អត្ថបទព្រះគម្ពីរ
ថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២
អាទិត្យទី០៦ រដូវធម្មតា
ពណ៌បៃតង
ថ្ងៃធម្មតា
ឬសន្តទាំង ៧ ជាអ្នកបង្កើត
ក្រុមគ្រួសារបម្រើព្រះនាងម៉ារី
ប្រហែលនៅឆ្នាំ ១២២៣ ឈ្មួញ ៧នាក់នៅក្រុងហ្វូរង្ស (ប្រទេសអ៊ីតាលី)។ សម្រេចចិត្តលះបង់អ្វីៗទាំងអស់ ទៅរស់នៅក្នុងអារាមមួយឯព្រៃភ្នំដាច់ឡែកពីប្រជាជន។ អ្នកទាំងប្រាំពីរនាក់នោះដាក់ឈ្មោះខ្លួនថា “ អ្នលបម្រើរបស់ព្រះនាងម៉ារី “ ព្រោះពួកគេចូលចិត្តនឹកសញ្ជឹងអំពីព្រឹត្តិការណ៍នៃជីវប្រវត្តិព្រះយេស៊ូ ដោយរួមចិត្តគំនិតជាមួយព្រះនាងម៉ារីដែលពួកគេយកធ្វើជាគំរូ។ អ្នកទាំងនោះបង្កើតក្រុមគ្រួសារបព្វជិត ដែលមានមុខងារទេសនា និងបង្រៀន។
សូមថ្លែងលិខិតគ្រីស្តទូតយ៉ាកុប យក ២,១-៩
បងប្អូនជាទីស្រឡាញ់!
បងប្អូនមានជំនឿលើព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់ ប្រកបដោយសិរីរុងរឿងរបស់យើងហើយ ដូច្នេះ សូមកុំប្រកាន់វណ្ណៈឱ្យសោះ។ ពេលបងប្អូនរួមប្រជុំគ្នា ឧបមាថា ម្នាក់ចូលមកមានពាក់ចិញ្ចៀនមាស និងមានសម្លៀកបំពាក់ភ្លឺផ្លេក ហើយម្នាក់ទៀតជាអ្នកក្រ ស្លៀកពាករហែករយ៉ីរយ៉ៃ ចូលមកដែរ ប្រសិនបើបងប្អូនរាក់ទាក់ទទួលអ្នកស្លៀកពាក់ភ្លឺផ្លេកនោះទាំងពោលថា “សូមលោកអញ្ជើញមកអង្គុយនៅកន្លែងកិត្តិយសឯណេះ!” ហើយពោលទៅកាន់អ្នកក្រថា “ទៅឈរនៅកៀននោះទៅ! ឬថា “មកអង្គុយនៅក្រោមកន្លែងខ្លុំដាក់ជើងឯណេះ!”។ បានសេចក្តីថាក្នុងចំណោមបងប្អូន បងប្អូនរាប់រកមនុស្សដោយរើសមុខ ហើយបងប្អូនក៏វិនិច្ឆ័យគេដោយគំនិតអាក្រក់ដែរ ។ បងប្អូនជាទីស្រឡាញ់អើយ! សូមស្តាប់ខ្ញុំ ព្រះជាម្ចាស់បានជ្រើសរើសអ្នកក្រក្នុងលោកនេះ ឱ្យទៅជាអ្នកមានផ្នែកខាងជំនឿ និងឱ្យទទួលព្រះរាជ្យដែលទ្រង់បានសន្យាថា ប្រទានឱ្យអស់អ្នកស្រឡាញ់ព្រះអង្គទុកជាមត៌ក។ រីឯបងប្អូន បងប្អូនបែរជាបន្ថោកអ្នកក្រទៅវិញ តើមិនមែនពួកអ្នកមានទេឬ ដែលបានជិះជាន់សង្កត់សង្កិនបងប្អូន និងអូសទាញបងប្អូនយកទៅឱ្យតុលាការកាត់ទោស? តើអ្នកទាំងនោះមិនបានប្រមាថមាក់ងាយព្រះនាមដ៏ប្រសើរបំផុត ដែលជាទីពឹងរបស់បងប្អូនទេឬ?។
ប្រសិនបើបងប្អូនប្រតិបត្តិតាមវិន័យរបស់ព្រះរាជ្យស្របតាមគម្ពីរ ពោលគឺ “ត្រូវស្រឡាញ់បងប្អូនឯទៀតៗ ឱ្យបានដូចស្រឡាញ់ខ្លួនឯងដែរ នោះបងប្អូនពិតជាបានសម្រេចកិច្ចការមួយដ៏ល្អប្រសើរហើយ។ ផ្ទុយទៅវិញ ប្រសិនបើបងប្អូនទាំងគ្នាប្រកាន់វណ្ណៈ បានសេចក្តីថាបងប្អូនប្រព្រឹត្តអំពើបាប ហើយធម្មវិន័យចាត់ទុកបងប្អូនជាអ្នកប្រព្រឹត្តបទល្មើស។
ទំនុកតម្កើងលេខ ៣៤(៣៣),២-៧ បទកាកគតិ
២ | ខ្ញុំអរព្រះគុណ | អម្ចាស់ពេកពន់ | គ្រប់ពេលវេលា | សូមលើកតម្កើង |
ព្រះអង្គគ្រប់គ្រា | ឥតមានរួញរា | ឈប់ឈរសោះឡើយ | ។ | |
៣ | ខ្ញុំខ្ពស់មុខព្រោះ | ព្រះម្ចាស់សង្រ្គោះ | ខ្ញុំមិនកន្តើយ | ចូរអ្នកទន់ទាប |
ស្តាប់កុំព្រងើយ | នឹងបានធូរស្បើយ | អំណរខ្លាំងក្លា | ។ | |
៤ | សូមមកប្រកាស | នឹងខ្ញុំឱ្យច្បាស់ | ដោយពោលឡើងថា | ព្រះម្ចាស់ថ្កុំថ្កើង |
រុងរឿងក្រៃណា | យើងនាំគ្នីគ្នា | តម្កើងព្រះអង្គ | ។ | |
៥ | ខ្ញុំបានស្វែងរក | ព្រះម្ចាស់តបមក | ឥតមានបង្អង់ | ទ្រង់បានរំដោះ |
ខ្ញុំអស់ទុក្ខផង | តក់ស្លុតមួរហ្មង | ឆ្លងផុតទាំងអស់ | ។ | |
៦ | អ្នកដែលសម្លឹង | ឆ្ពោះទៅព្រះអង្គ | បានសុខឥតមោះ | ផុតអស់ទុក្ខសោក |
វិយោគរងគ្រោះ | ពួកគេទាំងនោះ | មិនខកចិត្តឡើយ | ។ | |
៧ | អស់អ្នកកំសត់ | និងមនុស្សទុរគត | គេស្រែកដង្ហោយ | ហៅរកព្រះម្ចាស់ |
ទ្រង់សណ្តាប់ហើយ | សង្រ្គោះគេឱ្យ | ផុតពីគ្រោះកាច | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ៦,៦៣.៦៨
អលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់! ព្រះបន្ទូលរបស់ព្រះអង្គសុទ្ធតែចេញមកពីព្រះវិញ្ញាណ និងផ្តល់ជីវិត!។ ព្រះបន្ទូលព្រះអង្គប្រទានជីវិតអស់កល្បជានិច្ច។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៨,២៧-៣៣
ព្រះយេស៊ូចេញទៅតាមភូមិនានា ដែលនៅជិតក្រុងសេសារេភីលីព ជាមួយក្រុមសាវ័ក។ នៅតាមផ្លូវ ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «តើមនុស្សទាំងឡាយថាខ្ញុំជានរណា?»។ ក្រុមសាវ័កទូលឆ្លើយថា៖ «អ្នកខ្លះថា លោកជាលោកយ៉ូហានបាទីស្ត អ្នកខ្លះថា លោកជាព្យាការីអេលី ហើយអ្នកខ្លះទៀតថា លោកជាព្យាការីមួយរូប»។ ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាថា ខ្ញុំជានរណាដែរ?»។ លោកសិលាទូលព្រះអង្គថា៖«លោកជាព្រះគ្រីស្ត»។ ព្រះយេស៊ូហាមប្រាមសាវ័កមិនឱ្យនិយាយប្រាប់គេអំពីព្រះអង្គឡើយ។
បន្ទាប់មក ព្រះយេស៊ូក៏ចាប់ផ្តើមបង្រៀនក្រុមសាវ័កដោយមានព្រះបន្ទូលថា៖ «បុត្រមនុស្សត្រូវរងទុក្ខលំបាកយ៉ាងខ្លាំង។ ពួកព្រឹទ្ធាចារ្យ ពួកនាយកបូជាចារ្យ ពួកធម្មចារ្យនឹងបោះបង់ព្រះអង្គចោល ថែមទាំងសម្លាប់លោកទៀតផង តែបីថ្ងៃក្រោយមក ព្រះអង្គទទួលព្រះជន្មថ្មីដ៏រុងរឿងវិញ» ព្រះអង្គមានព្រះបន្ទូលបញ្ជាក់ប្រាប់គេដោយឥតលាក់លៀម។ លោកសិលាយាងព្រះអង្គចេញទៅឆ្ងាយពីគេបន្តិច ហើយបន្ទោសព្រះអង្គ។ ព្រះយេស៊ូងាកទតទៅក្រុមសាវ័កឯទៀតៗ ហើយទ្រង់មានព្រះបន្ទូលបន្ទោសលោកសិលាវិញថា៖«នែ! មារសាតាំង! ថយទៅក្រោយខ្ញុំទៅ! ដ្បិតគំនិតអ្នកមិនមែនជាគំនិតរបស់ព្រះជាម្ចាស់ទេ គឺជាគំនិតរបស់មនុស្សលោកសុទ្ធសាធ»។