អត្ថបទព្រះគម្ពីរ
ថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២២
អាទិត្យទី០៥ រដូវធម្មតា
ពណ៌ស
បុណ្យរម្លឹក
សន្តីស្កូឡាស្ទីក ជាព្រហ្មចារិនី
នាងស្កូឡាស្ទីក (ប្រ.៤៨០-៥៤៧ ) ជាប្អូនស្រីរបស់សន្ត បេណេឌីកតូ ដែលតែងតាំងវិន័យព្រះសង្ឃក្នុងគ្រីស្តសាសនានៅទ្វីបអឺរ៉ុប។ នៅសម័យនោះ សង្គ្រាមរាលដាលក្នុងប្រទេសអ៊ីតាលី ជាប្រទេសរបស់នាង តែនាងនៅតែបម្រើព្រះជាម្ចាស់ និងអ្នកដទៃដោយចិត្តនឹងន។
សូមថ្លែងព្រះគម្ពីរពង្សាវតាក្សត្រភាគទី ១ ១ពង្ស ១១,៤-១៣
ពេលព្រះបាទសាឡូម៉ូន មានព្រះជន្មកាន់តែចាស់ជរាណាស់ហើយនោះ មហេសី និងស្រីស្នំ បានអូសទាញព្រះហឬទ័យព្រះអង្គ ឱ្យទៅគោរពព្រះដទៃ។ ព្រះបាទសាឡូម៉ូនលែងស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់ខ្លួន ដូចព្រះបាទដាវីឌជាបិតាទៀតហើយ។ ព្រះបាទសាឡូម៉ូនថ្វាយបង្គំព្រះអាស្តាតេ ជាព្រះរបស់ជនជាតិស៊ីដូន និងព្រះមីលកូម ជា ព្រះគួរឱ្យស្អប់ខ្ពើមរបស់ជនជាតិអាំម៉ូន។ ព្រះបាទសាឡូម៉ូនបានប្រព្រឹត្តអំពើអាក្រក់នៅចំពោះព្រះភក្រ្តព្រះអម្ចាស់ ហើយមិនតាមមាគ៌ារបស់ព្រះអម្ចាស់ទាំងស្រុង ដូចព្រះបាទដាវីឌជាបិតាឡើយ។ នៅគ្រានោះ ព្រះបាទសាឡូម៉ូនសង់ទីសក្ការៈមួយនៅលើភ្នំដែលនៅទល់មុខក្រុងយេរូសាឡឹម សម្រាប់ព្រះកេមូស ជាព្រះដ៏គួរឱ្យស្អប់ខ្ពើមរបស់ជនជាតិម៉ូអាប់ និងព្រះម៉ូឡុក ជាព្រះគួរឱ្យស្អប់ខ្ពើមរបស់ជនជាតិអាំម៉ូន។ ព្រះរាជាសង់ទីសក្ការៈជាច្រើនទៀត សម្រាប់មហេសីទាំងអស់ដែលជាសាសន៍ដទៃ ដើម្បីឱ្យពួកនាងថ្វាយគ្រឿងក្រអូប និងថ្វាយយញ្ញបូជាដល់ព្រះរបស់ខ្លួន។
ព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងព្រះបាទសាឡូម៉ូន ដ្បិតទ្រង់បែរព្រះហប្ញទ័យចេញពីព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ដែលបានយាងមកជួបស្តេចដល់ទៅពីរដងហើយហាមផ្តាច់មិនឱ្យទ្រង់គោរពព្រះដទៃ។ ប៉ុន្តែ ព្រះបាទសាឡូម៉ូនមិនប្រតិបត្តិតាមបញ្ជារបស់ព្រះអម្ចាស់ឡើយ។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះបាទសាឡូម៉ូនថា៖ «ដោយអ្នកប្រព្រឹត្តដូច្នេះ គឺអ្នកមិនគោរពសម្ពន្ធមេត្រីរបស់យើង ហើយក៏មិនបានកាន់តាមក្រឹត្យវិន័យដែលយើងបង្គាប់ដល់អ្នកដែរ យើងនឹងដកយករាជសម្បត្តិពីអ្នកប្រគល់ទៅឱ្យអ្នកបម្រើរបស់អ្នកវិញ។ ប៉ុន្តែ ដោយយល់ដល់ដាវីឌជាបិតារបស់អ្នកយើងនឹងមិនដករាជសម្បត្តិចេញពីអ្នក ក្នុងពេលដែលអ្នកនៅមានជីវិតទេ។ យើងនឹង ដកយករាជសម្បត្តិពីកូនរបស់អ្នក។ យើងនឹងមិនដកហូតយករាជាណាចក្រទាំងមូលទេគឺយើងនឹងទុកកុលសម្ពន្ធមួយឱ្យកូនរបស់អ្នកគ្រប់គ្រង ដោយយល់ដល់ដាវីឌជាបិតារបស់អ្នក និងយល់ដល់យេរូសាឡឹម ជាក្រុងដែលយើងបានជ្រើសរើស»។
ទំនុកតម្កើងលេខ ១០៦ (១០៥),៣-៤.៦.៣៥-៣៧.៣៩-៤០ បទពាក្យ ៧
៣ | អ្នកណាប្រព្រឹត្តយុត្តិធម៌ | សុចរិតស្មោះសរឥតខកខាន | |
គ្រប់ពេលវេលានោះនឹងបាន | ជួបក្តីសុខសាន្តគ្មានសៅហ្មង | ។ | |
៤ | បពិត្រព្រះជាអម្ចាស់ថ្លៃ | ពេលគាប់ព្រះទ័យរាស្រ្តព្រះអង្គ | |
សូមនឹកដល់ទូលបង្គំផង | កុំបោះកុំបង់ខ្ញុំកំព្រា | ។ | |
៦ | យើងខ្ញុំបានធ្វើអំពើបាប | អាក្រក់ឆ្អេះឆ្អាបច្រើនពេកកូវ | |
ដូចបុព្វបុរសកន្លងទៅ | ធ្វើរឿងអាស្រូវមិនទំនង | ។ | |
៣៥ | ពួកគេបែរទៅជាប់ព័ន្ធពាក់ | ជាមួយពួកអ្នកសាសន៍នានា | |
ហើយគេបានរៀនតៗគ្នា | ប្រព្រឹត្តពាលាតាមសាសន៍ផ្សេង | ។ | |
៣៧ | គេយកបុត្រភ្ញារទាំងស្រីប្រុស | ធ្វើយញ្ញទាំងខុសគ្មានអៀនខ្មាស | |
ទៅថ្វាយអារក្សដោយផ្តេសផ្តាស | ថ្វាយទៅដល់ព្រះមិនដឹងអី | ។ | |
៣៩ | អំពើដែលពួកគេប្រព្រឹត្ត | ធ្វើឱ្យដក់ដិតរៀងរហូត | |
គេបានក្បត់ព្រះតែមួយគត់ | ព្រោះគេមានពុតមិនព្រមកែ | ។ | |
៤០ | ពេលនោះព្រះអម្ចាស់មិនទ្រាំ | នឹងប្រជាជនទ្រង់ទៀតទេ | |
ទ្រង់ព្រះពិរោធនឹងពួកគេ | ដែលជាប្រជាផ្ទាល់ព្រះអង្គ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យក ១,២១
អលេលូយ៉ា! អាលេលូយ៉ា!
យើងត្រូវតែទទួលព្រះបន្ទូលដែលព្រះជាម្ចាស់បានបណ្តុះក្នុងយើង ព្រះបន្ទូលនេះអាចសង្រ្គោះយើងបាន។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៧,២៤-៣០
ព្រះយេស៊ូយាងទៅកាន់តំបន់ជិតក្រុងទីរ៉ូស។ ព្រះអង្គយាងចូលក្នុងផ្ទះមួយ ទ្រង់ពុំចង់ឱ្យនរណាដឹងថា ទ្រង់គង់នៅទីនោះឡើយ តែលាក់មិនជិត។ ភ្លាមនោះ ស្ត្រីម្នាក់ដែលកូនស្រីមានខ្មោចចូល បានឮគេនិយាយអំពីព្រះយេស៊ូ នាងមកក្រាបទៀបព្រះបាទទាព្រះអង្គ។ ស្ត្រីនោះជាសាសន៍ក្រិក មានកំណើតនៅភេនីស៊ី ក្នុងស្រុកស៊ីរី។ នាងទូលសូមព្រះយេស៊ូ ឱ្យដេញខ្មោចចេញពីកូននាង។ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «ត្រូវទុកឱ្យកូនចៅបរិភោគឆ្អែតជាមុនសិន មិនគួរយកអាហាររបស់កូនចៅបោះទៅឱ្យកូនឆ្កែស៊ីឡើយ»។ នាងទូលព្រះអង្គថា៖ «ពិតមែនហើយលោកម្ចាស់! ប៉ុន្តែ កូនឆ្កែនៅក្រោមតុ វាស៊ីកម្ទេចអាហារដែលកូនក្មេងធ្វើឱ្យជ្រុះនោះបាន»។ ពេលនោះ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖«ដោយនាងនិយាយដូច្នេះ ចូរនាងវិលត្រឡប់ទៅវិញចុះ ខ្មោចបានចេញពីកូននាងហើយ»។ ពេលស្ត្រីនោះមកដលើផ្ទះ នាងឃើញកូនស្រីដេកនៅលើគ្រែ ដ្បិតខ្មោចបានចេញពីក្មេងនោះហើយ។