ថ្ងៃទី១៣ ខែមិថុនា
សន្ដអន់ទន នៅប៉ាឌូ ជាបូជាចារ្យ
និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
បុណ្យរម្លឹក
ពណ៌ស
លោកហ្វេរណង កើតនៅស្បូន (ប្រទេសព័រទូហ្គាល)។ លោកជាបូជាចារ្យក្រុមគ្រួសារបព្វជិតសន្ត ហ្វ្រង់សីស្កូ ហើយទទួលឈ្មោះថា “អន់ទន”។ លោកមានសំនួនវោហារ ស្គាល់គម្ពីរយ៉ាងស្ទាត់ជំនាញ ហើយដើរប្រៀនប្រដៅអ្នកស្រុក។ លោកទទួលមរណភាពនៅក្រុងប៉ាដូវ៉ា (ប្រទេសអ៊ីតាលី) នៅឆ្នាំ១២៣៤ ក្នុងជន្មាយុសាមសិបប្រាំមួយឆ្នាំ។ គ្រីស្តបរិស័ទតែងដំណាលរឿងដ៏អស្ចារ្យជាច្រើនអំពីលោក តាមរបៀបប្រជាប្រិយ។
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ប្រកបដោយតេជានុភាពសព្វប្រការ! ហើយដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច! ព្រះអង្គបានប្រោសសន្តអន់ទនឱ្យមានសមត្ថិភាពយ៉ាងអស្ចារ្យ ក្នុងការពន្យល់គម្ពីរ និងមានចិត្តអង់អាចជួយការពារអ្នកក្រីក្រ។ សូមទ្រង់ព្រះមេត្តាប្រោសប្រទានឱ្យយើខ្ញុំជាគ្រីស្តបរិស័ទ យកចិត្តទុកដាក់ប្រកាសដំណឹងល្អសព្វថ្ងៃនេះ ដូចសន្តអន់ទនផង។
សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងរ៉ូម រម ១២, ៣-១៣
បងប្អូនជាទីស្រឡាញ់!
ខ្ញុំសូមជម្រាបបងប្អូនតាមព្រះអំណោយទានដែលព្រះជាម្ចាស់បានប្រទានមកខ្ញុំថា ម្នាក់ៗមិនត្រូវលើកតម្លៃខ្លួនឯងខ្ពស់ ហួសពីគំនិតដែលត្រូវគិតនោះឡើយ តែត្រូវគិតឱ្យបានសមរម្យតាមកម្រិតនៃជំនឿ ដែលព្រះជាម្ចាស់ប្រទានឱ្យម្នាក់ៗ។ រូបកាយមនុស្សយើងមានសរីរាង្គច្រើន ហើយសរីរាង្គនីមួយៗមានមុខងារខុសៗគ្នាយ៉ាងណា យើងក៏ដូច្នោះដែរ យើងមានគ្នាច្រើនរួមជាព្រះកាយតែមួយក្នុងអង្គព្រះគ្រីស្ដ ហើយម្នាក់ៗជាសរីរាង្គរបស់គ្នាទៅវិញទៅមក។ យើងមានព្រះអំណោយទានប្លែកៗពីគ្នា ស្របតាមព្រះហឫទ័យប្រណីសន្ដោសដែលព្រះជាម្ចាស់ប្រទានមកយើង។ ប្រសិនបើបងប្អូនណាទទួលព្រះអំណោយទានខាងថ្លែងព្រះបន្ទូល ត្រូវថ្លែងឱ្យស្របតាមជំនឿ អ្នកណាទទួលព្រះអំណោយទានខាងបម្រើ ចូរបម្រើទៅ អ្នកណាទទួលព្រះអំណោយទានខាងបង្រៀន ចូរបង្រៀនទៅ អ្នកដែលលើកទឹកចិត្តបងប្អូន ចូរលើកទឹកចិត្តគេទៅ អ្នកដែលចែកទ្រព្យរបស់ខ្លួន ចូរចែកដោយចិត្តស្មោះសរ អ្នកដែលដឹកនាំ ចូរដឹកនាំដោយចិត្តខ្នះខ្នែង អ្នកដែលចែកទានដល់ជនក្រីក្រ ចូរចែកឱ្យគេដោយចិត្តត្រេកអរ។ ចូរមានចិត្តស្រឡាញ់ ដោយឥតលាក់ពុតឡើយ។ ចូរស្អប់ខ្ពើមអ្វីៗដែលអាក្រក់ ហើយជាប់ចិត្តតែនឹងអ្វីៗដែលល្អវិញ។ ចូរស្រឡាញ់រាប់អានគ្នាទៅវិញទៅមកទុកដូចជាបងប្អូនបង្កើត។ ត្រូវលើកកិត្តិយសគ្នាទៅវិញទៅមក ដោយចិត្តគោរព។ ត្រូវឧស្សាហ៍ខ្នះខ្នែង កុំខ្ជិលច្រអូសឡើយ។ ត្រូវបម្រើព្រះអម្ចាស់ដោយចិត្តក្លៀវក្លា។ ចូរសប្បាយរីករាយដោយចិត្តសង្ឃឹម។ ចូរកាន់ចិត្តអត់ធ្មត់ក្នុងពេលមានទុក្ខលំបាក។ ចូរព្យាយាមអធិដ្ឋាន។ ត្រូវជួយទំនុកបម្រុងប្រជាជនដ៏វិសុទ្ធដែលខ្វះខាត ព្រមទាំងទទួលភ្ញៀវដោយរាក់ទាក់ផង។
ទំនុកតម្កើងលេខ ៨៩ (៨៨), ២-៥,២១-២២.២៥.២៧ បទកាកគតិ
| ២ | ឱ! ព្រះជាម្ចាស់ | ខ្ញុំមិនគេចប្រាស | នឹងច្រៀងតម្កើង |
| បង្គំព្រះអង្គ | ព្រះទ័យខ្ពស់ថ្កើង | អស់កល្បយូរលង់ |
| | អង្វែងតទៅ | ។ |
| ៣ | ខ្ញុំប្រកាសថា | ព្រះទ័យមេត្តា | ករុណាត្រឹមត្រូវ |
| របស់ព្រះអង្គ | ស្ថិតស្ថេរគង់នៅ | មាំមិនអាស្រូវ |
| | ដូចផ្ទៃមេឃា | ។ |
| ៤ | យើងចងសម្ពន្ធ | មេត្រីបន្ទាន់ | ចុះខសន្យា |
| ជ្រើសលោកដាវីឌ | ហើយតែងតាំងជា | បម្រើការពារ |
| | ឥតមានប្រែប្រួល | ។ |
| ៥ | យើងនឹងតាំងពង្ស | ពូជអ្នកឱ្យគង់ | នៅជុំត្រកូល |
| តាំងរាជ្យឱ្យអ្នក | នៅបានសុខស្រួល | គ្មានអ្វីប្រែប្រួល |
| | អង្វែងដរាប | ។ |
| ២១ | យើងឃើញដាវីឌ | ជាអ្នកប្រណិប័តន៍ | ឥតមានឆ្មៃឆ្មើង |
| យើងក៏ចាក់ប្រេង | អភិសេកគេឡើង | ជាស្តេចថ្កុំថ្កើង |
| | គ្រងរាជ្យរហូត | ។ |
| ២២ | ហើយយើងនឹងជួយ | ជ្រែងជាជំនួយ | មិនឱ្យរបូត |
| ទាំងផ្តល់កម្លាំង | រៀងរៀបមិនស្ងួត | ពូកែរហូត |
| | អំណាចពេញប្រៀប | ។ |
| ២៥ | យើងនឹងបញ្ចេញ | ហឫទ័យពោរពេញ | ករុណាអាណិត |
| ចំពោះរូបគេ | នឹងបាននែបនិត្យ | ថ្កើងរុងរឿងពិត |
| | ដោយសារនាមយើង | ។ |
| ២៧ | ដាវីឌហៅយើង | បិតាមិនឆ្មើង | ថាថ្មខែងហំ |
| ដែលបានសង្គ្រោះ | រំដោះរូបខ្ញុំ | បានឡើងឧត្តម |
| | ខ្ពង់ខ្ពស់សង្ហារ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១១៩,១០៥
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះបន្ទូលជាចង្កៀងមាលា ឱ្យខ្ញុំដើរត្រង់ ពិតជាពន្លឺ បំភ្លឺត្រចង់ ជីវិតផូរផង់ ឱ្យខ្ញុំសុខសាន្ត។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៦,២៤-២៧
បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ពួកសាវ័កថា៖ «បើអ្នកណាចង់មកតាមក្រោយខ្ញុំ ត្រូវលះបង់ខ្លួនឯងចោល ត្រូវលីឈើឆ្កាងរបស់ខ្លួន ហើយមកតាមខ្ញុំចុះ ដ្បិតអ្នកណាចង់បានរួចជីវិត អ្នកនោះនឹងបាត់បង់ជីវិត ប៉ុន្តែ អ្នកណាបាត់បង់ជីវិត ព្រោះតែខ្ញុំ អ្នកនោះនឹងបានជីវិតវិញ។ បើមនុស្សម្នាក់បានពិភពលោកទាំងមូលមកធ្វើជាសម្បត្តិរបស់ខ្លួន តែបាត់បង់ជីវិត នោះនឹងមានប្រយោជន៍អ្វី? តើមនុស្សអាចយកអ្វីមកប្ដូរនឹងជីវិតរបស់ខ្លួនបាន? លុះដល់បុត្រមនុស្សប្រកបដោយសិរីរុងរឿង ព្រះបិតារបស់ព្រះអង្គយាងមកជាមួយពួកទេវទូតរបស់ព្រះអង្គ ព្រះអង្គនឹងប្រទានរង្វាន់ ឬដាក់ទោសម្នាក់ៗតាមអំពើដែលខ្លួនបានប្រព្រឹត្ត។
1,011 Views
Post Views:
1,008