អត្ថបទព្រះគម្ពីរ
ថ្ងៃពុធ ទី០៥ ខែមករា

រដូវបុណ្យព្រះយេស៊ូប្រសូត
ពណ៌ស

សូមថ្លែងលិខិតទី ១ របស់គ្រីស្តទូតយ៉ូហាន ១យហ ៤,១១-១៨

មា្នលកូនចៅជាទីស្រឡាញ់! ប្រសិនបើព្រះជាម្ចាស់ស្រឡាញ់យើងដល់កម្រិតនេះទៅ ហើយយើងក៏ត្រូវស្រឡាញ់គ្នាទៅវិញទៅមកដែរ។ ពុំដែលមាននរណាបានឃើញព្រះ ជាម្ចាស់ឡើយ។ ប្រសិនបើយើងស្រឡាញ់គ្នាទៅវិញទៅមក ព្រះជាម្ចាស់ស្ថិតនៅជាប់នឹងយើង ហើយព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គនឹងបានគ្រប់លក្ខណៈនៅក្នុងយើង​ដែរ។ យើងដឹងថា យើងស្ថិតនៅជាប់នឹងព្រះអង្គ ហើយព្រះអង្គស្ថិតនៅជាប់នឹងយើងដោយទ្រង់បានចែកព្រះវិញ្ញាណរបស់ព្រះអង្គឱ្យយើង។ រីឯយើងវិញ យើងបានឃើញ ហើយយើងផ្តល់សក្ខីភាពថា ព្រះបិតាបានចាត់ព្រះបុត្រាឱ្យយាងមកសង្គ្រោះមនុស្សលោក។ អ្នកណាប្រកាសជំនឿថា ព្រះយេស៊ូពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់ ព្រះជាម្ចាស់ នឹងស្ថិតនៅជាប់នឹងអ្នកនោះ ហើយអ្នកនោះក៏ស្ថិតនៅជាប់នឹងព្រះអង្គដែរ។ រីឯយើងវិញ យើងស្គាល់ព្រះហឫទ័យស្រឡាញ់របស់ព្រះជាម្ចាស់ក្នុងចំណោមយើង ហើយយើងក៏បានជឿ។ ព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់ អ្នកណាស្ថិតនៅជាប់នឹងសេចក្តីស្រឡាញ់អ្នកនោះស្ថិតនៅជាប់នឹងព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ក៏ស្ថិតនៅជាប់នឹងអ្នកនោះដែរ។

បើសេចក្តីស្រឡាញ់ពិតជាបានគ្រប់លក្ខណៈនៅក្នុងយើងមែននោះ យើងនឹងមានចិត្តរឹងប៉ឹងនៅថ្ងៃព្រះជាម្ចាស់វិនិច្ឆ័យមនុស្សលោក ដ្បិតក្នុងលោកនេះ យើងមានរបៀប រស់នៅដូចព្រះយេស៊ូដែរ។ បើយើងមានសេចក្តីស្រឡាញ់ក្នុងខ្លួន យើងឥតមានភ័យខ្លាចទេ។ សេចក្តីស្រឡាញ់ដ៏គ្រប់លក្ខណៈ បណ្តេញការភ័យខ្លាចឱ្យចេញផុត។ អ្នក​ណានៅភ័យខ្លាច អ្នកនោះតែងតែខ្លាចទទួលទណ្ឌកម្ម ដូច្នេះសេចក្តីស្រឡាញ់ពុំទាន់បានគ្រប់លក្ខណៈក្នុងខ្លួនគេនៅឡើយ។

ទំនុកតម្កើងលេខ ៧២ (៧១),១-២.១០-១៣ បទកាកគតិ

១.ព្រះជាម្ចាស់អើយសូមប្រទានឱ្យរាជបុត្រនេះចេះវិន័យច្ឆ័យក្តី
តាមព្រះតម្រិះសុចរិតវិសេសរបស់ព្រះអង្គ
២.សូមឱ្យរាជាគ្រប់គ្រង់គ្រប់គ្នាប្រជារាស្ត្រទ្រង់ដោយយុត្តិធម៌
សុចរិតផូរផង់វិសេសឥតហ្មងត្រឹមត្រូវតាមច្បាប់
១០.អស់ស្តេចទាំងឡាយនឹងយកតង្វាយមកថ្វាយករុណាឥតមានខកខាន
មួយវេលាណាទាំងកោះនានាយកមកទាំងអស់
១១.ស្តេចទាំងប៉ុន្មានឥតមានខកខានចូលរួមដោយស្មោះក្រាបថ្វាយបង្គំ
រាជាទាំងអស់ប្រជាទាំងនោះបម្រើករុណា
១២.ទ្រង់នឹងរំដោះអ្នកក្រទាំងអស់ដោយធម៌មេត្តាអ្នកទុគ៌តស្រែក
សុំក្តីករុណាព្រះអង្គរក្សាអ្នកគ្មានទីពឹង
១៣.ទ្រង់សែនអាណិតអាសូរពេកពិតអ្នកអត់លំនឹងនិងជនកម្សត់
គ្មានអ្វីរំពឹងព្រះអម្ចាស់នឹងសង្គ្រោះជីវិត

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១ធម ៣,១៦

អលេលូយ៉ា! អាលេលូយ៉ា!
សូមលើកតម្កើងព្រះយេស៊ូគ្រីស្ត ដែលយាងមកក្នុងឋានៈជាមនុស្ស។ គេប្រកាសអំពីព្រះអង្គ
ក្នុងចំណោមជាតិសាសន៍នានាក្នុងពិភពលោក! គេបានជឿលើព្រះអង្គ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៦,៤៥-៥២

ក្រោយពីព្រះយេស៊ូចែកនំបុ័ងឱ្យបណ្តាជនមក ព្រះអង្គបញ្ជាក្រុមសាវ័កឱ្យចុះទូកឆ្លងទៅត្រើយម្ខាង ឆ្ពោះទៅភូមិបេតសៃដាមុនព្រះអង្គ ហើយព្រះអង្គប្រាប់បណ្តាជន ឱ្យ​ត្រឡប់ទៅវិញ។ កាលព្រះយេស៊ូឱ្យបណ្តាជនចេញអស់ ព្រះអង្គយាងទៅអធិដ្ឋាននៅលើភ្នំ។ លុះដល់យប់ ទូកបានទៅដល់កណ្តាលសមុទ្រ រីឯព្រះយេស៊ូវិញព្រះអង្គគង់នៅលើគោកតែមួយព្រះអង្គឯង។ ព្រះអង្គទតឃើញក្រុមសាវ័កកំពុងតែអុំទូកយ៉ាងលំបាក ដ្បិតបញ្ច្រាសខ្យល់។ ពេលជិតភ្លឺ ព្រះអង្គយាងលើទឹកឆ្ពោះទៅរកគេ ហើយធ្វើដូចជាចង់យាងបង្ហួស។ កាលក្រុមសាវ័កឃើញព្រះអង្គយាងលើទឹកសមុទ្រដូច្នេះ គេស្មានថាខ្មោចលង ក៏នាំគ្នាស្រែកឡើង ដ្បិតគេឃើញព្រះអង្គគ្រប់គ្នា ហើយ​ភ័យរន្ធត់ជាខ្លាំង។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេភ្លាមថា៖«ចូរតាំងចិត្តក្លាហានឡើង ខ្ញុំទេតើ កុំខ្លាចអី!»។ បន្ទាប់មក ព្រះអង្គយាងចូលក្នុងទូកជាមួយគេ ហើយខ្យល់ក៏ស្ងប់។ ក្រុមសាវ័កងឿងឆ្ងល់ពន់ពេកណាស់ ដ្បិតគេពុំទាន់យល់អំពីរឿងនំបុ័ងនៅឡើយ មកពីគេមាន ចិត្តរឹងរូស ។

509 Views

Theme: Overlay by Kaira