អត្ថបទព្រះគម្ពីរ
ថ្ងៃចន្ទ ទី១៧ ខែមករា ឆ្នាំ២០២២
អាទិត្យទី០២ រដូវធម្មតា
ពណ៌ស
បុណ្យរម្លឹក
សន្ដអន់ទាន់ ជាចៅអធិការ
លោកអន់ទាន់ ជាគ្រីស្តបរិស័ទជាតិអេស៊ីបម្នាក់។ កាលអាយុ ២០ឆ្នាំ លោកចូលក្នុងព្រះវិហារមួយ ហើយឮគេប្រកាសព្រះបន្ទូលរបស់ព្រះយេស៊ូថា ” បើអ្នកចង់បានល្អឥតខ្ចោះ ចូរយកអ្វីៗទាំងអស់ដែលអ្នកមានទៅលក់ ហើយចែកឱ្យអ្នកក្រីក្រ រួចសឹមអញ្ជើញមកតាមខ្ញុំ” ( មថ ១៩,២១ )។ ពេលនោះ លោកសម្រេចចិត្តលះបង់អ្វីៗទាំងអស់ ទៅរស់ជាឥសី នៅក្នុងវាលរហោរស្ថាន។ ពេលនោះមារល្បួងលោកច្រើនបែបច្រើនយ៉ាង។ លោករស់នៅរបៀបនេះរហូតដល់អាយុជិត ១០០ឆ្នាំ។ លោកទទួលមរណ ភាពនៅឆ្នាំ ៣៥៦។ គ្រីស្តបរិស័ទជាច្រើនក៏ទៅរស់នៅក្នុងវាលរហោស្ថានដូចលោកដែរ។
សូមថ្លែងព្រះគម្ពីរព្យាការីសាមូអែល ១សម ១៥,១៦-២៣
ព្រះបាទសាអ៊ូលវាយឈ្នះជនជាតិអាម៉ាឡេក។ ពេលនោះ លោកសាមូអែលទូលទៅព្រះបាទសាអ៊ូលថា៖ «ឥឡូវនេះ ទូលបង្គំសូមទូលសេចក្តីដែលព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ទូលបង្គំកាល់ពីយប់មិញ»។ ព្រះបាទសាអ៊ូលមានរាជឱង្ការថា៖ «សូមលោកមានប្រសាសន៍មកចុះ!»។ លោកសាមូអែលទូលថា៖ «ទោះបីព្រះករុណាយល់ថា ខ្លួនជាមនុស្សទន់ទាបក្តី ក៏ព្រះករុណានៅតែជាអ្នកដឹកនាំកុលសម្ព័ន្ធទាំងអស់របស់ជនជាតិអ៊ីស្រាអែលដែរ ដ្បិតព្រះអម្ចាស់បានចាក់ប្រេងអភិសេកព្រះករុណាជាស្តេចអ៊ីស្រាអែលរួចហើយ។ ព្រះអម្ចាស់បានចាត់ព្រះករុណាឱ្យទៅច្បាំង ដោយមានព្រះបន្ទូលថា “ចូរទៅបំផ្លាញជនជាតិអាម៉ាឡេកដែលជាមនុស្សបាបនោះ ឱ្យវិនាសសាបសូន្យអស់ទៅ”។ ហេតុអ្វីបានជាព្រះករុណាមិនគោរពតាមព្រះបន្ទូលរបស់ព្រះអម្ចាស់? ហេតុអ្វីបានជាព្រះករុណារឹបអូសយកជ័យភ័ណ្ឌពីខ្មាំង ហើយប្រព្រឹត្តអំពើអាក្រក់ដែលមិនគាប់ព្រះហប្ញទ័យព្រះអម្ចាស់ទៀតដូច្នេះ?»។ ព្រះបាទសាអ៊ូលមានរាជឱង្ការតបទៅលោកសាមូអែលថា៖«ខ្ញុំបានគោរពតាមបញ្ជារបស់ព្រះអម្ចាស់ហើយ គឺខ្ញុំចេញទៅច្បាំងនៅស្រុកដែលព្រះអម្ចាស់ចាត់ឱ្យទៅ។ ខ្ញុំចាប់បានអាកាក ជាស្តេចរបស់ជនជាតិអាម៉ាឡេក មកជាឈ្លើយ ហើយខ្ញុំក៏ប្រហារជីវិតជនជាតិអាម៉ាឡេកទាំងអស់ថ្វាយព្រះអង្គដែរ។
ពួកពលទាហានបានរើសយកគោ និងចៀមដ៏ល្អជាងគេពីអ្វីៗទាំងអស់ ដែលត្រូវបំផ្លាញចោលនោះ ដើម្បីធ្វើជាយញ្ញបូជាថ្វាយព្រះអម្ចាស់ ជាព្រះរបស់លោកនៅគីលកាល់»។ លោកសាមូអែលទូលវិញថា៖«តើព្រះអម្ចាស់សព្វព្រះហប្ញទ័យនឹងដង្វាយដុតទាំងមូល និងយញ្ញបូជាខ្លាំងជាងការស្តាប់បង្គាប់ព្រះអង្គឬ? ទេ! ការស្ដាប់បង្គាប់ប្រសើរជាងថ្វាយយញ្ញបូជាទៅទៀត។ ការគោរពតាមព្រះបញ្ជាក៏ប្រសើរជាងការថ្វាយខ្លាញ់ចៀមឈ្មោលដែរ។ រីឯការបះបោរអាក្រក់ដូចការរកគ្រូទាយ ចិត្តរឹងរូសក៏អាក្រក់ដូចការគោរពព្រះក្លែងក្លាយដែរ។ ព្រះករុណាបោះបង់ចោលព្រះបន្ទូលរបស់ព្រះអម្ចាស់ ហេតុនេះ ព្រះអង្គក៏បោះបង់ចោលព្រះករុណា លែងឱ្យធ្វើជាស្តេចទៀតហើយ»។
ទំនុកតម្កើងលេខ ៥០ (៤៩) ,៧-៨.១៦-១៧.២១.២៣ បទព្រហ្មគីតិ
៧. | ប្រជាជនបវរ | នាំគ្នាមកស្តាប់ពាក្យពិត | |
អ៊ីស្រាអែលអើយកុំគិត | យើងនេះពិតព្រះអ្នកហើយ | ។ | |
៨. | យើងមិនស្តីបន្តោស | អ្នកទាំងអស់ដែលបានថ្វាយ | |
យញ្ញបូជាទាំងឡាយ | អចិន្រ្តៃយ៍មិនដែលអាក់ | ។ | |
១៦. | ព្រះម្ចាស់មានបន្ទូល | ទៅមនុស្សពាលឥតស្ទើរស្ទាក់ | |
ហេតុអ្វីបានជាអ្នក | សូត្រឥតអាក់ក្រឹត្យវិន័យ | ។ | |
ហើយចេះតែទន្ទេញ | ឥតទោម្នេញរៀងរាល់ថ្ងៃ | ||
ពាក្យសម្ព័ន្ធមេត្រី | ជាមួយយើងដូច្នេះណា? | ។ | |
១៧. | ប៉ុន្តែអ្នកថ្លោះធ្លោយ | មិនស្តាប់ឡើយនូវវាចា | |
ទូន្មានគ្រប់អាត្មា | អ្នកបែរជាចោលបង់បោះ | ។ | |
២១. | អ្នកដែលធ្លាប់ប្រព្រឹត្ត | រឿងឧក្រិដ្ឋឥតកំណើត | |
យើងនៅស្ងៀមម្តេចកើត | គ្មានកំណើតយើងដាក់ទោស | ។ | |
២៣ | អ្នកណាថ្វាយពាក្យថ្កើង | មកដល់យើងជាតង្វាយ | |
យើងរីករាយស្រស់ស្រាយ | យើងសប្បាយជួយសង្គ្រោះ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ហប ៤,១២
អលេលូយ៉ា! អាលេលូយ៉ា!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាព្រះបន្ទូលដ៏មានជីវិត និងមានមហិទ្ធិប្ញទ្ធិ ឈ្វេងយល់ចិត្តគំនិតមនុស្ស។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ២,១៨-២២
ថ្ងៃមួយ ពួកសិស្សរបស់លោកយ៉ូហានបាទីស្ត និងពួកសិស្សខាងគណៈផារីស៊ីនាំគ្នាតមអាហារ។ ពួកគេមកទូលសួរព្រះយេស៊ូថា៖«សិស្សរបស់លោកយ៉ូហាន និងសិស្សខាងគណៈផារីស៊ីតមអាហារ ចុះហេតុដូចម្តេចបានជាសិស្សរបស់លោកមិនតមដូច្នេះ?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖«ក្នុងពិធីមង្គលការ នៅពេលកូនកំលោះនៅជាមួយ តើភ្លៀវអាចតមអាហារឬទេ? ទេៗ ដរាបណាកូនកំលោះនៅជាមួយ ភ្លៀវមិនអាចតមអាហារបានឡើយ។ ថ្ងៃក្រោយ ពេលគេចាប់ស្វាមីយកទៅ ទើបភ្លៀវតមអាហារវិញ។ ពុំដែលមាននរណាយកក្រណាត់ថ្មីមកប៉ះសម្លៀកបំពាក់ចាស់ឡើយ បើធ្វើដូច្នេះ ក្រណាត់ថ្មីនឹងបណ្តាលឱ្យសម្លៀកបំពាក់ចាស់រហែកលើសដើមទៅទៀត។ ពុំដែលមាននរណា ច្រកស្រាទំពាំងបាយជូរថ្មី ទៅក្នុងថង់ស្បែកចាស់ឡើយ បើធ្វើដូច្នេះ ស្រានឹងធ្វើឱ្យថង់ស្បែកនោះធ្លាយ បណ្តាលឱ្យខូចទាំងស្រា ទាំងថង់ស្បែកជាមិនខាន។ ត្រូវច្រកស្រាថ្មីទៅក្នុងថង់ស្បែកថ្មី»។