ព្រះយេស៊ូជាមនុស្សដ៏ពិតប្រាកដដូចគេដូចឯង ឯព្រះអង្គក៏ពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់ដែរ។ មានមួយថ្ងៃ សាវ័ករបស់ព្រះយេស៊ូបានយល់ខ្លះអំពីការអាថ៌កំបាំងអស្ចារ្យនេះ។

បពិត្រព្រះជាម្ចាស់ដ៏មានតេជានុភាពសព្វប្រការ! តាំងពីដើមរៀងមក ព្រះអង្គបានអប់រំយើងខ្ញុំដោយសារព្យាការីជាច្រើន តែនៅពេលចុងក្រោយបង្អស់ ព្រះអង្គចាត់ព្រះបុត្រាឱ្យយាងមកសម្តែងសិរីរុងរឿងរបស់ព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសបំភ្លឺចិត្តគំនិតយើងខ្ញុំ ឱ្យយកចិត្តទុកដាក់ស្តាប់ព្រះបន្ទូលព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ ដើម្បីឱ្យរួមរស់ជាមួយព្រះអង្គផង។

សូមថ្លែងព្រះគម្ពីរព្យាការីដានីអែល ដន ៧,៩-១០.១៣-១៤

នៅពេលយប់ ខ្ញុំដានីអែល មើលឃើញគេយករាជបល្ល័ង្កជាច្រើនមកតែងតាំង ហើយមានព្រះមួយអង្គដែលមានព្រះជន្មាយុចំណាស់​មកគង់លើបល្ល័ង្កមួយ ទ្រង់មានព្រះភូសាសស្គុះ មានព្រះកេសាសប្បុសដូចសំឡី។ ព្រះរាជបល្ល័ង្កនោះធ្វើអំពីអណ្តាតភ្លើង មានកង់កំពុត​ឆេះសន្ធោសន្ធៅ ហើយមានទន្លេហូរសុទ្ធតែភ្លើងផុសចេញពីមុខព្រះរាជបល្ល័ងទៀតផង។ មានមនុស្សរាប់ម៉ឺនរាប់សែននាក់គោរពបម្រើព្រះអង្គ និងរាប់លាននាក់ទៀតឈរនៅពីមុខព្រះអង្គ។ កាលគេរៀបចំកន្លែងសម្រាប់វិនិច្ឆ័យទោសរួចសព្វគ្រប់ហើយ គេក៏បើកក្រាំងបញ្ជី។ ពេលខ្ញុំយល់សព្វនោះ ខ្ញុំឃើញមានព្រះអង្គមួយ មានរូបដូចបុត្រមនុស្ស យាងមកលើពពកនៅផ្ទៃមេឃ លោកមកជិតព្រះដែលមានព្រះជន្មាយុចំណាស់ ហើយគេក៏នាំលោកទៅគាល់ព្រះអង្គ។ លោកបានទទួលទាំងអំណាចគ្រប់គ្រាន់ទាំងសិរីរុងរឿង ទាំងរាជ្យសម្បត្តិផង។ ប្រជាជនគ្រប់ប្រជាជាតិ គ្រប់ភាសា គោរពបម្រើលោក។ អំណាចគ្រប់គ្រងរបស់លោកមិនរលាយសាបសូន្យឡើយ។

ទំនុកតម្កើងលេខ ៩៧ (៩៦),១-២.៤-៦.៩ បទពាក្យ៧

ព្រះជាអម្ចាស់ទ្រង់គ្រងរាជ្យពេញដោយអំណាចដ៏យូរលង់
ចូរឱ្យផែនដីរីករាយឡើងកោះទាំងឡាយផងអរសប្បាយ
មានពពកខ្មួលខ្មៅងងឹតព័ទ្ធពេនជុំជិតព្រះម្ចាស់ថ្លៃ
ព្រះអង្គគ្រងរាជ្យដោយប្រពៃសុចរិតថ្លាថ្លៃល្អត្រចង់
មានផ្លេកបន្ទោរជះពន្លឺខ្ទ័រខ្ទារន្ទឺសព្វលោកា
ផែនដីតក់ស្លុតឥតឧបមាញ័រអស់កាយាដោយភិតភ័យ
ភ្នំនានាដែលនៅចំពោះភក្ត្រព្រះអម្ចាស់ត្រូវអន្តរាយ
ដូចជាក្រមួនត្រូវរលាយដោយកម្តៅថ្ងៃនៅមិនបាន
ផ្ទៃមេឃក៏បានស្រែកប្រកាសពីក្តីសប្បុរសល្អថ្កើងថ្កាន
ឱ្យប្រជារាស្រ្តទាំងប៉ុន្មាននៅគ្រប់ទីស្ថានបានដឹងយល់
បពិត្រព្រះជាអម្ចាស់ខ្ញុំព្រះអង្គឧត្តមផុតផែនដី
ប្រសើរលើសអស់ព្រះដទៃទោះព្រះផ្សេងក្តីមិនស្មើផង

សូមថ្លែងលិខិតទី ២ របស់សន្តសិលា ២សល ១,១៦-១៩

បងប្អូនជាទីស្រឡាញ់!
យើងពុំបានយករឿងប្រឌិតផ្សេងៗមកណែនាំបងប្អូនឱ្យស្គាល់ឫទ្ធានុភាពរបស់ព្រះយេស៊ូគ្រីស្តជាព្រះម្ចាស់នៃយើង និងឱ្យដឹងថា ព្រះអង្គត្រូវយាងមកនោះឡើយ គឺយើងបានយកភាពថ្កុំថ្កើងរុងរឿងរបស់ព្រះអង្គផ្ទាល់នឹងភ្នែកតែម្តង ដ្បិតព្រះអង្គបានទទួលកិត្តិនាម និងសិរីរុងរឿងពីព្រះជាម្ចាស់ជាព្រះបិតា មកនៅពេលដែលព្រះសូរសៀងលាន់ឮចេញពីសិរីរុងរឿងដ៏ឧត្ដុង្គឧត្តមកមកាន់ព្រះអង្គថា៖«នេះជាបុត្រាដ៏ជាទីស្រឡាញ់របស់យើង យើងគាប់ចិត្តនឹងព្រះអង្គណាស់!»។ យើងបានឮសូរសៀងនេះពីលើមេឃមក កាលយើងនៅជាមួយព្រះអង្គនៅលើភ្នំដ៏វិសុទ្ធ យើងក៏បានឮពាក្យព្យាការីបានថ្លែងទុកមកផងដែរ ដែលជាគោលមួយដ៏មាំមួន។ បើបងប្អូនផ្ចង់ចិត្តទៅលើពាក្យ នេះ ពិតជាត្រឹងត្រូវហើយ ព្រោះពាក្យនេះ ប្រៀបបាននឹងចង្កៀងដែលបំភ្លឺក្នុងទីងងឹតរហូតដល់ថ្ងៃរះ និងរហូតដល់ផ្កាយព្រឹករះឡើងក្នុងចិត្តបងប្អូន។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ៩៨,៩ ;៣៥,១០

អាលេលូយ៉ា! អាលេលូយ៉ា!
ចូរអបអរសាទរទទួលព្រះអម្ចាស់ជាព្រះរបស់យើង! ចូរក្រាបថ្វាយបង្គំព្រះអង្គ! ដោយសារព្រះពន្លឺរបស់ព្រះអង្គ យើងមើលពន្លឺព្រះអង្គឃើញ! អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៧,១-៩

ប្រាំ​មួយ​ថ្ងៃ​ក្រោយ​មក ព្រះ‌យេស៊ូ​នាំ​លោក​សិលា លោក​យ៉ាកុប និង​លោក​យ៉ូហានជា​ប្អូនឡើង​ទៅ​លើ​ភ្នំដាច់​ឡែក​ពី​គេ។ ពេល​នោះ ព្រះ‌អង្គ​ប្រែ​ជា​មាន​ទ្រង់‌ទ្រាយ​ប្លែក​ពី​មុននៅ​មុខ​សាវ័កទាំង​បី គឺ​ព្រះ‌ភក្ត្រ​របស់​ព្រះ‌អង្គ​បញ្ចេញ​រស្មី​ចែង‌ចាំង​ដូច​ពន្លឺ​ថ្ងៃ ហើយ​ព្រះ‌ពស្ដ្រ​របស់​ព្រះ‌អង្គ​ត្រឡប់​ជា​មាន​ពណ៌​ស​ដូច​ពន្លឺ។ សាវ័ក​ទាំង​បី​បាន​ឃើញ​លោក​ម៉ូសេ និង​ព្យាការីអេលីសន្ទនា​ជា​មួយ​ព្រះ‌យេស៊ូ។ លោក​សិលា​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់! យើង​ខ្ញុំ​បាន​នៅ​ទី​នេះ​ប្រសើរ​ណាស់ បើ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ ទូល‌បង្គំ​នឹង​សង់​ជម្រក​បី គឺ​មួយ​សម្រាប់​ព្រះ‌អង្គ មួយ​សម្រាប់​លោក​ម៉ូសេ និង​មួយ​ទៀត​សម្រាប់​ព្យាការី​អេលី»។ កាល​លោក​សិលា​កំពុង​តែ​មាន​ប្រសាសន៍​នៅ​ឡើយ ស្រាប់​តែ​មាន​ពពក​ដ៏​ភ្លឺ​មក​គ្រប​បាំង​គេ​ទាំង​អស់​គ្នា ហើយ​មាន​ព្រះ‌សូរ‌សៀង​បន្លឺ​ពី​ក្នុង​ពពក​មក​ថា៖ «នេះ​ជា​បុត្រ​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង យើង​គាប់‌ចិត្ត​នឹង​ព្រះ‌អង្គ​ណាស់ ចូរ​ស្ដាប់​ព្រះ‌អង្គ​ចុះ!»។ ពួក​សាវ័ក​ឮ​ដូច្នោះក៏​នាំ​គ្នា​ក្រាប​ចុះ ឱន​មុខ​ដល់​ដី ព្រោះ​គេ​ភ័យ‌ខ្លាច​ជា​ខ្លាំង។ ព្រះ‌យេស៊ូ​យាង​ចូល​ទៅ​ជិត ដាក់​ព្រះ‌ហស្ដ​លើ​គេ ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​នាំ​គ្នា​ក្រោក​ឡើង កុំ​ខ្លាច​អី!»។ កាល​ពួក​សាវ័ក​ងើប​មុខ​ឡើង ឃើញ​តែ​ព្រះ‌យេស៊ូ​មួយ​ព្រះ‌អង្គ​ប៉ុណ្ណោះ ពុំ​ឃើញ​មាន​នរណា​ទៀត​ឡើយ។ ពេល​ព្រះ‌អង្គ​យាង​ចុះ​ពី​លើ​ភ្នំ​ជា​មួយ​សាវ័កទាំង​បី ព្រះ‌យេស៊ូ​ហាម‌ប្រាម​គេ​ថា៖ «កុំ​និយាយ​ប្រាប់​នរណាអំពី​ហេតុ‌ការណ៍ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ​នេះ​ឱ្យ​សោះ ត្រូវ​ចាំ​រហូត​ដល់​បុត្រ​មនុស្សមាន​ជីវិត​រស់​ឡើង​វិញ»។

បពិត្រព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គបានប្រោសឱ្យសាវ័កបីនាក់ឃើញសិរីរុងរឿងរបស់ព្រះបុត្រា។ សូមទ្រង់ព្រះមេត្តាទទួលតង្វាយរបស់យើងខ្ញុំ។ សូមប្រោសយើងខ្ញុំឱ្យចូលរួមក្នុងសក្ការបូជា​របស់ព្រះយេស៊ូគ្រីស្តដោយអនុគ្រោះ។ សូមប្រទានឱ្យយើងខ្ញុំទទួលសិរីរុងរឿងនៅថ្ងៃណាមួយផង!។

បពិត្រព្រះជាម្ចាស់ដ៍មានតេជានុភាពសព្វប្រការ ហើយដែលគង់នៅជានិច្ច! យើងខ្ញុំសូមអរព្រះគុណ និងសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូ ជាព្រះបុត្រាព្រះអង្គ! គឺព្រះបុត្រានេះ ដែលមានរូបកាយដូចយើងខ្ញុំ បានបង្ហាញសិរីរុងរឿង ឱ្យសាវ័កបីនាក់ឃើញ។ ព្រះបុត្រាបានលើកទឹកចិត្តសាវ័ក និងពង្រឹងជំនឿរបស់គេ មុនពេលទ្រង់សោយទិវង្គត។ ព្រះបុត្រាបានបំភ្លឺយើងខ្ញុំមានសេចក្តីសង្ឈឹមយ៉ាងមាំថា យើងខ្ញុំមុខជានឹងទទួលសិរីរុងរឿងដូចព្រះអង្គនៅថ្ងៃណាមួយពុំខាន។ អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំដែលរស់នៅលើផែនដីនេះ សូមចូលរួមជាមួយអស់ទេវទូត និងសន្តបុគ្គលទាំងឡាយនៅស្ថានបរមសុខ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គដោយប្រកាសថា៖ “ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ!”។

បពិត្រព្រះបិតាដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ច! ព្រះអង្គបានប្រោសឱ្យនំ និងស្រាទៅជាព្រះកាយ និងព្រះលោហិតព្រះបុត្រាព្រះអង្គធ្វើជាអាហារសម្រាប់យើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាប្រោសបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យនឹកគិតដល់សិរីរុងរឿង ដែលព្រះអង្គបម្រុងនឹងប្រទានឱ្យយើងខ្ញុំរួមជាមួយព្រះយេស៊ូផង។

438 Views

Theme: Overlay by Kaira