
ព្រះយេស៊ូជាមនុស្សដ៏ពិតប្រាកដដូចគេដូចឯង ឯព្រះអង្គក៏ពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់ដែរ។ មានមួយថ្ងៃ សាវ័ករបស់ព្រះយេស៊ូបានយល់ខ្លះអំពីការអាថ៌កំបាំងអស្ចារ្យនេះ។
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះជាម្ចាស់ដ៏មានតេជានុភាពសព្វប្រការ! តាំងពីដើមរៀងមក ព្រះអង្គបានអប់រំយើងខ្ញុំដោយសារព្យាការីជាច្រើន តែនៅពេលចុងក្រោយបង្អស់ ព្រះអង្គចាត់ព្រះបុត្រាឱ្យយាងមកសម្តែងសិរីរុងរឿងរបស់ព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសបំភ្លឺចិត្តគំនិតយើងខ្ញុំ ឱ្យយកចិត្តទុកដាក់ស្តាប់ព្រះបន្ទូលព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ ដើម្បីឱ្យរួមរស់ជាមួយព្រះអង្គផង។
សូមថ្លែងព្រះគម្ពីរព្យាការីដានីអែល ដន ៧,៩-១០.១៣-១៤
នៅពេលយប់ ខ្ញុំដានីអែល មើលឃើញគេយករាជបល្ល័ង្កជាច្រើនមកតែងតាំង ហើយមានព្រះមួយអង្គដែលមានព្រះជន្មាយុចំណាស់មកគង់លើបល្ល័ង្កមួយ ទ្រង់មានព្រះភូសាសស្គុះ មានព្រះកេសាសប្បុសដូចសំឡី។ ព្រះរាជបល្ល័ង្កនោះធ្វើអំពីអណ្តាតភ្លើង មានកង់កំពុតឆេះសន្ធោសន្ធៅ ហើយមានទន្លេហូរសុទ្ធតែភ្លើងផុសចេញពីមុខព្រះរាជបល្ល័ងទៀតផង។ មានមនុស្សរាប់ម៉ឺនរាប់សែននាក់គោរពបម្រើព្រះអង្គ និងរាប់លាននាក់ទៀតឈរនៅពីមុខព្រះអង្គ។ កាលគេរៀបចំកន្លែងសម្រាប់វិនិច្ឆ័យទោសរួចសព្វគ្រប់ហើយ គេក៏បើកក្រាំងបញ្ជី។ ពេលខ្ញុំយល់សព្វនោះ ខ្ញុំឃើញមានព្រះអង្គមួយ មានរូបដូចបុត្រមនុស្ស យាងមកលើពពកនៅផ្ទៃមេឃ លោកមកជិតព្រះដែលមានព្រះជន្មាយុចំណាស់ ហើយគេក៏នាំលោកទៅគាល់ព្រះអង្គ។ លោកបានទទួលទាំងអំណាចគ្រប់គ្រាន់ទាំងសិរីរុងរឿង ទាំងរាជ្យសម្បត្តិផង។ ប្រជាជនគ្រប់ប្រជាជាតិ គ្រប់ភាសា គោរពបម្រើលោក។ អំណាចគ្រប់គ្រងរបស់លោកមិនរលាយសាបសូន្យឡើយ។
ទំនុកតម្កើងលេខ ៩៧ (៩៦),១-២.៤-៦.៩ បទពាក្យ៧
| ១ | ព្រះជាអម្ចាស់ទ្រង់គ្រងរាជ្យ | ពេញដោយអំណាចដ៏យូរលង់ | |
| ចូរឱ្យផែនដីរីករាយឡើង | កោះទាំងឡាយផងអរសប្បាយ | ។ |
| ២ | មានពពកខ្មួលខ្មៅងងឹត | ព័ទ្ធពេនជុំជិតព្រះម្ចាស់ថ្លៃ | |
| ព្រះអង្គគ្រងរាជ្យដោយប្រពៃ | សុចរិតថ្លាថ្លៃល្អត្រចង់ | ។ |
| ៤ | មានផ្លេកបន្ទោរជះពន្លឺ | ខ្ទ័រខ្ទារន្ទឺសព្វលោកា | |
| ផែនដីតក់ស្លុតឥតឧបមា | ញ័រអស់កាយាដោយភិតភ័យ | ។ |
| ៥ | ភ្នំនានាដែលនៅចំពោះ | ភក្ត្រព្រះអម្ចាស់ត្រូវអន្តរាយ | |
| ដូចជាក្រមួនត្រូវរលាយ | ដោយកម្តៅថ្ងៃនៅមិនបាន | ។ |
| ៦ | ផ្ទៃមេឃក៏បានស្រែកប្រកាស | ពីក្តីសប្បុរសល្អថ្កើងថ្កាន | |
| ឱ្យប្រជារាស្រ្តទាំងប៉ុន្មាន | នៅគ្រប់ទីស្ថានបានដឹងយល់ | ។ |
| ៩ | បពិត្រព្រះជាអម្ចាស់ខ្ញុំ | ព្រះអង្គឧត្តមផុតផែនដី | |
| ប្រសើរលើសអស់ព្រះដទៃ | ទោះព្រះផ្សេងក្តីមិនស្មើផង | ។ |
សូមថ្លែងលិខិតទី ២ របស់សន្តសិលា ២សល ១,១៦-១៩
បងប្អូនជាទីស្រឡាញ់!
យើងពុំបានយករឿងប្រឌិតផ្សេងៗមកណែនាំបងប្អូនឱ្យស្គាល់ឫទ្ធានុភាពរបស់ព្រះយេស៊ូគ្រីស្តជាព្រះម្ចាស់នៃយើង និងឱ្យដឹងថា ព្រះអង្គត្រូវយាងមកនោះឡើយ គឺយើងបានយកភាពថ្កុំថ្កើងរុងរឿងរបស់ព្រះអង្គផ្ទាល់នឹងភ្នែកតែម្តង ដ្បិតព្រះអង្គបានទទួលកិត្តិនាម និងសិរីរុងរឿងពីព្រះជាម្ចាស់ជាព្រះបិតា មកនៅពេលដែលព្រះសូរសៀងលាន់ឮចេញពីសិរីរុងរឿងដ៏ឧត្ដុង្គឧត្តមកមកាន់ព្រះអង្គថា៖«នេះជាបុត្រាដ៏ជាទីស្រឡាញ់របស់យើង យើងគាប់ចិត្តនឹងព្រះអង្គណាស់!»។ យើងបានឮសូរសៀងនេះពីលើមេឃមក កាលយើងនៅជាមួយព្រះអង្គនៅលើភ្នំដ៏វិសុទ្ធ យើងក៏បានឮពាក្យព្យាការីបានថ្លែងទុកមកផងដែរ ដែលជាគោលមួយដ៏មាំមួន។ បើបងប្អូនផ្ចង់ចិត្តទៅលើពាក្យ នេះ ពិតជាត្រឹងត្រូវហើយ ព្រោះពាក្យនេះ ប្រៀបបាននឹងចង្កៀងដែលបំភ្លឺក្នុងទីងងឹតរហូតដល់ថ្ងៃរះ និងរហូតដល់ផ្កាយព្រឹករះឡើងក្នុងចិត្តបងប្អូន។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ៩៨,៩ ;៣៥,១០
អាលេលូយ៉ា! អាលេលូយ៉ា!
ចូរអបអរសាទរទទួលព្រះអម្ចាស់ជាព្រះរបស់យើង! ចូរក្រាបថ្វាយបង្គំព្រះអង្គ! ដោយសារព្រះពន្លឺរបស់ព្រះអង្គ យើងមើលពន្លឺព្រះអង្គឃើញ! អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៩,២-១០
ព្រះយេស៊ូនាំលោកសិលា លោកយ៉ាកុប និងលោកយ៉ូហានឡើងទៅលើភ្នំដ៏ខ្ពស់ គឺព្រះអង្គនាំតែលោកទាំងបីទៅដាច់ឡែកពីគេ។ ពេលនោះព្រះអង្គប្រែជាមានទ្រង់ទ្រាយប្លែកពីមុននៅមុខសាវ័កទាំងបីនាក់ គឺព្រះពស្ត្ររបស់ព្រះអង្គត្រឡប់ជាមានពណ៌សភ្លឺត្រចះត្រចង់ ដែលគ្មានមនុស្សណានៅលើផែនដីអាចធ្វើឱ្យសយ៉ាងនេះបានឡើយ។ ពេលនោះ សាវ័កទាំងបីនាក់ឃើញព្យាការីអេលី និងលោកម៉ូសេសន្ទនាជាមួយព្រះយេស៊ូ។ លោកសិលាទូលព្រះអង្គថា៖ “ព្រះគ្រូ! យើងខ្ញុំនៅទីនេះប្រសើរណាស់ យើងខ្ញុំនឹងសង់ជម្រកបី គឺមួយសម្រាប់ព្រះគ្រូ មួយសម្រាប់លោកម៉ូសេ និងមួយទៀតសម្រាប់លោកអេលី”។ លោកសិលាមានប្រសាសន៍ដូច្នេះ មកពីលោកពុំដឹងថា ចង់និយាយអំពីអ្វីឡើយ ដ្បិតសាវ័កទាំងបីភ័យខ្លាចយ៉ាងខ្លាំង។ ពេលនោះ ស្រាប់តែមានពពកមកគ្របបាំងគេទាំងអស់គ្នា មានព្រះសូរសៀងបន្លឺពីក្នុងពពកមកថា៖ «អ្នកនេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើង! ចូរស្តាប់ព្រះអង្គចុះ!» រំពេចនោះ ពួកសាវ័កក្រឡេកមើលជុំវិញខ្លួន ពុំឃើញនណាទៀតឡើយ ឃើញតែព្រះយេស៊ូមួយព្រះអង្គប៉ុណ្ណោះដែលគង់ជាមួយគេ។ ពេលព្រះយេស៊ូយាងចុះពីលើភ្នំជាមួយសាវ័កទាំងបី ទ្រង់ហាមប្រាមគេមិនឱ្យនិយាយអំពីហេតុការណ៍ដែលខ្លួនបានឃើញប្រាប់នរណាឡើយ រហូតដល់បុត្រមនុស្សរស់ឡើងវិញ។ អ្នកទាំងបីធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គ តែសាកសួរគ្នាថា៖ “តើរស់ឡើងវិញមានន័យដូចម្តេច?”។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គបានប្រោសឱ្យសាវ័កបីនាក់ឃើញសិរីរុងរឿងរបស់ព្រះបុត្រា។ សូមទ្រង់ព្រះមេត្តាទទួលតង្វាយរបស់យើងខ្ញុំ។ សូមប្រោសយើងខ្ញុំឱ្យចូលរួមក្នុងសក្ការបូជារបស់ព្រះយេស៊ូគ្រីស្តដោយអនុគ្រោះ។ សូមប្រទានឱ្យយើងខ្ញុំទទួលសិរីរុងរឿងនៅថ្ងៃណាមួយផង!។
ធម៌លើកតម្កើង
បពិត្រព្រះជាម្ចាស់ដ៍មានតេជានុភាពសព្វប្រការ ហើយដែលគង់នៅជានិច្ច! យើងខ្ញុំសូមអរព្រះគុណ និងសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូ ជាព្រះបុត្រាព្រះអង្គ! គឺព្រះបុត្រានេះ ដែលមានរូបកាយដូចយើងខ្ញុំ បានបង្ហាញសិរីរុងរឿង ឱ្យសាវ័កបីនាក់ឃើញ។ ព្រះបុត្រាបានលើកទឹកចិត្តសាវ័ក និងពង្រឹងជំនឿរបស់គេ មុនពេលទ្រង់សោយទិវង្គត។ ព្រះបុត្រាបានបំភ្លឺយើងខ្ញុំមានសេចក្តីសង្ឈឹមយ៉ាងមាំថា យើងខ្ញុំមុខជានឹងទទួលសិរីរុងរឿងដូចព្រះអង្គនៅថ្ងៃណាមួយពុំខាន។ អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំដែលរស់នៅលើផែនដីនេះ សូមចូលរួមជាមួយអស់ទេវទូត និងសន្តបុគ្គលទាំងឡាយនៅស្ថានបរមសុខ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គដោយប្រកាសថា៖ “ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ!”។
ធម៌អរព្រះគុណ
បពិត្រព្រះបិតាដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ច! ព្រះអង្គបានប្រោសឱ្យនំ និងស្រាទៅជាព្រះកាយ និងព្រះលោហិតព្រះបុត្រាព្រះអង្គធ្វើជាអាហារសម្រាប់យើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាប្រោសបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យនឹកគិតដល់សិរីរុងរឿង ដែលព្រះអង្គបម្រុងនឹងប្រទានឱ្យយើងខ្ញុំរួមជាមួយព្រះយេស៊ូផង។
577 Views
Post Views:
584