ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

បន្ទរ៖ ព្រះ‌គ្រីស្ដដែល​រស់​ឡើង​វិញ​នោះ ព្រះ‌អង្គ​លែង​សោយ​ទិវង្គត​ហើយ អាលេលូយ៉ា !

បន្ទរ៖ ព្រះ‌យេស៊ូ​ត្រូវ​គេ​បញ្ជូន​ទៅ​សម្លាប់ ព្រោះ​តែ​កំហុស​របស់​យើង ហើយ​ព្រះ‌ជាម្ចាស់​ប្រោស​ព្រះ‌អង្គ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដើម្បី​ឲ្យ​យើង​សុចរិត អាលេលូយ៉ា !

បន្ទរ៖ ប្រសិន​បើ​បង‌ប្អូន​បាន​រស់​ឡើង​វិញ​រួម​ជា​មួយ​ព្រះ‌គ្រីស្ត​មែន ចូរ​ស្វែង​រក​អ្វីៗ​នៅ​ស្ថាន​លើ អាលេលូយ៉ា !

២៥ទូលបង្គំធ្លាក់ខ្លួនដុនដាបយ៉ាងខ្លាំង
សូមប្រោសឱ្យទូលបង្គំបានរស់ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គផង!។
២៦ទូលបង្គំរៀបរាប់អំពីដំណើរជីវិតរបស់ទូលបង្គំ
ព្រះអង្គក៏ឆ្លើយតបមកទូលបង្គំ
សូមបង្រៀនក្រិត្យវិន័យរបស់ព្រះអង្គឱ្យទូលបង្គំស្គាល់ផង!។
២៧សូមជួយទូលបង្គំឱ្យយល់អំពីអត្ថន័យនៃច្បាប់របស់ព្រះអង្គ
ទូលបង្គំទើបនឹងសញ្ជឹងគិតអំពីការអស្ចារ្យដែលព្រះអង្គបានសម្តែង!។
២៨ទូលបង្គំមានទុក្ខយំសោកសង្រេង
សូមលើកទឹកចិត្តទូលបង្គំឡើងវិញ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គផង។
២៩សូមនាំទូលបង្គំឱ្យចេញឆ្ងាយពីមាគ៌ាភូតភរនៃព្រះក្លែងក្លាយ
សូមប្រណីសន្តោសបង្រៀនធម្មវិន័យឱ្យទូលបង្គំស្គាល់ផង!
៣០ទូលបង្គំប្តេជ្ញាចិត្តស្មោះត្រង់នឹងព្រះអង្គ
ទូលបង្គំសុខចិត្តធ្វើតាមសេចក្តីដែលព្រះអង្គសម្រេចមក។
៣១ទូលបង្គំជំពាក់ចិត្តនឹងដំបូន្មានរបស់ព្រះអង្គ
ឱព្រះអម្ចាស់អើយ! សូមកុំឱ្យទូលបង្គំខកចិត្តឡើយ!
៣២ទូលបង្គំយកចិត្តទុកដាក់នឹងដើរតាមមាគ៌ារបស់ព្រះអង្គ
ដ្បិតព្រះអង្គប្រោសចិត្តគំនិតទូលបង្គំឱ្យបានភ្លឺស្វាង។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

គេនឹងឃើញបុត្រមនុស្សយាងមកលើពពក ក្នុងផ្ទៃមេឃ (ម៉ាថាយ ២៤,៣០)។

(ក)

(បទពាក្យ ៧)

២-ព្រះម្ចាស់សម្តែងឱ្យគេស្គាល់រូបព្រះអង្គផ្ទាល់នៅយូដា
ឯអ៊ីស្រាអែលល្បីអស្ចារ្យព្រះនាមនេះណាឮឆ្ងាយក្រៃ
៣-ព្រះពន្លាជ័យល្អប៉ប្រឹមយេរូសាឡឹមក្រុងល្បាញល្បី
ដំណាក់ព្រះអង្គដ៏ប្រិមប្រិយ៍ស្ថិតនៅលើដីក្រុងស៊ីយ៉ូន
៤-គឺទីនោះហើយទ្រង់សម្រេចព្រះអង្គកម្ទេចឱ្យហ្មត់សូន្យ
គ្រឿងសស្ត្រាវុធច្រើនរាប់ផ្លូនធ្នូដាវមាំមួនកប់ក្នុងដី
៥-បពិត្រព្រះម្ចាស់ដ៏ឧត្តមព្រះអង្គជិតជុំដោយសិរី
រុងរឿងចិញ្ចែងចិញ្ចាចក្រៃពេលត្រឡប់វៃមកពីភ្នំ
៦-ទ្រង់ដកអាវុធពីអ្នកច្បាំងគេហេវហត់ខ្លាំងស្ទើររលំ
ទាហានពូកែដេកសំងំមិនមកជួបជុំលែងប្រយុទ្ធ
៧-ឱព្រះនៃលោកយ៉ាកុបអើយទ្រង់គំរាមហើយគេតក់ស្លុត
រទេះចំបាំងគាំងរហូតសេះដើរមិនរួចលែងអង់អាច
សូមកោតសរសើរព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណ
ដែលគង់ស្ថិតស្ថេរឥតសៅហ្មងយូរលង់កន្លងតរៀងទៅ

(ខ)

បពិត្រព្រះអង្គ ! ព្រះគួរជាទីស្ញែងខ្លាចណាស់ !
ពេលព្រះអង្គព្រះពិរោធ
តើនរណាអាចទ្រាំឈរនៅចំពោះព្រះភក្ត្ររបស់ព្រះអង្គបាន?
ព្រះអង្គមានព្រះបន្ទូលជំនំជំរះពីលើមេឃមក
មនុស្សម្នាលើផែនដី នៅស្ងៀមស្ងាត់ដោយកោតខ្លាច
១០នៅពេលព្រះអង្គក្រោកឡើងវិនិច្ឆ័យ
ដើម្បីសង្គ្រោះមនុស្សទន់ទាបទាំងប៉ុន្មាន នៅលើផែនដី។
១១ព្រះអង្គធ្វើឱ្យកំហឹងរបស់មនុស្សលោក
ប្រែទៅជាការលើកសរសើរតម្កើងព្រះអង្គវិញ
អស់អ្នកដែលនៅសេសសល់ពីសង្គ្រាម នឹងនាំគ្នាមកថ្វាយបង្គំព្រះអង្គ។
១២អស់អ្នកដែលនៅជុំវិញព្រះអង្គអើយ !
ចូរបន់ស្រន់ចំពោះព្រះជាម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ហើយលាបំណន់ផង !
ចូរយកតង្វាយមកថ្វាយព្រះដ៏គួរឱ្យស្ញែងខ្លាច !
១៣ព្រះអង្គបំបាក់អំនួតរបស់ស្តេចនានា
ព្រះអង្គធ្វើឱ្យព្រះមហាក្សត្រទាំងឡាយនៅលើផែនដីតក់ស្លុត ស្ញែងខ្លាចព្រះអង្គ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ព្រះ‌គ្រីស្ដដែល​រស់​ឡើង​វិញ​នោះ ព្រះ‌អង្គ​លែង​សោយ​ទិវង្គត​ហើយ អាលេលូយ៉ា !

បន្ទរ៖ ព្រះ‌យេស៊ូ​ត្រូវ​គេ​បញ្ជូន​ទៅ​សម្លាប់ ព្រោះ​តែ​កំហុស​របស់​យើង ហើយ​ព្រះ‌ជាម្ចាស់​ប្រោស​ព្រះ‌អង្គ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដើម្បី​ឲ្យ​យើង​សុចរិត អាលេលូយ៉ា !

បន្ទរ៖ ប្រសិន​បើ​បង‌ប្អូន​បាន​រស់​ឡើង​វិញ​រួម​ជា​មួយ​ព្រះ‌គ្រីស្ត​មែន ចូរ​ស្វែង​រក​អ្វីៗ​នៅ​ស្ថាន​លើ អាលេលូយ៉ា !

ម៉ោង៩ ព្រឹក
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) រ៉ូម ១,១៦-១៧

ដ្បិត​ខ្ញុំ​មិន​ខ្មាស​នឹង​ប្រកាស​ដំណឹង‌ល្អ​ទេ ព្រោះ​ដំណឹងល្អ​នេះ​ជា​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់ សម្រាប់​សង្គ្រោះ​អស់​អ្នក​ដែល​ជឿ គឺ​មុន​ដំបូង​សាសន៍​យូដា បន្ទាប់​មក សាសន៍​ក្រិក។ ដំណឹងល្អ​នេះ​សម្ដែង​ឲ្យ​ដឹង​ថា ព្រះ‌ជាម្ចាស់​ប្រោស​ប្រទាន​ឲ្យ​មនុស្ស​សុចរិត ដោយ‌សារ​ជំនឿ និង​ឲ្យ​គេ​កាន់​តាម​ជំនឿ ដូច​មាន​ចែង​ទុក​មក​ថាៈ «មនុស្ស​សុចរិត​មាន​ជីវិត​រស់ ដោយ‌សារ​ជំនឿ»។

បន្ទរ៖ សំឡេងរបស់គេបានឮខ្ចរខ្ចាយពាសពេញលើផែនដីទាំងមូល អាលេលូយ៉ា!
—ហើយពាក្យសម្ដីរបស់គេបានឮខ្ចរខ្ចាយ រហូតដល់ស្រុកដាច់ស្រយាលនៃពិភពលោក អាលេលូយ៉ា!
ពាក្យអធិដ្ឋាន
ម៉ោង១២ ថ្ងៃត្រង់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) ១ថស ២,២ខ-៤

ព្រះជាម្ចាស់​បាន​ប្រទាន​ឲ្យ​យើង​មាន​ចិត្ត​អង់អាច​ប្រកាស​ដំណឹងល្អរបស់​ព្រះ‌អង្គ​ដល់​បង‌ប្អូន ទោះ​បី​ត្រូវ​តយុទ្ធ​ពុះពារ​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ។ សេចក្ដី​ដែល​យើង​ទូន្មានមិន​មែន​មក​ពី​ការ​ភាន់‌ច្រឡំ មក​ពី​គោល​បំណង​មិន​ល្អ ឬ​កលល្បិច​ណា​ឡើយ។ មុន​នឹង​ប្រគល់​មុខ‌ងារ​ផ្សាយ​ដំណឹងល្អ​មក​យើង ព្រះ‌ជាម្ចាស់​បាន​ល្បង​មើល​ចិត្ត​យើងយ៉ាង​ណា យើង​ក៏​និយាយ​យ៉ាង​នោះ​ដែរ យើង​មិន​និយាយ ដើម្បី​ផ្គាប់​ចិត្ត​មនុស្ស​ទេ គឺ​ដើម្បី​ឲ្យ​គាប់​ព្រះហឫទ័យ​ព្រះ‌ជាម្ចាស់​ដែល​ល្បង​មើល​ចិត្ត​យើង​នោះ​វិញ។

បន្ទរ៖ ក្រុមគ្រីស្តទូតបានប្រកាន់ខ្ជាប់នូវសាររបស់ព្រះគ្រីស្ត អាលេលូយ៉ា!
—ពួកគេថែរក្សាសិក្ខាបទដែលព្រះអង្គបានប្រគល់ឱ្យពួកគេ អាលេលូយ៉ា!
ពាក្យអធិដ្ឋាន
ម៉ោង៣ រសៀល
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) ២ធម ១,៨ខ-៩

អ្នក​ត្រូវ​តែ​រងទុក្ខ​វេទនា​រួម​ជា​មួយ​ខ្ញុំ សម្រាប់​ដំណឹងល្អ ដោយ​ពឹង​ផ្អែក​លើ​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់។ ព្រះ‌អង្គ​ហ្នឹង​ហើយ ដែល​បាន​សង្គ្រោះ​យើង និង​បាន​ត្រាស់​ហៅ​យើង​ឲ្យ​មក​ធ្វើជា​ប្រជារាស្ដ្រ​ដ៏‌វិសុទ្ធរបស់​ព្រះ‌អង្គ​ក។ ព្រះ‌អង្គ​ត្រាស់​ហៅ​យើង​ដូច្នេះ មិន​មែន​មក​ពី​អំពើ​ដែល​យើង​បាន​ប្រព្រឹត្ត​នោះ​ទេ គឺ​ស្រប​តាម​គម្រោង‌ការ និង​ស្រប​តាម​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក​យើង ក្នុង​អង្គ​ព្រះ‌គ្រីស្ត‌យេស៊ូ តាំង​ពី​មុន​កាល​សម័យ​ទាំង​អស់​មក​ម៉្លេះ។

បន្ទរ៖ ចូរអរសប្បាយរីករាយឡើង -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ អាលេលូយ៉ា!
—ដោយអ្នករាល់គ្នាមានឈ្មោះកត់ទុកនៅស្ថានបរមសុខវិញ អាលេលូយ៉ា!
ពាក្យអធិដ្ឋាន

បពិត្រព្រះអម្ចាស់ជាព្រះបិតា ! ព្រះអង្គសព្វព្រះហឫទ័យឲ្យសន្តម៉ាកុសនិពន្ធគម្ពីរមួយក័ណ្ឌ និងប្រកាសដំណឹងល្អ។ សូមព្រះអង្គមេត្តាប្រោសយើងខ្ញុំឲ្យយកចិត្តទុកដាក់ដើរតាមព្រះគ្រីស្ត ដែលជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់យើងខ្ញុំ។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!

46 Views

Theme: Overlay by Kaira