អត្ថបទព្រះគម្ពីរ
ថ្ងៃព្រហស្បតិ៍ ទី១៣ ខែ
មករា ឆ្នាំ២០២២
អាទិត្យទី០១ រដូវធម្មតា
ពណ៌បៃតង

ឬសន្តហ៊ីឡែរ ជាអភិបាល
និងជាគ្រូបាធ្យាយនៃព្រះសហគមន៍

លោកហ៊ីឡែរ (៣១៥-៣៦៧) កើតនៅក្រុងព័រជេ (ប្រទេសបារាំង)។ លោក​មាន​គ្រួសារ​ហើ​យ​ មានកូនស្រីមួយ។ លោកជឿលើព្រះយេស៊ូដោយអានគម្ពីរ រួចលោកទទួល​មុខងារជា​អភិបាល​ព្រះ​សហគមន៍ស្រុកកំណើត។ លោកប្រឆាំងនឹងលទ្ធិក្លែងក្លាយរបស់លោកអរីយូសអំពីព្រះគ្រីស្ត។ តែព្រះ​ចៅ​អធិរាជដែលគាំទ្រលោកអរីយូស និរទេសលោកទៅមជ្ឈិមបូព៌ា។ លោកជាទេវវិទូដ៏ប្រសើរ​នៅជំ​នា​ន់​​លោក។

សូមថ្លែងព្រះគម្ពីរព្យាការីសាមូអែល ១សម ៤,១-១១

ថ្ងៃមួយ ជនជាតិអ៊ីស្រាអែលចេញទៅច្បាំងតទល់នឹងជនជាតិភីលីស្ទីន។ ពួកគេ​​បោះទ័ពនៅជិតអេបេនអេស៊ែរ រីឯពួកភីលីស្ទីនបោះទ័ពនៅអាផេក។ ជនជាតិភីលីស្ទីន​បានតម្រៀបទ័ពប្រឈមមុខនឹងជនជាតិអ៊ីស្រាអែល ហើយការប្រយុទ្ធក៏ផ្ទុះឡើង។ ជនជាតិភីលីស្ទីនធ្វើឱ្យជនជាតិអ៊ីស្រាអែលបរាជ័យ ព្រមទាំងសម្លាប់ទាហានអ៊ីស្រាអែលនៅ​លើសមរភូមិអស់ប្រហែលបួនពាន់នាក់។ ប្រជាជនអ៊ីស្រាអែលបាក់ទ័ពវិលត្រ​ឡប់​មកស្រុកវិញ។ ពួកព្រឹទ្ធាចារ្យនៃជនជាតិអ៊ីស្រាអែលពោលថា៖«ហេតុអ្វីបានជាថ្ងៃនេះព្រះអម្ចាស់បណ្តោយឱ្យយើងចាញ់ពួកភីលីស្ទីនដូច្នេះ? ចូរយើងទៅស៊ីឡូ នាំហិបនៃ​សម្ព័ន្ធមេត្រីរបស់ព្រះអម្ចាស់ យកមកជាមួយពួកយើង ដើម្បីឱ្យហិបនេះជួយសង្គ្រោះពួកយើងឱ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ»។ គេក៏ចាត់មនុស្សឱ្យទៅស៊ីឡូ ហើយ​នាំយកហិបនៃសម្ព័ន្ធមេត្រីរបស់ព្រះអម្ចាស់នៃពីភពទាំងមូល ជាព្រះដែលគង់នៅលើពួក​​ខេរូប៊ីន។ កូនប្រុសទាំងពីររបស់លោកហេលី គឺហូបនី និងភីនេអាស បាននាំមកជាមួយ​ហិបនៃសម្ព័ន្ធមេត្រីរបស់ព្រះអម្ចាស់ដែរ។ ពេលគេនាំហិបនៃសម្ព័ន្ធមេត្រីរបស់ព្រះ​អម្ចាស់មកដល់ទីតាំងទ័ព ជនជាតិអ៊ីស្រាអែលទាំងមូលស្រែកជ័យឃោសយ៉ាងខ្លាំងរហូតដល់ធ្វើឱ្យខ្ទរផែនដី។ កាលពួកភីលីស្ទីនឮសម្រែកជ័យឃោសយ៉ាងខ្លាំងនេះ​គេពោលថា៖ «តើមានរឿងអ្វី បានជាពួកហេប្រឺស្រែកហ៊ោកញ្រ្ជៀវនៅក្នុងជំរុំខ្លាំង​ម្លេះ?»។ បន្ទាប់មក ទើបពួកនេះយល់ថា ហិបរបស់ព្រះអម្ចាស់បានមកដល់ជំរំហើយ ។ ពួកភីលីស្ទីនក៏ភិតភ័យ ហើយពោលថា៖ «ព្រះរបស់ពួកគេយាងមកដល់ជំរំរបស់គេហើយ។ យើងមុខជាត្រូវវេទនាពុំខាន ដ្បិតពីមុន មិនដែលមានហេតុ​ការណ៍​ដូច្នេះទេ។ យើងមុខជាត្រូវវេទនាពុំខាន! តើនរណានឹងរំដោះយើងឱ្យរួចពីកណ្តាប់ដៃព្រះដ៏ខ្លាំងពូកែនោះ? គឺព្រះនោះហើយ ដែលបានវាយជនជាតិអេស៊ីបឱ្យរងទុក្ខវេទនាគ្រប់បែបយ៉ាងនៅវាលរហោស្ថាន។ ភីលីស្ទីនអើយ! ចូរមានកម្លាំង និងមានចិត្ដ​អង់អាចឡើង ដើម្បីកុំឱ្យធ្លាក់ខ្លួនទៅជាទាសកររបស់ពួកហេប្រឺ ដូចពួកគេបានធ្វើជាទាសកររបស់យើងដែរ។ ចូរមានចិត្តអង់អាច ហើយប្រយុទ្ធនឹងពួកគេចុះ!។ ពួក​ភីលីស្ទីនក៏ចូលប្រយុទ្ធ ធ្វើឱ្យជនជាតិអ៊ីស្រាអែលចាញ់ បាក់ទ័ពរត់ទៅជំរុំរបស់គេ​រៀងៗខ្លួន ។ នៅ​ពេលនោះ អ៊ីស្រាអែលបរាជ័យយ៉ាងធ្ងន់ គឺកងពលថ្មើរជើងរបស់គេ​ស្លាប់អស់បីម៉ឺននាក់។ ហិបរបស់ព្រះជាម្ចាស់ត្រូវខ្មាំងដណ្តើមយកបាន ហើយកូនប្រុស​​ទាំងពីរបស់លោកហេលីក៏បាត់បង់ជីវិតដែរ។

ទំនុកតម្កើងលេខ ៤៤ (៤៣),១០-១១.១៤-១៥.២៤-២៥ បទកាកគតិ

១០.តែឥឡូវនេះព្រះអង្គបានលះចោលខ្ញុំសូន្យបង់មិនយាងជាមួយ
មិនជួយតម្រង់មិននាំទ័ពផងឱ្យខ្ញុំបាក់មុខ
១១.ព្រះអង្គធ្វើឱ្យខ្ញុំដកទ័ពថយនៅមិនបានសុខមុខបច្ចាសមិត្ត
ដែលបានសម្រុកប្រមូលទ្រព្យទុកធ្វើជាជយភណ្ឌ
១៤.ព្រះអង្គបណ្តោយប្រទេសមុខក្រោយជិតខាងជុំវិញមើលងាយយើងខ្ញុំ
ចំអកជ្រក់ជ្រេញខ្ញុំសែនទោម្នេញដោយក្តីអាម៉ាស់
១៥.ព្រះអង្គធ្វើឱ្យប្រជាជិតឆ្ងាយយករឿងខ្ញុំនេះជាល្បែងលេងសើច
ចំអកដៀលត្មះឱ្យពួកទាំងនេះមើលងាយយើងខ្ញុំ
២៤.ឱព្រះម្ចាស់អើយកុំបង្អង់ឡើយសូមប្រែកាយាម្តេចក៏ព្រះអង្គ
ផ្ទំលក់ច្នេះណាកុំដាច់មេត្តាខ្ញុំរហូតឡើយ
២៥.ហេតុអ្វីព្រះអង្គបែរភ័ក្រ្តចេញវឹងគ្មានស្រណោះស្តាយធ្វើដូចមិនស្គាល់
បំភ្លេចព្រងើយខ្ញុំវេទនាហើយត្រូវគេជិះជាន់

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ៤,២៣

អលេលូយ៉ា! អាលេលូយ៉ា!
ព្រះយេស៊ូប្រកាសដំណឹងល្ អហើយប្រោសប្រជា​រាស្រ្តរបស់ព្រះអង្គ ឱ្យបានជាសះស្បើយពីជំងឺរោគាគ្រប់យ៉ាង។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ១,៤០-៤៥

មានមនុស្សឃ្លង់ម្នាក់ចូលមករកព្រះយេស៊ូ គាត់លុតជង្គង់ទូលអង្វរព្រះអង្គថា៖ «ប្រសិនបើលោកមានបំណង លោកអាចប្រោសខ្ញុំប្របាទឱ្យបានជាស្អាតបរិសុទ្ធផង»។ ព្រះយេស៊ូមានព្រះហប្ញទ័យអាណិតអាសូរគាត់ពន់ពេកណាស់ ព្រះអង្គក៏លូកព្រះហស្ត​ទៅពាល់គាត់ ទាំងមានព្រះបន្ទូលថា៖«ខ្ញុំចង់! ចូរឱ្យអ្នកបានជាស្អាតបរិសុទ្ធចុះ!»។ មនុស្សឃ្លង់ក៏បានជាស្អាតបរិសុទ្ធភ្លាម។ បន្ទាប់មក ព្រះយេស៊ូដេញគាត់ឱ្យចេញ​ទៅភ្លាម ទាំងមានព្រះបន្ទូលយ៉ាងតឹងរ៉ឹងថា៖ «ចូរប្រយ័ត្នឱ្យមែនទែន! កុំនិយាយហេតុ​ការណ៍នេះប្រាប់នរណាឱ្យដឹងឮឡើយ ផ្ទុយទៅវិញ ត្រូវទៅបង្ហាញខ្លួនឱ្យលោក​បូជាចារ្យឃើញ ហើយថ្វាយតង្វាយដូចដែលលោកម៉ូសេបានបង្គាប់ទុក ដើម្បីជា​សក្ខីភាពបញ្ជាក់ថា អ្នកបានជាស្អាតបរិសុទ្ធហើយ»។ ប៉ុន្តែ បុរសនោះចេញទៅប្រកាស និងផ្សព្វផ្សាយរឿងនេះនៅគ្រប់កន្លែងឱ្យគេដឹង។ ហេតុនេះយើងបានជាព្រះយេស៊ូមិនអាច​យាងចូលទីក្រុងដូចពីមុនបានទៀតឡើយ គឺព្រះអង្គគង់នៅតែខាងក្រៅទីក្រុង ត្រង់កន្លែងស្ងាត់ៗ ហើយមានមនុស្សពីគ្រប់ទិសទីនាំគ្នាមកគាល់ព្រះអង្គ ។

332 Views

Theme: Overlay by Kaira