អត្ថបទព្រះគម្ពីរ
ថ្ងៃទី០៣ ខែឧសភា

ពណ៌ក្រហម
បុណ្យគោរព

សន្តភីលីព និងសន្តយ៉ាកុប ជាគ្រីស្តទូត

គ្រីស្តទូតភិលីពកើតនៅបេតសៃដា ដូចគ្រីស្តទូតសិលា និងអន់ដ្រេ។ លោកភិលីពជាសាវ័កម្នាក់ ក្នុងចំណោមសាវ័កដែលព្រះយេស៊ូត្រាស់ហៅមុនគេ (យហ ១,៤៤)។ នៅក្រុងយេរូសាឡឹម ពួកក្រិកសូមលោកភិលីពនាំគេទៅជួបព្រះយេស៊ូ (យហ ១២,២០-២២)។ ពេលព្រះយេស៊ូផ្តែផ្តាំក្រុមសាវ័កលើកក្រោយបង្អស់ លោកភិលីពសួរថា៖ “ព្រះម្ចាស់អើយ! សូមបង្ហាញព្រះបិតាឱ្យយើងខ្ញុំឃើញផង! នោះយើងខ្ញុំនឹងអស់ចិត្តហើយ!” (យហ ១៤,៨)។

គ្រីស្តបរិស័ទតែងហៅគ្រីស្តទូតយ៉ាកុបនេះថា “លោកយ៉ាកុបតូច” កុំឱ្យច្រឡំនឹង “លោកយ៉ាកុបធំ” ជាបងប្អូនលោកយ៉ូហាន។ ប្រហែលលោកយ៉ាកុបនេះជា “បងប្អូនរបស់ព្រះអម្ចាស់” ដែលមានមុខងារសំខាន់ក្នុងព្រះសហគមន៍ក្រុងយេរូសាឡឹមកាលពីដើមដំបូង ហើយដែលនិពន្ធលិខិតមួយច្បាប់។ លោកយ៉ាកុបបូជាជីវិតព្រោះព្រះគ្រីស្តនៅឆ្នាំ ៦២។

សូមថ្លែងលិខិតទី ១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស

បងប្អូនជាទីស្រឡាញ់!
ខ្ញុំសូមរំឭកបងប្អូនថា ដំណឹងល្អដែលខ្ញុំបានប្រកាសប្រាប់បងប្អូន ជាដំណឹងល្អដែលបងប្អូនបានទទួលនិងបានជឿយ៉ាងខ្ជាប់ខ្ជួនស្រាប់ហើយ។ ប្រសិនបើបងប្អូនមិនឃ្លាតចាកពីដំណឹងល្អដែលខ្ញុំបានប្រកាសប្រាប់បងប្អូនទេនោះ បងប្អូននឹងទទួលបានការសង្គ្រោះ ដោយសារដំណឹងល្អនេះដែរ តែបើឃ្លាតចាកវិញជំនឿរបស់បងប្អូនមុខតែឥតប្រយោជន៍។ មុនដំបូងបង្អស់ខ្ញុំប្រគល់ឱ្យបងប្អូននូវសេចក្តីដែលខ្ញុំបានទទួល គឺថា ព្រះគ្រីស្តសោយទិវង្គត​ ដើម្បីរំដោះបាបយើងស្របតាមគម្ពីរ គេបញ្ចុះព្រះសពព្រះអង្គនៅក្នងថ្នូរ ហើយព្រះអង្គទទួលព្រះជន្មថ្មីដ៏រុងរឿងនៅថ្ងៃទីបីស្របតាមគម្ពីរ។ ព្រះអង្គបង្ហាញខ្លួនឱ្យលោកកេផាសឃើញ រួចឱ្យក្រុមគ្រីស្តទូតទាំងដប់ពីរនាក់ឃើញដែរ។ បន្ទាប់មក ព្រះអង្គបង្ហាញខ្លួនឱ្យបងប្អូនជាងប្រាំរយនាក់ក្នុងពេលជាមួយគ្នា។ ក្នុងចំណោមបងប្អូនទាំងនោះ មានភាគច្រើននៅរស់នៅឡើយទេ មានអ្នកខ្លះទទួលមរណភាពផុតទៅហើយ។ បន្ទាប់មកទៀត ព្រះអង្គបង្ហាញខ្លួនឱ្យលោកយ៉ាកុបឃើញ។ ក្រោយបង្អស់ ព្រះអង្គបង្ហាញខ្លួនឱ្យខ្ញុំដែលប្រៀបបីដូចជាកូនកើតមិនគ្រប់ខែនេះឃើញដែរ។

ទំនុកតម្កើងលេខ ១៩ (១៨),២-៥ បទកាកគតិ

ផ្ទៃមេឃថ្លាថ្លែងរុងរឿងស្ញប់ស្ញែងរបស់ព្រះម្ចាស់អាកាសវេហាស៍
ក៏បានប្រកាសពីស្នាព្រះហស្តរបស់ព្រះអង្គ
ថ្ងៃមួយពោលប្រាប់ថ្ងៃមួយទៀតស្តាប់មិននៅរេរង់យប់មួយទៀតប្រាប់
យប់ផ្សេងឱ្យដឹងអំពីដំណឹងល្បីល្បាញអស្ចារ្យ
មិនប្រើសម្តីមិនចារសេចក្តីឬប្រើភាសាហើយក៏មិនចេញ
សូរស័ព្ទវាចាបន្តិចឡើយណាឱ្យគេដឹងឮ
ដំណឹងទាំងនោះឮឆ្ងាយសាយសុះពេញពាសរន្ទឺលើភពផែនដី
ទីងងឹតភ្លឺលាន់ល្បីរន្ទឺគ្មានសល់ចន្លោះ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ “ខ្ញុំហ្នឹងហើយជាផ្លូវជាសេចក្តីពិត និងជាជីវិត! ភីលីពអើយ! អ្នកណាឃើញខ្ញុំ​ក៏ឃើញព្រះបិតាដែរ”។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១៤,៦-១៤

មុនពេលព្រះយេស៊ូឆ្លងឆ្ពោះទៅព្រះបិតា ព្រះអង្គមានព្រះបន្ទូលថា៖ “ខ្ញុំហ្នឹងហើយជាផ្លូ​វជាសេចក្តីពិត និងជាជីវិត។ គ្មាន​នរណា​ម្នាក់​អាច​ទៅ​កាន់​ព្រះ‌បិតា​បាន​ឡើយ លើក‌លែង​តែ​ទៅ​តាម‌រយៈ​ខ្ញុំ។ បើ​អ្នក​រាល់​គ្នា​ស្គាល់​ខ្ញុំ អ្នក​រាល់​គ្នា​ក៏​ស្គាល់​ព្រះ‌បិតា​របស់​ខ្ញុំ​ដែរ។ ឥឡូវ​នេះ អ្នក​រាល់​គ្នា​ស្គាល់​ព្រះ‌អង្គ​ហើយ ព្រម​ទាំង​បាន​ឃើញ​ព្រះ‌អង្គ​ថែម​ទៀត​ផង»។ លោក​ភីលីព​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ! សូម​បង្ហាញ​ព្រះ‌បិតា​ឱ្យយើង​ខ្ញុំ​ឃើញ​ផង នោះ​យើង​ខ្ញុំ​អស់​ចិត្ត​ហើយ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ភីលីព​អើយ ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​តាំង​ពី​យូរ​មក​ហើយ ម្ដេច​អ្នក​នៅ​តែ​មិន​ស្គាល់​ខ្ញុំ!។ អ្នក​ណា​បាន​ឃើញ​ខ្ញុំ ក៏​បាន​ឃើញ​ព្រះ‌បិតា​ដែរ។ ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​ថា សូម​បង្ហាញ​ព្រះ‌បិតាឱ្យយើង​ខ្ញុំ​ឃើញ​ផង​ដូច្នេះ? តើ​អ្នក​មិន​ជឿ​ថា ខ្ញុំ​នៅ​ក្នុង​ព្រះ‌បិតា ហើយ​ព្រះ‌បិតា​គង់​នៅ​ក្នុង​ខ្ញុំ​ទេ​ឬ? សេចក្ដី​ដែល​ខ្ញុំ​និយាយ​ប្រាប់​អ្នក​រាល់​គ្នា មិន‌មែន​ចេញ​មក​ពី​ខ្ញុំ​ផ្ទាល់​ទេ គឺ​ព្រះ‌បិតា​ដែល​ស្ថិត​នៅ​ជាប់​នឹង​ខ្ញុំ ព្រះ‌អង្គ​បំពេញ​កិច្ច‌ការ​របស់​ព្រះ‌អង្គ។ ពេល​ខ្ញុំ​និយាយ​ថា ខ្ញុំ​នៅ​ក្នុង​ព្រះ‌បិតា ហើយ​ព្រះ‌បិតា​នៅ​ក្នុង​ខ្ញុំ ចូរ​ជឿ​ខ្ញុំ​ចុះ បើ​មិន​ជឿ​សេចក្ដី​ដែល​ខ្ញុំ​និយាយ​នេះ​ទេ ចូរ​ជឿ​ដោយ​ឃើញ​កិច្ច‌ការ​ទាំង​នោះ​ទៅ។ ខ្ញុំ​សុំ​ប្រាប់ឱ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​ជឿ​លើ​ខ្ញុំ អ្នក​នោះ​នឹង​ធ្វើ​កិច្ច‌ការ​ដែល​ខ្ញុំ​ធ្វើ​ដែរ ហើយ​នឹង​ធ្វើ​កិច្ច‌ការ​ធំ​ជាង​នេះ​ទៅ​ទៀត ពី‌ព្រោះ​ខ្ញុំ​ទៅ​ឯ​ព្រះ‌បិតា។ អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ទូល​សូម​ក្នុង​នាម​ខ្ញុំ ខ្ញុំ​នឹង​ធ្វើ​កិច្ច‌ការ​នោះ​ជា​មិន​ខាន ដើម្បី​ឱ្យ​ព្រះ‌បិតា​សម្ដែង​សិរី‌រុង​រឿង​ក្នុង​ព្រះ‌បុត្រា។ បើ​អ្នក​រាល់​គ្នា​សូម​អ្វី​ក្នុង​នាម​ខ្ញុំ ខ្ញុំ​នឹង​ធ្វើ​កិច្ច‌ការ​នោះ»។





















346 Views

Theme: Overlay by Kaira