សន្តឡេអូ ជាជនដ៏ប្រសើរឧត្តមជាសម្តេចប៉ាប
និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
លោកឡេអូ (ប្រ. ៣៩៥-៤៦១) ទទួលមុខងារធ្វើជាអភិបាលក្រុងរ៉ូមនៅ គ.ស ៤៤០។ លោកពូកែពន្យល់គម្ពីរយ៉ាងច្បាស់ ជាពិសេសលោកបញ្ជាក់លទ្ធិគ្រីស្តសាសនាអំពីឋានៈរបស់ព្រះយេស៊ូដែលពិតជាមនុស្សផង និងពិតជាព្រះជាម្ចាស់ផង។ អស់លោកអភិបាលដែលជួបជុំគ្នាជាមហាសន្និបាទក្រុងកាលសេដូននៅឆ្នាំ ៤៥១ ទទួលស្គាល់សេចក្តីដែលលោកតែងបង្រៀននោះ ទុកជំនឿរបស់ព្រះសហគមន៍។ លោកចាត់ចែងក្បួនពិធីជាច្រើនសម្រាប់ព្រះសហគមន៍អនុវត្ត។ លោកក៏មានចិត្ដក្លាហានធ្វើអន្តរាគមន៍ការពារក្រុងរ៉ូម ឱ្យរួចពីខ្មាំងដែលបម្រុងវាយសម្រុកក្រុងនោះ។ ឈ្មោះ “ឡេអូ” ប្រែថា “តោ”។
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គមិនបណ្តោយឱ្យអំណាចរបស់មារឈ្នះព្រះសហគមន៍ឡើយ។ ព្រះអង្គក៏បានសាងព្រះសហគមន៍លើក្រុមគ្រីស្តទូត ដែលជាគ្រឹះដ៏មាំមួនមិនរង្គើ។ សូមទ្រង់ព្រះមេត្តាទទួលពាក្យអង្វររបស់សន្តឡេអូ សូមប្រោសប្រទានឱ្យព្រះសហគមន៍កាន់ជាប់តាមសេចក្តីពិតជានិច្ច និងរស់នៅដោយសុខសាន្តផង។
សូមថ្លែងព្រះគម្ពីរលោកបេនស៊ីរ៉ាក់ បសរ ៣៩,៦-១០
ប្រសិនបើព្រះអម្ចាស់ដ៏ឧត្តុងឧត្តមសព្វព្រះហប្ញទ័យ គាត់នឹងពោរពេញដោយប្រាជ្ញាឈ្លាសវៃ។ គាត់ពោលសុទ្ធតែពាក្យប្រកបដោយប្រាជ្ញា ហើយក្នុងពេលអធិដ្ឋាន គាត់នឹងសរសើរតម្កើងព្រះអម្ចាស់ដែរ។ ព្រះអង្គបំភ្លឺការវិនិច្ឆ័យ និងចំណេះដឹងរបស់គាត់ឱ្យបានត្រឹមត្រូវ។ គាត់នឹងរិះគិតអំពីការអាថ៌កំបាំងព្រះជាម្ចាស់។ គាត់នឹងបង្ហាញការយល់ដឹងដែលគាត់បានទទួល ហើយគាត់នឹងខ្ពស់មុខដោយសារវិន័យនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់។ មនុស្សជាច្រើនសរសើរលើកតម្កើងប្រាជ្ញារបស់គាត់ ហើយមិនបំភ្លេចចោលគាត់ទ្បើយ។ គេចងចាំគាត់ជាដរាប កេរ្ដិ៍ឈ្មោះរបស់គាត់ស្ថិតនៅគ្រប់តំណតរៀងទៅ។ ប្រជាជាតិទាំងឡាយនឹងរៀបរាប់ពីប្រាជ្ញារបស់គាត់ ហើយសហគមន៍នឹងសរសើរតម្កើងគាត់ដែរ។
ទំនុកតម្កើងលេខ ៣៧ (៣៦),៣-៦.៣០-៣១ បទព្រហ្មគីតិ
| ៣ | ចូរធ្វើអំពើល្អ | ចិត្តស្មោះសរផ្ញើជីវិត | |
| លើព្រះដ៏សក្តិសិទ្ធ | នោះអ្នកពិតជាសុខសាន្ត | ។ |
| ៤ | ចូរស្វែងរកមង្គល | កុំបីខ្វល់ឬខកខាន | |
| ព្រះអង្គនឹងប្រទាន | ឱ្យអ្នកមានតាមបំណង | ។ |
| ៥ | ចូរផ្ញើព្រេងវាសនា | ក្នុងហត្ថាព្រះអង្គផង | |
| ព្រះអង្គនឹងគ្រប់គ្រង | ឥតមានហ្មងតាមសន្យា | ។ |
| ៦ | ព្រះអង្គនឹងបង្ហាញ | ឱ្យគេឃើញយ៉ាងច្បាស់ថា | |
| អ្នកសុចរិតថ្លៃថ្លា | ដូចសុរិយាពេញរស្មី | ។ |
| ៣០ | មនុស្សសុចរិត | គេចូលចិត្តត្រង់ត្រឹមត្រូវ | |
| ពោលពាក្យមិនអាស្រូវ | ឥតហ្មងសៅឥតងាករេ | ។ |
| ៣១ | វិន័យព្រះអម្ចាស់ | ដិតជាប់ច្បាស់ក្នុងចិត្តគេ | |
| មិនឃ្លាតចាកបែកបែរ | ពីមាគ៌ាព្រះអង្គឡើយ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៦,១៣-១៩
កាលព្រះយេស៊ូយាងមកដល់ស្រុកសេសារេភីលីព ព្រះអង្គមានព្រះបន្ទូលសួរពួកសាវ័កថា៖«មនុស្សទាំងឡាយថាបុត្រមនុស្សជានរណា?»។ គេទូលថា៖«អ្នកខ្លះថាលោកជាលោកយ៉ូហានបាទីស្ដ អ្នកខ្លះថាលោកជាព្យាការីអេលី អ្នកខ្លះទៀតថាលោកជាព្យាការីយេរេមី ឬជាព្យាការីណាមួយរូប»។ ព្រះអង្គសួរគេទៀតថា៖«ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាថា ខ្ញុំជានរណាដែរ?»។ លោកស៊ីម៉ូនសិលាទូលព្រះអង្គថា៖«លោកជាព្រះគ្រីស្ដ ជាព្រះបុត្រារបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅ»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់វិញថា៖«ស៊ីម៉ូនកូនលោកយ៉ូណាសអើយ អ្នកពិតជាមានសុភមង្គលមែន អ្នកដឹងសេចក្ដីនេះមិនមែនដោយគំនិតប្រាជ្ញាខាងលោកីយ៍ទេ គឺព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានបរមសុខបានសម្ដែងឱ្យអ្នកដឹង។ ខ្ញុំសុំប្រាប់អ្នកថា អ្នកឈ្មោះសិលា ហើយនៅលើផ្ទាំងសិលានេះ ខ្ញុំនឹងសង់ព្រះសហគមន៍របស់ខ្ញុំ។ សេចក្ដីស្លាប់ពុំមានអំណាចលើព្រះសហគមន៍នេះឡើយ ខ្ញុំនឹងប្រគល់កូនសោព្រះរាជ្យនៃស្ថានបរមសុខឱ្យអ្នក។ អ្វីៗដែលអ្នកចងនៅលើផែនដីនេះ ព្រះជាម្ចាស់នឹងចងនៅស្ថានបរមសុខ ហើយអ្វីៗដែលអ្នកស្រាយនៅលើផែនដី ព្រះជាម្ចាស់ក៏នឹងស្រាយនៅស្ថានបរមសុខដែរ»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! សូមព្រះអង្គទ្រង់ព្រះមេត្តាទទួលសក្ការបូជាដែលយើងខ្ញុំសូមថ្វាយនៅថ្ងៃគោរពសន្តឡេអូ។ សូមប្រោសព្រះសហគមន៍ឱ្យចម្រើនឡើង ដោយមានអ្នកដឹកនាំដែលគាប់ព្រះហឫទ័យព្រះអង្គផង។
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រទានព្រះកាយព្រះគ្រីស្តឱ្យយើងខ្ញុំទទួលទានទុកជាអាហារដែលផ្តល់កម្លាំង។ សូមទ្រង់ព្រះមេត្តាណែនាំព្រះសហគមន៍សព្វថ្ងៃនេះដែរ សូមឱ្យព្រះសហគមន៍មានសេរីភាពកាន់តែទូលំទូលាយឡើង អាចប្រកាសជំនឿដោយអង់អាចជានិច្ចផង។
646 Views
Post Views:
676