប់ | ។ |
| ១២. | ទ្រង់នឹងរំដោះ | អ្នកក្រទាំងអស់ | ដោយធម៌មេត្តា |
| អ្នកទុគ៌តស្រែក | សុំក្តីករុណា | ព្រះអង្គរក្សា |
| | អ្នកគ្មានទីពឹង | ។ |
| ១៣. | ទ្រង់សែនអាណិត | អាសូរពេកពិត | អ្នកអត់លំនឹង |
| និងជនកម្សត់ | គ្មានអ្វីរំពឹង | ព្រះអម្ចាស់នឹង |
| | សង្គ្រោះជីវិត | ។ |
| ១៨. | សូមលើកតម្កើង | ព្រះអង្គខ្ពស់ឡើង | ឥតមានអល់អែក |
| ព្រះអ៊ីស្រាអែល | ល្អល្អះអនេក | ការណ៍អស្ចារ្យពេក |
| | ដែលទ្រង់សម្តែង | ។ |
| ១៩. | សូមលើកតម្កើង | ព្រះនាមថ្កុំថ្កើង | ព្រះអង្គគួរស្ញែង |
| សូមឱ្យផែនដី | ទាំងមូលកោតក្រែង | សិរីចាំងចែង |
| | របស់ព្រះអង្គ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកណែនាំប្រជាជនអ៊ីស្រាអែលអើយ! សូមយាងមក! ព្រះអង្គបានប្រទានធម្មវិន័យនៅលើភ្នំ សូមសម្តែងឫទ្ធិបារមី ហើយរំដោះយើងខ្ញុំផង!។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១,១៨-២៥
ព្រះយេស៊ូគ្រីស្តប្រសូតដូចតទៅ។ នាងម៉ារី មាតារបស់ព្រះអង្គត្រូវជាគូរដណ្តឹងរបស់លោកយ៉ូសែប។ មុនពេលអ្នកទាំងពីររួមរស់ជាមួយគ្នា នាងម៉ារីមានផ្ទៃពោះដោយសារព្រះវិញ្ញាណដ៏វិសុទ្ធរួចទៅហើយ។ លោកយ៉ូសែបជាស្វាមីរបស់នាង និងជាមនុស្សសុចរិត លោកមិនចង់បំបាក់មុខនាងទេ គឺលោកសម្រេចចិត្តថានឹងផ្តាច់ពាក្យដោយស្ងាត់ៗវិញ។ ពេលលោកកំពុងគិតដូច្នេះ ស្រាប់តែមានទេវទូតរបស់ព្រះអម្ចាស់មកប្រាប់លោកក្នុងសុបិននិមិត្តថា៖«លោកយ៉ូសែបជារាជវង្សរបស់ព្រះបាទដាវីឌអើយ! សូមកុំខ្លាចនឹងទទួលនាងម៉ារីមកធ្វើជាភរិយាឡើយ! ទោះបីបុត្រដែលនៅក្នុងផ្ទៃនាងកើតមកពីព្រះវិញ្ញាណដ៏វិសុទ្ធ ហើយនាងនឹងសម្រាលបានបុត្រមួយអង្គក្តី ក៏លោកត្រូវថ្វាយព្រះនាមថា “យេស៊ូ” ដ្បិតបុត្រនោះនឹងសង្គ្រោះប្រជារាស្ត្រព្រះអង្គឱ្យរួចពីបាប»។ ហេតុការណ៍នេះកើតឡើង ដើម្បីឱ្យសេចក្តីដែលព្រះអម្ចាស់មានព្រះបន្ទូលតាមរយៈព្យាការីបានសម្រេចជារូបរាងថា៖ ស្រ្តីព្រហ្មចារីនឹងមានផ្ទៃពោះ នាងនឹងសម្រាលបានបុត្រមួយ ដែលគេនឹងថ្វាយព្រះនាមថា“ព្រះអេម៉ានូអែល”(ឈ្មោះនេះប្រែថា “ព្រះជាម្ចាស់គង់នៅជាមួយយើង)”។ លុះលោកយ៉ូសែបភ្ញាក់ឡើង លោកក៏ធ្វើតាមបង្គាប់ទេវទូតរបស់ព្រះអម្ចាស់ គឺលោកទទួលនាងម៉ារីមកធ្វើជាភរិយា។ ប៉ុន្តែលោកពុំបានរួមបវេណីជាមួយនាង រហូតដល់នាងសម្រាលបានបុត្រ ដែលលោកថ្វាយព្រះនាមថា «យេស៊ូ»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គចាត់ព្រះបុត្រាឱ្យយាងមកប្រសូតជាមនុស្ស ដែលរមែងតែងតែស្លាប់។ ឥឡូវនេះ ព្រះបុត្រាអង្វរព្រះអង្គក្នុងនាមយើងខ្ញុំ និងថ្វាយសក្ការបូជាដែលគាប់ព្រះហឫទ័យព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសប្រទានព្រះជន្មរបស់ព្រះអង្គ ឱ្យយើងខ្ញុំដែលរួមជាមួយព្រះបុត្រានេះផង គឺព្រះបុត្រានេះមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គមានព្រះហឫទ័យស្រឡាញ់មនុស្សលោក រហូតដល់ចាត់ព្រះបុត្រាដ៏ជាទីស្រឡាញ់ឱ្យយាងមកប្រសូតជាមនុស្សដូចយើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាពង្រឹងជំនឿរបស់យើងខ្ញុំ សូមឱ្យយើងខ្ញុំយល់អំពីការសង្គ្រោះដ៏អស្ចារ្យរបស់ព្រះអង្គនិងអំពីឋានៈដ៏ថ្លៃថ្នូររបស់ខ្លួនជាបុត្រធីតារបស់ព្រះអង្គផង។
849 Views
Post Views:
861