ថ្ងៃទី០១ ខែតុលា
សន្តីតេរេសា នៃព្រះកុមារយេស៊ូជាព្រហ្មចារិនី
និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
បុណ្យរម្លឹក
ពណ៌ស
ដូនជីតេរេសាម៉ារតាំង (១៨៧៣-១៨៩៧) ទទួលមរណភាពក្នុងជន្មាយុម្ភៃបួនឆ្នាំ នៅអារាមកាមែលក្នុងក្រុងលីស៊ីយើ (ប្រទេសបារាំង)។ ពេលនោះ គ្មាននរណាម្នាក់ស្គាល់គាត់សោះ។ តែនៅឆ្នាំ ១៩២៥ សម្តេចប៉ាបប្រកាសថា នាងជាសន្តីម្នាក់គួរឱ្យយកតម្រាប់តាម។ នាងបាននិពន្ធប្រវត្តិផ្ទាល់ខ្លួន ដែលបង្ហាញអំពីជំនឿដ៏ជ្រៅបំផុតរបស់នាង គឺត្រូវតែទទួលស្គាល់ភាពទន់ខ្សោយរបស់ខ្លួន និងផ្ញើជីវិតទាំងស្រុងទៅលើធម៌មេត្តាករុណាដ៏លើសលប់របស់ព្រះជាម្ចាស់ ដូចកូនទើបកើតធ្លាប់ផ្ញើជីវិតលើម្តាយរបស់ខ្លួនដែរ។ សន្តីតេរេសា ជាឧបការិនីរបស់អស់សាសនទូត។
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះជាម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហឫទ័យសម្តែងការអាថ៌កំបាំងដ៏អស្ចារ្យនៃព្រះរាជឱ្យមនុស្សតូចតាច និងអ្នកទន់ទាបស្គាល់។ សូមទ្រង់ព្រះមេត្តាប្រោសឱ្យយើងខ្ញុំយកតម្រាប់ធ្វើតាមសន្តីតេរេសាផង សូមឱ្យយើងខ្ញុំអាចស្គាល់សិរីរុងរឿងរបស់ព្រះអង្គ ដោយផ្ញើជីវិតទាំងស្រុងទៅលើធម៌មេត្តាករុណាដ៏លើសលប់របស់ព្រះអង្គ។
សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ៦៦,១០-១៤
អស់អ្នកដែលស្រឡាញ់ក្រុងយេរូសាឡឹមអើយ ចូរសប្បាយរួមជាមួយក្រុងនេះចុះ ចូរត្រេកអររីករាយយ៉ាងខ្លាំង! អស់អ្នកដែលកាន់ទុក្ខអាណិតក្រុងយេរូសាឡឹមអើយ ចូរសប្បាយរីករាយរួមជាមួយក្រុងនេះដែរ។ សូមឱ្យអ្នករាល់គ្នាបានស្កប់ចិត្តនឹងក្រុងនេះ ដូចកូនដែលម្ដាយថ្នាក់ថ្នមបំបៅដែរ អ្នករាល់គ្នានឹងបានថ្កុំថ្កើងរុងរឿងដោយសារក្រុងនេះ។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងឱ្យសេចក្ដីសុខសាន្តហូរមកក្រុងនេះ ដូចទឹកទន្លេ យើងនឹងបង្ហូរធនធានដ៏រុងរឿងរបស់ប្រជាជាតិនានាចូលមកក្នុងក្រុងនេះ ដូចទឹកហូរប្រៀបមាត់ច្រាំង។ យើងនឹងថ្នាក់ថ្នមអ្នករាល់គ្នាដូចម្ដាយបំបៅកូនបីវា និងថ្នាក់ថ្នមវានៅលើភ្លៅ។ ម្ដាយលួងលោមកូនយ៉ាងណា យើងនឹងលួងលោមអ្នករាល់គ្នាយ៉ាងនោះដែរ អ្នករាល់គ្នានឹងរស់នៅក្នុងក្រុងយេរូសាឡឹមដោយលែងមានទុក្ខព្រួយទៀត។ កាលណាអ្នករាល់គ្នាឃើញក្រុងយេរូសាឡឹមបានសុខសាន្តដូច្នេះ អ្នករាល់គ្នានឹងមានចិត្តសប្បាយរីករាយ ហើយអ្នករាល់គ្នានឹងមានកម្លាំងឡើងវិញ ដូចស្មៅលាស់ស្រស់បំព្រង។ ព្រះអម្ចាស់នឹងសម្ដែងព្រះបារមីឱ្យអ្នកបម្រើរបស់ព្រះអង្គឃើញ តែព្រះអង្គសម្ដែងព្រះពិរោធទាស់នឹងខ្មាំងសត្រូវរបស់ព្រះអង្គ។
សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងរ៉ូម រម ៨,១៤-១៧
បងប្អូនជាទីស្រឡាញ់!
អស់អ្នកដែលព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ណែនាំ សុទ្ធតែជាបុត្រធីតារបស់ព្រះជាម្ចាស់។ បងប្អូនពុំបានទទួលវិញ្ញាណដែលធ្វើឱ្យបងប្អូនទៅជាខ្ញុំបម្រើ ហើយឱ្យនៅតែភ័យខ្លាចទៀតទេ គឺបងប្អូនបានទទួលព្រះវិញ្ញាណដែលធ្វើឱ្យបងប្អូនទៅជាបុត្រធីតារបស់ព្រះជាម្ចាស់។ ដោយសារព្រះវិញ្ញាណនេះ យើងបន្លឺសំឡេងឡើងថា «អប្បា!» ឱព្រះបិតា! គឺព្រះវិញ្ញាណផ្ទាល់ដែលផ្ដល់សក្ខីភាពឱ្យវិញ្ញាណរបស់យើងដឹងថា យើងពិតជាបុត្រធីតារបស់ព្រះជាម្ចាស់មែន។ ប្រសិនបើយើងពិតជាបុត្រធីតាមែន នោះយើងមុខជាទទួលមត៌កពុំខាន។ យើងនឹងទទួលមត៌កពីព្រះជាម្ចាស់ គឺទទួលមត៌ករួមជាមួយព្រះគ្រីស្ដ។ ដោយយើងរងទុក្ខលំបាករួមជាមួយព្រះអង្គដូច្នេះ យើងក៏នឹងទទួលសិរីរុងរឿងរួមជាមួយព្រះអង្គដែរ។
ទំនុកតម្កើងលេខ ១៣១ (១៣០),១-៣ បទកាកគតិ
| ១ | បពិត្រព្រះម្ចាស់ | ខ្ញុំជាមនុស្ស | ដែលមិនអំនួត |
| មិនវាយឫកខ្ពស់ | មិនអាងមិនអួត | មិនចង់ប្រកួត |
| | អ្នកតូចអ្នកទាប | ។ |
| ខ្ញុំមិនលោភលន់ | ចង់បានទ្រព្យធន | គេជារៀងរាប |
| មិនចង់បានអ្វី | ដែលធំហួសប្រៀប | លើសសមត្ថភាព |
| | របស់ខ្ញុំឡើយ | ។ |
| ២ | តែផ្ទុយទៅវិញ | ចិត្តខ្ញុំពោរពេញ | ស្ងៀមស្ងាត់ព្រងើយ |
| ដូចជាកូនក្មេង | ជាប់ទ្រូងម្តាយហើយ | វាធ្វើកន្តើយ |
| | នឹងអ្វីទាំងអស់ | ។ |
| ៣ | អ៊ីស្រាអែលអើយ | កុំបង្អង់ឡើយ | ទុកចិត្តលើព្រះ |
| តាំងពីឥឡូវ | តទៅឥតខ្ចោះ | រហូតដល់អស់ |
| | កប្បកល្បជានិច្ច | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ១១,២៥
អាលេលូយ៉ា! អាលេលូយ៉ា!
«បពិត្រព្រះបិតាជាអម្ចាស់នៃស្ថានបរមសុខ និងជាអម្ចាស់នៃផែនដី ទូលបង្គំសូមសរសើរតម្កើងព្រះអង្គ ព្រោះព្រះអង្គបានសម្ដែងការទាំងនេះឱ្យមនុស្សតូចតាចយល់ តែព្រះអង្គបានលាក់មិនឱ្យអ្នកប្រាជ្ញ និងអ្នកចេះដឹងយល់ទេ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៨,១-៤
ពេលនោះ សាវ័កនាំគ្នាចូលមកគាល់ព្រះយេស៊ូ ហើយទូលថា៖ «តើអ្នកណាមានឋានៈធំជាងគេនៅក្នុងព្រះរាជ្យនៃស្ថានបរមសុខ?»។ ព្រះអង្គហៅក្មេងតូចម្នាក់ឱ្យមកឈរនៅកណ្ដាលចំណោមពួកសាវ័ក រួចមានព្រះបន្ទូលថា៖ «ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា បើអ្នករាល់គ្នាមិនដូរចិត្តគំនិតឱ្យបានដូចក្មេងតូចៗទេ អ្នករាល់គ្នាមិនអាចចូលទៅក្នុងព្រះរាជ្យនៃស្ថានបរមសុខឡើយ។ អ្នកណាដាក់ខ្លួនដូចក្មេងតូចនេះ អ្នកនោះមានឋានៈធំជាងគេក្នុងព្រះរាជ្យនៃស្ថានបរមសុខ។ អ្នកណាទទួលក្មេងតូចណាម្នាក់ដូចក្មេងនេះក្នុងនាមខ្ញុំ ក៏ដូចជាបានទទួលខ្ញុំដែរ»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះជាម្ចាស់ជាព្រះបិតា! ពេលយើងខ្ញុំនាំគ្នាធ្វើពិធីនឹករឭកសន្តីតេរេសា យើងខ្ញុំលើកតម្កើងស្នាព្រះហត្តដ៏អស្ចារ្យរបស់ព្រះអង្គ។ ព្រះអង្គសព្វព្រះហឬទ័យនឹងសន្តីតេរេសា ជាអ្នកតូចតាចដែលមានសេចក្តីក្លាហាន ទ្រាំទុក្ខលំបាកគ្រប់បែបយ៉ាង។ សូមទ្រង់ព្រះមេត្តាទទួលកាយ វាចា ចិត្ត យើងខ្ញុំរួមនឹងសក្ការបូជារបស់ព្រះយេស៊ូគ្រីស្តផង។
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រទានព្រះកាយព្រះគ្រីស្តឱ្យយើងខ្ញុំទទួលទាន។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យមានចិត្តស្រឡាញ់ព្រះអង្គយ៉ាងខ្លាំង ដូសន្តីតេរេសា ហើយសុខចិត្តផ្ញើជិវិតទាំងស្រុងទៅលើព្រះអង្គ និងយកចិត្តទុកដាក់ចំពោះការសង្គ្រោះរបស់មនុស្សលោកផង។
748 Views
Post Views:
790