សន្តយ៉ូហាននៃព្រះឈើឆ្កាង
ជាបូជាចារ្យ និងគ្រូបាធ្យាយ
លោកយ៉ូហានកើតនៅប្រទេសអេស្ប៉ាញនាឆ្នាំ ១៥៤២។ កាលលោកអាយុ២៥ ឆ្នាំ លោកទទួលអគ្គសញ្ញាជាបូជាចារ្យក្នុងក្រុមគ្រួសារបព្វជិតជាតិការម៉ែល។ លោកជួយណែនាំជូនជីតេរេសា។ អ្នកទាំងពីរខិតខំកែតម្រង់ក្រុមគ្រួសារការម៉ែល ទាំងខាងបុរស និងទាំងខាងស្ត្រី។ តែពួកអ្នកប្រឆាំងនាំគ្នាចាប់លោកឃុំឃាំង ធ្វើបាបលោក។ នៅ មន្ទីឃុំឃាំង លោកនិពន្ធសៀវភៅបរិយាយអំពីជិវិតរួមរស់ជាមួយព្រះយេស៊ូ ក្រោមការណែនាំនៃព្រះវិញ្ញាណ។ លោកតែងពោលថា៖ “កាលយើងផុតជិវិត ព្រះជាម្ចាស់នឹងវិនិច្ឆ័យទោសយើង ដោយឈ្វេងយល់តែសេចក្តីស្រឡាញ់ប៉ុណ្ណោះ”។ ដូច្នេះ ត្រូវតែលះបង់អ្វីៗទាំងអស់ ដើម្បីស្រឡាញ់ព្រះជាម្ចាស់តែមួយព្រះអង្គគត់។ លោកទទួលមរណភាពនៅឆ្នាំ ១៥៩១។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរពង្សាវតាក្សត្រទី១ ១ពង្ស ១៩,៤-៩.១១-១៥ ឬ ១ករ ២,១-១០
លោកធ្វើដំណើរកាត់វាលរហោស្ថានពេញមួយថ្ងៃ ហើយទៅអង្គុយក្រោមដើមដង្កោមួយ រួចទូលអង្វរសុំស្លាប់ ទាំងពោលថា៖ «ព្រះអម្ចាស់អើយ! ទូលបង្គំទ្រាំលែងបានទៀតហើយ! ឥឡូវនេះ សូមព្រះអង្គដកជីវិតទូលបង្គំចុះ! ដ្បិតទូលបង្គំមិនប្រសើរជាងដូនតារបស់ទូលបង្គំទេ»។ បន្ទាប់មក លោកទម្រេតខ្លួនសម្រាន្ដលង់លក់ក្រោមដើមដង្កោនោះទៅ។ ពេលនោះ មានទេវទូតមួយរូបមកដាស់លោក ទាំងពោលថា៖ «ចូរក្រោកឡើងបរិភោគទៅ!»។ លោកអេលីក្រឡេកទៅ ឃើញមាននំបុ័ងដែលគេទើបនឹងដុតលើថ្មក្ដៅៗ និងទឹកមួយក្អមនៅលើក្បាលដំណេក លោកក៏ពិសានំបុ័ង និងទឹក រួចសម្រាន្ដលក់ជាថ្មី។ ពេលនោះ ទេវទូតរបស់ព្រះអម្ចាស់មកដាស់លោកម្ដងទៀត ទាំងពោលថា៖ «ចូរក្រោកឡើង បរិភោគទៅ ដ្បិតលោកត្រូវធ្វើដំណើរយ៉ាងឆ្ងាយ»។ លោកក៏ក្រោកឡើង ពិសានំបុ័ង និងទឹក។ អាហារនេះធ្វើឱ្យលោកមានកម្លាំង ដើរបានសែសិបថ្ងៃសែសិបយប់ រហូតដល់ភ្នំហូរ៉ែប ជាភ្នំរបស់ព្រះជាម្ចាស់។ កាលទៅដល់ភ្នំហូរ៉ែបហើយ លោកអេលីចូលទៅស្នាក់ក្នុងគុហានៅពេលយប់។ ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកដូចតទៅ៖ «អេលីអើយ អ្នកមកទីនេះធ្វើអ្វី?»។ ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរចេញទៅក្រៅ ហើយឈរលើភ្នំ នៅចំពោះព្រះភក្ត្រព្រះអម្ចាស់»។ ព្រះអង្គយាងកាត់តាមនោះ មានខ្យល់បក់បោកយ៉ាងខ្លាំង ធ្វើឱ្យកក្រើកភ្នំ បំបែកថ្ម នៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ប៉ុន្តែ ព្រះអម្ចាស់មិនគង់នៅក្នុងខ្យល់នោះទេ។ បន្ទាប់ពីខ្យល់ មានរញ្ជួយដី ប៉ុន្តែ ព្រះអម្ចាស់មិនគង់នៅក្នុងដីដែលរញ្ជួយនោះទេ។ ក្រោយពីរញ្ជួយដី មានភ្លើង ប៉ុន្តែ ព្រះអម្ចាស់មិនគង់នៅក្នុងភ្លើងនោះទេ។ បន្ទាប់ពីភ្លើង មានឮសូរសំឡេងស្រាលៗយ៉ាងស្រទន់។ កាលព្យាការីអេលីឮសំឡេងនោះ លោកយកអាវធំមកគ្របមុខ ហើយចេញទៅឈរនៅមាត់គុហា។ លោកឮព្រះសូរសៀងថា៖ «អេលីអើយ អ្នកមកទីនេះធ្វើអ្វី?»។ លោកទូលថា៖ «បពិត្រព្រះអម្ចាស់ ជាព្រះនៃពិភពទាំងមូល! ទូលបង្គំស្រឡាញ់ព្រះអង្គខ្លាំងណាស់។ រីឯជនជាតិអ៊ីស្រាអែលផ្ដាច់សម្ពន្ធមេត្រីរបស់ព្រះអង្គ ពួកគេរំលំអាសនៈរបស់ព្រះអង្គ និងសម្លាប់ព្យាការីទាំងអស់របស់ព្រះអង្គ ដោយមុខដាវ គឺនៅសល់តែទូលបង្គំម្នាក់ប៉ុណ្ណោះ ហើយពួកគេក៏តាមប្រហារជីវិតទូលបង្គំទៀត»។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកថា៖ «ចូរធ្វើដំណើរកាត់វាលរហោស្ថាន ឆ្ពោះទៅកាន់ក្រុងដាម៉ាសចុះ! កាលទៅដល់ហើយ ត្រូវចាក់ប្រេងអភិសេកហាសាអែលឱ្យធ្វើជាស្តេចលើស្រុកស៊ីរី។
ឬសូមថ្លែងលិខិតទី១របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិថូស ១ករ ២,១-១០
បងប្អូនអើយ រីឯខ្ញុំវិញ កាលខ្ញុំមកជូនដំណឹងអំពីគម្រោងការដ៏លាក់កំបាំងរបស់ព្រះជាម្ចាស់ដល់បងប្អូន ខ្ញុំមិនបានប្រើសំនួនវោហារ ឬប្រាជ្ញាខ្ពស់ៗទេ។ ពេលខ្ញុំនៅជាមួយបងប្អូន ខ្ញុំយល់ឃើញថា មិនគួរគប្បីឱ្យខ្ញុំដឹងអ្វីក្រៅពីព្រះយេស៊ូគ្រីស្តនោះឡើយ ជាពិសេស អំពីព្រះយេស៊ូគ្រីស្តដែលបានសោយទិវង្គតនៅលើឈើឆ្កាង។ ខ្ញុំបានមករកបងប្អូនទាំងទន់ខ្សោយ ទាំងភ័យខ្លាច ទាំងញាប់ញ័រយ៉ាងខ្លាំង។ ពាក្យសម្ដីដែលខ្ញុំនិយាយ និងប្រកាស មិនមែនជាពាក្យបញ្ចុះបញ្ចូលដ៏ប៉ិនប្រសប់នោះទេ គឺព្រះវិញ្ញាណបានសម្ដែងឫទ្ធានុភាពវិញ ដើម្បីកុំឱ្យជំនឿរបស់បងប្អូនពឹងផ្អែកលើប្រាជ្ញារបស់មនុស្សលោក តែពឹងផ្អែកលើឫទ្ធានុភាពរបស់ព្រះជាម្ចាស់។ ប៉ុន្តែ សេចក្ដីដែលយើងប្រៀនប្រដៅក្នុងចំណោមអ្នកដែលមានជំនឿគ្រប់លក្ខណៈហើយនោះ ក៏ជាប្រាជ្ញាម្យ៉ាងដែរ តែមិនមែនជាប្រាជ្ញារបស់មនុស្សលោក ឬជាប្រាជ្ញារបស់អ្នកគ្រប់គ្រងមនុស្សលោកនេះ ដែលនឹងត្រូវវិនាសសាបសូន្យទៅនោះទេ។ យើងប្រៀនប្រដៅអំពីប្រាជ្ញារបស់ព្រះជាម្ចាស់ ដែលព្រះអង្គបង្កប់ន័យទុកតាមគម្រោងការដ៏លាក់កំបាំងរបស់ព្រះអង្គ តាំងពីមុនកំណើតពិភពលោកមកម៉្លេះ គឺព្រះអង្គបានគ្រោងទុកថានឹងប្រទានសិរីរុងរឿងមកយើង។ គ្មាននរណាម្នាក់ក្នុងចំណោមអ្នកគ្រប់គ្រងមនុស្សលោកនេះ បានស្គាល់ប្រាជ្ញារបស់ព្រះអង្គទេ។ ប្រសិនបើគេពិតជាបានស្គាល់មែន គេមិនឆ្កាងព្រះអម្ចាស់ប្រកបដោយសិរីរុងរឿងនោះឡើយ។ ប៉ុន្តែ ដូចមានចែងទុកមកថា៖«អ្វីៗដែលភ្នែកមើលមិនឃើញ អ្វីៗដែលត្រចៀកស្ដាប់មិនឮ និងអ្វីៗដែលចិត្តមនុស្សនឹកមិនដល់នោះព្រះជាម្ចាស់បានរៀបចំទុកសម្រាប់អស់អ្នកដែលស្រឡាញ់ព្រះអង្គ»។ព្រះជាម្ចាស់បានសម្ដែងឱ្យយើងដឹងអំពីគម្រោងការដ៏លាក់កំបាំងនោះ តាមរយៈព្រះវិញ្ញាណ ដ្បិតព្រះវិញ្ញាណឈ្វេងយល់អ្វីៗទាំងអស់ សូម្បីតែជម្រៅព្រះហឫទ័យរបស់ព្រះជាម្ចាស់ក៏ព្រះអង្គឈ្វេងយល់ដែរ។
ទំនុកតម្កើងលេខ ៣៧,៣-៦.៣០-៣១ បទព្រហ្មគីតិ
| ៣. | ចូរធ្វើអំពើល្អ | ចិត្តស្មោះសរផ្ញើជីវិត |
| លើព្រះដ៏សក្តិសិទ្ធ | នោះអ្នកពិតជាសុខសាន្ត ។ |
| ៤. | ចូរស្វែងរកមង្គល | កុំបីខ្វល់ឬខកខាន |
| ព្រះអង្គនឹងប្រទាន | ឱ្យអ្នកមានតាមបំណង ។ |
| ៥. | ចូរផ្ញើព្រេងវាសនា | ក្នុងហត្ថាព្រះអង្គផង |
| ព្រះអង្គនឹងគ្រប់គ្រង | ឥតមានហ្មងតាមសន្យា ។ |
| ៦. | ព្រះអង្គនឹងបង្ហាញ | ឱ្យគេឃើញយ៉ាងច្បាស់ថា |
| អ្នកសុចរិតថ្លៃថ្លា | ដូចសុរិយាពេញរស្មី ។ |
| ៣០. | មនុស្សសុចរិត | គេចូលចិត្តត្រង់ត្រឹមត្រូវ |
| ពោលពាក្យមិនអាស្រូវ | ឥតហ្មងសៅឥតងាករេ ។ |
| ៣១. | វិន័យព្រះអម្ចាស់ | ដិតជាប់ច្បាស់ក្នុងចិត្តគេ |
| មិនឃ្លាតចាកបែកបែរ | ពីមាគ៌ាព្រះអង្គឡើយ ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
ឱព្រះអម្ចាស់អើយ! សូមយាងមក! សូមកុំបង្អង់ឡើយ! សូមយាងមករំដោះប្រជាជនព្រះអង្គឱ្យបានរួចពីបាបផង!។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៤, ២៥-៣៣
មានមហាជនជាច្រើនធ្វើដំណើរជាមួយព្រះយេស៊ូ។ ព្រះអង្គបែរព្រះភក្ត្រទៅរកគេ ហើយមានព្រះបន្ទូលថា៖ «បើអ្នកណាចង់មកតាមខ្ញុំ តែមិនស្រឡាញ់ខ្ញុំខ្លាំងជាងឪពុកម្ដាយ ប្រពន្ធ កូន បងប្អូនប្រុសស្រី និងជីវិតខ្លួនទេ អ្នកនោះពុំអាចធ្វើជាសាវ័ករបស់ខ្ញុំឡើយ។ អ្នកណាមិនលីឈើឆ្កាងរបស់ខ្លួនមកតាមខ្ញុំទេ អ្នកនោះក៏ពុំអាចធ្វើជាសាវ័ករបស់ខ្ញុំដែរ។ ក្នុងចំណោមអ្នករាល់គ្នា ប្រសិនបើនរណាម្នាក់ចង់សង់ផ្ទះថ្មធំមួយ អ្នកនោះត្រូវអង្គុយគិតគូរមើលថ្លៃសង់ជាមុនសិន ដើម្បីឱ្យដឹងថា តើខ្លួនមានប្រាក់ល្មមនឹងបង្ហើយសំណង់ ឬយ៉ាងណា ក្រែងលោចាក់គ្រឹះហើយ តែមិនអាចបង្ហើយបាន មនុស្សម្នាឃើញមុខជាសើចចំអកឱ្យមិនខាន។ គេនឹងពោលថា “មើលបុរសនេះសង់ផ្ទះ តែមិនអាចបង្ហើយបានទេ!”។ ម្យ៉ាងទៀត ប្រសិនបើមានស្ដេចមួយអង្គចេញទៅធ្វើសឹកសង្គ្រាម តទល់នឹងស្ដេចមួយអង្គទៀត ស្ដេចត្រូវគង់គិតគូរជាមុនសិនថា បើស្ដេចមានទ័ពមួយម៉ឺននាក់ តើស្ដេចអាចតទល់នឹងបច្ចាមិត្តដែលមានគ្នាពីរម៉ឺននាក់បានឬយ៉ាងណា បើឃើញថាមិនអាចតទល់បានទេ នោះស្ដេចនឹងចាត់រាជទូតឱ្យទៅសុំចរចារកសន្តិភាព ក្នុងពេលដែលស្ដេចមួយអង្គទៀតនៅឆ្ងាយនៅឡើយ។ ដូច្នេះ ក្នុងចំណោមអ្នករាល់គ្នា បើអ្នកណាមិនលះបង់អ្វីៗទាំងអស់ដែលខ្លួនមានទេ អ្នកនោះមិនអាចធ្វើជាសាវ័ករបស់ខ្ញុំបានឡើយ»។
658 Views
Post Views:
664