ថ្ងៃទី១៥ ខែកក្កដា
សន្ដបូណាវិនទួរ ជាអភិបាល
និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
បុណ្យរម្លឹក
ពណ៌ស
សន្តយ៉ូហាន ហ្វីដងសា (១២២១-១២៧៤) បានដាក់ឈ្មោះខ្លួនឯងថា “បូណាវិនទូរ៉ា” នៅពេលលោកចូលបួសក្នុងក្រុមគ្រួសារសន្តហ្វ្រង់សីស្កូ។ លោកខំកសាងសន្តិភាពក្នុងក្រុមគ្រួសារនោះ ដោយយកចិត្តទុកដាក់សម្រុះសម្រួលអ្នកដែលបាក់បែកគ្នាឱ្យជានានឹងគ្នា។ លោកជាទេវវិទូមានឈ្មោះល្បីជាងគេក្នុងសម័យដែលលោករស់នៅ។ លោកទទួលបន្ទុកជាអភិបាល និងជាទីប្រឹក្សាសម្តេចប៉ាប។ លោកទទួលមរណភាព នៅពេលអស់លោកអភិបាលប្រជុំគ្នា។ ក្នុងមហាសន្និបាតសាកលនៅលីយ៉ុង(១២៧៤)។
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះជាម្ចាស់ដ៏មានតេជានុភាពសព្វប្រការ! នៅថ្ងៃនេះ យើងខ្ញុំសូមលើកតម្កើងព្រះអង្គដែលបានប្រោសប្រទានឱ្យសន្តបូណាវិនទួរ យល់អំពីលទ្ធិគ្រីស្តសាសនាយ៉ាងជ្រៅបំផុត ហើយមានចិត្តស្រឡាញ់ចំពោះអ្នកដទៃជាខ្លាំងដែរ។ សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំ សូមឱ្យយើងខ្ញុំមានជំនឿមាំមួន និងមានចិត្តស្រឡាញ់អ្នកដទៃយ៉ាងខ្លាំងដូចលោកផង។
សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើគ្រីស្ដបរិស័ទនៅក្រុងអេភេសូ អភ ៣,១៤-១៩
បងប្អូនជាទីស្រឡាញ់!
ខ្ញុំក្រាបថ្វាយបង្គំព្រះបិតា ដែលជាប្រភពនៃក្រុមគ្រួសារទាំងអស់ ទាំងនៅស្ថានបរមសុខ ទាំងនៅផែនដី សូមព្រះអង្គមេត្តាប្រោសបងប្អូនឱ្យមានកម្លាំងមាំមួនផ្នែកខាងក្នុងជម្រៅចិត្ត ដោយព្រះវិញ្ញាណរបស់ព្រះអង្គ តាមសិរីរុងរឿងដ៏ប្រសើរបំផុតរបស់ព្រះអង្គ។ សូមព្រះគ្រីស្តគង់នៅក្នុងចិត្តបងប្អូនដោយជំនឿ និងសូមឱ្យបងប្អូនបានចាក់ឫសយ៉ាងមាំមួនក្នុងសេចក្ដីស្រឡាញ់ ដើម្បីឱ្យបងប្អូនមានសមត្ថភាពអាចយល់ រួមជាមួយប្រជាជនដ៏វិសុទ្ធទាំងមូល នូវទទឹង បណ្ដោយ ជម្រៅ និងកម្ពស់ គឺឱ្យបងប្អូនស្គាល់ព្រះហឫទ័យស្រឡាញ់របស់ព្រះគ្រីស្ត ដែលប្រសើរហួសពីការយល់ឃើញរបស់មនុស្ស ដើម្បីឱ្យបងប្អូនបានពោរពេញដោយគ្រប់លក្ខណសម្បត្តិរបស់ព្រះជាម្ចាស់។
ទំនុកតម្កើងលេខ ១១៩ (១១៨),៩-១៤ បទពាក្យ ៧
| ៩ | តើពួកយុវជនធ្វើយ៉ាងណា | ឱ្យមានកិរិយាល្អត្រឹមត្រូវ | |
| គឺប្រតិបត្តិត្រង់តាមផ្លូវ | មាគ៌ាតទៅនៃព្រះអង្គ | ។ |
| ១០ | ខ្ញុំខំស្វះស្វែងមិនមានឈប់ | ទោះថ្ងៃឬយប់ចិត្តតម្រង់ | |
| កុំទុកឱ្យខ្ញុំនៅត្រមង់ | វង្វេងវង្វាន់ពីវិន័យ | ។ |
| ១១ | ខ្ញុំសូមតាំងចិត្តថែរក្សា | បន្ទូលសន្យាដ៏ប្រពៃ | |
| នៅក្នុងចិត្តខ្ញុំមិនធ្វើអ្វី | ឱ្យទាស់ហឫទ័យទ្រង់ឡើយណា | ។ |
| ១២ | បពិត្រព្រះម្ចាស់ដ៏ឧត្តម | ទូលបង្គំខ្ញុំលើកហត្ថា | |
| តម្កើងព្រះអង្គសូមមេត្តា | បង្រៀនខ្ញុំណាស្គាល់វិន័យ | ។ |
| ១៣ | ខ្ញុំតែងតែពោលឥតឈរឈប់ | រៀបរាប់សព្វគ្រប់នូវសេចក្តី | |
| ទាំងប៉ុន្មានដែលអម្ចាស់ថ្លៃ | សម្រេចព្រះទ័យផ្តល់ជាទាន | ។ |
| ១៤ | ទូលបង្គំត្រេកអរអនេក | ដោយបានពឹងផ្អែកដំបូន្មាន | |
| ប្រៀបដូចជាខ្ញុំទទួលបាន | សម្បត្តិថ្កើងថ្កានដ៏ស្តុកស្តម្ភ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១៤,៦-១៤
ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំហ្នឹងហើយជាផ្លូវ ជាសេចក្ដីពិត និងជាជីវិត។ គ្មាននរណាម្នាក់អាចទៅកាន់ព្រះបិតាបានឡើយ លើកលែងតែទៅតាមរយៈខ្ញុំ។ បើអ្នករាល់គ្នាស្គាល់ខ្ញុំ អ្នករាល់គ្នាក៏ស្គាល់ព្រះបិតារបស់ខ្ញុំដែរ។ ឥឡូវនេះ អ្នករាល់គ្នាស្គាល់ព្រះអង្គហើយ ព្រមទាំងបានឃើញព្រះអង្គថែមទៀតផង»។ លោកភីលីពទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! សូមបង្ហាញព្រះបិតាឱ្យយើងខ្ញុំឃើញផង នោះយើងខ្ញុំអស់ចិត្តហើយ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ភីលីពអើយ ខ្ញុំនៅជាមួយអ្នករាល់គ្នាតាំងពីយូរមកហើយ ម្ដេចអ្នកនៅតែមិនស្គាល់ខ្ញុំ!។ អ្នកណាបានឃើញខ្ញុំ ក៏បានឃើញព្រះបិតាដែរ។ ហេតុដូចម្ដេចបានជាអ្នកថា សូមបង្ហាញព្រះបិតាឱ្យយើងខ្ញុំឃើញផងដូច្នេះ? តើអ្នកមិនជឿថា ខ្ញុំនៅក្នុងព្រះបិតា ហើយព្រះបិតាគង់នៅក្នុងខ្ញុំទេឬ? សេចក្ដីដែលខ្ញុំនិយាយប្រាប់អ្នករាល់គ្នា មិនមែនចេញមកពីខ្ញុំផ្ទាល់ទេ គឺព្រះបិតាដែលស្ថិតនៅជាប់នឹងខ្ញុំ ព្រះអង្គបំពេញកិច្ចការរបស់ព្រះអង្គ។ ពេលខ្ញុំនិយាយថា ខ្ញុំនៅក្នុងព្រះបិតា ហើយព្រះបិតានៅក្នុងខ្ញុំ ចូរជឿខ្ញុំចុះ បើមិនជឿសេចក្ដីដែលខ្ញុំនិយាយនេះទេ ចូរជឿដោយឃើញកិច្ចការទាំងនោះទៅ។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាជឿលើខ្ញុំ អ្នកនោះនឹងធ្វើកិច្ចការដែលខ្ញុំធ្វើដែរ ហើយនឹងធ្វើកិច្ចការធំជាងនេះទៅទៀត ពីព្រោះខ្ញុំទៅឯព្រះបិតា។ អ្វីៗដែលអ្នករាល់គ្នាទូលសូមក្នុងនាមខ្ញុំ ខ្ញុំនឹងធ្វើកិច្ចការនោះជាមិនខាន ដើម្បីឱ្យព្រះបិតាសម្ដែងសិរីរុងរឿងក្នុងព្រះបុត្រា។ បើអ្នករាល់គ្នាសូមអ្វីក្នុងនាមខ្ញុំ ខ្ញុំនឹងធ្វើកិច្ចការនោះ»។
1,169 Views
Post Views:
1,194