បុណ្យរម្លឹកសន្តស៊ីរីលជាបព្វជិត និងសន្ដមេតូដ ជាអភិបាលព្រះសហគមន៍
លោកកុងស្តង់ទីន ហៅថា “ស៊ីរីល” និងលោកម៉េថូដជាបងប្អូនបង្កើត គឺជាកូនមន្ត្រីជាន់ខ្ពស់ម្នាក់នៅក្រុងថេស្សាឡូនិក។ លោកទាំងពីរចូលបួស រួចទទួលភារកិច្ចទៅប្រកាសដំណឹងនៅទ្វីបអឺរ៉ុបកណ្តាល។ លោកទាំងពីរបកប្រែព្រះគម្ពីរជាភាសាស្លាវុង ទាំងបង្កើតអក្សរម្យ៉ាងដែលមានប្រើរហូតមកដល់សព្វថ្ងៃ។ មានគ្រីស្តបរិស័ទជំទាស់នឹងលោកទាំងពីរដែលប្រើភាសាសាមញ្ញដូច្នេះ តែសម្តេចប៉ាបគាំទ្រគេ។ លោកម៉េថូដទទួលមុខងារជាអភិបាលព្រះសហគមន៍ក្រុមស្មៀរញ៉ម និងជាតំណាងសម្តេចប៉ាបទៀត។ លោកស៊ីរីលទទួល មរណភាពនៅថ្ងៃ ១៤ កុម្ភៈ ៨៦៩។ រីឯលោកម៉េថូដទទួលមរណភាពនៅឆ្នាំ ៨៨៥។
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គសព្វព្រះហឫទ័យណែនាំប្រជាជនជាច្រើឱ្យស្គាល់ព្រះអង្គ ដោយសារសន្តស៊ីរីល និងសន្តម៉េតូដ ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យយល់អត្ថន័យព្រះបន្ទូលព្រះអង្គ សូមឱ្យយើងខ្ញុំមានជំនឿកាន់តែមាំមួនឡើង និងរួបរួមគ្នាជាធ្លុងតែមួយ ដើម្បីឱ្យមនុស្សលោកអាចជឿលើដំណឹងល្អបានផង។
សូមថ្លែងលិខិតទី២ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស ២ករ ៤,១-២.៥-៧
បើព្រះជាម្ចាស់មានព្រះហឫទ័យមេត្តាករុណា ប្រគល់មុខងារនេះមកឱ្យយើងបំពេញ យើងមិនបាក់ទឹកចិត្តឡើយ។ យើងបដិសេធមិនប្រព្រឹត្តការលួចលាក់ណាដែលគួរឱ្យអៀនខ្មាសនោះទេ ហើយយើងក៏មិនបោកបញ្ឆោតគេ ឬក្លែងបន្លំព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ។ ផ្ទុយទៅវិញ យើងបង្ហាញឱ្យមនុស្សលោកស្គាល់សេចក្ដីពិត ទាំងនាំគេឱ្យទុកចិត្តលើយើងនៅចំពោះព្រះភក្ត្រព្រះជាម្ចាស់។ យើងមិនប្រកាសអំពីខ្លួនយើងទេ គឺយើងប្រកាសអំពីព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់ ហើយយើងដាក់ខ្លួនជាអ្នកបម្រើបងប្អូន ព្រោះតែព្រះយេស៊ូនេះហើយ។ ព្រះជាម្ចាស់ដែលមានព្រះបន្ទូលថា «ចូរឱ្យមានពន្លឺភ្លឺចេញពីងងឹត!» ព្រះអង្គក៏បានបំភ្លឺចិត្តគំនិតរបស់យើងឱ្យស្គាល់យ៉ាងច្បាស់នូវសិរីរុងរឿងរបស់ព្រះជាម្ចាស់ដែលភ្លឺចាំងពីព្រះភក្ត្ររបស់ព្រះគ្រីស្តដែរ។ យើងមានមុខងារដ៏ប្រសើរនេះប្រៀបបីដូចជាឆ្នាំងដីដែលមានកំណប់នៅខាងក្នុង ដើម្បីឱ្យមនុស្សលោកឃើញថា ឫទ្ធានុភាពដ៏ប្រសើរខ្ពង់ខ្ពស់នេះ ជាឫទ្ធានុភាពរបស់ព្រះជាម្ចាស់ មិនមែនជារបស់យើងទេ។
ទំនុកតម្កើងលេខ ៩៦ ( ៩៥ ),១-៧.៧-៨.១០ បទព្រហគីតិ
| ១ | ចូរច្រៀងបទថ្មីថ្វាយ | ព្រះម្ចាស់ថ្លៃកុំឈរឈប់ | |
| មនុស្សនៅលើពិភព | ច្រៀងកុំឈប់ថ្វាយព្រះអង្គ | ។ |
| ២ | ចូរច្រៀងថ្វាយព្រះម្ចាស់ | តម្កើងព្រះនាមត្រចង់ | |
| ប្រកាសរាល់ថ្ងៃផង | ពីបំណងដ៏ថ្លាថ្លៃ | ។ |
| ៣ | ចូរប្រកាសនៅម្តុំ | ចំណោមក្រុមជាតិទីទៃ | |
| នូវរុងរឿងសិរី | ព្រះហស្តថ្លៃដ៏អស្ចារ្យ | ។ |
| ៤ | ដ្បិតព្រះម្ចាស់ឧត្តម | យើងត្រូវខំសរសើរថា | |
| អស់ពីដួងចិន្តា | ព្រះក្សត្រាប្រសើរខ្ពស់ | ។ |
| ៥ | ព្រះនៃសាសន៍ផ្សេងណា | មិនបានការអ្វីទាំងអស់ | |
| រីឯព្រះអម្ចាស់ | ទ្រង់ជាក់ច្បាស់សាងផ្ទៃមេឃ | ។ |
| ៦ | មានពន្លឺរស្មី | ចែងចាំងក្រៃល្អពន់ពេក | |
| ដំណាក់គន់គាប់ភ្នែក | បារមីប្លែកថ្កើងត្រចង់ | ។ |
| ៧ | ប្រជាទាំងឡាយអើយ | កុំកន្តើយចូរតម្រង់ | |
| លើកតម្កើងព្រះអង្គ | ថ្លែងឥតហ្មងពីឫទ្ធា | ។ |
| ៨ | លើកតម្កើងសិរី | រុងរឿងជ័យព្រះនាមា | |
| យកតង្វាយគ្រប់គ្នា | ទៅព្រះវិហារថ្វាយក្សត្រា | ។ |
| ៩ | ចូរក្រាបថ្វាយបង្គំ | ពេលទ្រង់សម្តែងបាដិហារីយ៍ | |
| មនុស្សលើផែនលោកា | ញ័រកាយាចំពោះភក្ត្រ | ។ |
| ១០ | ចូរប្រកាសនៅម្តុំ | ចំណោមក្រុមជាតិច្រើននាក់ | |
| ថាទ្រង់គ្រងរាជ្យជាក់ | ឥតបែកបាក់រឹងមាំល្អ | ។ |
| ព្រះម្ចាស់គ្រប់គ្រងលើ | សព្វសារពើមានអំណរ | |
| ពេញដោយយុត្តិធម៌ | រាស្រ្តអបអរពន់ពេកក្រៃ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៤,១-៩
ព្រះយេស៊ូចាប់ផ្ដើមបង្រៀនបណ្ដាជននៅតាមឆ្នេរសមុទ្រម្ដងទៀត។ មានបណ្ដាជនច្រើនកុះករនាំគ្នាមករកព្រះអង្គ ព្រះអង្គក៏យាងចុះទៅគង់ក្នុងទូកមួយនៅក្បែរមាត់ច្រាំង រីឯបណ្ដាជនអង្គុយនៅលើគោកតាមឆ្នេរសមុទ្រ។ ព្រះអង្គប្រើពាក្យប្រស្នាបង្រៀនគេអំពីសេចក្ដីជាច្រើន។ ព្រះអង្គបង្រៀនគេថា៖ «ចូរស្ដាប់ មានបុរសម្នាក់ចេញទៅព្រោះស្រូវ។ ពេលគាត់ព្រោះ មានគ្រាប់ពូជខ្លះធ្លាក់ទៅលើផ្លូវ ហើយសត្វមកចឹកស៊ីអស់ទៅ។ មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើកន្លែងមានថ្មពុំសូវមានដី គ្រាប់ពូជក៏ដុះឡើងភ្លាម ព្រោះដីមិនជ្រៅ។ លុះដល់ថ្ងៃក្ដៅ ពន្លកដែលដុះឡើងនោះក៏ក្រៀមស្វិតអស់ទៅ ព្រោះឫសចាក់មិនបានជ្រៅ។ មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើដីដែលមានបន្លា។ បន្លាក៏ដុះឡើងរួបរឹតស្រូវមិនឱ្យបង្កើតផលបានឡើយ។ គ្រាប់ពូជឯទៀតៗធ្លាក់ទៅលើដីមានជីជាតិល្អ គ្រាប់ពូជក៏ដុះឡើង ហើយលូតលាស់បង្កើតផល ខ្លះឱ្យផលមួយជាសាមសិប ខ្លះទៀតឱ្យមួយជាហុកសិប និងខ្លះទៀតមួយជាមួយរយ»។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលថា៖ «អស់អ្នកដែលឮពាក្យនេះ សូមយកទៅពិចារណាចុះ!»។
649 Views
Post Views:
677