អត្ថបទព្រះគម្ពីរ
ថ្ងៃអាទិត្យទី១៦ ខែមករា ឆ្នាំ២០២២
អាទិត្យទី០២ រដូវធម្មតា

ពណ៌បៃតង

អត្ថបទទី១៖​ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ៦២,១-៥

យើងគិតដល់ក្រុងស៊ីយ៉ូន យើងនឹងមិននៅស្ងៀមទេ! ដោយយើងគិតដល់ក្រុងយេរូសាឡឹម យើងនឹងមិននៅសម្ងំឥតធ្វើអ្វីនោះឡើយ! ដរាបណាទាល់តែសេចក្ដីសុចរិតចាំងចេញពីក្រុងនេះដូចថ្ងៃរះ ហើយការសង្គ្រោះកើតមានដល់ក្រុងនេះយ៉ាងច្បាស់ដូចពន្លឺភ្លើង។ ពេលនោះ ប្រជាជាតិនានានឹងឃើញសេចក្ដីសុចរិតរបស់អ្នក ហើយស្ដេចទាំង ប៉ុន្មាននឹងឃើញសិរីរុងរឿងរបស់អ្នកដែរ។ គេនឹងហៅអ្នកតាមឈ្មោះថ្មី ជាឈ្មោះដែលព្រះអម្ចាស់ប្រទានឱ្យ។ អ្នកនឹងប្រៀបដូចជាភួងជ័យដ៏ល្អប្រណីត នៅក្នុងព្រះហស្ដ របស់ព្រះអម្ចាស់ និងជាមកុដរាជ្យក្នុងព្រះហស្ដព្រះរបស់អ្នក គេនឹងលែងហៅអ្នកថា “ស្រ្ដីដែលស្វាមីលះបង់ចោល” ទៀតហើយ គេក៏នឹងលែងហៅទឹកដីរបស់អ្នកថា” ដីដែលគេបោះបង់ចោល” ដែរ។ ផ្ទុយទៅវិញ គេនឹងហៅអ្នកថា” ព្រលឹងមាសបង!” ហើយគេនឹងហៅទឹកដីរបស់អ្នកថា “ភរិយាសម្លាញ់ចិតុ្ដ” ដ្បិតព្រះអម្ចាស់គាប់ព្រះហឫទ័យ​នឹងអ្នក ហើយទឹកដីរបស់អ្នកនឹងបានដូចជាស្រ្ដីដែលជានានឹងប្ដីឡើងវិញ។ ព្រះអង្គដែលបានសង់អ្នក និងរៀបការជាមួយអ្នក ដូចកំលោះម្នាក់រៀបការនឹងស្រីក្រមុំ។ ភរិយាថ្មោងថ្មី ផ្ដល់អំណរសប្បាយឱ្យស្វាមីយ៉ាងណា អ្នកក៏ផ្ដល់អំណរសប្បាយដល់ព្រះរបស់អ្នកយ៉ាងនោះដែរ។

ទំនុកតម្កើងលេខ ៩៦ (៩៥), ១-៣.៧ បទព្រហ្មគីតិ

១.ចូរច្រៀងបទថ្មីថ្វាយព្រះម្ចាស់ថ្លៃកុំឈរឈប់
មនុស្សនៅលើពិភពច្រៀងកុំឈប់ថ្វាយព្រះអង្គ
២.ចូរច្រៀងថ្វាយព្រះម្ចាស់តម្កើងព្រះនាមត្រចង់
តម្កើងរាល់ថ្ងៃផងការសង្គ្រោះដ៏ថ្លាថ្លៃ
៣.សូមប្រកាសនៅក្នុងអង្គប្រជុំពីសិរី
រុងរឿងដ៏ប្រពៃព្រះហស្ដថ្លៃនៃព្រះម្ចាស់
៧.ប្រជាជាតិទាំងឡាយចូរខ្វល់ខ្វាយតម្កើងទ្រង់
តម្កល់យសព្រះអង្គព្រមទាំងឬទ្ធានុភាព

អត្ថបទទី​២៖ សូមថ្លែងលិខិតទី ១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស ១ករ ១២,៤-១១

បងប្អូនជាទីស្រឡាញ់
មានព្រះអំណោយទានផ្សេងៗពីគ្នា តែមានព្រះវិញ្ញាណតែមួយ ព្រះអង្គទេដែលប្រទានឱ្យ។ មានមុខងារផ្សេងៗពីគ្នា តែយើងបម្រើព្រះអម្ចាស់តែ​មួយព្រះអង្គដដែល។ មានសកម្មភាពផ្សេងៗពីគ្នា តែមានព្រះជាម្ចាស់តែមួយព្រះអង្គទេ ដែលបំពេញសកម្មភាពទាំងនោះនៅក្នុងមនុស្សទាំងអស់។ ព្រះជាម្ចាស់បានប្រោសប្រទានឱ្យម្នាក់ៗសម្ដែងព្រះវិញ្ញាណ ដើ​​​ម្បីជាប្រយោជន៍រួម គឺព្រះអង្គប្រទានឱ្យម្នាក់ចេះនិយាយប្រកបដោយប្រាជ្ញា ដោយសារព្រះវិញ្ញាណ ហើយទ្រង់ប្រទានឱ្យម្នាក់ទៀតចេះនិយាយ ដោយយល់គម្រោងការដ៏លាក់កំបាំងរបស់ព្រះជាម្ចាស់ ដោយសារព្រះវិញ្ញាណដដែល។ ព្រះអង្គប្រទានឱ្យម្នាក់ទៀតមានជំនឿ ដោយសារព្រះវិញ្ញាណដដែលប្រទានឱ្យម្នាក់ទៀតចេះប្រោសអ្នកជំងឺឱ្យបានជា ឱ្យម្នាក់ទៀតធ្វើការអស្ចារ្យ ឱ្យម្នាក់ទៀតចេះថ្លែងព្រះបន្ទូល ឱ្យម្នាក់ទៀតចេះស្ទង់មើលវិញ្ញាណល្អ ឬអាក្រក់ ឱ្យម្នាក់ទៀតចេះនិយាយភាសាចម្លែកអស្ចារ្យ ឱ្យម្នាក់ទៀតចេះបកប្រែន័យភាសាទាំងនោះ ប៉ុន្ដែ មានព្រះវិញ្ញាណតែមួយដដែល ដែលបំពេញសកម្មភាពទាំងអស់ ហើយចែកព្រះអំណោយទានផ្សេងៗពីគ្នា ឱ្យម្នាក់ៗតាមព្រះហឫទ័យរបស់ព្រះអង្គ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម វវ ១៩,៧-៩

អលេលូយ៉ា! អាលេលូយ៉ា!
យើងនាំគ្នាត្រេកអរសប្បាយឡើង ព្រោះតែសម្ពន្ធមេត្រីថ្មី អ្នកណាដែលព្រះជាម្ចាស់បានត្រាស់ហៅ
ឱ្យមកចូលរួមក្នុងពិធីជប់លៀងមង្គលការកូនចៀម អ្នកនោះពិតជាមានសុភមង្គលហើយ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ២,១-១១

មានគេរៀបពិធីមង្គលការនៅភូមិកាណា ក្នុងស្រុកកាលីឡេ។ មាតាព្រះ​យេស៊ូនៅទីនោះ ហើយគេក៏បានយាងព្រះយេស៊ូ និងអញ្ជើញក្រុមសាវ័ករបស់​ព្រះ​អង្គទៅចូលរួម ក្នុងពិធីមង្គលការនោះដែរ។ ពេលនោះគេខ្វះស្រាទំពាំងបាយ​ជូរ។ មាតាព្រះយេស៊ូទូលព្រះអង្គថា៖«គេអស់ស្រាទំពាំងបាយជូរហើយ!»។ ព្រះយេស៊ូមានព្រះបន្ទូលទៅមាតាថា៖«អ្នកអើយ! កុំរវល់នឹងរឿងនេះអី ពេល​កំណត់របស់ខ្ញុំពុំទាន់មកដល់នៅឡើយទេ»។ មាតារបស់ព្រះអង្គប្រាប់ទៅពួកអ្នកបម្រើថា៖ «អ្វីៗដែលលោកប្រាប់ឱ្យធ្វើ ចូរធ្វើទៅ!»។ នៅទីនោះមានពាង​ប្រាំ​មួយ ដែលជនជាតិយូដាដាក់ទឹកសម្រាប់ធ្វើពិធីជម្រះកាយ។ ពាងនីមួយ​ៗមានចំណុះប្រមាណជាពីរបីអម្រែក។ ព្រះយេស៊ូមានព្រះបន្ទូលទៅអ្នក​បម្រើ​ថា៖«សុំដងទឹកមកចាក់ឱ្យពេញពាងទាំងនេះទៅ»។ គេក៏ដងទឹកចាក់​ពេញ​ពាង។ ព្រះអង្គមានព្រះបន្ទូលថា៖«ឥឡូវនេះ សុំដងយកទៅជូនលោក​ចៅ​មហាទៅ»។ គេក៏ដងយកទៅជូន។ លោកចៅមហាភ្លក់ទឹកដែលបានប្រែមកជាស្រា​​ទំពាំងបាយជូរ។ គាត់មិនដឹងថា គេបានស្រានេះមកពីណាឡើយ មានតែពួកអ្នកបម្រើ ដែលបានដងទឹកមកចាក់ពាងទើបដឹង។ គាត់ហៅកូន​កំលោះមក​និយាយថា៖ «អ្នកផងទាំងពួងតែងយកស្រាទំពាំងបាយជូរឆ្ងាញ់មក​ជូនភ្ញៀវ​ជាមុន លុះភ្ញៀវពិសាច្រើនហើយ ទើបគេយកស្រាមិនសូវឆ្ងាញ់មកជូនតាម​ក្រោយ។ រីឯអ្នកវិញម្ដេចក៏ទុកស្រាឆ្ងាញ់មកទល់ឥឡូវដូច្នេះ!»។

នេះជាទីសម្គាល់ដំបូងបង្អស់ ដែលព្រះយេស៊ូបានធ្វើនៅភូមិកាណា ក្នុងស្រុកកាលីឡេ។ ព្រះអង្គបានសម្ដែងសិរីរុងរឿងរបស់ព្រះអង្គ ហើយក្រុមសាវ័ក​​ក៏បានជឿលើ ព្រះអង្គ។

293 Views

Theme: Overlay by Kaira