ថ្ងៃទី០៦ ខែតុលា
សន្ដប្រ៊ុយណូជាបូជាចារ្យ
ពណ៌បៃតង
ឬសន្ដប្រ៊ុយណូជាបូជាចារ្យ
លោកប៉ូ្រណូ (១០៣៥-១១០១) ជាសាស្ត្រាចារ្យខាងទេវវិទ្យា។ ដល់អាយុហាសិបឆ្នាំ លោកប្តេជ្ញាចិត្តទៅរស់ជាឥសីនៅភ្នំសារតើស៍ (ប្រទេសបារាំង) “ដើម្បីស្វែងរកព្រះជាម្ចាស់ឱ្យអស់ពីកម្លាំងចិត្ត និងរួមរស់ជាមួយព្រះអង្គ”។ មានឥសីជាច្រើនរស់នៅទីនោះតាមលោក រហូតដល់សព្វថ្ងៃ ទាំងនឹកសញ្ជឹង ស្មឹស្មាធិ៍ ធ្វើសមាធិ អង្វរព្រះជាម្ចាស់សម្រាប់ជាប្រយោជន៍ដល់មនុស្សលោកទូទៅ។
សូមថ្លែងព្រះគម្ពីរដំណើរឆ្ពោះទៅកាន់សេរីភាព សរ ៣២,៧-១៤
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖«ចូរត្រឡប់ទៅវិញចុះ ដ្បិតប្រជាជនរបស់អ្នក គឺប្រជាជនដែលអ្នកនាំចេញពីស្រុកអេស៊ីប បានប្រព្រឹត្តអំពើបាបមួយយ៉ាងធ្ងន់។ ពួកគេឆាប់ងាកចេញពីមាគ៌ាដែលយើងបានបង្ហាញដល់ពួកគេ គឺពួកគេបានសិតធ្វើរូបកូនគោមួយ ហើយក្រាបថ្វាយបង្គំ និងថ្វាយយញ្ញបូជាដល់រូបកូនគោនោះ ទាំងពោលថា “អ៊ីស្រាអែលអើយ នេះជាព្រះដែលនាំអ្នកចេញពីស្រុកអេស៊ីប!”»។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖«យើងឃើញហើយថា ប្រជាជននេះសុទ្ឋតែជាមនុស្សរឹងរូស។ ឥឡូវនេះ ចូរទុកឱ្យយើងលុបបំបាត់ប្រជាជននេះឱ្យវិនាសសាបសូន្យតាមកំហឹងរបស់យើង រួចយើងឱ្យប្រជាជាតិដ៏ធំកើតចេញពីអ្នក»។ ប៉ុន្តែ លោកម៉ូសេទូលអង្វរសូមការប្រោសប្រណីពីព្រះអម្ចាស់ ជាព្រះរបស់លោក ដោយមានប្រសាសន៍ថា៖«បពិត្រព្រះអម្ចាស់ ហេតុអ្វីបានជាព្រះអង្គព្រះពិរោធនឹងប្រជារាស្ដ្រដែលព្រះអង្គបាននាំចេញពីស្រុកអេស៊ីប ដោយឫទ្ធានុភាព និងព្រះបារមីដ៏ខ្លាំងពូកែដូច្នេះ? ដ្បិតពួកគេជាប្រជារាស្ដ្ររបស់ព្រះអង្គ។ សូមកុំឱ្យជនជាតិអេស៊ីបពោលថា “ព្រះអង្គបាននាំជនជាតិអ៊ីស្រាអែលចេញទៅដោយបំណងអាក្រក់ ដើម្បីសម្លាប់ពួកគេនៅតាមភ្នំ ព្រមទាំងលុបបំបាត់ពួកគេឱ្យអស់ពីផែនដី”។ សូមព្រះអង្គឈប់ខ្ញាល់ ហើយដូរព្រះហឫទ័យឈប់ធ្វើទោសប្រជារាស្ដ្ររបស់ព្រះអង្គទៅ។ សូមនឹកដល់លោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ជាអ្នកបម្រើរបស់ព្រះអង្គផង ដ្បិតព្រះអង្គបានសន្យាជាមួយអស់លោកទាំងនោះយ៉ាងម៉ឺងម៉ាត់ថា “យើងនឹងធ្វើឱ្យពូជពង្សរបស់អ្នករាល់គ្នាបានកើនចំនួនឡើងដូចជាផ្កាយនៅលើមេឃ យើងនឹងប្រគល់ស្រុកដែលយើងបានសន្យានេះដល់ពូជពង្សរបស់អ្នក ហើយពួកគេនឹងទទួលស្រុកនោះជាមត៌ករហូតតទៅ”»។ព្រះអម្ចាស់ក៏ដូរព្រះហឫទ័យលែងធ្វើទោសប្រជារាស្ដ្ររបស់ព្រះអង្គ ដូចព្រះអង្គមានព្រះបន្ទូល។
ទំនុកតម្កើងលេខ ១, ១-៦ បទកាកគតិ
១ | អ្នកមិនប្រព្រឹត្ត | តាមមនុស្សទុច្ចរិត | មិនស្តាប់ទូន្មាន |
ហើយមិនចូលចិត្ត | ដើរតាមស្នាមដាន | អ្នកនោះនឹងមាន | |
មង្គលពេកក្រៃ | ។ | ||
២ | តែតាមការពិត | ពួកគេចូលចិត្ត | នឹងធម្មវិន័យ |
របស់ព្រះម្ចាស់ | ទាំងយប់ទាំងថ្ងៃ | សញ្ជឹងរំពៃ | |
ឥតមានភ្លេចភ្លឹក | ។ | ||
៣ | អ្នកនោះប្រៀបបាន | ដើមឈើល្អថ្កាន | ដុះក្បែរផ្លូវទឹក |
មិនស្លោកស្រពោន | ឱ្យផលផ្លែស្លឹក | ចម្រើនសន្ធឹក | |
តាមកាលរដូវ | ។ | ||
៤ | រីមនុស្សអាក្រក់ | មានចិត្តគម្រក់ | កេរ្តិ៍ឈ្មោះអាស្រូវ |
ពួកគេប្រៀបបាន | អង្កាមដែលត្រូវ | ខ្យល់ផាត់ប៉ើងទៅ | |
បាចសាចខ្ចាត់ខ្ចាយ | ។ | ||
៥ | ថ្ងៃព្រះអម្ចាស់ | វិនិច្ឆ័យទោស | ជនពាលទាំងឡាយ |
ព្រមទាំងមនុស្សបាប | មិនស្ថិតស្ថេរឡើយ | ត្រូវតែឃ្លាតឆ្ងាយ | |
ពីអ្នកសុចរិត | ។ | ||
៦ | ដ្បិតព្រះអម្ចាស់ | ស្គាល់ប្រាកដណាស់ | មាគ៌ាប្រណីត |
នៃមនុស្សល្អ | ស្មោះសរសុចរិត | មាគ៌ាឧក្រិដ្ឋ | |
នាំខ្លួនអន្តរាយ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៩,៥៧-៦២
កាលព្រះយេស៊ូកំពុងយាងតាមផ្លូវជាមួយសាវ័ក មានបុរសម្នាក់ទូលព្រះអង្គថា៖«ខ្ញុំប្របាទសុខចិត្តទៅតាមលោក ទោះបីលោកអញ្ជើញទៅទីណាក៏ដោយ»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់វិញថា៖«សត្វកញ្ជ្រោងមានរូងរបស់វា បក្សាបក្សីក៏មានសំបុករបស់វាដែរ ប៉ុន្តែ បុត្រមនុស្សគ្មានទីជម្រកសម្រាកសោះឡើយ»។ ព្រះអង្គមានព្រះបន្ទូលទៅម្នាក់ទៀតថា៖«សុំអញ្ជើញមកតាមខ្ញុំ»។ ប៉ុន្តែ អ្នកនោះទូលព្រះអង្គថា៖«សូមលោកមេត្តាអនុញ្ញាតឱ្យខ្ញុំប្របាទទៅបញ្ចុះសពឪពុកសិន»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់វិញថា៖«ទុកឱ្យមនុស្សស្លាប់បញ្ចុះសពគ្នាគេចុះ។ រីឯអ្នកវិញ ចូរទៅផ្សាយដំណឹងអំពីព្រះរាជ្យរបស់ព្រះជាម្ចាស់»។ មានម្នាក់ទៀតទូលព្រះអង្គថា៖ «លោកម្ចាស់! ខ្ញុំប្របាទសុខចិត្តទៅតាមលោកដែរ ប៉ុន្តែ សូមអនុញ្ញាតឱ្យខ្ញុំប្របាទទៅជម្រាបលាក្រុមគ្រួសារសិន»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់វិញថា៖«អ្នកណាកាន់នង្គ័ល ហើយបែរជាងាកមើលក្រោយ អ្នកនោះគ្មានសារប្រយោជន៍អ្វីដល់ព្រះរាជ្យរបស់ព្រះជាម្ចាស់ឡើយ»។