អត្ថបទព្រះគម្ពីរ
ថ្ងៃព្រហស្បតិ៍ ទី០៣ ខែ
កុម្ភៈ ឆ្នាំ២០២២
អាទិត្យទី០៤ រដូវធម្មតា
ពណ៌បៃតង
ថ្ងៃធម្មតា

ឬសន្តប្លែស ជាអភិបាល និងជាមរណសាក្សី
ឬសន្ដអង់ហ្សែរ ជាអភិបាល

សន្តប្លែស កើតនៅស្រុកអរម៉េនី (ប្រទេសទួរគី) ប្រហែល គ.ស ២៥០។ លោក​ទទួល​មុខ​ងារ​ជាអភិបាលព្រះសហគមន៍ក្រុងសេបាស្ទ ហើយត្រូវខ្មាំងសត្រូវកាត់ក ព្រោះតែជំ​នឿទៅ​លើ​ព្រះគ្រីស្ត​នៅ​ឆ្នាំ ៣១៦។

សូមថ្លែងព្រះគម្ពីរពង្សាវតាក្សត្រភាគទី១ ១ពង្ស ២,១-៤.១០-១២

ព្រះបាទដាវីឌជ្រាបថា ទ្រង់ជិតចូលទិវង្គហើយ ទ្រង់ហៅសាឡូម៉ូនជាបុត្រមក​​ផ្តែផ្តាំថា៖«បិតាជិតលាចាកលោកនេះហើយ ចូរបុត្រមានចិត្តក្លាហាន ឱ្យសមជា​មនុស្សពេញលក្ខណៈ! ចូរមានចិត្តស្មោះត្រង់នឹងព្រះអម្ចាស់ ជាព្រះរបស់បុត្រ។ ចូរប្រព្រឹត្តតាមព្រះហប្ញទ័យរបស់ព្រះអង្គជានិច្ច ហើយកាន់តាមវិន័យ តាមបញ្ជា តាមច្បាប់ និងតាមដំបូន្មានដែលមានចែងទុកក្នុងធម្មវិន័យរបស់លោកម៉ូសេ ដើម្បីឱ្យបុត្រមានជោគជ័យក្នុងគ្រប់កិច្ចការដែលបុត្រធ្វើ និងគ្រប់ទីកន្លែងដែលបុត្រទៅ។ ពេលបុត្រ​ប្រព្រឹត្តដូច្នេះ ព្រះអម្ចាស់នឹងសម្រេចតាមព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយបិតាថា «បើពូជពង្សរបស់អ្នកប្រុងប្រយ័ត្នចំពោះមាគ៌ាដែលខ្លួនដើរ ហើយមានចិត្ត​ភក្តីចំពោះយើង ព្រមទាំងប្រតិបត្តិតាមយើងដោយស្មោះ និងគ្មានចិត្តវៀចវេរនោះ ក្នុងចំណោមពួកគេ តែងតែមានម្នាក់ឡើងគ្រងរាជ្យលើស្រុកអ៊ីស្រាអែលជានិច្ច»។

ព្រះបាទដាវីឌសោយទិវង្គត ហើយគេបញ្ចុះសពស្តេចនៅបុរីព្រះបាទដាវីឌ។ ព្រះបាទដាវីឌគ្រងរាជ្យលើស្រុកអ៊ីស្រាអែលអស់រយៈពេលសែសិបឆ្នាំ គឺប្រាំពីរឆ្នាំនៅក្រុង​​ហេប្រូន និងសាមសិបបីឆ្នាំនៅក្រុងយេរូសាឡឹម។

ព្រះបាទសាឡូម៉ូនជាបុត្រ ឡើស្នងរាជ្យព្រះបាទដាវីឌ ហើយរាជ្យរបស់ព្រះបាទសាឡូម៉ូនរឹងមាំណាស់។

ទំនុកតម្កើងរបាក្សត្រ ភាគទី១ ២៩,១០-១២ បទកាកគតិ

១០ឥឡូវនេះខ្ញុំមានបំណងធំចង់ចងសម្ព័ន្ធមេត្រីជាមួយ
ព្រះអង្គបន្ទាន់់ជាព្រះនៃជនជាតិអ៊ីស្រាអែល
ខ្ញុំសូមអង្វរព្រះម្ចាស់បវរបារមីក្រាស់ក្រែលសូមទ្រង់ពង្វាង
ព្រះពិរោធដែលគ្រប់គ្រងក្រវែលលើយើងគ្រប់គ្នា
១១ពេលនេះកូនចៅទាំងអស់គ្នាត្រូវឈប់ធ្វើខ្ជីខ្ជាដ្បិតព្រះអម្ចាស់
ជ្រើសអ្នករាល់គ្នាបំពេញមុខងារបម្រើព្រះអង្គ
ទ្រង់សព្វហប្ញទ័យលើអ្នកពេកក្រៃឈរពីមុខទ្រង់បម្រើកិច្ចការ
តាមព្រះបំណងគ្រឿងក្រអូបផងដាក់ថ្វាយគ្មានទាស់
១២ពេលនោះកូនចៅលេវីមិននៅ​ក្រោកឡើងទាំងអស់ជម្រះដំណាក់
វិសុទ្ធឥតទាស់ថែមទាំងជម្រះខ្លួនពួកគេផង

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មក ១,១៥

អលេលូយ៉ា! អាលេលូយ៉ា!
ព្រះរាជ្យរបស់ព្រះជាម្ចាស់មកជិតបង្កើយ​ចូរនាំគ្នាជឿដំណឹងល្អចុះ!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៦,៧-១៣

ព្រះយេស៊ូត្រាស់ហៅក្រុមសាវ័កទាំងដប់ពីរនាក់មក រួចទ្រង់ចាត់គេពីរនាក់ៗឱ្យទៅជាលើកទីមួយ ទាំងប្រទានឱ្យគេមានអំណាចដេញខ្មោចផង។ ព្រះអង្គផ្តែផ្តាំគេមិនឱ្យ​យកអ្វីទៅជាមួយ ក្នុងពេលធ្វើដំណើរឡើយ លើកលែងតែដំបងប៉ុណ្ណោះ៖ «កុំយកចំណីអាហារ ថង់យាម ឬយកប្រាក់កាសជាប់នឹងខ្លួន ចូរពាក់ស្បែកជើង តែមិនត្រូវយក​អាវពីរបន្លាស់ទៅជាមួយឡើយ»។ ព្រះអង្គមានព្រះបន្ទូលថា៖«បើអ្នក​រាល់គ្នាចូលផ្ទះណា ចូរស្នាក់នៅផ្ទះនោះ​ រហូតដល់ពេលអ្នករាល់គ្នាចេញពីស្រុកនោះទៅ។ បើនៅកន្លែងណាគេមិនព្រមទទួល មិនព្រមស្ដាប់អ្នករាល់គ្នា ចូរចេញពីកន្លែង​នោះទៅ ហើយរលាស់ធូលីដីចេញពីជើងអ្នករាល់គ្នាផង ទុកជាសញ្ញាព្រមានគេ»។ ក្រុមសាវ័កក៏ចេញទៅប្រកាស ឱ្យមនុស្សម្នាកែប្រែចិត្ដគំនិត។ គេដេញអារក្ស​ជាច្រើនចេញពីមនុស្ស ព្រមទាំងចាក់ប្រេងលើអ្នកជំងឺច្រើននាក់ ដើម្បីប្រោសគេ​ឱ្យបានជាសះស្បើយ។




















299 Views

Theme: Overlay by Kaira