លោកហ្វ្រង់ស្វ័រ (១១៨២-១២២៦) ជាកូនអ្នកឈ្មួញម្នាក់ជាអ្នកមានស្តុកស្តម្ភនៅក្រុងអាស៊ីស៊ី (ប្រទេសអ៊ីតាលី)។ ដល់អាយុម្ភៃឆ្នាំ លោកសុខចិត្តលះបង់ទ្រព្យសម្បត្តិទាំងអស់ ដើម្បីបម្រើព្រះយេស៊ូយ៉ាងស្មោះអស់ពីចិត្ត ហើយចេញដំណើរទៅពន្យល់គម្ពីរ។ លោកធ្លាប់កោតសរសើរព្រះជាម្ចាស់ដែលបានបង្កើតសត្វលោកទាំងឡាយ ដោយចាត់ទុកថាសត្វលោកទាំងនោះសុទ្ធតែជាបងប្អូនរបស់គាត់។ ដោយលោកស្រឡាញ់ព្រះយេស៊ូយ៉ាងខ្លាំងជាទីបំផុត លោកទទួលស្នាមរបួសរបស់ព្រះយេស៊ូភ្ជាប់នឹង ដៃ ជើង និងត្រង់ឆ្អឹងជំនីរ។ លោកបង្កើតក្រុមគ្រួសារបព្វជិតមួយដែលមានឥទ្ធិពលជាខ្លាំងក្នុងសាកលលោករហូតមកសព្វថ្ងៃ។

បពិត្រព្រះជាម្ចាស់ជាព្រះបិតា! ព្រះអង្គបានបំភ្លឺចិត្តគំនិតសន្តហ្វ្រង់ស៊ីស្កូឱ្យដាក់ខ្លួនជាជនក្រីក្រ និងជនសុភាពរាបសា យកតម្រាប់​រស់តាមព្រះយេស៊ូ។ សូមព្រះអង្គមេត្តាប្រោសយើងខ្ញុំឱ្យសុខចិត្តលះបង់សេចក្តីលោភលន់ និងសុខចិត្តចែកចាយទ្រព្យរបស់ខ្លួនដល់អ្នកដែលត្រូវការ ដើម្បីឱ្យយើងខ្ញុំបានអំណរសប្បាយដ៏ពិតប្រាកដអស់កល្បជានិច្ចផង។

សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទស្រុកកាឡាទី កាឡ ៦,១៤-១៨

បងប្អូនជាទីស្រលាញ់!
រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​អួត​ខ្លួន​អំពី​អ្វីក្រៅ​ពី​ឈើ​ឆ្កាង​របស់​ព្រះ‌យេស៊ូ‌គ្រីស្តជា​ព្រះ‌អម្ចាស់​នៃ​យើង​ឡើយ។ ដោយ‌សារ​ឈើ​ឆ្កាង​នេះ អ្វីៗ​ក្នុង​ពិភព‌​លោក​លែង​មាន​ទាក់‌ទាម​នឹង​ខ្ញុំ​ទៀត​ហើយ ហើយ​ខ្ញុំ​ក៏​លែង​មាន​ទាក់‌ទាម​អ្វី​នឹង​ពិភព‌លោក​ទៀត​ដែរ​។ ការ​កាត់​ស្បែក ឬ​មិន​កាត់​ស្បែក មិន​សំខាន់​អ្វី​ទេ មាន​តែ​ការ​កើត​ជា​ថ្មី​វិញ​ឯ‌ណោះទើប​សំខាន់។ សូម​ព្រះ‌ជាម្ចាស់​ប្រទាន​សេចក្ដី​សុខ‌សាន្ត និង​មេត្តា‌ករុណា​ដល់​អស់​អ្នក​ដែល​អនុវត្ត​តាម​គោល​គំនិត​នេះ និង​ដល់​ប្រជា‌រាស្ដ្រ​អ៊ីស្រា‌អែល​របស់​ព្រះ‌អង្គ។ អំណើះ​ត​ទៅ សូម​កុំ​ឱ្យ​នរណា​ម្នាក់​ធ្វើ​ឱ្យ​ខ្ញុំ​ពិបាក​ចិត្ត​ទៀត​ឡើយ ដ្បិត​ខ្ញុំ​មាន​ស្លាក‌ស្នាម​របស់​ព្រះ‌យេស៊ូនៅ​ក្នុង​រូប​កាយ​ខ្ញុំ​ស្រាប់​ហើយ។ បង‌ប្អូន​អើយ សូម​ព្រះ‌យេស៊ូ‌គ្រីស្តជា​ព្រះ‌អម្ចាស់​នៃ​យើង ប្រណី‌សន្ដោស​ដល់​វិញ្ញាណ​របស់​បង‌ប្អូន។ អាម៉ែន។

ទំនុកតម្កើងលេខ ១៦(១៥),១-២.៥.៧-១១ បទពាក្យ ៧

ឱ! ព្រះជាម្ចាស់ដ៏ឧត្តមសូមការពារខ្ញុំឱ្យសុខសាន្ត
ដ្បិតទូលបង្គំសុំផ្ញើប្រាណជ្រកក្រោមទីស្ថានម្លប់បារមី
ខ្ញុំសូមទូលថ្វាយព្រះម្ចាស់ថាព្រះអង្គពិតជាអម្ចាស់ថ្លៃ
ក្រៅពីព្រះអង្គឥតមានអ្វីផ្តល់មង្គលជ័យគ្រាអាសន្ន
បពិត្រព្រះអ​​​​​​ម្ចាស់ឧត្តមព្រះអង្គជាចំណែកស្រស់ស្រាយ
មត៌កនៃខ្ញុំឥតក្លែងក្លាយផ្តល់អ្វីទាំងឡាយតាមប្រាថ្នា
ខ្ញុំសូមតម្កើងព្រះអម្ចាស់ព្រោះព្រះអង្គនេះសែនមោះមុត
ទ្រង់ផ្តល់យោបល់ខ្ញុំម្នាក់គត់ទោះយប់ងងឹតក៏តឿនដែរ
ខ្ញុំនឹកដល់ព្រះអម្ចាស់ជាប់ដែលជាទម្លាប់ទ្រង់គង់ក្បែរ
ខាងស្តាំរូបខ្ញុំឥតប្រួលប្រែខ្ញុំមិនបែកបែរញាប់ញ័រឡើយ
ហេតុនេះបានជាខ្ញុំរីករាយត្រេកអរសប្បាយបានល្ហែល្ហើយ
ខ្ញុំបានសម្រាកកាយធូរស្បើយដោយសុខសាន្តហើយផុតកង្វល់
១០ដ្បិតព្រះអង្គមិនបោះបង់ខ្ញុំឱ្យរងទុក្ខធំស្លាប់សោតសល់
ព្រះអង្គក៏មិនបណ្តោយដល់សពបម្រើផ្ទាល់ស្អុយរលួយ
១១ព្រះអង្គបង្ហាញផ្លូវជីវិតឱ្យខ្ញុំឃើញពិតគ្មានភ័យព្រួយ
ដោយព្រះអង្គគង់នៅជាមួយទូលបង្គំគ្មានព្រួយអរសប្បាយ
ដោយព្រះអង្គគង់នៅខាងស្តាំជាប់ជាប្រចាំមិនជិនណាយ
ទូលបង្គំសែនរីករាយសប្បាយអស់កល្បវែងឆ្ងាយតរៀងទៅ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១១, ២៥-៣០

នៅ​ពេល​នោះ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ឡើង​ថា៖«បពិត្រ​ព្រះ‌បិតាជា​អម្ចាស់​នៃ​ស្ថាន​បរម‌សុខ និង​ជា​អម្ចាស់​នៃ​ផែន‌ដី ទូល‌បង្គំ​សូម​សរ‌សើរ​តម្កើង​ព្រះ‌អង្គ ព្រោះ​ព្រះ‌អង្គ​បាន​សម្ដែង​ការ​ទាំង​នេះ​ឱ្យ​មនុស្ស​តូច‌តាច​យល់ តែ​ព្រះ‌អង្គ​បាន​លាក់​មិន​ឱ្យ​អ្នក​ប្រាជ្ញ និង​អ្នក​ចេះ​ដឹង​យល់​ទេ។ មែន​ហើយ! ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​សម្រេច​ដូច្នេះ។ ព្រះ‌បិតា​របស់​ខ្ញុំ​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​មក​ខ្ញុំ គ្មាន​អ្នក​ណា​ស្គាល់​ព្រះ‌បុត្រាក្រៅ​ពី​ព្រះ‌បិតា ហើយ​ក៏​គ្មាន​នរណា​ស្គាល់​ព្រះ‌បិតាក្រៅ​ពី​ព្រះ‌បុត្រា និង​អ្នក​ដែល​ព្រះ‌បុត្រា​សព្វ​ព្រះ‌ហឫ‌ទ័យសម្ដែងឱ្យស្គាល់​នោះ​ដែរ»។ «អស់​អ្នក​ដែល​នឿយ‌ហត់ និង​មាន​បន្ទុក​ធ្ងន់​អើយ! ចូរ​មក​រក​ខ្ញុំ ខ្ញុំ​នឹង​ឱ្យអ្នក​រាល់​គ្នា​បាន​សម្រាក។ ចូរ​យក​នឹម​​របស់​ខ្ញុំ​ដាក់​លើ​អ្នក​រាល់​គ្នា ហើយ​រៀន​ពី​ខ្ញុំ​ទៅ អ្នក​រាល់​គ្នា​មុខ​ជា​បាន​ស្ងប់​ចិត្ត​មិន​ខាន ដ្បិត​ខ្ញុំ​ស្លូត និង​មាន​ចិត្ត​សុភាព។ នឹម​របស់​ខ្ញុំ​ស្រួល ហើយ​បន្ទុក​ដែល​ខ្ញុំ​ដាក់​លើ​អ្នក​រាល់​គ្នា​ក៏​ស្រាល​ដែរ»។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! សូមទ្រង់ព្រះមេត្តាទទួលសក្ការបូជាដែលយើងខ្ញុំសូមថ្វាយនៅថ្ងៃនឹករឭកដល់សន្តហ្វ្រង់ស៊ីស្កូ សូមប្រោសយើងខ្ញុំឱ្យសុខចិត្តបូជាជិវិតថ្វាយព្រះអង្គដូចលោកផង។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានជ្រើសរើសខ្ញុំឱ្យទៅជាបុត្រធីតារបស់ព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យមានចិត្តសទ្ធាជ្រះថ្លា និងយកចិត្តទុកដាក់ប្រកាសដំណឹងល្អរបស់ព្រះគ្រីស្តដល់មនុស្សទាំងឡាយ ដូនសន្តហ្វ្រង់ស៊ីស្កូផង។

1,004 Views

Theme: Overlay by Kaira