អត្ថបទព្រះគម្ពីរ
ថ្ងៃសុក្រ ទី១៤ ខែមករា ឆ្នាំ២០២២
អាទិត្យទី០១ រដូវធម្មតា
ពណ៌បៃតង
សូមថ្លែងព្រះគម្ពីរព្យាការីសាមូអែល ១សម ៨,៤-៧.១០-២២
កាលលោកសាមូអែលមានវ័យចាស់ទៅហើយ លោកតែងតាំងកូនប្រុសៗរបស់លោក ឱ្យគ្រប់គ្រងប្រជាជនអ៊ីស្រាអែល។ ព្រឹទ្ធាចារ្យទាំងអស់របស់ជនជាតិអ៊ីស្រាអែលប្រជុំគ្នា ហើយទៅជួបលោកសាមូអែលនៅរ៉ាម៉ា។ ព្រឹទ្ធាចារ្យទាំងនោះជម្រាបលោកថា៖ «ឥឡូវនេះ លោកចាស់ហើយ រីឯកូនរបស់លោកទៀតសោតក៏ពុំដើរតាមគន្លងរបស់លោកដែរ។ ដូច្នេះ សូមតែងតាំងស្តេចមួយអង្គឱ្យសោយរាជ្យលើយើងខ្ញុំដូចប្រជាជាតិទាំងប៉ុន្មានផង»។ ពេលឮពួកព្រឹទ្ធាចារ្យពោលថា “សូមតែងតាំងស្តេចមួយអង្គឱ្យ សោរាជ្យលើយើងខ្ញុំ” ដូច្នេះ លោកសាមូអែលមិនសប្បាយចិត្តទេ លោកក៏ទូលអង្វរព្រះអម្ចាស់។ ព្រះអម្ចាស់មានព្រះបន្ទូលតបមកថា៖ «ចូរស្ដាប់តាមពាក្យសម្តីរបស់ប្រជា ជនដែលទាមទារនោះចុះ។ មិនមែនអ្នកទេដែលពួកគេបោះបង់ចោល គឺយើងទេតើដែលពួកគេបោះបង់ចោល។ ពួកគេមិនចង់ឱ្យយើងសោយរាជ្យលើពួកគេទៀតឡើយ »។ លោកសាមូអែលនាំយកព្រះបន្ទូលទាំងប៉ុន្មានរបស់ព្រះអម្ចាស់មកថ្លែងប្រាប់ប្រជាជនដែលទាមទារសុំឱ្យមានស្តេចនោះថា៖ «ស្តេចដែលនឹងសោយរាជ្យលើអ្នករាល់គ្នា នឹងមានសិទ្ធិដូចតទៅ គឺស្តេចនឹងយកកូនប្រុសអ្នករាល់គ្នាឱ្យធ្វើជាទាហាន អ្នកខ្លះនៅខាងកងរទេះចំបាំង ខ្លះនៅខាងទ័ពសេះ ខ្លះទៀតរត់នៅមុខព្រះរាជរថ។ ស្តេចនឹងប្រើកូនទាំងនោះឱ្យធ្វើជាមេកងពល ត្រួតទាហានមួយពាន់នាក់ ឬមេក្រុមដែលត្រួតទាហានហាសិបនាក់។ ខ្លះទៀត ស្តេចប្រើឱ្យទៅភ្ជួររាស់ ច្រូតកាត់ ផលិតគ្រឿងអាវុធ និងគ្រឿងប្រដាប់រទេះចំបាំង។ ស្តេចនឹងប្រើកូនស្រីៗអ្នករាល់គ្នាឱ្យធ្វើជាអ្នកលាបគ្រឿងក្រអូប អ្នកដាំបាយ និងអ្នកធ្វើនំ។ ស្តេចនឹងយកស្រែចម្ការទំពាំងបាយជូរ និងចម្ការអូលីវដ៏ល្អៗរបស់អ្នករាល់គ្នា ប្រគល់ឱ្យទៅមេទ័ពរបស់ខ្លួន។ ស្តេចនឹងយកពន្ធមួយភាគដប់ពីភោគផល ពីស្រូវ ពីចំការទំពាំងបាយជូររបស់អ្នករាល់គ្នា មួយភាគដប់ប្រគល់ទៅឱ្យមហាតលឹករាជការ និងមេទ័ពរបស់ខ្លួន។ ស្តេចនឹងយកខ្ញុំបម្រើប្រុសស្រី និងពួកយុវជនរបស់អ្នករាលគ្នា គឺអ្នកដែលមានកម្លាំងកំហែងជាងគេ ព្រមទាំងយកសត្វលារបស់អ្នករាល់គ្នាទៅឱ្យធ្វើការរបស់ព្រះអង្គ។ ស្តេចនឹងយកចៀមចំនួនមួយភាគដប់ពីហ្វូងចៀមរបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងក្លាយជាខ្ញុំទាសកររបស់ស្តេច ។ ថ្ងៃមួយ អ្នករាល់គ្នានឹងស្រែកអង្វរព្រះអម្ចាស់ព្រោះតែស្តេច ដែលអ្នករា់គ្នាបានជ្រើសរើសនោះ តែព្រះអង្គមិនឆ្លើយតបមកអ្នករាល់គ្នាឡើយ!»។ ក៏ប៉ុន្តែ ប្រជាជនមិនព្រមស្តាប់តាមពាក្យរបស់លោកសាមូអែលទេ។ ពួកគេប្រកែកថា៖ «ទេ! ត្រូវតែមានស្តេចមួយអង្គសោយរាជ្យលើយើង ដើម្បីឱ្យយើងបានដូចប្រជាជាតិទាំងប៉ុន្មានឯទៀតៗដែរ។ ស្តេចរបស់យើងនឹងគ្រប់គ្រងលើយើង ហើយទ្រង់នឹងនាំមុខយើងចេញទៅច្បាំង»។ កាលលោកសាមូអែលឮពាក្យសម្តីទាំងប៉ុន្មានរបស់ប្រជាជនហើយ លោកក៏យកទៅទូលព្រះអម្ចាស់។ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកសាមូអែលថា៖ «ចូរស្តាប់តាមពាក្យរបស់គេ ហើយតែងតាំងស្តេចមួយអង្គ ឱ្យគ្រងរាជ្យលើពួកគេចុះ!»។
ទំនុកតម្កើងលេខ ៨៩ (៨៨) ,១៦-១៩ បទកាកគតិ
១៦. | បពិតព្រះម្ចាស់ | ប្រជាអរណាស់ | រស់ក្រោមចេស្តា | ពន្លឺសប្បុរស |
សន្តោសករុណា | រាស្រ្តផុតទុក្ខា | មានសុភមង្គល | ។ | |
១៧. | គេនឹងសប្បាយ | រីករាយរាល់ថ្ងៃ | ដោយស្មោះទទួល | ព្រះនាមព្រះអង្គ |
ឥតមានប្រែប្រួល | ខ្ពស់មុខសុខស្រួល | ឥតមានសៅហ្មង | ។ | |
១៨. | ព្រះម្ចាស់ប្រទាន | ពួកគេឱ្យមាន | ជោគសិរីផង | ដោយព្រះសន្តោស |
ប្រណីឥតហ្មង | យើងខ្ញុំថ្កុំថ្កើង | ព្រោះព្រះអង្គជួយ | ។ | |
១៩. | ព្រះម្ចាស់វិសុទ្ធ | ល្អល្អះបំផុត | អ៊ីស្រាអែលតែមួយ | ទ្រង់បានជ្រើសរើស |
ស្តេចជាជំនួយ | មិនឱ្យមានព្រួយ | ជាខែលការពារ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ៧,១៦
អលេលូយ៉ា! អាលេលូយ៉ា!
មានព្យាការីដ៏ប្រសើរម្នាក់កើតឡើង នៅក្នុងចំណោមយើងហើយ! ព្រះអម្ចាស់យាងមករំដោះប្រជារាស្រ្តរបស់ព្រះអង្គ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ២,១-១២
ព្រះយេស៊ូយាងត្រឡប់មកក្រុងកាផានុមវិញ ហើយអ្នកស្រុកឮដំណឹងថា ព្រះអង្គគង់នៅក្នុងផ្ទះ។ មានមនុស្សយ៉ាងច្រើនមកមូលផ្តុំគ្នាកកកុញ គ្មានសល់កន្លែងណាសោះឡើយ សូម្បីតែនៅមាត់ទ្វារផ្ទះក៏គ្មានសល់ដែរ។ ព្រះយេស៊ូថ្លែងព្រះបន្ទូលឱ្យគេស្តាប់។ មានបុរសបួននាក់សែងមនុស្សខ្វិនដៃខ្វិនជើងម្នាក់មករកព្រះអង្គ។ ប៉ុន្តែដោយមានមនុស្សច្រើនពេក គេពុំអាចនាំមនុស្សខ្វិននោះទៅជិតព្រះយេស៊ូបានឡើយ។ ដូច្នេះ គេក៏ចោះដំបូលផ្ទះចំពីលើកន្លែងដែលព្រះអង្គគង់ ហើយសម្រូតមនុស្សខ្វិននៅលើគ្រែស្នែង ចុះតាមប្រឡោះមក។ កាលព្រះយេស៊ូឈ្វេងយល់ជំនឿរបស់អ្នកទាំងនោះ ព្រះអង្គមានព្រះបន្ទូលទៅកាន់អ្នកពិការថា៖ «កូនអើយ! ព្រះជាម្ចាស់អត់ទោសអ្នកឱ្យរួចពីបាបហើយ»។ ពួកធម្មចារ្យខ្លះដែលអង្គុយនៅទីនោះរិះគិតក្នុងចិត្តថា៖ «ហេតុដូចម្តេចបានជាអ្នកនេះហ៊ានប្រមាថព្រះជាម្ចាស់ ដោយពោលពាក្យស្មើនឹងព្រះអង្គបែបនេះ? ក្រៅពីព្រះជាម្ចាស់មួយព្រះអង្គ តើនរណាអាចអត់ទោសឱ្យមនុស្សរួចពីបាបបាន!»។ ព្រះយេស៊ូឈ្វេងយល់ចិត្តគំនិតរបស់គេភ្លាម ទើបទ្រង់មានព្រះបន្ទុលទៅគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នារិះគិតបែបនេះ? បើខ្ញុំប្រាប់ការនេះថាព្រះជាម្ចាស់អត់ទោសអ្នកឱ្យរួចពីបាបហើយ” ឬថា”ចូរក្រោកឡើង យកគ្រែស្នែងរបស់អ្នកដើរទៅចុះ” តើឃ្លាមួយណាស្រួលនិយាយជាង? ប៉ុន្តែ ខ្ញុំចង់ឱ្យអ្នករាលគ្នាដឹងថា បុត្ររបស់មនុស្សមានអំណាចនឹងអត់ទោសឱ្យមនុស្សនៅលើផែនដីនេះឱ្យរួចពីបាបបាន»។ ព្រះអង្គងាកទៅរកអ្នកខ្វិន ហើយមានព្រះបន្ទូលថា៖«ចូរក្រោកឡើង យកគ្រែស្នែងរបស់អ្នកដើរទៅផ្ទះវិញទៅ!»។ មនុស្សខ្វិនក៏ក្រោកឈរឡើងភ្លាម យកគ្រែស្នែងរបស់ខ្លួន ដើរកាត់មុខមនុស្សទាំងអស់ចេញទៅ ធ្វើឱ្យគេគ្រប់គ្នាស្ញប់ស្ញែងយ៉ាងខ្លាំង ហើយលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ដោយពោលថា៖«យើងមិនដែលបានឃើញការអស្ចារ្យណាមួយ ដូចពេលនេះឡើយ!»។