អត្ថបទព្រះគម្ពីរ
ថ្ងៃអង្គារ ទី១១ ខែ
មករា ឆ្នាំ ២០២២
អាទិត្យទី០១ រដូវធម្មតា
ពណ៌បៃតង

សូមថ្លែងព្រះគម្ពីរព្យាការីសាមូអែល ១សម ១,៩-២០

មានមួយថ្ងៃ ក្រោយថ្វាយសក្ការបូជារួចហើយ នាងហាណ្ណាក្រោកឡើង ចូលទៅព្រះវិហារនៅស៊ីឡូ។ ពេលនោះ លោកបូជាចារ្យហេលីអង្គុយនៅមាត់ទ្វារព្រះវិហារនៃ ព្រះអម្ចាស់។ នាងតូចចិត្តជាខ្លាំង ហើយអង្វរព្រះអម្ចាស់ទាំងយំហូរទឹកភ្នែករហាម។ នាងទូលអង្វរព្រះអង្គដោយសច្ចាថា៖ «ឱ!ព្រះអម្ចាស់នៃពិភពទាំងមូលអើយ! សូម ទតមកខ្ញុំម្ចាស់ដែលកំពុងតែមានទុក្ខព្រួយ សូមនឹកដល់ខ្ញុំម្ចាស់ កុំបំភ្លេចខ្ញុំម្ចាស់ឡើយ។ ប្រសិនបើព្រះអង្គប្រោសប្រទានឱ្យខ្ញុំម្ចាស់មានកូនប្រុសមួយ ខ្ញុំម្ចាស់នឹងយកកូននោះ​មកថ្វាយព្រះអង្គ ដើម្បីឱ្យនៅបម្រើព្រះអង្គអស់មួយជីវិត ហើយខ្ញុំម្ចាស់នឹងមិនកោរ ឬ​កាត់សក់ឱ្យវាឡើយ» ។

នាងហាណ្ណាអធិដ្ឋានយ៉ាងយូរនៅចំពោះព្រះអម្ចាស់។ ពេលនោះលោកហេលីក៏​សង្កេតមើលមាត់របស់នាង។ នាងអធិដ្ឋានស្ងាត់ៗ ឃើញតែបបូរមាត់កម្រើកតិចៗ​ឥតមានឮសូរសំឡេងទេ។ ដូច្នេះលោកហេលីនឹកស្មានថា នាងស្រវឹងស្រា។ លោកក៏​ពោលទៅនាងថា៖«តើនាងនៅស្រវឹងដល់អង្កាល់ទៀត? ល្មមស្វាងហើយ!»។ នាង​​ហាណ្ណាឆ្លើយ​តបថា ៖«ទេ! លោកម្ចាស់! នាងខ្ញុំជាស្ត្រីមានទុក្ខ នាងខ្ញុំពុំបានទទួលទាន​​ស្រា ឬគ្រឿងស្រវឹងណាទេ។ ខ្ញុំនៅទីនេះ ដើម្បីទូលព្រះអម្ចាស់ពីទុក្ខព្រួយរបស់នាង​ខ្ញុំ។ សូមកុំចាត់ទុកនាងខ្ញុំថា ជាស្ត្រីអាក្រក់ឡើយ នាងខ្ញុំទូលថ្វាយព្រះអង្គយ៉ាង​យូរដូច្នេះ ព្រោះនាងខ្ញុំឈឺចាប់និងមានទុក្ខកង្វល់ហួសប្រមាណ»។ លោកហេលីមាន​ប្រសាសន៍ទៅកាន់នាងថា៖ «សុំអញ្ជើញទៅឱ្យបានសុខសាន្ត សូមព្រះនៃជនជាតិ​​អ៊ីស្រាអែលប្រោសប្រទានឱ្យនាងបានសម្រេចតាមពាក្យរបស់នាងចុះ!»។ នាងហាណ្ណា​​ឆ្លើយ​ថា៖«សូមឱ្យនាងខ្ញុំបានទទួលសេចក្តីមេត្តាករុណាពីលោកម្ចាស់ផង!»។ បន្ទា​ប់​មក នាងក៏ចេញទៅ ហើយបរិភោគម្ហូបអាហារ ព្រមទាំងមានទឹកមុខស្រស់បស់​ឡើងវិញ ។

លោកអែលកាណា និងគ្រួសារគាត់បានក្រោកពីព្រលឹមថ្វាយបង្គំព្រះអម្ចាស់ រួច​នាំគ្នាត្រឡប់ទៅផ្ទះរបស់គេនៅឯរ៉ាម៉ាវិញ។ លោកអែលកាណារួមរស់ជាមួយនាង​ហាណ្ណា​ជាប្រពន្ធ ហើយព្រះអម្ចាស់ក៏នឹកឃើញនាង។ នៅឆ្នាំនោះ នាងហាណ្ណាមានផ្ទៃ​ ហើយ​សម្រាលបានកូនប្រុសមួយ ដែលនាងដាក់ឈ្នោះថា «សាមូអែល» ឈ្មោះនេះ​មាន ន័យថា “ព្រះជាម្ចាស់ប្រោសប្រទានតាមពាក្យសុំ” ដ្បិតនាងពោលថា៖ «ខ្ញុំបានទូល​​​សុំកូននេះពីព្រះអម្ចាស់»។

ទំនុកតម្កើងរបស់នាងហាណ្ណា ១ សម ២,១.៤-៨ បទកាកគតិ

១.ព្រះជាម្ចាស់ប្រទានចិត្តខ្ញុំអោយមានអំណរសប្បាយព្រោះព្រះអង្គលើក
ខ្ញុំខ្ពស់ពេកក្រៃខ្ញុំអាចនិយាយតទល់ពួកខ្មាំង​
៤.អ្នកខ្លាំងពូកែព្រះអង្គបំបែរបំបាក់ទាំងអស់បំផ្លាញទាំងធ្នូ
តែទ្រង់សន្តោសប្រទានដល់មនុស្សកម្លាំងទន់ខ្សោយ
៥.ពួកអ្នកដែលមានអាហារគ្រប់គ្រាន់ឥឡូវគេធ្លោយធ្លាក់ខ្លួនទេទនា
ខ្វះខាតមុខក្រោយគ្មានអ្វីនឹងឱ្យចំអែតក្រពះ
ឯអ្នកធ្លាប់ឃ្លានបែរទោជាមានអាហារមិនខ្វះគេបរិភោគឆ្អែត
បរិបូណ៍ពេញពាសមានច្រើនដេរដាសលែងមុខស្រពោន
មិនតែប៉ុណ្ណោះព្រះអង្គសន្តោសស្រីអារគ្មានកូនមិនឱ្យដាច់ពូជ
វិនាសសាបសូន្យអាចសំរាលកូនបានប្រាំពីរដង
៦.ជីវិតមនុស្សត្រូវស្លាប់រស់ស្រេចលើព្រះអង្គគេត្រូវធ្លាក់ទៅ
ស្ថានមនុស្សស្លាប់ផងឬក៏បានឡើងលើទ្រង់ចាត់ចែង
៧.មនុស្សយើងមានក្រអាក្រក់ឬល្អមិនមែនខ្លួន​ឯងព្រះម្ចាស់បន្ទាប
ឬក៏លើកឡើងព្រះអង្គចាត់ចែងតាមព្រះហប្ញទ័យ
៨.ទ្រង់លើមនុស្សទុគ៌តស្រីប្រុសពីធូលីដីដកអ្នកកំសត់
វេទនាក្រក្រីនោះគឺដើម្បីឱ្យស្មើអ្នកធំ
ឱ្យបានគ្រងរាជ្យពេញដោយអំណាចរុងរឿងឧត្តមដ្បិតព្រះអម្ចាស់
តាំងគ្រឹះរឹងមាំផែនដីដ៏ធំមិនរលំឡើយ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១ថល ២,១៣

អលេលូយ៉ា! អាលេលូយ៉ា!
យើងនាំគ្នាទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយមិនចាត់ទុកជាពាក្យសម្តីរបស់មនុស្សទេ គឺទុកជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ផ្ទាល់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ១,២១-២៨

ព្រះយេស៊ូយាងចូលក្រុងកាផានុមជាមួយក្រុមសាវ័ក។ នៅថ្ងៃសប្ប័ទព្រះយេស៊ូ​យាងចូលក្នុងធម្មសាលា ហើយព្រះអង្គបង្រៀនអ្នកស្រុក។ អ្នកដែលបានស្តាប់ព្រះអង្គ​ងឿង​ឆ្ងល់យ៉ាងខ្លាំង អំពីបែបបទដែលព្រះអង្គបង្រៀន ព្រោះព្រះអង្គមានព្រះបន្ទូលប្រកបដោយអំណាច ខុសប្លែកពីពួកធម្មាចារ្យ។ នៅពេលនោះ ក្នុងធម្មាសាលាមាន​បុរស ម្នាក់ខ្មោចចូល ស្រែកឡើងថា៖«ព្រះយេស៊ូជាអ្នកភូមិណាសារ៉ែតអើយ! តើ​ព្រះអង្គចង់ធ្វើអ្វីដល់យើង? ព្រះអង្គមកបំផ្លាញយើង!? ខ្ញុំស្គាល់ព្រះអង្គហើយ ព្រះអង្គជាព្រះដ៏វិសុទ្ធ ដែលមកពីព្រះជាម្ចាស់!»។ ព្រះយេស៊ូមានព្រះបន្ទូលគំរាមខ្មោចនោះថា៖ «ស្ងៀម! ចេញពីអ្នកនេះភ្លាម!»។ ខ្មោចក៏ធ្វើឱ្យអ្នកនោះដួលប្រកាច់ប្រកិន ហើយ​វាចេញ​ទៅទាំងស្រែកយ៉ាងខ្លាំងផង។ មនុស្សទាំងអស់ភ័យស្រឡាំងកាំង គេនិយាយគ្នាទៅវិញទៅមកថា៖«ម្តេចក៏អស្ចារ្យម៉្លេះ! លោកបង្រៀនតាមរបៀបថ្មីប្រកប​ដោយអំណាច​។ លោកបញ្ជាទៅខ្មោច ហើយខ្មោចក៏ស្តាប់បង្កាប់លោក»។ ព្រះកិត្តិនាមរបស់ព្រះយេស៊ូល្បីខ្ចរខ្ចាយពាសពេញតំបន់ស្រុកកាលីឡេ។

185 Views

Theme: Overlay by Kaira