អត្ថបទព្រះគម្ពីរ
ថ្ងៃចន្ទ ទី០៣ ខែមករា

រដូវបុណ្យព្រះយេស៊ូប្រសូត
ពណ៌ស

ថ្ងៃក្រោយបុណ្យព្រះយេស៊ូសម្តែងព្រះអង្គ

អត្ថបទទី
សូមថ្លែងលិខិតទី ១ របស់គ្រីស្តទូតយ៉ូហាន ១យហ ៣,២២-៤,៦

ម្នាលកូនចៅជាទីស្រឡាញ់! អ្វីៗក៏ដោយ ឱ្យតែយើងទូលសុំ យើងមុខជានឹងទទួលពីព្រះអង្គមិនខាន ព្រោះយើងកាន់តាមវិន័យរបស់ព្រះអង្គ និងប្រព្រឹត្តអំពើដែលគាប់ ព្រះហឫទ័យព្រះអង្គ។ រីឯវិន័យរបស់ព្រះអង្គមានដូចតទៅ គឺយើងត្រូវជឿលើព្រះនាមព្រះយេស៊ូគ្រីស្តជាព្រះបុត្រារបស់ព្រះអង្គ និងត្រូវស្រឡាញ់គ្នាទៅវិញទៅមក តាមវិន័យដែលព្រះអង្គបានប្រទានមកយើង។ អ្នកណាកាន់តាមវិន័យរបស់ព្រះអង្គអ្នកនោះស្ថិតនៅជាប់នឹងព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ក៏ស្ថិតនៅជាប់នឹងអ្នកនោះដែរ។ ត្រង់ហ្នឹង ហើយដែលយើងដឹងថា ព្រះជាម្ចាស់ស្ថិតនៅជាប់នឹងយើងដោយសារព្រះវិញ្ញាណដែលព្រះអង្គបានប្រទានយើង។

កូនចៅជាទីស្រាឡាញ់អើយ! សូមកុំជឿអស់អ្នកដែលអួតថា ខ្លួនមានព្រះវិញ្ញាណគង់នៅជាមួយនោះឡើយ ត្រូវល្បងលគេមើល ដើម្បីឱ្យដឹងថា វិញ្ញាណនេះមកពីព្រះជាម្ចាស់មែន ឬយ៉ាងណា ដ្បិតមានព្យាការីក្លែងក្លាយជាច្រើនមកក្នុងលោកនេះ។ បងប្អូនអាច​ស្គាល់ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បាននៅត្រង់នេះ គឺអ្នកណាប្រកាសជំនឿថា ព្រះយេស៊ូគ្រីស្តយាងកើតជាមនុស្ស អ្នកនោះមានព្រះវិញ្ញាណមកពីព្រះជាម្ចាស់មែន។ ផ្ទុយទៅវិញ អ្នកណាមិនទទួលស្គាល់ថា ព្រះយេស៊ូកើតជាមនុស្សទេ អ្នកនោះមិនកើតមកពីព្រះជាម្ចាស់ឡើយ គឺមកពីមេប្រឆាំងព្រះគ្រីស្តវិញ ដូចអ្នករាល់គ្នាទទួលដំណឹងស្រាប់ហើយថា មានមេប្រឆាំងនឹងព្រះគ្រីស្តកំពុងតែមកឥឡូវនេះ គេក៏នៅក្នុងពិភពលោកដែរ។ កូនចៅអើយ! អ្នករាល់គ្នាកើតមកពីព្រះជាម្ចាស់ ហើយអ្នករាល់គ្នាឈ្នះព្យាការីក្លែងក្លាយទាំងនោះ ដ្បិតព្រះអង្គដែលគង់នៅក្នុងអ្នករាល់គ្នា ទ្រង់មានអំណាចធំជាងម្ចាស់លោកីយ៍នេះទៅទៀត។ អ្នកទាំងនោះកើតមកពីលោកិយ៍ ហេតុនេះហើយបានជាពាក្យសម្តីរបស់គេចេញពីលោកីយ៍ ហើយមនុស្សលោកស្គាល់គេ។ រីឯយើងវិញ យើងកើតមកពីព្រះជាម្ចាស់ អ្នកណាស្គាល់ព្រះជាម្ចាស់ អ្នកនោះក៏ស្តាប់យើងដែរ អ្នកណាមិនកើតមកពីព្រះជាម្ចាស់ទេ អ្នកនោះមិនស្តាប់យើងឡើយ គឺត្រង់នេះហើយដែលយើងអាចដឹងថា ព្រះវិញ្ញាណសម្តែងសេចក្តីពិត ខុសពីវិញ្ញាណដែលនាំឱ្យវង្វេងនោះ។

ទំនុកតម្កើងលេខ ២,៧-៨.១០-១១ បទពាក្យ៧

៧.ខ្ញុំនឹងថ្លែងក្រឹត្យព្រះអម្ចាស់មានបន្ទូលច្បាស់យ៉ាងមោះមុត
ថា៖«ព្រះអង្គនេះពិតជាបុត្រដែលយើងបង្កើតនៅថ្ងៃនេះ»
៨.បើព្រះអង្គសុំយើងនឹងផ្តល់ប្រជាជាតិដល់ទ្រង់ទាំងអស់
ឱ្យព្រះអង្គទុកជាមត៌កផែនដីទាំងអស់ជាកម្មសិទ្ធិ
១០.ស្តេចទាំងឡាយអើយឥឡូវនេះចូរគិតត្រិះរិះកុំរារែក
អស់អ្នកគ្រប់គ្រងកុំអល់អែកត្រូវចេះបែងចែកទទួលយក
១១.នូវការអប់រំប្រពៃបម្រើម្ចាស់ថ្លៃដោយចូលមក
គោរពកោតខ្លាចក្រាបលុតក្រោកគាល់រកព្រះអង្គទាំងញាប់ញ័រ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទំន ១១៨,២៦-២៧

អលេលូយ៉ា! អាលេលូយ៉ា!
សូមសរសើរតម្កើងព្រះអង្គដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់! ព្រះជាម្ចាស់ប្រទានពន្លឺឱ្យយើង។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៤,១២-១៧.២៣-២៥

កាលព្រះយេស៊ូជ្រាបដំណឹងថា គេបានចាប់លោកយ៉ូហានយកទៅឃុំឃាំងហើយព្រះអង្គ ភៀសចេញទៅស្រុកកាលីឡេ។ ព្រះអង្គចាកចេញពីភូមិណាសារ៉ែត ទៅស្នាក់នៅក្រុងកាផានុមជិតមាត់សមុទ្រ ក្នុងតំបន់សាប៊ូឡូននិងតំបន់ណែបថាលី ដើម្បីឱ្យសេចក្តី ដែលព្រះជាម្ចាស់មានព្រះបន្ទូលដោយសារព្យាការីអេសាយ បានសម្រេចជារូបរាងគឺថា៖ «ដែនដីសាប៊ូឡូន និងដែនដីណែបថាលី ដែលស្ថិតនៅតាមផ្លូវទៅកាន់សមុទ្រអើយ! ស្រុក ខាងនាយទន្លរយ័រដាន់ គឺស្រុកកាលីឡេដែលសាសន៍ដទៃរស់នៅអើយ! ប្រជាជនដែល អង្គុយនៅក្នុងភាពងងឹតបានឃើញពន្លឺមួយដ៏ត្រចេះត្រចង់ ហើយមានពន្លឺលេចឡើង បំភ្លឺអស់អ្នកដែលរស់នៅក្នុងស្រុកក្រោមអំណាចនៃសេចក្តីស្លាប់»។ តាំង​ពីគ្រានោះមក ព្រះយេស៊ូចាប់ផ្តើមប្រកាសថា៖«ចូរប្រែចិត្តគំនិត ដ្បិតព្រះរាជ្យនៃស្ថានបរមសុខមកជិត ដល់ហើយ!»។ ព្រះយេស៊ូយាងចុះឡើងក្នុងស្រុកកាលីឡេទាំង​មូល ព្រះអង្គបង្រៀនអ្នកស្រុកក្នុងធម្មសាលារបស់គេ ព្រះអង្គប្រកាសដំណឹងល្អអំពីព្រះរាជ្យ ហើយប្រោសអ្នកជំងឺគ្រប់យ៉ាង និងមនុស្សពិការគ្រប់ប្រភេទក្នុងចំណោមប្រជា​ជនឱ្យបានជាផង។ ព្រះកិត្តិនាមរបស់ព្រះអង្គក៏ល្បីឮខ្ចរខ្ចាយពាសពេញស្រុកស៊ីរីទាំងមូល។ គេនាំអស់អ្នកមាន ជំងឺគ្រប់យ៉ាង និងអ្នកកើតទុក្ខលំបាក មនុស្សខ្មោចចូល មនុស្សឆ្កួតជ្រូក និងមនុស្ស ស្លាប់ដៃ ស្លាប់ជើងមករកព្រះអង្គ ព្រះអង្គក៏ប្រោសគេឱ្យបានជាទាំងអស់គ្នា។ មានមហាជនជាច្រើនពីស្រុកកាលីឡេ ស្រុកដេកាប៉ូល ក្រុងយេរូសាឡឹម ស្រុកយូដា និងពីតំបន់ខាងនាយទន្លេយ័រដាន់នាំគ្នាដើរតាមព្រះយេស៊ូ។

126 Views

Theme: Overlay by Kaira