ថ្ងៃទី ០៩ ខែវិច្ឆិការ
បុណ្យរំឭកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង
បុណ្យគោរព
ពណ៌ស
នៅគ.ស ៣២០ ព្រះចៅអធិរាជរ៉ូម៉ាំងព្រះនាម កុងស្តង់តាំង សាងព្រះវិហារមួយនៅភ្នំតូចហៅថា “ភ្នំឡាត្រង់” ដែលនៅក្រុងរ៉ូម អភិបាលព្រះសហគមន៍ក្រុងនោះឈ្មោះស៊ីលវ៉េស្ត្រ។ បន្ទាប់មកអភិបាលព្រះសហគមន៍ក្រុងរ៉ូមទាំងប៉ុន្មានដែលបន្តមុខតំណែងរៀងមក បានស្នាក់នៅក្នុងវិមាននោះ។ គ្រីស្តបរិស័ទតែងរាប់ព្រះវិហារនេះទុកថា “ព្រះវិហារទី ១” ក្នុងចំណោមព្រះវិហារទាំងឡាយ។ អស់លោកអភិបាល ព្រះសហគមន៍ក្នុងសកលលោកបានជួបជុំគ្នាជាមហាសន្និបាតសកលក្នុងព្រះវិហារនេះអស់ប្រាំដង។
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះជាម្ចាស់ជាព្រះបិតា! ព្រះអង្គបានជ្រើសរើសគ្រីស្តបរិស័ទទុកជាថ្មសិលាដែលមានជិវិត សម្រាប់កសាងព្រះដំណាក់របស់ព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសប្រទានព្រះវិញ្ញាណយ៉ាងបរិបូរណ៍ឱ្យគ្រីស្តបរិស័ទ សូមឱ្យប្រជារាស្ត្ររបស់ព្រះអង្គចម្រើនឡើង ទាំងយកចិត្តទុកដាក់កសាងពិភពលោកថ្មី តាមព្រះហឫទ័យព្រះអង្គផង។
សូមថ្លែងព្រះគម្ពីរព្យាការីអេសេគីអែល អគ ៤៧,១-២.៨-៩.១២
នៅពេលយប់សុបិន្តនិមិត្ត ខ្ញុំឃើញបុរសម្នាក់នាំខ្ញុំឆ្ពោះទៅកាន់ទ្វារព្រះដំណាក់វិញ។ នៅទីនោះ ខ្ញុំឃើញទឹកផុសចេញពីក្រោមមាត់ទ្វារ ហូរទៅទិសខាងកើត ព្រោះព្រះដំណាក់បែរមុខទៅខាងកើត។ ទឹកហូរចុះទៅខាងស្តាំព្រះដំណាក់ កាត់តាមខាងត្បូងអាសនៈ។ បុរសនោះនាំខ្ញុំចេញពីទីលានតាមខ្លោងទ្វារខាងជើង ហើយនាំខ្ញុំដើរវាងព្រះដំណាក់ រហូតដល់ខាងក្រៅទ្វារខាងកើត។ នៅទីនោះ ទឹកក៏ហូរចេញពីខាងស្តាំមកដែរ។ លោកប្រាប់ខ្ញុំថា៖«ទឹកនេះហូរទៅស្រុកខាងកើត ចុះទៅដល់តំបន់ទន្លេយ័រដាន់ រួចហូរចាក់ទៅសមុទ្រ ធ្វើឱ្យទឹកសមុទ្រប្រែជាទឹកសាប។ ស្ទឹងនេះហូរកាត់កន្លែងណា កន្លែងនោះមានសត្វគ្រប់ប្រភេទរស់នៅរវើករវ័ណ្ឌ ហើយមានត្រីដ៏ច្រើនឥតគណនា ដ្បិតទឹកនេះហូរចូលសមុទ្រ ធ្វើឱ្យទឹកសមុទ្រនោះប្រែទៅជាទឹកសាប។ ទឹកនេះហូរទៅកន្លែងណា ជីវិតនឹងកើតមាននៅកន្លែងនោះ។ នៅតាមមាត់ស្ទឹងទាំងសងខាង មានដើមឈើស៊ីផ្លែគ្រប់មុខដុះស្លឹកវាមិនចេះស្រពោនឡើយ ហើយផ្លែក៏មិនចេះអស់ដែរ។ រៀងរាល់ខែ ដើមឈើទាំងនោះផ្តល់ផ្លែថ្មីមិនដាច់ ដ្បិតវាទទួលទឹកដែលហូរចេញពីទីសក្ការៈមក។ គេបេះផ្លែឈើនេះធ្វើជាអាហារ ហើយយកស្លឹកវាធ្វើជាថ្នាំសង្កូវសម្រាប់កែរោគផង»។
សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស ១ករ ៣,៩គ-១១.១៦-១៧
បងប្អូនជាទីស្រឡាញ់!
ដ្បិតយើងខ្ញុំជាអ្នកធ្វើការរួមជាមួយព្រះជាម្ចាស់ បងប្អូនជាស្រែរបស់ព្រះជាម្ចាស់ ហើយក៏ជាដំណាក់ដែលព្រះអង្គបានសង់ដែរ។ ខ្ញុំបានចាក់គ្រឹះ ដូចជាមេជាងមួយរូបដ៏ជំនាញ តាមព្រះអំណោយទានដែលព្រះជាម្ចាស់ប្រោសប្រទានឱ្យខ្ញុំ ហើយមានម្នាក់ទៀតមកសង់ពីលើ។ ប៉ុន្តែ ម្នាក់ៗត្រូវប្រយ័ត្នអំពីរបៀបដែលខ្លួនសង់ពីលើ ដ្បិតគ្មាននរណាអាចចាក់គ្រឹះមួយផ្សេងទៀត ក្រៅពីគ្រឹះដែលបានចាក់រួចមកហើយនោះទេ ពោលគឺ ព្រះយេស៊ូគ្រីស្ត។ បងប្អូនមិនជ្រាបថាខ្លួនជាព្រះវិហាររបស់ព្រះជាម្ចាស់ទេឬ! បងប្អូនមិនជ្រាបថាព្រះវិញ្ញាណរបស់ព្រះជាម្ចាស់សណ្ឋិតនៅក្នុងបងប្អូនទេឬ!។ ប្រសិនបើនរណាម្នាក់កម្ទេចព្រះវិហាររបស់ព្រះជាម្ចាស់ ព្រះអង្គនឹងកម្ទេចអ្នកនោះវិញ ដ្បិតព្រះវិហាររបស់ព្រះជាម្ចាស់ ជាព្រះវិហារដ៏វិសុទ្ធ គឺបងប្អូនហ្នឹងហើយជាព្រះវិហារនោះ។
ទំនុកតម្កើងលេខ ៤៦(៤៥), ២-៣.៥-៦.៨-១០ បទពាក្យ៧
២ | ព្រះអម្ចាស់ជាទីជម្រក | ឱ្យយើងចូលជ្រករាល់ខែឆ្នាំ | |
ព្រះអង្គតែងតែប្រុងប្រៀបចាំ | មិនមើលបំណាំពេលអាសន្ន | ។ | |
៣ | ទោះបីផែនដីប្រះរញ្ជួយ | ភ្នំប្រែរលួយដោយទាន់ហន់ | |
ទោះធ្លាក់សមុទ្រជ្រៅរាប់ពាន់ | ជាច្រើនរយជាន់ខ្ញុំមិនភ័យ | ។ | |
៥ | មានទន្លេមួយនាំអំណរ | សិរីបវរស្រោចបាចសាច | |
បុរីព្រះម្ចាស់មានអំណាច | វិសុទ្ធក្រៃពេកព្រះដំណាក់ | ។ | |
៦ | ព្រះម្ចាស់មានអំណាច | បានក្តីសុខាមិនអន់អាក់ | |
ព្រោះទ្រង់សង្គ្រោះមិនថ្នាំងថ្នាក់ | តាំងពីថ្ងៃរះព្រឹកព្រលឹម | ។ | |
៨ | ព្រះជាអម្ចាស់នៃពិភព | ទ្រង់គង់ប្រសព្វមិនឃ្លាតឆ្ងាយ | |
ព្រះលោកយ៉ាកុបមិនទន់ជ្រាយ | កំពែងមាំក្រៃនៃយើងខ្ញុំ | ។ | |
៩ | ចូរនាំគ្នាមើលស្នាព្រះហស្ត | របស់ព្រះម្ចាស់ដ៏ឧត្តម | |
កិច្ចការអស្ចារ្យទាំងតូចធំ | ដែលទ្រង់ខិតខំលើផែនដី | ។ | |
១០ | ទ្រង់បានប្រមូលធ្នូលំពែង | ខែលដាវខ្លីវែងគ្មានសល់អ្វី | |
រទេះគ្រឿងក្រោះបោះទៅដី | ដុតខ្ទេចគ្មានស្តាយមិនស្រណោះ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ២ របា ៧,១៦
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះជាម្ចាស់មានព្រះបន្ទូលថា៖«យើងបានជ្រើសរើសដំណាក់នេះ ហើយញែកផ្ទះនេះឱ្យបានវិសុទ្ធ។ យើងនឹងស្នាក់នៅដំណាក់នេះរហូតតរៀងទៅ»។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ២,១៣-២២
បុណ្យចម្លងរបស់ជនជាតិយូដាជិតមកដល់ហើយ ព្រះយេស៊ូក៏យាងឡើងទៅក្រុងយេរូសាឡឹម។ នៅក្នុងបរិវេណព្រះវិហារ ព្រះអង្គឃើញអ្នកលក់គោ លក់ចៀម លក់ព្រាប និងអ្នកអង្គុយដូរប្រាក់។ ព្រះអង្គយកខ្សែធ្វើរំពាត់ដេញអ្នកទាំងនោះ ព្រមទាំងចៀម និងគោរបស់គេចេញពីបរិវេណព្រះវិហារ ព្រះអង្គបាចប្រាក់អ្នកដូរប្រាក់ចោល ហើយផ្កាប់តុរបស់គេផង។ ព្រះអង្គមានព្រះបន្ទូលទៅអ្នកលក់ព្រាបថា៖«ចូរយករបស់ទាំងអស់នេះចេញទៅ កុំយកដំណាក់ព្រះបិតាខ្ញុំធ្វើជាកន្លែងលក់ដូរដូច្នេះឡើយ»។ ពួកសាវ័កនឹកឃើញសេចក្ដីដែលមានចែងទុកក្នុងគម្ពីរថា៖«មកពីទូលបង្គំស្រឡាញ់ព្រះដំណាក់របស់ព្រះអង្គបានជាគេប្រហារជីវិតទូលបង្គំ»។ ពេលនោះ ជនជាតិយូដាទូលសួរព្រះអង្គថា៖«តើលោកមានទីសម្គាល់អ្វីបង្ហាញឱ្យយើងដឹងថា លោកមានសិទ្ធិធ្វើការទាំងនេះ?»។ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយទៅគេថា៖«ចូររុះព្រះវិហារនេះចោលទៅ ខ្ញុំនឹងសង់ឡើងវិញក្នុងរវាងបីថ្ងៃ»។ ជនជាតិយូដាតបថា៖«គេបានចំណាយពេលសែសិបប្រាំមួយឆ្នាំដើម្បីសង់ព្រះវិហារនេះ រីឯលោក លោកនឹងសង់ឡើងវិញក្នុងរវាងតែបីថ្ងៃប៉ុណ្ណោះឬ?»។ តាមពិត ព្រះយេស៊ូមានព្រះបន្ទូលសំដៅទៅលើព្រះវិហារ ដែលជារូបកាយរបស់ព្រះអង្គវិញឯណោះទេ។ ពេលព្រះអង្គមានព្រះជន្មរស់ឡើងវិញ ពួកសាវ័កនឹកឃើញថា ព្រះអង្គមានព្រះបន្ទូលដូច្នេះ គេក៏ជឿព្រះគម្ពីរ ព្រមទាំងជឿព្រះបន្ទូលរបស់ព្រះយេស៊ូដែរ។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះជាម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហឫទ័យឱ្យមនុស្សគ្រប់ជាតិសាសន៍ជួបជុំគោរពបម្រើព្រះអង្គក្នុងដំណាក់តែមួយ រួមជាមួយព្រះយេស៊ូជាព្រះបុត្រាព្រះអង្គ។ យើងខ្ញុំគ្មានអ្វីថ្វាយព្រះអង្គក្រៅពី កាយ វាចា ចិត្ត រួមជាមួយនឹងសក្ការបូជារបស់ព្រះយេស៊ូគ្រីស្ត សូមព្រះអង្គទទួលដោយអនុគ្រោះ។
ធម៌លើកតម្កើង
បពិត្រព្រះបិតាដ៏វិសុទ្ធ! ព្រះអង្គមានព្រះជន្មគង់នៅអស់កល្បជានិច្ច ហើយមានតេជានុភាពសព្វប្រការ។ យើងខ្ញុំសូមចូលរួមជាមួយព្រះយេស៊ូគ្រីស្តជាអម្ចាស់យើងខ្ញុំ សូមលើកតម្កើងព្រះអង្គ។ ព្រះអង្គសព្វព្រះហឫទ័យចាត់ព្រះបុត្រារបស់ព្រះអង្គឱ្យយាងមកប្រមែប្រមូលមនុស្សគ្រប់ជាតិសាសន៍ធ្វើជាប្រជារាស្ត្រតែមួយដែលគោរពបម្រើព្រះអង្គ។ ព្រះសហគមន៍ពិតជាមហាគ្រួសាររបស់ព្រះអង្គ ដែលកំពុងធ្វើដំណើរទៅកាន់ព្រះអង្គ។ ព្រះសហគមន៍ពិតជាសញ្ញាសម្គាល់បង្ហាញការសង្គ្រោះរបស់ព្រះអង្គឱ្យមនុស្សលោក។ ព្រះអង្គក៏ប្រទានជិវិតថ្មីឱ្យមនុស្សលោកដោយសារព្រះសហគមន៍ជាព្រះកាយព្រះគ្រីស្តដែរ។ អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយអស់ទេវទូត និងសន្តបុគ្គលទាំងឡាយ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដោយប្រកាសថា៖ “ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ!”។
ពាក្យអរព្រះគុណ
បពិត្រព្រះជាម្ចាស់ជាព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលេង! ព្រះអង្គសព្វព្រះហឫទ័យប្រទានព្រះកាយព្រះបុត្រាព្រះអង្គឱ្យយើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាប្រោសប្រទានព្រះវិញ្ញាណឱ្យយើងខ្ញុំទាំងអស់គ្នាជាគ្រីស្តបរិស័ទ ដើម្បីឱ្យព្រះសហគមន៍អាចធ្វើជាសញ្ញាសម្គាល់បញ្ជាក់អំពីពិភពលោកថ្មី សាងតាមព្រះហឫទ័យព្រះអង្គ។