អត្ថបទព្រះគម្ពីរ
ថ្ងៃពុធ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២២
អាទិត្យទី០៥ រដូវធម្មតា
ពណ៌បៃតង
ថ្ងៃធម្មតា
សូមថ្លែងព្រះគម្ពីរពង្សាវតាក្សត្រភាគទី ១ ១ពង្ស ១០,១-១០
ព្រះមហាក្សត្រិយានីស្រុកសាបា បានឮអំពីកិត្តិនាមដ៏ល្បីល្បាញដែលព្រះបាទសាឡូម៉ូនទទួលពីព្រះអម្ចាស់។ ដូច្នេះ ព្រះនាងក៏យាងមកគាល់ព្រះបាទសាឡូម៉ូនដើម្បីល្បងប្រាជ្ញា ដោយចោទសួរជាប្រស្នាផ្សេងៗ ព្រះនាងយាងមកដល់ក្រុងយេរូសាឡឹម ដោយមានរាជបម្រើយ៉ាងច្រើនហែហម ព្រមទាំងមានសត្វអូដ្ឋជាច្រើនដឹកគ្រឿងក្រអូប មាស និងត្បូងជាច្រើនផង។ ព្រះនាងចូលទៅគាល់ព្រះបាទសាឡូម៉ូន ហើយចោទសួរអ្វីៗទាំងប៉ុន្មានដែលព្រះនាងបានរិះគិតទុកជាមុន។ ព្រះបាទសាឡូម៉ូនឆ្លើយនឹងសំនួររបស់ព្រះនាងត្រូវទាំងអស់ ឥតមានសំនួរណាមួយដែលព្រះរាជាឆ្លើយពុំរួចនោះឡើយ។ ព្រះមហាក្សត្រិយានីស្រុកសាបា សង្កេតឃើញប្រាជ្ញាដ៏ឈ្លាសវៃរបស់ព្រះបាទសាឡូម៉ូន និងឃើញវាំងដែលទ្រង់បានសង់ ព្រមទាំងឃើញព្រះស្ងោយនៅលើតុស្តេច លំនៅដ្ឋានរបស់នាម៉ឺនមន្រ្តី របៀបរបបនឹងឯកសណ្ឋានរបស់ពួករាជបម្រើ ពួកមហាតលិក និងឃើញដង្វាយដុតទាំងមូលដែលស្តេចថ្វាយនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ព្រះនាងក៏កោតស្ញប់ស្ញែងយ៉ាងខ្លាំង។ ព្រះនាងមានសវនីយទៅកាន់ព្រះបាទសាឡូម៉ូនថា៖ «ពាក្យទាំងប៉ុន្មាន ដែលខ្ញុំម្ចាស់បានឮគេនិយាយនៅក្នុងស្រុករបស់ខ្ញុំម្ចាស់ ស្តីអំពីព្រះករុណានិងអំពីប្រាជ្ញារបស់ព្រះករុណានោះពិតជាត្រឹមត្រូវមែន! មុនពេលខ្ញុំម្ចាស់មកដល់ និងមុនពេលខ្ញុំម្ចាស់ឃើញផ្ទាល់នឹងភ្នែកខ្ញុំម្ចាស់មិនបានជឿពាក្យគេទេ។ ឥឡូវនេះ ខ្ញុំម្ចាស់យល់ឃើញថា អ្វីៗដែលគេរៀបរាប់នោះ បានត្រឹមតែពាក់កណ្តាលប៉ុណ្ណោះ។ ព្រះករុណាមានប្រាជ្ញា ហើយចម្រុងចម្រើន លើសពីសេចក្តីដែលខ្ញុំបានឮទៅទៀត។ រាជបម្រើនិងពួកនាម៉ឺនមន្រ្តីទាំងប៉ុន្មានដែលនៅជុំវិញព្រះករុណា ពិតជាមានសុភម្គលហើយ ព្រោះពួកគេបានស្តាប់រាជឱង្ការពោរពេញដោយប្រាជ្ញារបស់ព្រះករុណា។ សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់ព្រះករុណា ដែលបានប្រោសប្រណីព្រះករុណា ហើយជ្រើសរើសព្រះករុណាឱ្យឡើងគ្រងរាជ្យលើស្រុកអ៊ីស្រាអែល។ ព្រះអម្ចាស់ស្រឡាញ់ជនជាតិអ៊ីស្រាអែលជានិច្ច ហេតុនេះហើយ បានជាព្រះអង្គជ្រើសរើសព្រះករុណាឱ្យធ្វើជាស្តេច ដើម្បីគ្រប់គ្រង ដោយសុចរិត និងយុត្តិធម៌»។ ព្រះមហាក្សត្រិយានីស្រុកសាបា យកមាសទម្ងន់បួនពាន់គីឡូក្រាម មកថ្វាយព្រះរាជា រួមជាមួយគ្រឿងក្រអូប និងត្បូងយ៉ាងច្រើនផង។ តាំងពីពេលនោះមក ពុំមានអ្នកណាយកគ្រឿងក្រអូបយ៉ាងច្រើនមកថ្វាយព្រះបាទសាឡូម៉ូន ដូចព្រះមហាក្សត្រិយានី ស្រុកសាបាឡើយ។
ទំនុកតម្កើងលេខ ៣៧ (៣៦),៥-៦.៣០-៣១.៣៩-៤០ បទព្រហ្មគីតិ
៥ | ចូរផ្ញើព្រេងវាសនា | ក្នុងហត្ថាព្រះអង្គផង | |
ព្រះអង្គនឹងគ្រប់គ្រង | ឥតមានហ្មងតាមសន្យា | ។ | |
៦ | ព្រះអង្គនឹងបង្ហាញ | ឱ្យគេឃើញយ៉ាងច្បាស់ថា | |
អ្នកសុចរិតថ្លៃថ្លា | ដូចសុរិយាពេញរស្មី | ។ | |
៣០ | មនុស្សសុចរិត | គេចូលចិត្តត្រង់ត្រឹមត្រូវ | |
ពោលពាក្យមិនអាស្រូវ | ឥតហ្មងសៅឥតងាករេ | ។ | |
៣១ | វិន័យព្រះអម្ចាស់ | ដិតជាប់ច្បាស់ក្នុងចិត្តគេ | |
មិនឃ្លាតចាកបែកបែរ | ពីមាគ៌ាព្រះអង្គឡើយ | ។ | |
៣៩ | ព្រះម្ចាស់តែងសង្គ្រោះ | មនុស្សទាំងអស់ឥតទោរម្នេញ | |
ជាកំពែងពោរពេញ | ការពារពាំងគ្រាអាសន្ន | ។ | |
៤០ | ព្រះអម្ចាស់សង្រ្គោះ | និងរំដោះមិនភាំងភាន់ | |
សង្រ្គោះគេបន្ទាន់ | ព្រោះគេជ្រកក្រោមបារមី | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១សម ១៦,៧
អលេលូយ៉ា! អាលេលូយ៉ា!
ព្រះជាម្ចាស់ពុំឈ្វេងយល់ប្ញកពាខាងក្រៅដូចមនុស្សលោកទេ ព្រះអង្គស្ទង់ចិត្តគំនិតគេវិញ! អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៧,១៤-២៣
ព្រះយេស៊ូត្រាស់ហៅបណ្តាជនមក រួចទ្រង់មានព្រះបន្ទូលទៅគេថា៖ «ចូរស្តាប់ខ្ញុំទាំងអស់គ្នា ហើយយល់ឱ្យច្បាស់ថា អ្វីៗពីខាងក្រៅចូលទៅក្នុងមនុស្ស ពុំអាចធ្វើឱ្យមនុស្សត្រឡប់ទៅជាមិនបរិសុទ្ធបានឡើយ។ ផ្ទុយទៅវិញ មានតែអ្វីៗចេញពីមនុស្សប៉ុណ្ណោះដែលធ្វើឱ្យមិនបរិសុទ្ធ»។
កាលព្រះយេស៊ូយាងចេញពីបណ្តាជនចូលទៅក្នុងផ្ទះ ក្រុមសាវ័កនាំគ្នាទូលសួរព្រះអង្គ អំពីប្រស្នានេះ។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នាក៏គ្មានប្រាជ្ញាដូចពួកគេដែរឬ? អ្នករាល់គ្នាត្រូវយល់ថា អ្វីៗពីខាងក្រៅចូលទៅក្នុងមនុស្ស ពុំអាចធ្វើឱ្យគេត្រឡប់ទៅជាមិនបរិសុទ្ធបានឡើយ ដ្បិតអ្វីៗទាំងនោះមិនចូលទៅក្នុងចិត្តទេគឺចូលទៅក្នុងពោះវិញ រួចចេញមកធ្លាក់ទៅទីបន្ទោរបង់»។ ដូច្នេះ ព្រះអង្គបញ្ជាក់ថាគ្រប់អាហារសុទ្ធតែបរិសុទ្ធទាំងអស់»។ ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «មានតែអ្វីៗចេញពីមនុស្សប៉ុណ្ណោះ ដែលធ្វើឱ្យគេមិនបរិសុទ្ធ ដ្បិតគំនិតអាក្រក់ទាំងប៉ុន្មានសុទ្ធតែចេញមកពីខាងក្នុងចិត្តរបស់មនុស្ស គឺគំនិតដែលនាំឱ្យប្រព្រឹត្តកាមគុណ ថោកទាប លួចប្លន់ កាប់សម្លាប់ ផិតក្បត់ លោភលន់ចង់បានទ្រព្យគេ កាចសាហាវបោកប្រាសគេ ប្រព្រឹត្តអបាយមុខ ច្រណែនឈ្នានីស អំនួត និងគំនិតលេលា ការអាក្រក់ទាំងនេះហើយដែលចេញពីខាងក្នុងមនុស្សមក ធ្វើឱ្យគេក្លាយទៅជាមិនបរិសុទ្ធ»។