អត្ថបទព្រះគម្ពីរ
ថ្ងៃអាទិត្យទី១៣ ខែកុម្ភៈ ឆ្នាំ២០២២
អាទិត្យទី០៦ រដូវធម្មតា

ពណ៌បៃតង

អត្ថបទទី១សូមថ្លែងព្រះគម្ពីរព្យាការីយេរេមី យរ ១៧,៥-៨

ព្រះអម្ចាស់មានព្រះបន្ទូលថា៖«ជនណាផ្ញើជីវិតលើមនុស្ស គឺទុកចិត្ដលើអ្វីៗដែលជាលោកីយ៍ ដោយបែរចិត្ដចេញពីព្រះអម្ចាស់ ជននោះមុខជាត្រូវវេទនាពុំខាន គេប្រៀប បាននឹងដើមឈើក្រិននៅតាមព្រៃល្បោះ គេពុំអាចជួបនឹងសុភមង្គលបានឡើយ។ គេរស់នៅតាមកន្លែងក្ដៅហួតហែង ក្នុងវាលរហោស្ថាន ជាដីដែលគ្មានអ្វីដុះ និងគ្មានមនុស្ស​​រស់នៅ។ រីឯអ្នកដែលផ្ញើជីវិតលើព្រះអម្ចាស់ និងយកព្រះអង្គធ្វើជាបង្អែក ពិតជាទទួលព្រះពរមិនខាន! អ្នកនោះប្រៀបបាននឹងដើមឈើដុះនៅក្បែរផ្លូវទឹក ដែលមានឫសចាក់ទៅរកទឹកហូរ វាមិនខ្លាចកម្ដៅ ហើយស្លឹករបស់វានៅខៀវខ្ចីជានិច្ច។ នៅពេលរាំងស្ងួត វាមិនព្រួយបារម្ភអ្វីទេ គឺវានៅតែបង្កើតផ្លែផ្កាដដែល។

ទំនុកតម្កើងលេខ ទំនុកតម្កើងលេខ ១,១-៤.៦ បទកាកគតិ

អ្នកមិនប្រព្រឹត្ដតាមមនុស្សទុច្ចរិតមិនស្ដាប់ទូន្មានហើយមិនចូលចិត្ដ
ដើរតាមស្នាមដានអ្នកនោះនឹងមានមង្គលពេកក្រៃ
តែតាមការពិតពួកគេចូលចិត្ដនឹងធម្មវិន័យរបស់ព្រះម្ចាស់
ទាំងយប់ទាំងថ្ងៃសញ្ជឹងរំពៃឥតមានភ្លេចភ្លឹក
អ្នកនោះប្រៀបបានដើមឈើល្អថ្កានដុះក្បែរផ្លូវទឹកមិនស្លោកស្រពោន
ឱ្យផលផ្លែស្លឹកចម្រើនសន្ធឹកតាមកាលរដូវ
រីមនុស្សអាក្រក់មានចិត្ដគម្រក់កេរិ៍្ដឈ្មោះអាស្រូវពួកគេប្រៀបបាន
អង្កាមដែលត្រូវខ្យល់ផាត់ប៉ើងទៅបាចសាចខ្ចាត់ខ្ចាយ
ដ្បិតព្រះអម្ចាស់ស្ដាប់ប្រាកដណាស់មាគ៌ាប្រណីតនៃមនុស្សល្អ
ស្មោះសរសុចរិតមាគ៌ាឧក្រិដ្ឋនាំខ្លួនអន្ដរាយ

អត្ថបទទី​២៖ សូមថ្លែងលិខិតទី ១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស ១ករ ១៥,១២.១៦-២០

បងប្អូនជាទីស្រឡាញ់!
ប្រសិនបើយើងប្រកាសថា ព្រះគ្រីស្ដទទួលព្រះជន្មថ្មីដ៏រុងរឿង ហេតុអ្វីបានជាមានអ្នកខ្លះក្នុងចំណោមបងប្អូន បែរជាពោលថា មនុស្សស្លាប់មិនទទួលជីវិតដ៏រុងរឿងដូច្នេះ? បើមនុស្សស្លាប់មិនទទួលជីវិតដ៏រុងរឿងទេ ព្រះគ្រីស្ដក៏មិនបានទទួលព្រះជន្មដ៏រុងរឿងដែរ ហើយបើព្រះគ្រីស្ដមិនបានទទួលព្រះជន្មដ៏រុងរឿងទេ ជំនឿរបស់បងប្អូនគ្មាន​ន័យអ្វីទាល់តែសោះ បងប្អូនក៏នៅតែជាប់បាបដដែល។ រីឯអស់អ្នកដែលស្លាប់រួមជាមួយព្រះគ្រីស្ដ ក៏ត្រូវវិនាសសាបសូន្យទាំងអស់គ្នាដែរ។ ប្រសិនបើយើងសង្ឃឹមទៅលើព្រះគ្រីស្ដសម្រាប់តែជីវិតនេះប៉ុណ្ណោះទេ យើងជាអ្នកវេទនាជាងគេបំផុត ក្នុងចំណោមមនុស្សទាំងអស់ហើយ!។

ប៉ុន្ដែ ព្រះគ្រីស្ដពិតជាបានទទួលព្រះជន្មថ្មីដ៏រុងរឿងមែន។ ក្នុងចំណោមមនុស្សស្លាប់ ព្រះអង្គទទួលព្រះជន្មថ្មីដ៏រុងរឿងមុនគេបង្អស់។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ៦,២៣

អលេលូយ៉ា! អាលេលូយ៉ា!
ចូរមានអំណរសប្បាយឡើង ដ្បិតអ្នករាល់​គ្នាទទួលរង្វាន់យ៉ាងធំនៅស្ថានបរមសុខ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៦,១៧.២០-២៦

ព្រះយេស៊ូយាងចុះពីលើភ្នំជាមួយសាវ័កទាំងដប់ពីរនាក់ ព្រះអង្គប្រថាប់នៅត្រង់កន្លែងមួយរាបស្មើ។ នៅទីនោះមានសាវ័កជាច្រើនអនេក និងមហាជនមកពីស្រុកយូដា ពីក្រុងយេរូសាឡឹម ពីក្រុងទីរ៉ូស និងក្រុងស៊ីដូននៅតាមមាត់សមុទ្រ មករង់ចាំព្រះអង្គយ៉ាងកកកុញ។ ព្រះយេស៊ូងើបព្រះភ័ក្ដ្រទតមើលសាវ័ករបស់ព្រះអង្គ ហើយមានព្រះបន្ទូលថា៖«អ្នករាល់គ្នាដែលជាជនក្រខ្សត់អើយ! អ្នកមានសុភមង្គល ដ្បិតអ្នករាល់គ្នាបានទទួលព្រះរាជ្យរបស់ព្រះជា​ម្ចាស់ហើយ។ អ្នករាល់គ្នាដែលកំពុងតែស្រេកឃ្លាន ឥឡូវនេះអើយ! អ្នកមានសុភមង្គលហើយ ដ្បិតអ្នករាល់គ្នានឹងបានឆ្អែត។ អ្នករាល់គ្នាដែលកំពុងតែយំសោកឥឡូវនេះអើយ! អ្នកមានសុភមង្គលហើយ ដ្បិតអ្នករាល់គ្នានឹង បានត្រេកអរ។ ប្រសិនបើមានគេស្អប់លែងរាប់រកអ្នករាល់គ្នា ប្រសិនបើគេត្មះតិះដៀល បង្ខូចឈ្មោះអ្នករាល់គ្នា ព្រោះតែបុត្រមនុស្ស អ្នករាល់គ្នាមានសុភមង្គលហើយ។ នៅគ្រានោះ ចូរមានអំណរសប្បាយឡើង ដ្បិតអ្នករាល់គ្នាទទួល​រង្វាន់យ៉ាងធំនៅស្ថានបរមសុខ។ កាលពីជំនាន់មុន បុព្វបុរសរបស់គេក៏បានប្រព្រឹត្ដចំពោះពួកព្យាការីដូច្នោះដែរ។

ចំណែកឯអ្នករាល់គ្នាដែលជាអ្នកមានអើយ! អ្នកពិតជាវេទនាមែន ព្រោះអ្នករាល់គ្នាបានទទួលការសម្រាលទុក្ខរួចស្រេចហើយ។ អ្នករាល់គ្នាដែលឆ្អែតឥឡូវនេះអើយ! អ្នក ពិតជាវេទនាមែន! ដ្បិតអ្នករាល់គ្នានឹងស្រេកឃ្លានជាពុំខាន។ អ្នករាល់គ្នាដែលកំពុងតែត្រេកអរឥឡូវនេះអើយ! អ្នកពិតជាវេទនាមែន! ព្រោះអ្នករាល់គ្នានឹងកាន់ទុក្ខ ហើយយំសោកជាពុំខាន។ អ្នករាល់គ្នាដែលមនុស្សទាំងអស់កោតសរសើរអើយ! អ្នកពិតជាវេទនាមែន ព្រោះបុព្វបុ​រស​របស់គេក៏បានប្រព្រឹត្ដចំពោះពួកព្យាការីក្លែងក្លាយដូច្នោះដែរ!»។

















586 Views

Theme: Overlay by Kaira