អាទិត្យទី១៦ រដូវធម្មតា «គ»
ថ្ងៃអាទិត្យ
ពណ៌បៃតង
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកំណើត កណ ១៨,១-១០
ព្រះអម្ចាស់យាងមកឱ្យលោកអប្រាហាំឃើញនៅដើមជ្រៃលោកតាម៉ាមរ៉េ។ ពេលនោះ ថ្ងៃពេញកម្ដៅ ហើយលោកអប្រាហាំអង្គុយនៅមាត់ទ្វារជំរំរបស់លោក លោកងើបមុខឡើងមើលទៅឃើញបុរសបីនាក់ឈរនៅជិតលោក។ ពេលឃើញបុរសបីនាក់នោះ លោកក៏រត់ចេញពីមាត់ទ្វារជំរំទៅជួប ក្រាបដល់ដី ហើយមានប្រសាសន៍ថា៖«លោកម្ចាស់! បើលោកពេញចិត្ដនឹងខ្ញុំប្របាទមែន សូមមេត្ដាកុំអញ្ជើញទៅហួសខ្ញុំប្របាទឡើយ។ សូមឱ្យគេយកទឹកបន្ដិចមកលាងជើងជូន! សូមលោកសម្រាកក្រោមដើមឈើនេះសិនហើយ។ ខ្ញុំប្របាទនឹងទៅយកនំប័ុងមួយដុំមកជូនលោកពិសាដើម្បីឱ្យមានកម្លាំង រួចសឹមបន្ដដំណើរទៅមុខទៀត។ ដូច្នេះ លោកនឹងមិនឆៀងកាត់តាមផ្ទះខ្ញុំប្របាទដោយឥតបានការឡើយ»។ បុរសទាំងបីតបថា៖«សុំធ្វើតាមពាក្យលោកចុះ»។ លោកអប្រាហាំប្រញាប់ប្រញាល់ចូលទៅរកលោកស្រីសារ៉ានៅក្នុងជំរំ ប្រាប់ថា៖ «ចូរយកម្សៅបីកំប៉ុងមក ហើយរៀបចំធ្វើនំឱ្យបានរួសរាន់ទៅ»។ បន្ទាប់មក លោករត់ទៅរកហ្វូងសត្វ យកកូនគោស្ទាវយ៉ាងធាត់ល្អមួយ ប្រគល់ឱ្យក្មេងបម្រើម្នាក់យកទៅសម្លាប់ធ្វើម្ហូបជាបន្ទាន់។ លោកយកខ្លាញ់ និងទឹកដោះគោ ព្រមទាំងសាច់កូនគោដែលគេបានរៀបចំនោះមកដាក់នៅមុខបុរសទាំងបី។ ខ្លួនលោកផ្ទាល់ ឈរកំដរបុរសទាំងបី ក្រោមដើមឈើនោះ បុរសទាំងបីនាក់ក៏នាំគ្នាបរិភោគ។ បន្ទាប់មក បុរសទាំងបីពោលមកលោកថា៖«អ្នកសារ៉ាភរិយារបស់លោកនៅឯណា?»។ លោកតបវិញថា៖«នាងនៅក្នុងជំរំឯណោះ»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖«ឆ្នាំក្រោយនៅខែដដែលនេះ យើងនឹងវិលមករកអ្នកសាជាថ្មី ពេលនោះ នាងសារ៉ានឹងមានកូនប្រុសមួយ»។
ទំនុកតម្កើងលេខ ១៥ (១៤), ១-៥ បទព្រហ្មគីតិ
១ | បពិត្រព្រះអម្ចាស់ | នរណាខ្លះអាចរស់ក្នុង | |
ព្រះពន្លាព្រះអង្គ | ស្ថិតនៅលើភ្នំវិសុទ្ធ | ។ | |
២ | គឺមានតែមនុស្ស | ដែលគ្មានទោសនឹងប្រព្រឹត្ដ | |
អំពើសុចរិត | និយាយពិតជាដរាប | ។ | |
៣ | គេមិននិយាយមួល | បង្កាច់ផ្ដួលមិនធ្វើបាប | |
បងប្អូនដែលទន់ទាប | មិនបង្អាប់កិត្ដិយស | ។ | |
៤ | គេមិនរាប់រកអ្នក | ដែលព្រះម្ចាស់មិនស្ម័គ្រស្មោះ | |
តែគេលើកកិត្ដិយស | អ្នកគោរពកោតព្រះអង្គ | ។ | |
បើគេសន្យាអ្វី | ឬទោះបីខូចខាតបង់ | ||
ក៏គេមិនបង្អង់ | គេគោរពពាក្យសម្ដី | ។ | |
៥ | បើមាននរណាម្នាក់ | មករកប្រាក់គេឱ្យខ្ចី | |
មិនចង់បានកម្រៃ | ច្រើនតិចក្ដីគេមិនយក | ។ | |
អ្នកប្រព្រឹត្ដដូច្នេះ | ជាមនុស្សចេះអាចចូលជ្រក | ||
ក្រោមបារមីរៀងមក | នឹងបានសុខជានិរន្ដរ៍ | ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូឡូស កូឡ ១,២៤-២៨
បងប្អូនជាទីស្រឡាញ់!
ឥឡូវនេះ ខ្ញុំមានអំណរដោយរងទុក្ខលំបាកសម្រាប់បងប្អូន ព្រោះខ្ញុំរងទុក្ខលំបាកក្នុងរូបកាយដូច្នេះ ដើម្បីជួយបំពេញទុក្ខលំបាករបស់ព្រះគ្រីស្ដសម្រាប់ព្រះកាយរបស់ព្រះអង្គដែលជាព្រះសហគមន៍។ ខ្ញុំបានទទួលមុខងារបម្រើព្រះសហគមន៍នេះតាមការចាត់ចែងដែលព្រះជាម្ចាស់បានផ្ទុកផ្ដាក់ឱ្យខ្ញុំធ្វើ គឺណែនាំបងប្អូនឱ្យស្គាល់ព្រះបន្ទូលរបស់ព្រះអង្គបានសព្វគ្រប់។ នេះហើយជាគម្រោងការដ៏លាក់កំបាំងដែលព្រះជាម្ចាស់បានលាក់ទុកតាំងពីយូរអង្វែងតរៀងមក មិនឱ្យមនុស្សជំនាន់មុនៗស្គាល់ឡើយ តែឥឡូវនេះ ព្រះអង្គបានបង្ហាញឱ្យប្រជាជនដ៏វិសុទ្ធរបស់ព្រះអង្គស្គាល់។ ព្រះជាម្ចាស់សព្វព្រះហឫទ័យឱ្យប្រជាជនដ៏វិសុទ្ធនេះស្គាល់សិរីរុងរឿងដ៏ប្រសើរបំផុតនៃគម្រោងការនេះ នៅក្នុងចំណោមសាសន៍ដទៃ ពោលគឺ ព្រះគ្រីស្ដគង់នៅក្នុងបងប្អូន ព្រះអង្គប្រទានឱ្យបងប្អូនមានសង្ឃឹមថា នឹងបានទទួលសិរីរុងរឿងរបស់ ព្រះអង្គ។ ដូច្នេះ យើងប្រកាសដំណឹងអំពីព្រះគ្រីស្ដនេះ ហើយយើងដាស់តឿន និងប្រៀនប្រដៅមនុស្សគ្រប់ៗរូបដោយប្រើប្រាជ្ញាគ្រប់យ៉ាង ធ្វើឱ្យគេទាំងអស់គ្នាបានគ្រប់លក្ខណៈក្នុងអង្គព្រះគ្រីស្ដ។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម វវ ៣,២០
អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកណាឮសំឡេងរបស់ព្រះអម្ចាស់ ហើយបើកទ្វារថ្វាយព្រះអង្គ អ្នកនោះមានសុភមង្គលហើយ! ព្រោះគេបានរកឃើញសេចក្ដីសុខសាន្ដ និងអំណរសប្បាយ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១០,៣៨-៤២
ព្រះយេស៊ូកំពុងធ្វើដំណើរជាមួយក្រុមសាវ័ក។ ព្រះអង្គយាងចូលក្នុងភូមិមួយ។ មានស្រ្ដីម្នាក់ឈ្មោះម៉ាថា បានទទួលព្រះអង្គឱ្យស្នាក់នៅក្នុងផ្ទះនាង។ នាងមានប្អូនស្រីម្នាក់ឈ្មោះម៉ារី អង្គុយនៅទៀបព្រះបាទាព្រះអម្ចាស់ ស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គ។ រីឯនាងម៉ាថាវិញ នាងមានកិច្ចការរវល់ជាច្រើនដើម្បីបម្រើព្រះអង្គ។ នាងចូលមកទូលថា៖ «បពិត្រព្រះអម្ចាស់! ប្អូនខ្ញុំម្ចាស់ទុកឱ្យខ្ញុំម្ចាស់បម្រើព្រះអង្គតែម្នាក់ឯង តើព្រះអង្គមិនអើពើទេឬ? សូមទ្រង់ប្រាប់ឱ្យនាងមកជួយខ្ញុំម្ចាស់ផង»។ ព្រះអម្ចាស់មានព្រះបន្ទូលទៅនាងថា៖«ម៉ាថា! ម៉ាថា អើយ! នាងមានកង្វល់ហើយរវល់នឹងកិច្ចការច្រើនណាស់ ប៉ុន្ដែ មានកិច្ចការតែមួយគត់ដែលចាំបាច់! នាងម៉ារីបានជ្រើសយកចំណែកដ៏ល្អវិសេសនោះហើយ មិនត្រូវយកចេញពីនាងទេ»។