ថ្ងៃទី៦
ព្រះនាងព្រហ្មចារិនីម៉ារី មានសុភមង្គល
និងជាមាតានៃព្រះសហគមន៍
ពណ៌ស
បុណ្យរម្លឹក

ព្រះនាងព្រហ្មចារិនីម៉ារី មានសុភមង្គល
និងជាមាតានៃព្រះសហគមន៍

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកំណើត កណ ៣,៩-១៥.២០

ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ហៅ​មនុស្ស​ប្រុស​ថា៖ «អ្នក​នៅ​ឯ​ណា?» គាត់​ទូល​ព្រះ‌អង្គ​វិញ​ថា៖ «ទូល‌បង្គំ​បាន​ឮ​ព្រះ‌សូរសៀង​របស់​ព្រះ‌អង្គ​នៅ​ក្នុង​សួន​ឧទ្យាន ទូល‌បង្គំ​ភ័យ​ណាស់ ព្រោះ​ទូល‌បង្គំ​នៅ​ខ្លួន​ទទេ ហេតុ​នេះ​ហើយ​បាន​ជា​ទូល‌បង្គំ​ពួន»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «នរណា​ប្រាប់​អ្នកឱ្យ​ដឹង​ថា​អ្នក​នៅ​ខ្លួន​ទទេ​ដូច្នេះ? តើ​អ្នក​បរិភោគ​ផ្លែ​ឈើ​ដែល​យើង​ហាម​នោះ​ឬ?»។ បុរស​ឆ្លើយ​ថា៖ «ស្ត្រី​ដែល​ព្រះ‌អង្គ​ប្រទាន​ឱ្យ​មក​នៅ​ជា​មួយ​ទូល‌បង្គំ​នោះ បាន​ឱ្យ​ផ្លែ​ឈើ​ទូល‌បង្គំ ហើយ​ទូល‌បង្គំ​ក៏​ទទួល​ទាន​ដែរ»។ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ស្ត្រី​ថា៖ «ម្តេច​ក៏​នាង​ធ្វើ​ដូច្នេះ?» ស្ត្រី​ឆ្លើយ​ថា៖ «ពស់​បាន​មក​បញ្ឆោត​ខ្ញុំ​ម្ចាស់ ហើយ​ខ្ញុំ​ម្ចាស់​ក៏​ទទួល​ទាន​ផ្លែ​ឈើ​នោះ​ទៅ»។ព្រះ‌ជា‌​អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​សត្វ​ពស់​ថា៖«ដោយ​ឯង​បាន​ធ្វើ​ដូច្នេះ ក្នុង​បណ្តា​សត្វ​ស្រុក សត្វ​ព្រៃ​ទាំង​ប៉ុន្មាន ឯង​នឹង​ត្រូវ​បណ្ដាសា​ហើយ។ ឯង​ត្រូវ​តែ​លូន​នឹង​ពោះហើយ​ស៊ី​តែ​ធូលី​ដី​អស់​មួយ​ជីវិត។ យើង​នឹង​ធ្វើ​ឱ្យ​ឯង និង​ស្ត្រីព្រម​ទាំង​ពូជ​ឯង និង​ពូជ​ស្ត្រីក្លាយ​ទៅ​ជា​សត្រូវ​នឹង​គ្នា ពូជ​នាង​នឹង​ជាន់​ក្បាល​របស់​ឯង ហើយ​ឯង​នឹង​ចឹក​កែង​ជើង​នាង»។
បុរស​ដាក់​ឈ្មោះ​ឱ្យប្រពន្ធ​ថា “អេវ៉ា” ដ្បិត​នាង​ជា​មាតា​របស់​មនុស្ស​ទាំង​អស់​ដែល​មាន​ជីវិត។

ឬ សូមថ្លែងព្រះគម្ពីរកិច្ចការគ្រីស្ដទូត កក ១,១២-១៤

ពេល​នោះ ក្រុម​គ្រីស្ដ‌ទូត​នាំ​គ្នា​វិល​ត្រឡប់​ពី​ភ្នំ​ដើម​អូលីវទៅ​ក្រុង​យេរូ‌សាឡឹម​វិញ ដែល​មាន​ចម្ងាយ​ផ្លូវ​ប្រមាណ​មួយ​គីឡូ‌ម៉ែត្រ​។ លុះ​បាន​មក​ដល់​ផ្ទះ​ហើយ គេ​ឡើង​ទៅ​បន្ទប់​ខាង​លើ ជា​កន្លែង​ដែល​គេ​ធ្លាប់​ស្នាក់​នៅ។ គ្រីស្ដ‌ទូត​ទាំង​នោះ គឺ​លោក​សិលា លោក​យ៉ូហាន លោក​យ៉ាកុប លោក​អន់ដ្រេ លោក​ភីលីព លោក​ថូម៉ាស លោក​បារថូ‌ឡូមេ លោក​ម៉ាថាយ លោក​យ៉ាកុប​ជា​កូន​លោក​អាល់‌ផាយ លោក​ស៊ីម៉ូន​ហៅ​អ្នក​ជាតិ​និយម និង​លោក​យូដាស​ជា​កូន​របស់​លោក​យ៉ាកុប។ ពួក​គេ​រួម​ចិត្ត​គំនិត​គ្នា ព្យាយាម​អធិស្ឋាន ដោយ​មាន​ស្ត្រី​ឯ​ទៀតៗ មាន​នាង​ម៉ារីជា​មាតា​របស់​ព្រះ‌យេស៊ូ និង​មាន​បង‌ប្អូន​របស់​ព្រះ‌អង្គ​មក​ចូល​រួម​ជា​មួយ​ផង​ដែរ។

ទំនុកតម្កើងលេខ ៨៧ (៨៦),១-៧ បទកាកគតិ

ព្រះម្ចាស់សង់ក្រុងឧត្តមឧត្តុង្គល្អល្អះប៉ប្រិម
លើភ្នំវិសុទ្ធគ្មានអ្វីប្រៀបផ្ទឹមយេរូសាឡឹម
ជាក្រុងថ្លៃថ្លា
ព្រះអង្គស្រឡាញ់ស៊ីយ៉ូនពោរពេញជាក្រុងអស្ចារ្យ
វិសេសវិសាលលើសក្រុងនានាលើទឹកដីជា
របស់យ៉ាកុប
ឱក្រុងរបស់ព្រះជាអម្ចាស់គេនឹងរៀបរាប់
តម្កើ់ងសិរីរុងរឿងគួរគាប់របស់អ្នកជាប់
ដោយពោលថ្លាថ្លែង
ក្នុងចំណោមអ្នកអេស៊ីបស្គាល់ជាក់បាប៊ីឡូននេះឯង
អ្នកខ្លះកើតនៅទីរ៉ូសធំខែងភីលីស្ទីនស្តែង
អេត្យូពីដែរ
ចំពោះបុរីស៊ីយ៉ូនស្រស់ខ្ចីមិនរួញរាទេ
យើងទាំងអស់គ្នាសុទ្ធកើតពីគេព្រះម្ចាស់ជួយថែ
ឱ្យក្រុងរឹងមាំ
ពេលនោះព្រះម្ចាស់កត់ឈ្មោះទាំងអស់ក្នុងបញ្ជីធំ
ប្រជាទាំងនេះសុទ្ធតែកើតក្នុងស៊ីយ៉ូនជាក្រុង
ដែលផ្តល់កំណើត
ពេលនោះមនុស្សគេលោតឡកគោះច្រៀងរាំរហូត
ថាគេជាកូនដែលគេបានកើតមានដើមកំណើត
ពីក្រុងស៊ីយ៉ូន

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
សាវ័ក​ម្នាក់​ដែល​បាន​ឃើញ ធ្វើ​ជា​បន្ទាល់​អំពី​ហេតុ‌ការណ៍​នេះ ហើយ​សក្ខី‌ភាព​របស់​គាត់​ពិត​ប្រាកដ​មែន។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១៩,២៥-៣៤

មាតា​ព្រះ‌យេស៊ូ ប្អូន​ស្រី​មាតា​ព្រះ‌អង្គ នាង​ម៉ារី​ជា​ភរិយា​លោក​ក្លូប៉ាស និង​នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដាឡាឈរ​ក្បែរ​ឈើ​ឆ្កាង​របស់​ព្រះ‌អង្គ។ព្រះ‌យេស៊ូ​ឃើញ​មាតា ព្រម​ទាំង​សាវ័ក​ដែល​ព្រះ‌អង្គ​ស្រឡាញ់​នោះ​ឈរ​នៅ​ជិត ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​មាតា​ថា៖ «អ្នក​អើយ! នេះ​ហើយ​កូន​របស់​អ្នក»។ បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​សាវ័ក​ថា៖ «នេះ​ហើយ​ម្ដាយ​របស់​អ្នក»។ តាំង​ពី​ពេល​នោះ​មក សាវ័ក​នោះ​យក​គាត់​មក​នៅ​ជា​មួយ។

បន្ទាប់​មក ព្រះ‌យេស៊ូ​ជ្រាប​ថា ព្រះ‌អង្គ​បាន​បង្ហើយ​កិច្ច‌ការ​ទាំង​អស់​ចប់​សព្វ​គ្រប់ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​ស្រេក​ទឹក» ដើម្បី​ឱ្យ​បាន​ស្រប​តាម​សេចក្ដី​គ្រប់​ប្រការដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ។ នៅ​ទី​នោះ មាន​ក្រឡ​មួយ​មាន​ទឹក​ខ្មេះ​ពេញ។ ពួក​ទាហាន​យក​សារាយ​ស្ងួត ជ្រលក់​ទឹក​ខ្មេះ​ជោក រួច​រុំ​នៅ​ចុង​ត្រែង​មួយ​ដើម រុញ​ទៅ​ដល់​ព្រះ‌ឱស្ឋ​របស់​ព្រះ‌អង្គ។ កាល​ព្រះ‌យេស៊ូ​សោយ​ទឹក​ខ្មេះ​ហើយ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​បាន​សម្រេច​សព្វ​គ្រប់​អស់​ហើយ!»។ ព្រះ‌អង្គ​ក៏​ឱន​ព្រះ‌សិរសា​ចុះ ហើយ​ប្រគល់​វិញ្ញាណ​ទៅ។ ថ្ងៃ​នោះ​ជា​ថ្ងៃ​រៀប‌ចំ​បុណ្យ​ចម្លង ជន​ជាតិ​យូដា​មិន​ចង់​ឱ្យ​មាន​សាក‌សព​ជាប់​នឹង​ឈើ​ឆ្កាង​នៅ​ថ្ងៃ​សប្ប័ទឡើយ ព្រោះ​ថ្ងៃ​សប្ប័ទ​នោះជា​ថ្ងៃ​បុណ្យ​ធំ។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​សុំ​លោក​ពីឡាត​ចេញ​បញ្ជា​ទៅ​ទាហាន ឱ្យ​បំបាក់​ជើង​អ្នក​ជាប់​ឆ្កាង ហើយ​យក​សាក‌សព​ចុះ​មក។ ពួក​ទាហាន​នាំ​គ្នា​មក​វាយ​បំបាក់​ជើង​អ្នក​ទោស​ទី​មួយ និង​អ្នក​ទោស​ទី​ពីរ ដែល​ជាប់​លើ​ឈើ​ឆ្កាង​ជា​មួយ​ព្រះ‌អង្គ។ លុះ​មក​ដល់​ព្រះ‌យេស៊ូ គេ​ឃើញ​ព្រះ‌អង្គ​សោយ​ទិវង្គត​ផុត​ទៅ​ហើយ គេ​មិន​បំបាក់​ព្រះ‌បាទា​ព្រះ‌អង្គ​ទេ ប៉ុន្តែ ទាហាន​ម្នាក់​យក​លំពែង​ចាក់​ត្រង់​ចន្លោះ​ឆ្អឹង​ជំនីរ​ព្រះ‌អង្គ ស្រាប់​តែ​មាន​ទឹក និង​លោហិត​ហូរ​ចេញ​មក​មួយ​រំពេច។ សាវ័ក​ម្នាក់​ដែល​បាន​ឃើញ ធ្វើ​ជា​បន្ទាល់​អំពី​ហេតុ‌ការណ៍​នេះ ហើយ​សក្ខី‌ភាព​របស់​គាត់​ពិត​ប្រាកដ​មែន។ ព្រះ‌អង្គ​ដឹង​ថា​សាវ័ក​នោះ​និយាយ​សេចក្ដី​ពិត​ ដើម្បី​ឱ្យ​អ្នក​រាល់​គ្នា​ជឿ​ដែរ។

258 Views

Theme: Overlay by Kaira