អត្ថបទព្រះគម្ពីរ
ថ្ងៃពុធ ទី០២ ខែ
កុម្ភៈ ឆ្នាំ២០២២
អាទិត្យទី០៤ រដូវធម្មតា
ពណ៌ស
បុណ្យគោរព

បុណ្យថ្វាយព្រះឱរសយេស៊ូ
នៅក្នុងព្រះវិហារ

សែសិបថ្ងៃក្រោយព្រះយេស៊ូប្រសូត ព្រះនាងម៉ារី និងលោកយ៉ូសែបយកព្រះ​ឱរស​យេស៊ូ​ទៅ​ថ្វាយ​ព្រះជាម្ចាស់ក្នុងព្រះវិហារក្រុងយេរ៉ូសាឡឹមតាមធម្មវិន័យរបស់លោកម៉ូសេ (ដណ១៣,១១-១៣)។

ព្រះសហគមន៍យល់ឃើញថា ពេលព្រះយេស៊ូយាងចូលក្នុងព្រះវិហារ ក៏ដូចជា​ព្រះជាម្ចាស់​ផ្ទា​ល់​​យាងមក ចូលតាមពាក្យទំនាយរបស់ព្យាការីម៉ាឡាគី (អត្ថបទទី ១ )។ព្រះយេស៊ូរួម​សាមគ្គី​ជា​មួយ​មនុស្សលោកទាំងមូល ព្រះអង្គពិតជាមហាបូជាចារ្យរបស់យើង។ ទ្រង់យាងចូលក្នុងព្រះវិហារ ដើម្បី​ផ្សះផ្សាមនុស្សលោកទាំងអស់ ឱ្យជានាជាមួយព្រះជាម្ចាស់ (អត្ថបទទី ២)។ ព្រះយេ​ស៊ូពិត​ជា​ពន្លឺ​​ដែលបំភ្លឺមនុស្សលោក (ដំណឹងល្អ )។

សូមថ្លែងព្រះគម្ពីរព្យាការីម៉ាឡាគី មគ ៣,១-៤

ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ « យើងចាត់ទូតរបស់យើងឱ្យទៅមុន​ដើម្បីរៀប​ចំផ្លូវ​សម្រាប់​យើង។ រំពេចនោះ ព្រះអម្ចាស់ដែលអ្នករាល់គ្នាស្វែងរក នឹងយាងចូលក្នុងព្រះវិហាររបស់ព្រះអង្គ។ រីឯគ្រីស្តទូតនៃសម្ព័ន្ធមេត្រីដែលអ្នករាល់គ្នារង់ចាំកំពុងតែមកហើយ។ ប៉ុន្ត នៅថ្ងៃដែលព្រះអង្គយាងមកដល់ តើ​នរណាអាចទ្រាំបាន? នៅពេលព្រះអង្គលេចមក តើនរណាអាចឈរបាន? ដ្បិតព្រះអង្គ​ប្រៀប​បាន​នឹង​ភ្លើង​រប​ស់​​ជាងដែក និងដូចសាប៊ូរបស់អ្នកបោកសម្លៀកបំពាក់។ ព្រះអង្គនឹងកាត់ក្តីដូចជាងទងអង្គុយរំលាយ និងបន្សុទ្ធ​សាច់ប្រាក់។ ព្រះអង្គនឹងជំរះកូនចៅលេវីឱ្យបានវិសុទ្ធ ព្រះអង្គនឹងបន្សុទ្ធពួកគេដូចបន្សុទ្ធមាសនិងប្រាក់។ ពួក​គេ​​នឹងនាំតង្វាយត្រឹមត្រូវតាមវិន័យមកថ្វាយព្រះអម្ចាស់ ដោយចិត្តស្មោះត្រង់។ ពេលនោះ ព្រះអម្ចាស់​សព្វ​ព្រះ​ហឫ​ទ័យទទួលតង្វាយរបស់អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមដូចកាលពីដើមនៅជំនាន់មុនៗ។

ឬសូមថ្លែងលិខិតផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ ហប ២,១៤-១៨

ដោយមនុស្សទាំងអស់ជាប់សាច់ឈាមជាមួយគ្នា ព្រះអង្គក៏បានយកឋានៈជាមនុស្សរួមជាមួយគេដែរ ហើយ​ព្រះអង្គសោយទិវង្គត ដើម្បីកម្ទេចមារដែលមានអំណាច​លើសេចក្តីស្លាប់ និងដើម្បី​រំដោះ​អស់​អ្នក​ដែល​ជាប់​ជាទាសករមួយជីវិត ព្រោះតែខ្លាចស្លាប់។ ព្រះយេស៊ូពិតជាពុំបានយាងមកជួយពួកទេវទូតទេ គឺព្រះ​អង្គ​មក​ជួយពូជពង្សរបស់លោកអប្រាហាំវិញ។ ហេតុនេះហើយបានជាព្រះអង្គត្រូវតែ​មានលក្ខណៈដូច​បងប្អូន​របស់​ព្រះអង្គគ្រប់ជំពូកទាំងអស់ ដើម្បីធ្វើជាមហាបូជាចារ្យ ដែលមានចិត្តមេត្តាករុណា មានចិត្ត​ស្មោះ​ត្រង់​ក្នុង​ការ​បម្រើព្រះជាម្ចាស់ និងដើម្បីរំដោះប្រជាជនឱ្យរួចផុតពីបាបផង។ ដោយព្រះអង្គផ្ទាល់បានរងទុក្ខលំបាក នៅ​ពេល​ជួបការល្បងល ព្រះអង្គក៏អាចជួយអស់អ្នកដែលជួបនឹងការល្បងលបានដែរ ។

ទំនុកតម្កើង ២៤ (២៣),៧​-១០ បទពាក្យ ៧

ឱទ្វារទាំងឡាយចូរកក្រើកចូរអ្នកខំបើកកុំឈរឈប់
ចូរបើកចំហទាំងថ្ងៃយប់មហាក្សត្រជាម្លប់យាងចូលមក
តើព្រះមហាក្សត្រជានរណារុងរឿងថ្លៃថ្លាជាជម្រក
គឺព្រះដែលខ្លាំងធ្លាប់ច្បាំងមកមានជ័យមានជោគលើពិភព
ឱទ្វារទាំងឡាយចូរកក្រើកចូរអ្នកខំបើកកុំឈរឈប់
ចូរបើកចំហទាំងថ្ងៃយប់មហាក្សត្រជាម្លប់យាងចូលមក
១០តើព្រះមហាក្សត្រជានរណារុងរឿងថ្លៃថ្លាជាជម្រក
គឺទ្រង់ជាម្ចាស់ពិភពលោកពីដើមរៀងមកលុះឥឡូវ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ២ធម ១,១០

អលេលូយ៉ា! អាលេលូយ៉ា!
កូននេះជាពន្លឺដែលបំភ្លឺឱ្យមនុស្សគ្រប់ជាតិសាសន៍ស្គាល់ព្រះអង្គ! កូននេះ​ជាសិរីរុងរឿងរបស់អ៊ីស្រាអែល។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ២,២២-៤០ (ឬយ៉ាងខ្លី ២២-៣២)

ដល់ពេលកំណត់ដែលលោកយ៉ូសែប និងនាងម៉ារីត្រូវធ្វើពិធីជំរះកាយឱ្យបានបរិសុទ្ធ​តាមធម្មវិន័យ​របស់​លោកម៉ូសេ អ្នកទាំងពីរក៏នាំព្រះឱរសទៅថ្វាយព្រះអម្ចាស់ នៅក្រុងយេរូសាឡឹម ដ្បិត​ក្នុងធម្មវិន័យ​របស់​ព្រះ​អម្ចាស់​មានចែងទុក្ខមកថា “កូនប្រុសច្បងទាំងអស់ ត្រូវញែកថ្វាយព្រះអម្ចាស់”។ អ្នកទាំងពីរថ្វាយ​យញ្ញ​បូជា​តាម​ធម្មវិន័យរបស់ព្រះអម្ចាស់មានចែងទុកមក គឺថ្វាយ “លលកមួយគូ ឬព្រាបស្ទាវពីរ”។

នៅក្រុងយេរូសាឡឹមមានបុរសម្នាក់ឈ្មោះ ស៊ីម៉ូន ជាមនុស្សសុច្ចរិត។ គាត់គោរពកោតខ្លាចព្រះអម្ចាស់ ព្រមទាំងទន្ទឹងរង់ចាំពេលព្រះអង្គយាងមកសម្រាលទុក្ខប្រជារាស្ត្រអ៊ីស្រាអែល។ ព្រះវិញ្ញាណដ៏វិសុទ្ធសណ្ឋិតលើគាត់ ហើយសម្តែងឱ្យគាត់ដឹងថា គាត់មិនត្រូវស្លាប់ ដរាបមិនទាន់បានឃើញព្រះគ្រីស្តដែលព្រះអម្ចាស់ចាត់ឱ្យមកទេនោះ។ព្រះវិញ្ញាណនាំលោកតាស៊ីម៉ូនចូលក្នុងព្រះវិះហារ។ ពេលមាតាបិតានាំព្រះឧិរសយេស៊ូមកថ្វាយព្រះជាម្ចាស់ តាមធម្មវិន័យ លោកតាស៊ីម៉ូនយកព្រះឱរសមកបី រួចសរសើរតម្កើងព្រះជាម្ចាស់ថា៖« បពិត្រព្រះដ៏ជាចៅហ្វាយ! ឥឡូវនេះព្រះអង្គបានសម្រេចតាមព្រះបន្ទូលសន្យាហើយ។ ដូច្នេះ សូមឱ្យទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គលាចាកលោកនេះទៅដោយសុខសាន្តផងចុះ ដ្បិតភ្នែកទូលបង្គំបាន​ឃើញ​ការ​សង្គ្រោះ ដែលព្រះអង្គបានប្រទានមកឱ្យប្រជាជាតិទាំងអស់ គឺជាពន្លឺដែល​នាំឱ្យមនុស្សគ្រប់​ជាតិ​សាសន៍​ស្គាល់​ព្រះអង្គ និងជាសិរីរុងរឿងរបស់អ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គ»។

មាតាបិតារបស់ព្រះយេស៊ូងឿងឆ្ងល់នឹងសេចក្តីដែលលោកតាស៊ីម៉ូនមានប្រសាសន៍អំពីព្រះឧិរស​ណា​ស់។ លោកតាស៊ីម៉ូនជូនពរលោកទាំងពីរ ហើយនិយាយទៅកាន់នាងម៉ារីជាមាតាថា៖ «ព្រះ​ជាម្ចាស់​បាន​ចាត់​បុត្រនេះមក ដើម្បីឱ្យជនជាតិអ៊ីស្រាអែលច្រើនអ្នកដួលឬងើបឡើងវិញ។ បុត្រនេះជាទីសម្គាល់មួយ បង្ហាញ​អំពីការសង្គ្រោះរបស់ព្រះជាម្ចាស់ តែមានមនុស្សជាច្រើននឹងជំទាស់ប្រឆាំង។ បុត្រនេះ​ធ្វើ​ឱ្យ​គំនិត​លាក់​កំបាំងរបស់មនុស្សជាច្រើនលេចច្បាស់ឡើង រីឯនាងវិញនាងនឹងឈឺចុកចាប់យ៉ាងខ្លាំង ដូចមានដាវ​មួយ​មក​ចាក់ទម្លុះដួងចិត្តរបស់នាង»។

មានព្យាការីម្នាក់ឈ្មោះ ហណ្ណា ជាកូនរបស់លោកផានូអែលក្នុងកុលសម្ព័ន្ធអរសែ៊រ។​ គាត់រៀប​ការ​បាន​ប្រាំ​​ពីរឆ្នាំ ប្តីគាត់ក៏ទទួលមរណៈភាពចោលទៅ  គាត់នៅមេម៉ាយរហូត ឥឡូវនេះ​គាត់​មានវ័​យ​ចាស់​ណាស់​ទៅ​ហើយ អាយុប៉ែតសិបបួនឆ្នាំ។ គាត់មិន​ទៅណាឆ្ងាយពីព្រះវិហារទេ ​គាត់នៅគោរព​បម្រើ​ព្រះអង្គ​ទាំង​យប់ទាំង​ថ្ងៃ ដោយតមអាហារ និងអធិដ្ឋានផង។ ពេលនោះលោកយាយហាណ្ណាក៏នៅទីនោះដែរ គាត់សរសើរ​តម្កើង​ព្រះ​ជាម្ចាស់ រួចតំណាលអំពីព្រះឧិរសនោះប្រាប់អស់អ្នកដែលទន្ទឹងរង់ចាំព្រះជាម្ចាស់យាងមក​លោះ​ក្រុង​យេរូសា​ឡឹម។

កាលមាតារបស់ព្រះយេស៊ូបានបំពេញកិច្ចការទាំងអស់ស្របតាមគម្ពីរវិន័យ​របស់​ព្រះអម្ចាស់​សព្វ​គ្រប់​ហើយ គាត់ក៏នាំគ្នាវិលត្រឡប់ទៅណាសារ៉ែតជាភូមិរបស់គាត់ ក្នុងស្រុកកាលីឡេវិញ។ ព្រះកុមារ​មានវ័​យ​ចម្រើន​ឡើងជាលំដាប់ មានកម្លាំងកាន់តែមាំមួនឡើង និងពោរពេញទៅដោយព្រះប្រាជ្ញាញាណ។ ព្រះ​ជាម្ចាស់​គាប់​ព្រះហឫទ័យនឹងព្រះកុមារនេះណាស់ ។

113 Views

Theme: Overlay by Kaira