ថ្ងៃទី ១៦ ខែកញ្ញា
សន្តគ័រណី ជាសម្តេចប៉ាប សន្តស៊ីព្រីយុាំង
ជាអភិបាលព្រះសហគមន៍ និងមរណសាក្សី
បុណ្យរម្លឹក
ពណ៌ក្រហម
គ្រីស្តបរិស័ទបោះឆ្នោតជ្រើសរើសលោកគ័រណីឱ្យបំពេញមុខងារជាអភិបាលក្រុងរ៉ូម នៅឆ្នាំ ២៥១។ លោកសុខចិត្តអត់ទោសឱ្យគ្រីស្តបរិស័ទដែលលះបង់ចោលព្រះគ្រីស្តនៅពេលខ្មាំងបៀតបៀនធ្វើបាប ហើយដែលកែប្រែចិត្តគំនិតនៅពេលក្រោយ។ លោកជំទាស់នឹងលោកណូវ៉ាទីយាំងដែលមិនព្រមទទួលគ្រីស្តបរិស័ទទាំងនោះក្នុងព្រះសហគមន៍វិញ។ លោកស៊ីព្រីយ៉ាំងជួយគាំទ្រអភិបាលក្រុងរ៉ូមអំពីរឿងនេះ។ លោកស៊ីព្រីយាំង (២១០-២៥៨) ជាអភិបាលព្រះសហគមន៍ក្រុងការតាស្ស (ក្រុងនិស្សសព្វថ្ងៃ)។ កាលមុន លោកជាមេធាវី ហើយប្រែចិត្តជឿលើព្រះយេស៊ូ។ លោកនិពន្ធសៀវភៅជាច្រើនស្តីអំពីទេវវិទ្យា លោកកាន់វិន័យតឹងរឹងមិនព្រមទទួលស្គាល់ពិធីជ្រមុជទឹកដែលគ្រីស្តបរិស័ទបែកចេញពីព្រះសហគមន៍។ ត្រង់ចំណុចនេះ លោកក៏ជំទាស់នឹងសម្តេចប៉ាបស្ទេផាន (២៥៤-២៥៧)។ ពេលព្រះចៅរ៉ូម៉ាំងព្រះនាមឌែលបៀតបៀនធ្វើបាបសម្លាប់គ្រីស្តបរិស័ទលោករួចខ្លួនបាន។ តែនៅពេលព្រះចៅវ៉ាលេរីយ៉ាំងបៀតបៀនគ្រីស្តបរិស័ទម្តងទៀត លោកសុខចិត្តធ្វើជាសាក្សីថ្វាយព្រះគ្រីស្តនៅមុខព្រះសហគមន៍របស់លោក។ ថ្ងៃ ១៤ កញ្ញា ២៥៨ គេកាត់កលោកព្រោះលោកមិនព្រមថ្វាយសក្ការបូជាដល់ព្រះក្លែងក្លាយ។
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះជាម្ចាស់ជាព្រះបិតា! ព្រះអង្គដែលប្រទានឱ្យសន្តគ័រណី និងសន្តស៊ីព្រីយ៉ាំង ណែនាំព្រះសហគមន៍ដោយចិត្តស្មោះ ព្រមទាំងបូជាជិវិតថ្វាយព្រះអង្គ។ សូមទ្រង់ព្រះមេត្តាពង្រឹងជំនឿ និងសេចក្តីក្លាហានរបស់យើងខ្ញុំ។ សូមជួយយើងខ្ញុំឱ្យយកចិត្តទុកដាក់ បង្រួបបង្រួមព្រះសហគមន៍ឱ្យទៅជាធ្លុងតែមួយផង។
សូមថ្លែងលិខិតទី២ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស ២ករ ៤,៧-១៥
បងប្អូនជាទីស្រឡាញ់!
យើងមានមុខងារដ៏ប្រសើរនេះ ប្រៀបបីដូចជាឆ្នាំងដីដែលមានកំណប់នៅខាងក្នុង ដើម្បីឱ្យមនុស្សលោកឃើញថា ឫទ្ធានុភាពដ៏ប្រសើរខ្ពង់ខ្ពស់នេះ ជាឫទ្ធានុភាពរបស់ព្រះជាម្ចាស់ មិនមែនជារបស់យើងទេ។ គេសង្កត់សង្កិនយើងគ្រប់យ៉ាងមែន តែយើងមិនភ័យបារម្ភអ្វីឡើយ យើងទ័លច្រកមែន តែយើងនៅតែទៅមុខរួច គេបៀតបៀនយើងមែន តែព្រះជាម្ចាស់មិនបោះបង់យើងចោលឡើយ គេវាយដំយើងមែន តែយើងមិនស្លាប់បាត់បង់ជីវិតឡើយ។ ក្នុងរូបកាយយើង យើងផ្ទុកសេចក្ដីឈឺចាប់របស់ព្រះយេស៊ូជានិច្ច ដើម្បីឱ្យគេឃើញព្រះជន្មរបស់ព្រះអង្គនៅក្នុងរូបកាយយើង។ ដោយសារតែព្រះយេស៊ូ យើងដែលកំពុងរស់ តែងតែប្រឈមមុខទល់នឹងសេចក្ដីស្លាប់ជានិច្ច ដើម្បីឱ្យគេឃើញព្រះជន្មរបស់ព្រះអង្គនៅក្នុងរូបកាយយើងដែលតែងតែស្លាប់។ ដូច្នេះ សេចក្ដីស្លាប់ចេះតែយាយីយើង រីឯបងប្អូនវិញ បងប្អូនចេះតែមានជីវិតចម្រើនឡើង។ ដោយយើងមានវិញ្ញាណដែលនាំឱ្យជឿ ស្របតាមសេចក្ដីដែលមានចែងទុកមកថា «ខ្ញុំជឿ ហេតុនេះហើយបានជាខ្ញុំនិយាយ» យើងក៏ជឿដែរ ហេតុនេះហើយបានជាយើងនិយាយ។ យើងដឹងថា ព្រះអង្គដែលបានប្រោសព្រះអម្ចាស់យេស៊ូឱ្យមានព្រះជន្មរស់ឡើងវិញ ព្រះអង្គក៏នឹងប្រោសយើងឱ្យរស់ឡើងវិញរួមជាមួយព្រះយេស៊ូដែរ ព្រមទាំងនាំយើងទៅនៅក្បែរព្រះអង្គរួមជាមួយបងប្អូនថែមទៀតផង។ ហេតុការណ៍ទាំងនេះកើតឡើងជាប្រយោជន៍ដល់បងប្អូន គឺឱ្យព្រះជាម្ចាស់ប្រណីសន្ដោសបងប្អូនកាន់តែចម្រើនឡើង ដើម្បីឱ្យមានគ្នាមួយចំនួនធំអរព្រះគុណព្រះជាម្ចាស់កាន់តែច្រើនឡើង និងលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។
ទំនុកតម្កើងលេខ ១២៦(១២៥),១-៦ បទពាក្យ ៧
| ១ | ពេលព្រះដឹកនាំអ្នក | ដែលជំពាក់ខ្លួនជាឈ្លើយ | |
| មកក្រុងស៊ីយ៉ូនហើយ | យើងធូរស្បើយដូចយល់សប្តិ | ។ |
| ២ | យើងសើចហ៊ោសប្បាយ | អរក្អាកក្អាយឥតមានឈប់ | |
| ស្រែកជ័យឃោសន៍សាយសព្វ | លាន់សូរសព្ទគ្រប់ទិសា | ។ |
| ពេលនោះក្នុងចំណោម | ជាតិទាំងព្រមគេពោលថា៖ | |
| «ព្រះម្ចាស់មានចេស្តា | ធ្វើអស្ចារ្យចំពោះគេ» | ។ |
| ៣ | ព្រះអង្គបានធ្វើការ | ដ៏អស្ចារ្យអ្វីម៉េ្លះទេ | |
| យើងលែងគិតគ្នាន់គ្នេរ | បានល្ហើយល្ហែអរសប្បាយ | ។ |
| ៤ | ឱ! ព្រះម្ចាស់ឧត្តម | សូមប្រោសខ្ញុំឱ្យរីកសាយ | |
| ដូចរហោស្ថានឆ្ងាយ | សូមប្រែក្លាយមានទឹកហូរ | ។ |
| ៥ | អ្នកណាសាបព្រោះស្រូវ | ដោយសោកសៅគួរអាសូរ | |
| ទាំងទឹកភ្នែកជន់ជោរ | នឹងច្រូតយកទាំងសប្បាយ | ។ |
| ៦ | គេយកពូជទៅព្រោះ | ទាំងស្រណោះយំសោកស្តាយ | |
| ក្រោយមកគេប្រែក្លាយ | ហ៊ោសប្បាយដោយអំណរ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១៧,១១-១៩
ទូលបង្គំមិននៅក្នុងលោកនេះទៀតទេ រីឯអ្នកទាំងនោះស្ថិតនៅក្នុងលោកនៅឡើយ ហើយទូលបង្គំទៅឯព្រះអង្គវិញ។ ឱព្រះបិតាដ៏វិសុទ្ធអើយ! សូមថែរក្សាអ្នកទាំងនោះដោយព្រះនាមព្រះអង្គផង គឺព្រះនាមនេះហើយដែលព្រះអង្គបានប្រទានមកទូលបង្គំ ដើម្បីឱ្យគេរួមគ្នាជាអង្គតែមួយ ដូចយើងជាអង្គតែមួយដែរ។ កាលទូលបង្គំនៅជាមួយអ្នកទាំងនោះ ទូលបង្គំបានថែរក្សាគេ ដោយព្រះនាមដែលព្រះអង្គបានប្រទានមកទូលបង្គំ។ ទូលបង្គំបានការពារគេ ហើយគ្មាននរណាត្រូវវិនាសបាត់បង់ឡើយ លើកលែងតែម្នាក់ដែលត្រូវវិនាស ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរប៉ុណ្ណោះ។ ឥឡូវនេះ ទូលបង្គំទៅឯព្រះអង្គហើយ ទូលបង្គំនិយាយដូច្នេះ ពេលទូលបង្គំនៅក្នុងលោកនេះនៅឡើយ ដើម្បីឱ្យគេមានអំណររបស់ទូលបង្គំជាអំណរដ៏ពេញលក្ខណៈ។ ទូលបង្គំបានប្រទានព្រះបន្ទូលរបស់ព្រះអង្គឱ្យគេ តែមនុស្សលោកស្អប់គេ ពីព្រោះគេមិនកើតពីលោកីយ៍ទេ ដូចជាទូលបង្គំមិនកើតពីលោកីយ៍នេះដែរ។ ទូលបង្គំមិនអង្វរព្រះអង្គឱ្យយកគេចេញពីលោកនេះឡើយ គឺសូមព្រះអង្គមេត្តាការពារគេពីអំណាចមារកំណាចវិញ។ គេមិនកើតពីលោកីយ៍ទេ ដូចទូលបង្គំមិនកើតពីលោកីយ៍នេះដែរ។ សូមប្រោសគេឱ្យវិសុទ្ធដោយសារសេចក្ដីពិត គឺព្រះបន្ទូលរបស់ព្រះអង្គនោះហើយជាសេចក្ដីពិត។ ទូលបង្គំចាត់គេឱ្យទៅក្នុងលោក ដូចព្រះអង្គបានចាត់ទូលបង្គំឱ្យមកក្នុងលោកដែរ។ រីឯទូលបង្គំវិញ ទូលបង្គំបូជាជីវិតថ្វាយព្រះអង្គជាប្រយោជន៍ដល់គេ ដើម្បីឱ្យគេបានវិសុទ្ធដោយសារសេចក្ដីពិត។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះជាម្ចាស់ជាព្រះបិតា! សូមព្រះអង្គទ្រង់ព្រះមេត្តាទទួលសក្ការបូជាដែលយើងខ្ញុំសូមថ្វាយនៅថ្ងៃគោរពសន្តគ័រណី និងសន្តស៊ីព្រីយ៉ាំង ដែលបានបូជាជិវិតថ្វាយព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រទានឱ្យយើងខ្ញុំមានសេចក្តីក្លាហាននៅពេលគេមើលងាយ ឬបៀតបៀនធ្វើបាប ព្រោះយើងខ្ញុំជាគ្រីស្តបរិស័ទ។ សូមឱ្យយើងខ្ញុំហ៊ានធ្វើជាសាក្សីថ្វាយព្រះអង្គនៅពេលនេះផង។
ពាក្យអរព្រះគុណ
បពិត្រព្រះជាម្ចាស់ជាព្រះបិតា! ព្រះអង្គដែលប្រទានព្រះកាយព្រះគ្រីស្តឱ្យយើងខ្ញុំទុកជាអាហារដែលផ្តល់កម្លាំង។ សូមទ្រង់ព្រះមេត្តាចាត់ព្រះវិញ្ញាណព្រះអង្គមកពង្រឹងជំនឿ និងសេចក្តីក្លាហានរបស់យើងខ្ញុំ ដើម្បីធ្វើជាសាក្សីពីដំណឹងល្អជារៀងរាល់ថ្ងៃផង។
602 Views
Post Views:
628