អត្ថបទព្រះគម្ពីរ
ថ្ងៃចន្ទ ទី១៤ ខែ
កុម្ភៈ ឆ្នាំ២០២២
អាទិត្យទី០៦ រដូវធម្មតា
ពណ៌ស
បុណ្យរម្លឹក

សន្តស៊ីរ៉ីល ជាបព្វជិត និងសន្ត មេ៉តូដ
ជាអភិបាលព្រះសហគមន៍

លោកកុងស្តង់ទីន ហៅថា ” ស៊ីរ៉ីល ” និងលោកម៉េតូដ ជាបងប្អូនបង្កើត គឺជាកូនមន្ត្រីជាន់ខ្ពស់ម្នាក់​នៅក្រុងថេស្សាឡូនិក។ លោកទាំងពីរចូលបួស រួចទទួលភារកិច្ចទៅប្រកាសដំ​ណឹង​នៅ​ទ្វីប​អឺរ៉ុប​កណ្តាល។ លោកទាំងពីរបកប្រែព្រះគម្ពីរជាភាសាស្លាវុង ទាំងបង្កើតអក្សរម្យ៉ាង ដែលមានប្រើរហូត​មក​ដល់សព្វថ្ងៃ។ មានគ្រីស្តបរិស័ទជំទាស់នឹងលោកទាំងពីរ ដែលប្រើភាសាសាមញ្ញដូច្នេះ តែ​សម្តេច​ប៉ាប​គាំទ្រពួកលោក។ លោកម៉េតូដទទួលមុខងារជាអភិបាលព្រះសហគមន៍ក្រុមស្មៀរណា និងជាតំណាង​សម្តេច​​ប៉ាបទៀត។ លោកស៊ីរ៉ីលទទួលមរណភាពនៅថ្ងៃ ១៤ កុម្ភៈ ៨៦៩។ រីឯលោក​ម៉េតូដ​ទទួល​មរណ​ភាពនៅឆ្នាំ ៨៨៥។

សូមថ្លែងលិខិតគ្រីស្តទូតយ៉ាកុប យក ១,១-១១

ខ្ញុំយ៉ាកុបជាអ្នកបម្រើព្រះជាម្ចាស់ និងជាអ្នកបម្រើព្រះអម្ចាស់យេស៊ូគ្រីស្ត សូម​ជម្រាបមកកុលសម្ព័ន្ធទាំងដប់ពីរ ដែលបែកខ្ញែកគ្នាក្នុងពិភពលោកទាំងមូល សូម​ជ្រាប។
បងប្អូនអើយ! ទុក្ខលំបាក់គ្រប់យ៉ាងដែលបងប្អូនត្រូវឆ្លងកាត់នោះ សូមចាត់ទុកថាជាការដែលធ្វើឱ្យបងប្អូនមានអំណរដ៏បរិបូណ៌វិញ ដោយដឹងថា ការល្បងមើលជំនឿ​របស់បងប្អូននឹងនាំឱ្យបងប្អូនចេះស៊ូទ្រាំ។ ក៏ប៉ុន្តែ ត្រូវឱ្យការស៊ូទ្រាំនេះបង្កើតចេញជាផលដ៏ល្អគ្រប់លក្ខណៈ ដើម្បីឱ្យបងប្អូនបានគ្រប់លក្ខណៈ មានគុណសម្បត្តិល្អសព្វគ្រប់ឥតខ្វះត្រង់ណាឡើយ។ ក្នុងចំណោមបងប្អូន ប្រសិនបើមាននរណាម្នាក់ខ្វះប្រាជ្ញា អ្នក​នោះត្រូវតែទូលសូមពីព្រះជាម្ចាស់។ ព្រះអង្គនឹងប្រទានឱ្យជាមិនខាន ដ្បិតទ្រង់ប្រទានឱ្យមនុស្សទាំងអស់ ដោយព្រះហប្ញទ័យទូលាយឥតបន្ទោសឡើយ។ ក៏ប៉ុន្តែ អ្នកនោះ​ត្រូវទូលសូមដោយចិត្តជឿ ឥតសង្ស័យអ្វីសោះ ដ្បិតអ្នកដែលមានចិត្តសង្ស័យ ប្រៀប​បាននឹងរលកសមុទ្រ ត្រូវបក់បោកចុះឡើងទៅតាមខ្យល់។ មនុស្សប្រភេទនេះមិនត្រូវ​នឹកស្មានថា នឹងបានទទួលអ្វីពីព្រះអម្ចាស់ឡើយ ព្រោះគេជាមនុស្សមានចិត្តពីរ មិនដែលនឹងនក្នុងកិច្ចការទាំងប៉ុន្មានដែលខ្លួនប្រព្រឹត្តទេ។ សូមឱ្យបងប្អូនដែលក្រីក្របានខ្ពស់មុខឡើង ដោយព្រះជាម្ចាស់លើកតម្កើងគេហើយ។ រីឯបងប្អូនដែលជាអ្នកមាន​វិញ​ ក៏ត្រូវខ្ពស់មុខឡើងដែរ ដោយព្រះជាម្ចាស់បន្ទាបគេចុះ ដ្បិតអ្នកមាននឹងត្រូវ​រុះរោយទៅដូចផ្កា។ លុះដល់ថ្ងៃរះពេញកំដៅហើយ ដើមក៏ស្វិតក្រៀម ផ្កាក៏រុះរោយហើយលំអររបស់វាក៏រលាយបាត់ទៅ។ អ្នកមានក៏នឹងត្រូវរុះរោយបាត់ទៅជាមួយកិច្ចការ​ដែលខ្លួនប្រព្រឹត្តដែរ។

ទំនុកតម្កើងលេខ ១១៩ (១១៨),៦៧-៦៨.៧១-៧២.៧៥-៧៦ បទពាក្យ ៧

៦៧កាលគ្រាមុននោះខ្ញុំវង្វេងកណ្តោចកណ្តែងវេទនាណាស់
តែឥឡូវនេះខ្ញុំយល់ច្បាស់ខ្ញុំខំស្ទាស្ទុះតាមបញ្ជា
៦៨ទ្រង់មានព្រះហប្ញទ័យសប្បុរសករុណាសន្តោសមនុស្សលោកា
សូមបង្រៀនក្រឹត្យក្រមធម្មាវិន័យបញ្ជាតរៀងទៅ
៧១ទូលបង្គំរងទុក្ខវេទនាក៏គឺជាការប្រពៃណាស់
ដើម្បីខ្ញុំបានរៀនឱ្យច្បាស់ពីវិន័យព្រះដ៏ថ្លាថ្លៃ
៧២ធម្មវិន័យដែលព្រះអង្គបានប្រកាសឱ្យកាន់មានតម្លៃ
ប្រសើរជាងមាសពេជ្រចរណៃជាងប្រាក់ក្រាស់ក្រៃច្រើនលើសលប់
៧៥បពិត្រព្រះម្ចាស់អើយខ្ញុំស្គាល់ខ្ញុំដឹងខ្ញុំយល់ថាព្រះម្ចាស់
សម្រេចពីអ្វីសុចរិតណាស់ទោះទ្រង់ដាក់ទោសក៏ត្រឹមត្រូវ
៧៦សូមទ្រង់មេត្តាជួយសំរាលទុក្ខខ្ញុំឱ្យស្រាលកុំឱ្យនៅ
តាមទ្រង់សន្យាកុំហ្មងសៅដល់ខ្ញុំដែលត្រូវជាបម្រើ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១៤,៦.៩

អលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់! ព្រះអង្គពិតជាផ្លូវ ជាសេចក្តីពិត និងជាជីវិត!
អ្នកណាជឿលើព្រះអង្គ អ្នកនោះទទួលស្គាល់ព្រះបិតា។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៨,១១-១៣

ពួកខាងគណៈផារីស៊ីមកដល់ ហើយនាំគ្នាជជែកជាមួយព្រះយេស៊ូ ដើម្បីល្បងល​មើលព្រះអង្គ គេសូមឱ្យព្រះអង្គសម្តែងទីសម្គាល់ដ៏អស្ចារ្យមួយបញ្ជាក់ថា ព្រះអង្គបានទទួលអំណាចពីព្រះជាម្ចាស់។ ព្រះយេស៊ូដកដង្ហើមធំ រួចមានព្រះបន្ទូលថា៖ «ហេតុអ្វី​បានជាមនុស្សជំនាន់នេះ ចង់ឃើញទីសម្គាល់ដូច្នេះ? ខ្ញុំសុំប្រាប់ឱ្យអ្នករាលគ្នាដឹងច្បាស់ថា ព្រះជាម្ចាស់មិនឱ្យគេឃើញទីសម្គាល់ណាឡើយ»។ បន្ទាប់មក ព្រះអង្គយាងចាក​ចេញពីគេ ចុះទូកឆ្លងទៅត្រើយម្ខាងវិញ។​





















285 Views

Theme: Overlay by Kaira