ឬសន្តម៉ាតាំង ដេប៉ូរេសជាបព្វជិត
លោកម៉ាតាំង (១៥៧៩-១៦៣៩) កើតនៅក្រុងលីម៉ា (ប្រទេសប៉េរូ) ហើយប្រកបអាជីវកម្មជាគិលានុបដ្ឋាក។ លោកម៉ាតាំងមានចិត្តសិទ្ធាជ្រះថ្លាជាទីបំផុត ស្ម័គ្រចិត្តជួយមនុស្សគ្រប់ប្រភេទនៅពេលណាក៏បាន។ សម្តេចប៉ាបយ៉ូហានទី ២៣ ដាក់ឈ្មោះលោកថា៖ “លោកម៉ាតាំងដែលមានចិត្តមេត្តាករុណា”។
សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូឡូស កូឡ ៣,៩-១៧
បងប្អូនជាទីស្រឡាញ់!
កុំនិយាយកុហកគ្នាទៅវិញទៅមកឡើយ ដ្បិតបងប្អូនបានដោះជីវិតចាស់ និងទម្លាប់អាក្រក់ទាំងប៉ុន្មានរបស់ជីវិតនោះចោល ហើយបងប្អូនក៏បានពាក់ជីវិតថ្មី ដែលកាន់តែចម្រើនថ្មីឡើងៗឱ្យបានដូចព្រះជាម្ចាស់ដែលបង្កើតមនុស្សជាថ្មី ដើម្បីឱ្យបងប្អូនស្គាល់ព្រះអង្គយ៉ាងច្បាស់។ ដូច្នេះ លែងមានសាសន៍ក្រិក ឬសាសន៍យូដា ពួកកាត់ស្បែក ឬមិនកាត់ស្បែក មនុស្សព្រៃ ឬពួកព្នង និងលែងមានអ្នកងារ ឬអ្នកជាទៀតឡើយ ដ្បិតព្រះគ្រីស្តបានបំពេញអ្វីៗទាំងអស់ ហើយព្រះអង្គសណ្ឋិតនៅក្នុងមនុស្សទាំងអស់។ ដោយព្រះជាម្ចាស់បានជ្រើសរើសបងប្អូនធ្វើជាប្រជាជនដ៏វិសុទ្ធ និងជាទីស្រឡាញ់របស់ព្រះអង្គ បងប្អូនត្រូវតែកាន់ចិត្តអាណិតមេត្តា ចិត្តល្អ សប្បុរស ចេះបន្ទាបខ្លួន មានចិត្តស្លូតបូត និងចិត្តខន្តី អត់ធ្មត់។ ត្រូវចេះទ្រាំទ្រគ្នាទៅវិញទៅមក ហើយប្រសិនបើបងប្អូនណាម្នាក់មានរឿងអ្វីមួយនឹងម្នាក់ទៀត ត្រូវតែអត់ទោសឱ្យគ្នាទៅវិញទៅមក។ ព្រះអម្ចាស់បានអត់ទោសឱ្យបងប្អូនយ៉ាងណា ចូរអត់ទោសឱ្យគ្នាទៅវិញទៅមកយ៉ាងនោះដែរ។លើសពីនេះទៅទៀត ត្រូវមានចិត្តស្រឡាញ់ ដ្បិតសេចក្ដីស្រឡាញ់ធ្វើឱ្យបងប្អូនរួបរួមគ្នាពេញលក្ខណៈ។ សូមឱ្យសេចក្ដីសុខសាន្តរបស់ព្រះគ្រីស្តសោយរាជ្យនៅក្នុងចិត្តបងប្អូន ព្រោះព្រះជាម្ចាស់បានត្រាស់ហៅបងប្អូនឱ្យមករួមគ្នាក្នុងព្រះកាយតែមួយ ដើម្បីឱ្យបងប្អូនប្រកបដោយសេចក្ដីសុខសាន្ត។ ត្រូវអរព្រះគុណព្រះអង្គជានិច្ច។ សូមព្រះបន្ទូលរបស់ព្រះគ្រីស្តសណ្ឋិតនៅក្នុងបងប្អូនឱ្យបានបរិបូណ៌។ ចូរប្រៀនប្រដៅ និងដាស់តឿនគ្នាទៅវិញទៅមក ដោយប្រាជ្ញាគ្រប់យ៉ាង។ ចូរច្រៀងអរព្រះគុណព្រះជាម្ចាស់ក្នុងចិត្ត ដោយប្រើទំនុកតម្កើង បទសរសើរ និងបទចម្រៀងមកពីព្រះវិញ្ញាណ។ ការអ្វីក៏ដោយដែលបងប្អូនធ្វើ ទោះជាពាក្យសម្ដី ឬកាយវិការក្តី ត្រូវធ្វើក្នុងព្រះនាមព្រះអម្ចាស់យេស៊ូទាំងអស់ ទាំងអរព្រះគុណព្រះជាម្ចាស់ជាព្រះបិតាតាមរយៈព្រះអង្គផង។
ទំនុកតម្កើងលេខ ១៣១ (១៣០),១-៣ បទកាកគតិ
១ | បពិត្រព្រះម្ចាស់ | ខ្ញុំជាមនុស្ស | ដែលមិនអំនួត |
មិនវាយឫកខ្ពស់ | មិនអាងមិនអួត | មិនចង់ប្រកួត | |
អ្នកតូចអ្នកទាប | ។ | ||
ខ្ញុំមិនលោភលន់ | ចង់បានទ្រព្យធន | គេជារៀងរាប | |
មិនចង់បានអ្វី | ដែលធំហួសប្រៀប | លើសសមត្ថភាព | |
របស់ខ្ញុំឡើយ | ។ | ||
២ | តែផ្ទុយទៅវិញ | ចិត្តខ្ញុំពោរពេញ | ស្ងៀមស្ងាត់ព្រងើយ |
ដូចជាកូនក្មេង | ជាប់ទ្រូងម្តាយហើយ | វាធ្វើកន្តើយ | |
នឹងអ្វីទាំងអស់ | ។ | ||
៣ | អ៊ីស្រាអែលអើយ | កុំបង្អង់ឡើយ | ទុកចិត្តលើព្រះ |
តាំងពីឥឡូវ | តទៅឥតខ្ចោះ | រហូតដល់អស់ | |
កប្បកល្បជានិច្ច | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១យហ២,៥
អាលេលូយ៉ា! អាលេលូយ៉ា!
អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៦,២៧-៣៨
«ខ្ញុំសុំប្រាប់អ្នករាល់គ្នាដែលកំពុងស្ដាប់ខ្ញុំថា ចូរស្រឡាញ់ខ្មាំងសត្រូវរបស់ខ្លួន និងធ្វើអំពើល្អដល់អស់អ្នកដែលស្អប់អ្នករាល់គ្នា ត្រូវជូនពរដល់អស់អ្នកដែលប្រទេចផ្តាសាអ្នករាល់គ្នា និងអង្វរព្រះជាម្ចាស់ សូមព្រះអង្គប្រទានពរដល់អស់អ្នកដែលបៀតបៀនអ្នករាល់គ្នា។ ប្រសិនបើមានគេទះកំផ្លៀងអ្នកម្ខាង ចូរបែរឱ្យគេទះម្ខាងទៀតចុះ។ ប្រសិនបើគេយកអាវធំរបស់អ្នក ចូរឱ្យគេយកអាវក្នុងថែមទៀតទៅ។ បើមានអ្នកណាសុំអ្វីពីអ្នក ចូរឱ្យគេទៅ ហើយបើគេរឹបអូសយកអ្វីដែលជារបស់អ្នក ចូរកុំទារពីគេវិញឡើយ។ បើអ្នករាល់គ្នាចង់ឱ្យគេប្រព្រឹត្តចំពោះខ្លួនបែបណា ត្រូវប្រព្រឹត្តចំពោះគេបែបនោះដែរ។ បើអ្នករាល់គ្នាស្រឡាញ់តែមនុស្សដែលស្រឡាញ់អ្នករាល់គ្នា តើនឹងមានគុណបំណាច់អ្វី? សូម្បីតែមនុស្សបាបក៏ចេះស្រឡាញ់គ្នាគេដែរ ហើយបើអ្នករាល់គ្នាធ្វើអំពើល្អតែជាមួយមនុស្សណាដែលធ្វើអំពើល្អដល់អ្នករាល់គ្នា តើនឹងមានគុណបំណាច់អ្វី? សូម្បីតែមនុស្សបាបក៏ចេះធ្វើអំពើល្អដល់គ្នាគេដែរ។ បើអ្នករាល់គ្នាឱ្យគេខ្ចី ដោយសង្ឃឹមថានឹងបានសំណងវិញ តើនឹងមានគុណបំណាច់អ្វី? សូម្បីតែមនុស្សបាបក៏ឱ្យគ្នាគេខ្ចី ដើម្បីទទួលសំណងដូចដើមវិញដែរ។ ចូរស្រឡាញ់ខ្មាំងសត្រូវរបស់ខ្លួន ហើយប្រព្រឹត្តអំពើល្អដល់គេ ព្រមទាំងឱ្យគេខ្ចី ដោយកុំនឹកសង្ឃឹមចង់បានអ្វីវិញឱ្យសោះ ពេលនោះ អ្នករាល់គ្នានឹងទទួលរង្វាន់យ៉ាងធំ អ្នករាល់គ្នានឹងបានទៅជាកូនរបស់ព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត ដ្បិតព្រះអង្គក៏មានព្រះហឫទ័យសប្បុរសចំពោះជនអកតញ្ញូ និងជនកំណាចដែរ។ ចូរមានចិត្តមេត្តាករុណាដូចព្រះបិតារបស់អ្នករាល់គ្នាដែលមានព្រះហឫទ័យមេត្តាករុណា»។ «កុំថ្កោលទោសអ្នកដទៃឱ្យសោះ នោះព្រះជាម្ចាស់ក៏មិនថ្កោលទោសអ្នករាល់គ្នាដែរ។ កុំផ្ដន្ទាទោសអ្នកដទៃឱ្យសោះ នោះព្រះជាម្ចាស់ក៏មិនផ្ដន្ទាទោសអ្នករាល់គ្នាដែរ។ ត្រូវលើកលែងទោសឱ្យអ្នកដទៃ នោះព្រះជាម្ចាស់នឹងលើកលែងទោសឱ្យអ្នករាល់គ្នា។ ចូរធ្វើអំណោយដល់អ្នកដទៃ នោះព្រះជាម្ចាស់នឹងប្រទានអំណោយដល់អ្នករាល់គ្នាដែរ ព្រះអង្គនឹងប្រទានមកយ៉ាងបរិបូណ៌ហូរហៀរ។ ព្រះជាម្ចាស់នឹងវាល់ឱ្យអ្នក តាមរង្វាល់ដែលអ្នកវាល់ឲ្យអ្នកដទៃ»។