អត្ថបទព្រះគម្ពីរ
ថ្ងៃអង្គារ ទី០៨ ខែ
កុម្ភៈ ឆ្នាំ២០២២
អាទិត្យទី០៥ រដូវធម្មតា
ពណ៌បៃតង
ថ្ងៃធម្មតា

ឬសន្តយេរ៉ូម អេមីលីយុាំង
ឬសន្តីយ៉ូសែហ្វីន បាគីតា ជាព្រហ្មចារិនី

លោកយេរ៉ូម ( ១៤៨១-១៣៥៧ ) កើតក្នុងគ្រួសារអភិជននៅក្រុងវឺនីស (ប្រទេសអ៊ីតាលី)។ លោក​ប្រកបអាជីវកម្មជាទាហាន ហើយត្រូវជាប់ជាឈ្លើយសង្គ្រាម។ ពេលនោះ លោក​ប្រែ​ចិត្ត​គំនិត​ជឿ​លើព្រះគ្រីស្ត។ ក្រោយមក លោកយកចិត្តទុកដាក់បម្រើអ្នកក្រតោកយ៉ាកជាពិសេសអ្នកជំងឺ​ និង​ក្មេង​កំព្រា។ លោកទទួលមរណភាពនៅឆ្នាំ ១៥៣៧ ដោយអាសន្នរោគ។   

សូមថ្លែងព្រះគម្ពីរពង្សាវតាក្សត្រភាគទី ១ ១ពង្ស ៨,២២-២៣.២៧-៣០

នៅថ្ងៃសម្ពោធព្រះវិហារក្រុងយេរូសាឡឹម ព្រះបាទសាឡូម៉ូនឈរពីមុខអាសនៈរបស់​ព្រះអម្ចាស់ នៅចំពោះមុខសហគមន៍អ៊ីស្រាអែលទាំងមូល ទ្រង់លើកព្រះហស្តទៅលើ​មេឃ ហើយទូលថា៖ «បពិតព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែល! នៅលើមេឃ​ និងនៅលើផែនដី គ្មានព្រះណាមួយដូចព្រះអង្គឡើយ។ ព្រះអង្គរក្សាសម្ពន្ធមេត្រីហើយសម្តែងព្រះហប្ញទ័យមេត្តាករុណាចំពោះអ្នកបម្រើរបស់ព្រះអង្គដែលដើរតាមព្រះអង្គ ដោយស្មោះអស់ពីចិត្ត។ តើព្រះជាម្ចាស់ពិតជាអាចគង់នៅលើផែនដីបានឬ? សូម្បីតែផ្ទៃមេឃនិងលំហដ៏ធំធេង ក៏ពុំល្មមថ្វាយព្រះអង្គគង់ផង ចុះទម្រាំបើព្រះដំណាក់ ដែលទូលបង្គំសង់ថ្វាយនេះ តើរឹងរឹតតែចង្អៀតយ៉ាងណាទៅ។ បពិត្រព្រះអម្ចាស់ជាព្រះនៃទូលបង្គំ សូមផ្ទៀងព្រះការណ៍ស្តាប់ពាក្យអធិដ្ឋាន និងពាក្យអង្វរបស់​ទូលបង្គំដែលជាអ្នកបម្រើរបស់ព្រះអង្គ ហើយសូមទ្រង់ព្រះសណ្តាប់សម្រែក និង​ ពាក្យអធិដ្ឋានរបស់ទូលបង្គំនៅថ្ងៃនេះផង! សូមទតមើលមកព្រះដំណាក់នេះ ទាំងយប់ ទាំងថ្ងៃ គឺកន្លែងដែលព្រះអង្គមានព្រះបន្ទូលថា “ទីនេះ ជាកន្លែងសម្រាប់ឱ្យយើងនៅ”។ ពេល​ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គអធិដ្ឋាននៅទីនេះ សូមទ្រង់់ព្រះសណ្តាប់ផង។ កាលទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ និង អ៊ីស្រាអែលជាប្រជារាស្រ្តរបស់ព្រះអង្គ​អធិដ្ឋានឆ្ពោះមកទីនេះ សូមទ្រង់មេត្តាព្រះសណ្តាប់ផង។ បពិត្រព្រះអម្ចាស់ដែល​គង់នៅស្ថានបរមសុខ សូមមេត្តាព្រះសណ្តាប់ពាក្យអង្វររបស់យើងខ្ញុំ និងអត់ទោស​ឱ្យយើងខ្ញុំផង!»។

ទំនុកតម្កើងលេខ ៨៤ (៨៣),៣-៥.១០-១១ បទព្រហ្មគីតិ

ខ្ញុំសែនអន្ទះសារចិត្តប្រាថ្នាយ៉ាងជាក់ច្បាស់
ចង់ចូលវិហារព្រះជាអម្ចាស់ទាំងចិត្តកាយ
ចិត្តចង់នៅជាមួយព្រះអង្គជួយមិនរសាយ
អស់ពីកម្លាំងកាយមិនមានណាយរួមទាំងចិត្ត
ត្រចៀកកាំនិងចាបជាដរាបវានែបនិត្យ
សំបុកធ្វើនៅជិតទីអាសនៈនៃព្រះអង្គ
អស់អ្នកដែលបានស្នាក់ក្នុងដំណាក់ដ៏ត្រចង់
មានសុភមង្គលផងសរសើរថ្កើងទ្រង់មិនឈប់
១០ឱ! ព្រះជាអម្ចាស់ទតឱ្យច្បាស់កុំរំលង
មើលស្តេចដែលឃុំគ្រងជាខែលរងបាំងការពារ
សូមទ្រង់ព្រះសន្តោសមេត្តាប្រោសព្រះរាជា
ដែលព្រះអង្គគាំពារបានអភិសេកដោយប្រេងជ័យ
១១មួយថ្ងៃដែលនៅក្នុងវិហារទ្រង់សប្បាយក្រៃ
ជាងរស់មួយពាន់ថ្ងៃនៅកន្លែងដទៃទៀត
ខ្ញុំបានសម្រេចចិត្តឈរនៅជិតមិនចង់ឃ្លាត
ជាជាងស្នាក់នៅបៀតក្នុងលំនៅមនុស្សអាក្រក់

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១១៩,៣៦.២៩

អលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់! សូមទាក់ទាញចិត្តយើងខ្ញុំ​​ឱ្យធ្វើតាមដំបូន្មានរបស់ព្រះអង្គ! សូមប្រោសយើងខ្ញុំ ឱ្យប្រតិបត្តិតាមធម្មវិន័យរបស់ព្រះអង្គផង។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៧,១-១៣

មានពួកខាងគណៈផារីស៊ី និងធម្មាចារ្យខ្លះ នាំគ្នាមកពីក្រុងយេរូសាឡឹមទៅជួប​ព្រះយេស៊ូ។ គេឃើញសាវ័កខ្លះបរិភោគអាហារដោយដៃមិនបរិសុទ្ធ គឺគេមិនបានលាង​ដៃជាមុន។ ធម្មតា ពួកផារីស៊ី និងជនជាតិយូដាទាំងអស់ តែងធ្វើពិធីលាងដៃយ៉ាងស្អាតហ្មត់ចត់ មុននឹងបរិភោគតាមទំនៀមទម្លាប់របស់ចាស់បុរាណ។ នៅពេលត្រឡប់ មកពីផ្សារវិញ ដរាបណាគេមិនបានធ្វើពិធីជម្រះខ្លួនជាមុនទេ គេមិនបរិភោគឡើយ។ គេកាន់ទំនៀមទម្លាប់ផ្សេងៗទៀតជាច្រើន ដូចជាធ្វើពិធីលាងពែង លាងថូទឹក លាង ឆ្នាំង លាងតុ ជាដើម ពួកខាងគណៈផារីស៊ី និងពួកធម្មចារ្យទូលសួរព្រះយេស៊ូថា៖ «ហេតុអ្វីបានជាសិស្សរបស់លោកមិនកាន់ទំនៀមទំម្លាប់របស់ចាស់បុរាណ គឺបរិភោគដោយដៃមិនបរិសុទ្ធដូច្នេះ?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ព្យាការី​អេសាយបានថ្លែងទុកថា “អ្នករាល់គ្នាជាមនុស្សមានពុត” ត្រូវណាស់! ដូចមានចែងថា “ប្រជារាស្រ្តនេះគោរពយើងតែបបូរមាត់ប៉ុណ្ណោះ ឯចិត្តគេនៅឆ្ងាយពីយើងទេ។ គេថ្វាយបង្គំយើង តែឥតបានការអ្វីសោះ ព្រោះគេបង្រៀនតែក្បួនច្បាប់របស់មនុស្ស​ប៉ុណ្ណោះ”។ អ្នករាល់គ្នាបោះបង់ចោលវិន័យរបស់ព្រះជាម្ចាស់ បែរទៅកាន់តាមទំនៀមទម្លាប់របស់មនុស្សវិញ»។ ព្រះអង្គមានព្រះបន្ទូល ទៀតថា៖«អ្នករាល់គ្នាប្រសប់បំបាត់វិន័យរបស់ព្រះជាម្ចាស់ចោល បែរទៅកាន់តាមទំនៀមទម្លាប់របស់អ្នករាល់គ្នាផ្ទាល់វិញ។ ពាក្យលោកម៉ូសេបានថ្លែងថា“ចូរគោរពមាតាបិតារបស់អ្នក អ្នក​ណាជេរប្រទេចផ្តាសាមាតារបស់ខ្លួន នឹងត្រូវមានទោសដល់ជីវិត”។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាបែរជាពោលថា “ប្រសិនបើមនុស្សម្នាក់និយាយទៅឪពុកម្តាយថា អ្វីៗដែល​កូនត្រូវជូនលោកឪពុកអ្នកម្តាយ កូនបានរាប់ថាជា “គ័របាន់” ស្រេចទៅហើយ (ពាក្យនេះ​​ប្រែថា ទុកជាតង្វាយថ្វាយព្រះជាម្ចាស់) អ្នករាល់គ្នាពុំទុកឱ្យគាត់ជួយឪពុកម្តាយឡើយ។ អ្នករាល់គ្នាបានបំបាត់តម្លៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយទំនៀមទម្លាប់ដែលអ្នករាល់គ្នាបង្រៀនតៗគ្នា។ អ្នករាល់គ្នាធ្វើការផ្សេងៗជាច្រើន ស្រដៀងនឹងការទាំងនេះ​ដែរ»។





















134 Views

Theme: Overlay by Kaira