អត្ថបទព្រះគម្ពីរ
ថ្ងៃសុក្រ ទី១១ ខែ
កុម្ភៈ ឆ្នាំ២០២២
អាទិត្យទី០៥ រដូវធម្មតា
ពណ៌បៃតង
ថ្ងៃធម្មតា

ឬព្រះនាងម៉ារីនៅ លួរដ៍

នៅឆ្នាំ១៨៥៨ ព្រះនាងម៉ារីបង្ហាញខ្លួនឱ្យនាងប៊ែរណាដែត ស៊ូប៊ីរូស ឃើញនៅក្រុងលួរដ៏ (ប្រ​ទេសបារាំង)។ តាំងពីឆ្នាំនោះមក មានមនុស្សជាច្រើនទៅធ្វើបូជនីយេសចរនៅ​លួរដ៏។

សូមថ្លែងព្រះគម្ពីរពង្សាវតាក្សត្រភាគទី ១ ១ពង្ស ១១,២៩-៣២, ១២,១៩

លោកយេរ៉ូបោម ជាមន្រ្តីត្រួតក្រសួងសាធារណការ នៅក្នុងរជ្ជកាលព្រះបាទ​សាឡូម៉ូន។ ថ្ងៃមួយ លោកយេរ៉ូបោមបានចាកចេញពីក្រុងយេរូសាឡឹម។ នៅតាមផ្លូវ​​ព្យាការី​អហ៊ីយ៉ា ជាអ្នកភូមិស៊ីឡូ មកជួបលោកទាំងពាក់អាវធំមួយថ្មីផង។ លោកទាំងពីរស្ថិតនៅទីវាលដាច់ឆ្ងាយពីគេ។ លោកអហ៊ីយ៉ាដោះអាវធំថ្មីនោះ មកហែក​ជាដប់ពីរចម្រៀក។ បន្ទាប់មក លោកមានប្រសាសន៍ទៅកាន់លោកយេរ៉ូបោមថា៖ «សូមយកដប់ចម្រៀកនេះទៅ ដ្បិតព្រះអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែល​មានព្រះបន្ទូថា “យើងនឹងដកហូតអាណាចក្រពីសាឡូម៉ូនប្រគល់ឱ្យអ្នក យើងនឹង​ឱ្យអ្នកគ្រប់គ្រងលើកុលសម្ពន្ធដប់។ យើងទុកកុលសម្ពន្ធតែមួយឱ្យសាឡូម៉ូន ដោយយល់ដល់ដាវីឌជាអ្នកបម្រើរបស់យើង និងដល់ក្រុងយេរូសាឡឹម ដែលយើងបានជ្រើសរើសពីក្នុងចំណោមទឹកដីនៃកុលសម្ពន្ធទាំងប៉ុន្មានរបស់ជនជាតិអ៊ីស្រាអែល»។ គឺយ៉ាងនេះហើយដែលប្រជាជនអ៊ីស្រាអែលបះបោរ ប្រឆាំងនឹងរាជវង្សព្រះបាទដាវីឌរហូត​ដល់សព្វថ្ងៃ។

ទំនុកតម្កើងលេខ ៨១ (៨០),១០-១៥ បទកាកគតិ

១០ក្នុងចំណោមអ្នកកុំទៅស្មោះស្ម័គ្រនឹងព្រះដទៃកុំទៅគោរព
កោតខ្លាចធ្វើអ្វីព្រោះព្រះដទៃជាព្រះក្លែងក្លាយ
១១យើងជាព្រះម្ចាស់មិនមែនជាព្រះក្លែងក្លាយនោះឡើយយើងបានយកអ្នក
ពីអេស៊ីបហើយកុំនៅកន្តើយទទួលពរយើង
១២តែរាស្រ្តមិនស្តាប់ពាក្យយើងបង្គាប់គេធ្វើប្ញកឆ្មើងទោះអ៊ីស្រាអែល
ក៏លែងស្គាល់យើងធ្វើតាមទំនើងអំពើអាក្រក់
១៣ហេតុដូច្នេះហើយទើបយើងបណ្តោយឱ្យពួកគេធ្លាក់យើងឱ្យគេធ្វើ
តាមចិត្តគម្រក់ប្រព្រឹត្តអាក្រក់តាមទំនើងចិត្ត
១៤តែបើប្រជារាស្រ្តទាំងអស់គ្នាគេប្តូរគំនិតស្តាប់សំឡេងយើង
ហើយគេប្រព្រឹត្តតាមមាគ៌ាពិតរបស់យើងនោះ
១៥នោះយើងមុខជាបង្ក្រាបបច្ចាជាខ្មាំងទាំងអស់ហើយយើងសម្លាប់
មិនឱ្យសល់សោះសត្រូវទាំងអស់តែមួយរំពេច

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ៥១,១៧

អលេលូយ៉ា! អាលេលូយ៉ា!
ឱព្រះអម្ចាស់អើយ! សូមជួយខ្ញុំឱ្យបន្លឺ​សំឡេង ពោលពាក្យសរសើរតម្កើងព្រះអង្គផង!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៧,៣១-៣៧

ព្រះយេស៊ូយាងចេញពីតំបន់ក្រុងទីរ៉ូស កាត់តាមតំបន់ក្រុងស៊ីដូន និងតំបន់ស្រុកដេកា​​ប៉ូល ឆ្ពោះទៅសមុទ្រកាលីឡេវិញ។ គេនាំបុរសថ្លង់ម្នាក់មកគាល់ព្រះអង្គ។ ម្យ៉ាងទៀតបុរសនោះពុំអាចនិយាយបានស្រួលដូចធម្មតាផង។ គេទូលអង្វរសូមឱ្យព្រះអង្គដាក់ព្រះហស្តលើគាត់។ ព្រះអង្គនាំគាត់ចេញទៅដោយឡែកដាច់ពីបណ្តាជន ទ្រង់ដាក់ព្រះអង្គុលីក្នុងត្រចៀកគាត់ ហើយស្តោះទឹកព្រះឱស្ឋយកទៅផ្តិតលើអណ្តាតគាត់ រួចព្រះអង្គងើបព្រះភក្រ្តឡើងទតទៅលើមេឃ ដកដង្ហើមធំ ហើយមានព្រះបន្ទូលថា៖ «អេផាថា» (ពាក្យនេះប្រែថា៖“ចូរបើកឡើង”)។ រំពេចនោះ ស្រាប់តែត្រចៀករបស់បុរសនោះអាចស្តាប់ឮបាន អណ្តាតរបស់គាត់ក៏គ្រលាស់បាន ហើយគាត់ក៏និយាយស្តីបានច្បាស់លាស់។ ព្រះយេស៊ូហាមប្រាមពួកគេ មិនឱ្យនិយាយហេតុការណ៍នេះប្រាប់នរណាសោះឡើយ។ ប៉ុន្តែ ទោះបីព្រះអង្គហាមប្រាមយ៉ាងណាក៏ដោយ ក៏គេរឹតតែ​ប្រកាសខ្លាំងឡើងៗ។ មនុស្សម្នាងឿវឆ្ងល់ពន់ពេកណាស់ ហើយពោលថា៖ «គ្រប់​កិច្ចការដែលលោកធ្វើ សុទ្ធតែល្អទាំងអស់ សូម្បីតែមនុស្សថ្លង់ក៏លោកធ្វើឱ្យឮបាន មនុស្សគក៏លោកធ្វើឱ្យនិយាយបានដែរ»។





















607 Views

Theme: Overlay by Kaira