ថ្ងៃ ៥ កុម្ភៈ ១៥៩៧ នៅក្រុងណាកាសាគី (ប្រទេសជប៉ុន) រដ្ឋអំណាចជប៉ុនឆ្កាងសម្លាប់គ្រីស្តបរិស័ទជប៉ុន១៧នាក់ និងគ្រីស្តបរិស័ទបរទេសចំនួន ៩នាក់។ ក្នុងចំណោមអ្នកទាំងនោះមានលោក ប៉ូលមីគី ជាបព្វជិត មានគ្រូបង្រៀន មានអ្នកបកប្រែភាសា មានគ្រូពេទ្យ ២នាក់ ហើយមានកូនក្មេងអាយុ១១ និង១៣ ឆ្នាំផង។ ពេលជាប់លើឈើឆ្កាង លោកប៉ូលមីគីនៅតែដាស់តឿនអ្នករងគ្រោះជាមួយ ហើយប្រៀនប្រដៅអ្នកដទៃឱ្យជឿលើព្រះគ្រីស្ត។ លោកអត់ទោសឱ្យអ្នកដែលប្រហារជីវិតលោកដែរ។ នៅជាទីបញ្ចប់ ទាហានក៏ចាក់ទម្លុះបេះដូងរបស់ពួកគេ។
ពាក្យ អធិដ្ឋានពេលចូល
បពិត្រព្រះជាម្ចាស់ប្រកបដោយតេជានុភាពសព្វប្រការ! ព្រះអង្គពិតជាកម្លាំង និងជាសេចក្តីក្លាហាននៃសន្តបុគ្គលទាំងឡាយ! ព្រះអង្គសព្វព្រះហឫទ័យត្រាស់ហៅសន្តប៉ូមីគី និងសហជីវិនរបស់លោក ដែលបាត់បង់ជីវិតលើឈើឆ្កាង ដើម្បីទទួលជិវិតដ៏ពេញលេញ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំ ឱ្យកាន់ជំនឿជាប់រហូតដល់អវសានកាលនៃជីវិតផង ។
សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទស្រុកកាឡាទី កាឡ ២,១៩-២០
ដោយសារវិន័យ ខ្ញុំបានរួចពីអំណាចរបស់វិន័យដើម្បីឱ្យខ្ញុំមានជីវិតរស់នៅសម្រាប់ព្រះជាម្ចាស់។ ខ្ញុំបានជាប់ឆ្កាងរួមជាមួយព្រះគ្រីស្ត ដូច្នេះ មិនមែនខ្ញុំទៀតទេដែលរស់ គឺព្រះគ្រីស្តទេតើដែលមានព្រះជន្មរស់នៅក្នុងរូបកាយខ្ញុំ។ រីឯជីវិតដែលខ្ញុំរស់ជាមនុស្សនាបច្ចុប្បន្នកាលនេះ ខ្ញុំរស់ដោយមានជំនឿទៅលើព្រះបុត្រារបស់ព្រះជាម្ចាស់ដែលបានស្រឡាញ់ខ្ញុំ និងបានបូជាព្រះជន្មសម្រាប់ខ្ញុំ។
ទំនុកតម្កើងលេខ ១២៦ (១២៥), ១-៦ បទព្រហ្មគីតិ
| ១ | ពេលព្រះដឹកនាំអ្នក | ដែលជំពាក់ខ្លួនជាឈ្លើយ | |
| មកក្រុងស៊ីយ៉ូនហើយ | យើងធូរស្បើយដូចយល់សប្តិ | ។ |
| ២ | យើងសើចហ៊ោរសប្បាយ | អរក្អាកក្អាយឥតមានឈប់ | |
| ស្រែកជ័យឃោសន៍សាយសព្វ | លាន់សូរស័ព្ទគ្រប់ទិសា | ។ |
| ពេលនោះក្នុងចំណោម | ជាតិទាំងព្រមគេពោលថា៖ | |
| «ព្រះម្ចាស់មានចេស្តា | ធ្វើអស្ចារ្យចំពោះគេ» | ។ |
| ៣ | ព្រះអង្គបានធ្វើការ | ដ៏អស្ចារ្យអ្វីម៉េ្លះទេ | |
| យើងលែងគិតគ្នាន់គ្នេរ | បានល្ហើយល្ហែអរសប្បាយ | ។ |
| ៤ | ឱ! ព្រះម្ចាស់ឧត្តម | សូមប្រោសខ្ញុំឱ្យរីកសាយ | |
| ដូចរហោស្ថានឆ្ងាយ | សូមប្រែក្លាយមានទឹកហូរ | ។ |
| ៥ | អ្នកណាសាបព្រោះស្រូវ | ដោយសោកសៅគួរអាសូរ | |
| ទាំងទឹកភ្នែកជន់ជោរ | នឹងច្រូតយកទាំងសប្បាយ | ។ |
| ៦ | គេយកពូជទៅព្រោះ | ទាំងស្រណោះយំសោកស្តាយ | |
| ក្រោយមកគេប្រែក្លាយ | ហ៊ោសប្បាយដោយអំណរ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ២៨,១៦–២០
សាវ័កទាំងដប់មួយរូបនាំគ្នាធ្វើដំណើរទៅស្រុកកាលីឡេ ហើយឡើងទៅលើភ្នំដែលព្រះយេស៊ូបានប្រាប់ឱ្យគេទៅ។ កាលគេបានឃើញព្រះអង្គ គេក្រាបថ្វាយបង្គំ ប៉ុន្តែ មានអ្នកខ្លះនៅសង្ស័យ។ ព្រះយេស៊ូយាងចូលមកជិតគេ ហើយមានព្រះបន្ទូលថា៖ «ខ្ញុំបានទទួលគ្រប់អំណាច ទាំងនៅស្ថានបរមសុខ ទាំងនៅលើផែនដី។ ដូច្នេះ ចូរចេញទៅនាំមនុស្សគ្រប់ជាតិសាសន៍ឱ្យធ្វើជាសាវ័ក ហើយធ្វើពិធីជ្រមុជទឹកឱ្យគេក្នុងព្រះនាមព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ ត្រូវបង្រៀនគេឱ្យប្រតិបត្តិតាមសេចក្ដីទាំងប៉ុន្មាន ដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា។ ចូរដឹងថា ខ្ញុំនៅជាមួយអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់អវសានកាលនៃពិភពលោក»។
576 Views
Post Views:
604