សន្តយ៉ូសាផាត ជាអភិបាល
ព្រះសហគមន៍ និងជាមរណសាក្សី
លោកយ៉ូហាន គុនសេវិស (ប្រ.១៥៨០-១៦២៣) ជាគ្រីស្តបរិស័ទអ័រទូដុសម្នាក់។ លោកចូលព្រះសហគមន៍កាតូលិក ហើយបួសនៅក្រុងវិលណា រួចលោកបង្កើតអារាមជាច្រើនដែលត្រឡប់ទៅជាកន្លែងដែលគ្រីស្តបរិស័ទអ័រទូដុស និងកាតូលិកមានទំនាក់ទំនងជាមួយគ្នា។ បន្ទាប់មក លោកទទួលមុខងារជាអភិបាលព្រះសហគមន៍ក្រុងប៉ូឡូញ។ ដោយលោកខិតខំយកចិត្តទុកដាក់បង្រួមគ្រីស្តបរិស័ទដែលបែកបាក់គ្នា មានគេស្អប់លោកជាខ្លាំងរហូតដល់ប្រហារជីវិតលោក។
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះជាម្ចាស់! ព្រះអង្គប្រោសប្រទានឱ្យសន្តយ៉ូសាផាតមានចិត្តស្រឡាញ់ រហូតល់ប្តូរជិវិតសម្រាប់ប្រជារាស្ត្រព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសប្រទានព្រះវិញ្ញាណនៃសេចក្តីស្រឡាញ់ឱ្យយើងខ្ញុំផង! សូមប្រោសយើងខ្ញុំឱ្យហ៊ានប្រថុយជីវិតសម្រាប់បងប្អូន ដូចសន្តយ៉ូសាផាតដែរ។
សូមថ្លែងលិខិតផ្ញើជូនគ្រីស្ដបរិស័ទជាតិហេប្រឺ ហប ១០,៣២-៣៦
សូមនឹកចាំពីគ្រាដំបូងដែលបងប្អូនទើបនឹងទទួលពន្លឺពីព្រះជាម្ចាស់ថ្មីៗ។ ពេលនោះ បងប្អូនបានតស៊ូយ៉ាងខ្លាំង ហើយបងប្អូនក៏បានរងទុក្ខលំបាកជាច្រើន ពេលខ្លះ បងប្អូនត្រូវគេប្រមាថមើលងាយ ធ្វើបាបនៅមុខប្រជុំជន និងពេលខ្លះទៀត បងប្អូនរួមទុក្ខជាមួយអ្នកដែលត្រូវគេធ្វើបាបដែរ។ បងប្អូនបានរួមទុក្ខជាមួយអស់អ្នកដែលជាប់ឃុំឃាំង បងប្អូនសុខចិត្តឱ្យគេរឹបអូសយកទ្រព្យសម្បត្តិរបស់បងប្អូនដោយរីករាយ ដ្បិតបងប្អូនដឹងថា បងប្អូនមានសម្បត្តិសួគ៌ដែលប្រសើរជាង ហើយនៅស្ថិតស្ថេររហូត។ ហេតុនេះ សូមបងប្អូនកុំលះបង់ចិត្តរឹងប៉ឹងដែលនឹងធ្វើឱ្យបងប្អូនទទួលរង្វាន់យ៉ាងធំនោះឡើយ គឺត្រូវមានចិត្តស៊ូទ្រាំ ដើម្បីធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងទទួលផលតាមព្រះបន្ទូលសន្យា
ទំនុកតម្កើងលេខ ១,១-៦ បទកាកគតិ
| ១ | អ្នកមិនប្រព្រឹត្ត | តាមមនុស្សទុច្ចរិត | មិនស្តាប់ទូន្មាន |
| ហើយមិនចូលចិត្ត | ដើរតាមស្នាមដាន | អ្នកនោះនឹងមាន |
| | មង្គលពេកក្រៃ | ។ |
| ២ | តែតាមការពិត | ពួកគេចូលចិត្ត | នឹងធម្មវិន័យ |
| របស់ព្រះម្ចាស់ | ទាំងយប់ទាំងថ្ងៃ | សញ្ជឹងរំពៃ |
| | ឥតមានភ្លេចភ្លឹក | ។ |
| ៣ | អ្នកនោះប្រៀបបាន | ដើមឈើល្អថ្កាន | ដុះក្បែរផ្លូវទឹក |
| មិនស្លោកស្រពោន | ឱ្យផលផ្លែស្លឹក | ចម្រើនសន្ធឹក |
| | តាមកាលរដូវ | ។ |
| ៤ | រីមនុស្សអាក្រក់ | មានចិត្តគម្រក់ | កេរ្តិ៍ឈ្មោះអាស្រូវ |
| ពួកគេប្រៀបបាន | អង្កាមដែលត្រូវ | ខ្យល់ផាត់ប៉ើងទៅ |
| | បាចសាចខ្ចាត់ខ្ចាយ | ។ |
| ៥ | ថ្ងៃព្រះអម្ចាស់ | វិនិច្ឆ័យទោស | ជនពាលទាំងឡាយ |
| ព្រមទាំងមនុស្សបាប | មិនស្ថិតស្ថេរឡើយ | ត្រូវតែឃ្លាតឆ្ងាយ |
| | ពីអ្នកសុចរិត | ។ |
| ៦ | ដ្បិតព្រះអម្ចាស់ | ស្គាល់ប្រាកដណាស់ | មាគ៌ាប្រណីត |
| នៃមនុស្សល្អ | ស្មោះសរសុចរិត | មាគ៌ាឧក្រិដ្ឋ |
| | នាំខ្លួនអន្តរាយ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន ១១, ៤៥-៥២
ជនជាតិយូដាជាច្រើននាក់ដែលមកផ្ទះនាងម៉ារី បានឃើញព្រះយេស៊ូធ្វើកិច្ចការទាំងនោះ ក៏ជឿលើព្រះអង្គ។ ប៉ុន្តែ មានគ្នាគេខ្លះទៅជួបពួកខាងគណៈផារីស៊ីរៀបរាប់នូវកិច្ចការដែលព្រះយេស៊ូបានធ្វើ។ ពេលនោះ ពួកនាយកបូជាចារ្យ និងពួកខាងគណៈផារីស៊ីបានកោះហៅក្រុមប្រឹក្សាជាន់ខ្ពស់មកប្រជុំ ហើយពោលថា៖«អ្នកនោះបានធ្វើទីសម្គាល់ជាច្រើន តើយើងគិតធ្វើដូចម្ដេច?។ ប្រសិនបើយើងបណ្ដោយឱ្យគាត់ធ្វើដូច្នេះតទៅទៀត ប្រជាជនមុខតែជឿទៅលើគាត់ទាំងអស់គ្នា ហើយជនជាតិរ៉ូម៉ាំងនឹងមកបំផ្លាញព្រះវិហារ និងបំបាត់ជាតិសាសន៍របស់យើងជាមិនខាន»។ នៅក្នុងចំណោមពួកគេ មានលោកម្នាក់ឈ្មោះ កៃផាស ដែលជាមហាបូជាចារ្យនៅឆ្នាំនោះ លោកមានប្រសាសន៍ទៅគេថា៖«អស់លោកពុំយល់អ្វីសោះ! តើអស់លោកគិតមិនឃើញទេឬថា បើមនុស្សតែម្នាក់ស្លាប់ ជាប្រយោជន៍ដល់ប្រជារាស្ដ្រនោះ ប្រសើរជាងទុកឱ្យជាតិទាំងមូលត្រូវវិនាស!»។ លោកមានប្រសាសន៍ដូច្នេះ មិនមែនផុសចេញពីគំនិតខ្លួនឯងផ្ទាល់ឡើយ គឺក្នុងឋានៈជាមហាបូជាចារ្យនៅឆ្នាំនោះ លោកបានទាយថា ព្រះយេស៊ូត្រូវសោយទិវង្គត ដើម្បីជាប្រយោជន៍ដល់សាសន៍យូដា មិនគ្រាន់តែជាប្រយោជន៍ដល់សាសន៍នេះប៉ុណ្ណោះទេ គឺដើម្បីឱ្យកូនចៅរបស់ព្រះជាម្ចាស់ដែលបែកខ្ញែកគ្នា មករួបរួមជាប្រជាជនតែមួយ។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះជាម្ចាស់ប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! សូមព្រះអង្គទ្រង់ព្រះមេត្តាប្រទានពរដល់យើងខ្ញុំដែលថ្វាយតង្វាយទាំងនេះ។ សូមប្រោសពង្រឹងជំនឿរបស់យើងខ្ញុំឱ្យបានដូចសន្តយ៉ូសាផាត ដែលថែរក្សាការពារជំនឿនេះរហូតដល់បូជាជីវិតដែរ។
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់! ព្រះអង្គបានប្រទានព្រះកាយព្រះគ្រីស្តឱ្យយើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាប្រទានព្រះវិញ្ញាណឱ្យយាងមកពង្រឹងទឹកចិត្តរបស់យើងខ្ញុំឱ្យមានចិត្តក្លាហាន សុខចិត្តបូជាជីវិតដើម្បីបង្រួបបបង្រួមព្រះសហគមន៍ជាធ្លុងតែមួយផង។
713 Views
Post Views:
740