អត្ថបទព្រះគម្ពីរ
ថ្ងៃទី១០ ខែ
កុម្ភៈ
ពណ៌ស
បុណ្យរម្លឹក

សន្តីស្កូឡាស្ទីក ជាព្រហ្មចារិនី

នាងស្កូឡាស្ទីក (ប្រ.៤៨០-៥៤៧ ) ជាប្អូនស្រីរបស់សន្ត បេណេឌីកតូ ដែលតែង​តាំង​វិន័យ​ព្រះ​សង្ឃក្នុងគ្រីស្តសាសនានៅទ្វីបអឺរ៉ុប។ នៅសម័យនោះ សង្គ្រាមរាលដាលក្នុងប្រទេសអ៊ីតាលី ជា​ប្រ​ទេស​របស់នាង តែនាងនៅតែបម្រើព្រះជាម្ចាស់ និងអ្នកដទៃដោយចិត្តនឹងន។

សូមថ្លែងលិខិតទី ១​ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស ១ករ ៧,២៥-៣៥

រីឯ​អ្នក​ដែល​មិន​ទាន់​មាន​គូ‌ស្រករ​ ខ្ញុំ​ពុំ​បាន​ទទួល​បញ្ជា​អ្វី​ពី​ព្រះ‌អម្ចាស់​ទេ ក៏​ប៉ុន្តែ ខ្ញុំ​សូម​ជូន​យោបល់ក្នុង​នាម​ខ្ញុំ​ជា​មនុស្ស​គួរ​ឱ្យ​ទុក​ចិត្ត ព្រោះ​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ ករុណា​ចំពោះ​រូប​ខ្ញុំ។ ខ្ញុំ​យល់​ឃើញ​ថា បើ​គ្មាន​គូ‌ស្រករ​ដូច្នេះ​ប្រសើរ​ហើយ គឺ​យោង​តាម​សភាព‌ការណ៍​ដ៏​តឹង‌តែង​សព្វ​ថ្ងៃ​នេះ បើ​មនុស្ស​មាន​ភាព​ដូច្នេះ​ប្រសើរ​មែន។ បើ​បង‌ប្អូន​មាន​ប្រពន្ធ​ហើយ កុំ​លែង​នាង​ឱ្យ​សោះ! បើ​បង‌ប្អូន​មិន​ទាន់​មាន​ប្រពន្ធ មិន​បាច់​រក​ប្រពន្ធ​ទេ។ បើ​បង‌ប្អូន​រៀប‌ការ មិន​មែន​មាន​ន័យ​ថា បង‌ប្អូន​ប្រព្រឹត្ត​អំពើ​បាប​ឡើយ ហើយ​បើ​ស្ត្រី​ក្រមុំ​ម្នាក់​រៀប‌ការ នោះ​នាង​ក៏​គ្មាន​បាប​អ្វី​ដែរ ប៉ុន្តែ អ្នក​ដែល​មាន​គូ‌ស្រករ​ទាំង​នោះ នឹង​ជួប​ប្រទះ​ការ​លំបាក​ផ្សេងៗ​ក្នុង​ជីវិត​មិន​ខាន។ ខ្ញុំ​ចង់​ឱ្យ​បង‌ប្អូន​ចៀស​ផុត​ពី​ការ​លំបាក​ទាំង​នោះ។ បង‌ប្អូន​អើយ ខ្ញុំ​សូម​ជម្រាប​បង‌ប្អូន​ថា ពេល​វេលា​កាន់​តែ​កៀក​ណាស់​ហើយ។ ពី​ពេល​នេះ​ទៅ​មុខ អស់​អ្នក​ដែល​មាន​ប្រពន្ធ​ហើយ ត្រូវ​កាន់​ចិត្ត​ដូច​ជា​គ្មាន​ប្រពន្ធ អស់​អ្នក​ដែល​យំ​សោក ដូច​ជា​មិន​យំ​សោក អស់​អ្នក​ដែល​អរ​សប្បាយ ដូច​ជា​មិន​អរ​សប្បាយ អស់​អ្នក​ដែល​ទិញ ដូច​ជា​មិន​មែន​ម្ចាស់​ទ្រព្យ ហើយ​អស់​អ្នក​ដែល​ប្រើ‌ប្រាស់​សម្បត្តិ​លោកីយ៍ ក៏​ត្រូវ​កាន់​ចិត្ត​ដូច​ជា​មិន​បាន​ប្រើ‌ប្រាស់​ដែរ ដ្បិត​ពិភព‌លោក​នេះ​នឹង​ត្រូវ​ប្រែ‌ប្រួល​ជា​មិន​ខាន។ ខ្ញុំ​មិន​ចង់​ឲ្យ​បង‌ប្អូន​ខ្វល់‌ខ្វាយ​អ្វី​ឡើយ។ អ្នក​ណា​គ្មាន​ប្រពន្ធ អ្នក​នោះ​ខ្វល់‌ខ្វាយ​នឹង​ព្រះ‌អម្ចាស់ ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ។ រីឯ​អ្នក​មាន​ប្រពន្ធ​វិញ គេ​ខ្វល់‌ខ្វាយ​នឹង​រឿង​ក្នុង​លោក​នេះ ធ្វើ​យ៉ាង​ណា​ឱ្យ​បាន​គាប់​ចិត្ត​ប្រពន្ធ ហើយ​ចិត្ត​អ្នក​នោះ​ត្រូវ​ប្រទាញ‌ប្រទង់។ ចំពោះ​ស្ត្រី​ដែល​គ្មាន​ប្ដី និង​ស្ត្រី​ក្រមុំ នាង​ខ្វល់‌ខ្វាយ​នឹង​រឿង​ព្រះ‌អម្ចាស់ ដើម្បី​ថ្វាយ​ទាំង​រូប​កាយ ទាំង​វិញ្ញាណ​ទៅ​ព្រះ‌អង្គ។ រីឯ​ស្ត្រី​ដែល​មាន​ប្ដី​វិញ នាង​ខ្វល់‌ខ្វាយ​នឹង​រឿង​ក្នុង​លោក​នេះ ធ្វើ​យ៉ាង​ណាឱ្យ​បាន​គាប់​ចិត្ត​ប្ដី។ ខ្ញុំ​និយាយ​ដូច្នេះ ដើម្បី​ជា​ប្រយោជន៍​ដល់​បង‌ប្អូន មិន​មែន​ចង់​បំបាត់​សេរី‌ភាព​របស់​បង‌ប្អូន​ទេ​ គឺ​ខ្ញុំ​ចង់​ឱ្យ​បង‌ប្អូន​រស់​នៅ​បាន​ល្អ​ប្រសើរ ជាប់​ចិត្ត​នឹង​ព្រះ‌អម្ចាស់​ដោយ​ឥត​រារែក​ឡើយ។

ទំនុកតម្កើងលេខ ១៤៨ ,១-២.១១-១៤

ចូរលើកតម្កើងព្រះអម្ចាស់ទ្រង់គឺជាព្រះដ៏វិសុទ្ធ
អ្នកដែលនៅស្ថានខ្ពស់បំផុតបញ្ចេញពាក្យពិតថ្កើងព្រះអង្គ
ឱ! ពួកទេវទូតទាំងអស់អើយចូរសរសើរហើយតម្កើងផង
ទាំងពួកទេវតាកុំរេរង់សរសើរព្រះអង្គព្រះនៃអ្នក
១១អស់ស្តេចទាំងឡាយលើផែនដីប្រជាប្រុសស្រីគ្រប់ទាំងអស់
ទាំងអ្នកដឹកនាំថ្នាក់ទាបខ្ពស់នាំគ្នាទាំងអស់ថ្កើងម្ចាស់ថ្លៃ
១២យុវជននារីចាស់ជរាកូនក្មេងនាំគ្នាលើកសិរី
ព្រះម្ចាស់ខ្ពង់ខ្ពស់លើលោកីយ៍មិនអាចរកអ្វីប្រៀបស្មើបាន
១៣ចូរកោតសរសើរនាមព្រះម្ចាស់ជាព្រះខ្ពង់ខ្ពស់លើសអស់ស្ថាន
ព្រះនាមព្រះអង្គល្អថ្កើងថ្កានពាសពេញទីស្ថានមេឃនិងដី
១៤ព្រះអង្គបានប្រោសអស់ប្រជារាស្រ្តទាំងអស់គ្នាមានសេរី
កម្លាំងមាំមួនខ្លាំងពេកក្រៃមិនឱ្យមានអ្វីមមករំខាន
អស់អ្នកដែលជឿងលើព្រះអង្គគឺជារាស្រ្តទ្រង់ដ៏ចំណាន
អ៊ីស្រាអែលអើយអ្នកនឹងបានខ្ពស់មុខសុខសាន្តទៅអើយ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យក ១,២១

អលេលូយ៉ា! អាលេលូយ៉ា!
យើងត្រូវតែទទួលព្រះបន្ទូលដែលព្រះជាម្ចាស់​បានបណ្តុះក្នុងយើង ព្រះបន្ទូលនេះអាចសង្រ្គោះយើងបាន។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១០,៣៨– ៤២

កាល​ព្រះ‌យេស៊ូ​ធ្វើ​ដំណើរ​ជា​មួយ​ពួក​សាវ័ក ព្រះ‌អង្គ​យាង​ចូល​ក្នុង​ភូមិ​មួយ។ មាន​ស្ត្រី​ម្នាក់​ឈ្មោះ​ម៉ាថា បាន​ទទួល​ព្រះ‌អង្គ​ឱ្យ​ស្នាក់​ក្នុង​ផ្ទះ​នាង។ នាង​មាន​ប្អូន​ស្រី​ម្នាក់​ឈ្មោះ​ម៉ារី អង្គុយ​នៅ​ទៀប​ព្រះ‌បាទា​ព្រះ‌អម្ចាស់ ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។ រីឯ​នាង​ម៉ាថា​វិញ នាង​មាន​កិច្ច‌ការ​រវល់​ជា​ច្រើន ដើម្បី​បម្រើ​ព្រះ‌អង្គ។ នាង​ចូល​មក​ទូល​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! ប្អូន​ខ្ញុំ​ម្ចាស់​ទុក​ឱ្យ​ខ្ញុំ​ម្ចាស់​បម្រើ​ព្រះ‌អង្គ​តែ​ម្នាក់​ឯង តើ​ព្រះ‌អង្គ​មិន​អើ‌ពើ​ទេ​ឬ? សូម​ព្រះ‌អង្គ​ប្រាប់​ឱ្យ​នាង​មក​ជួយ​ខ្ញុំ​ម្ចាស់​ផង»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌​បន្ទូល​ទៅ​នាង​ថា៖ «ម៉ាថា! ម៉ាថា​អើយ! នាង​មាន​កង្វល់ ហើយ​រវល់​នឹង​កិច្ច‌ការ​ច្រើន​ណាស់ ប៉ុន្តែ មាន​កិច្ច‌ការ​តែ​មួយ​គត់​ដែល​ចាំ‌បាច់ ម៉ារី​បាន​ជ្រើស​យក​ចំណែក​ដ៏​ល្អ​វិសេស​នោះ​ហើយ មិន​ត្រូវ​យក​ចេញ​ពី​នាង​ទេ»។





















369 Views

Theme: Overlay by Kaira