រដូវសែសិបថ្ងៃ
ថ្ងៃអាទិត្យ អាទិត្យទី៥
(ពេលល្ងាច)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១១០,១-៥.៧
ព្រះមេស្ស៊ី គឺជាព្រះមហាក្សត្រ និងជាបូជាចារ្យ
ព្រះគ្រីស្តត្រូវតែគ្រងរាជ្យ ទម្រាំដល់ព្រះជាម្ចាស់បង្ក្រាបខ្មាំងសត្រូវទាំងប៉ុន្មាន មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ (១ករ ១៥,២៥)។
បន្ទរទី១ ៖ «អ្នកត្រូវតែថ្វាយបង្គំព្រះអម្ចាស់ ជាព្រះរបស់អ្នក និងគោរពបម្រើតែព្រះអង្គមួយប៉ុណ្ណោះ» ។
១ | ព្រះជាអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះរាជា ជាព្រះអម្ចាស់របស់ខ្ញុំថា ៖ “សូមគង់នៅខាងស្តាំយើង ទម្រាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់ព្រះអង្គ មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ! ”។ |
២ | សូមព្រះជាអម្ចាស់ប្រោសប្រទាន ឱ្យព្រះរាជ្យរបស់ព្រះករុណា លាតសន្ធឹងចាប់តាំងពីក្រុងស៊ីយ៉ូនទៅ! សូមព្រះករុណាបង្ក្រាបខ្មាំងសត្រូវដែលនៅជុំវិញ! |
៣ | នៅថ្ងៃព្រះករុណាកេណ្ឌទ័ពទៅច្បាំង ប្រជារាស្ត្រចូលរួមដោយស្ម័គ្រចិត្ត ពួកយុវជននាំគ្នាចូលគាល់ព្រះករុណានៅលើភ្នំដ៏វិសុទ្ធ ប្រៀបដូចជាទឹកសន្សើមនៅពេលព្រឹកព្រលឹម។ |
៤ | ព្រះអម្ចាស់មានព្រះបន្ទូលសន្យា ដោយឥតប្រែប្រួលថា ៖ “ព្រះអង្គជាបូជាចារ្យអស់កល្បតរៀងទៅ តាមរបៀបស្តេចមែលគីសេដែក”។ |
៥ | ព្រះអម្ចាស់គង់នៅខាងស្តាំព្រះករុណា នៅថ្ងៃដែលព្រះអង្គទ្រង់ព្រះពិរោធ ព្រះអង្គកម្ទេចស្តេចនានា។ |
៧ | នៅតាមផ្លូវ ព្រះរាជាសោយទឹកជ្រោះ រួចហើយ ព្រះអង្គងើបព្រះភក្រ្តប្រកបដោយជោគជ័យ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ «អ្នកត្រូវតែថ្វាយបង្គំព្រះអម្ចាស់ ជាព្រះរបស់អ្នក និងគោរពបម្រើតែព្រះអង្គមួយប៉ុណ្ណោះ» ។
ទំនុកតម្កើងលេខ ១១៤,១-៨
ប្រជាជនអ៊ីស្រាអែលបានសេរីភាពពីប្រទេសអេស៊ីប
អ្នកដែលបានលះបង់ពិភពលោកនេះ ក៏ត្រូវបានដឹកនាំចេញពីប្រទេសអេស៊ីបផងដែរ (សន្តអូគូស្ទីន)។
បន្ទរទី២៖ គ្រាដែលព្រះជាម្ចាស់គាប់ព្រះហឫទ័យ គឺឥឡូវនេះហើយ ! គឺឥឡូវនេះហើយ ជាថ្ងៃដែលព្រះជាម្ចាស់សង្គ្រោះមនុស្សលោក! ។
(បទពាក្យ ៧)
១- | ពេលអ៊ីស្រាអែលបានចាកចេញ | ពីអេស៊ីបវិញហើយពេលនោះ | |
ពូជពង្សយ៉ាកុបចេញទាំងអស់ | ពីដីបរទេសមិនសល់នៅ | ។ | |
២- | ឯប្រជាជនជាតិយូដា | បានក្លាយទៅជាឥតហ្មងសៅ | |
ជាប្រជាជាតិមិនអាស្រូវ | វិសុទ្ធពេកកូវផ្ទាល់ព្រះអង្គ | ។ | |
៣- | ពេលទឹកសមុទ្រឃើញពួកគេ | តក់ស្លុតម៉្លេះទេមិនបង្អង់ | |
គេចខ្លួនថយទៅមិនរេរង់ | ទាំងយ័រដាន់ផងក៏ថយដែរ | ។ | |
៤- | ភ្នំតូចភ្នំធំភ្នំទាំងអស់ | នៅមិនស្ងៀមសោះដូចពពែ | |
លោតទៅលោតមកមិនឈប់ទេ | ភ្នំតូចលោតដែរដូចកូនចៀម | ។ | |
៥- | ឱសមុទ្រអើយម្តេចក៏អ្នក | រត់គេចជាជាក់ទៅនៅស្ងៀម | |
អ្នកធ្លាប់រលកលោតរវាម | ម្តេចសំងំស្ងៀមធ្មឹងដូច្នេះ | ។ | |
ឱទឹកទន្លេយ័រដាន់អើយ | ពេលនេះម្តេចឡើយរត់លឿនម៉្លេះ | ||
ម្តេចអ្នកដកខ្លួនឆាប់ដូច្នេះ | តើរឿងទាំងនេះមកពីអ្វី | ។ | |
៦- | ភ្នំអើយម្តេចអ្នកមិនឈប់លោត | ផ្លាស់ប្តូររហូតដូចសត្វព្រៃ | |
ភ្នំតូចអើយអ្នកលោតព្រោះអ្វី | មិនស្គាល់យប់ថ្ងៃមិនសម្រាក | ។ | |
៧- | ឱផែនដីអើយចូររីករាយ | អំណរសប្បាយចំពោះភក្រ្ត | |
ព្រះជាអម្ចាស់របស់អ្នក | និងចំពោះភក្រ្តព្រះយ៉ាកុប | ។ | |
៨- | គឺទ្រង់បានធ្វើឱ្យសិលា | ប្រែក្លាយទៅជាបឹងសាយសព្វ | |
ឱ្យថ្មប្រែក្លាយជាប្រភព | ទឹកហូរឥតឈប់ឥតស្រាកស្រាន្ត | ។ | |
សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ៖ គ្រាដែលព្រះជាម្ចាស់គាប់ព្រះហឫទ័យ គឺឥឡូវនេះហើយ ! គឺឥឡូវនេះហើយ ជាថ្ងៃដែលព្រះជាម្ចាស់សង្គ្រោះមនុស្សលោក! ។
បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ១៩,១-២.៥-៧)
វិវាហមង្គលការកូនចៀម
បន្ទរទី៣ ៖ ឥឡូវនេះ យើងឡើងទៅក្រុងយេរូសាឡឹម អ្វីៗទាំងអស់ដែលព្យាការីបានចែងទុកអំពីបុត្រមនុស្ស នឹងកើតមាននៅទីនោះ។
១ | អាលេលូយ៉ា! សូមលើកតម្កើងព្រះជាម្ចាស់នៃយើង ព្រះអង្គសង្គ្រោះយើង ព្រះអង្គប្រកបដោយសិរីរុងរឿង និងឫទ្ធានុភាព |
២ | ដ្បិតទ្រង់វិនិច្ឆ័យទោសយ៉ាងត្រឹមត្រូវ តាមយុត្តិធម៌ អាលេលូយ៉ា! |
៥ | អាលេលូយ៉ា! អ្នករាល់គ្នាជាអ្នកបម្រើព្រះជាម្ចាស់ អ្នករាល់គ្នាជាអ្នកគោរពកោតខ្លាចព្រះអង្គ ទាំងតូចទាំងធំអើយ! ចូរសរសើរតម្កើងព្រះជាម្ចាស់នៃយើង!។ អាលេលូយ៉ា! |
៦ | អាលេលូយ៉ា! ដ្បិតព្រះជាអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាលើអ្វីៗទាំងអស់ ព្រះអង្គបានតាំងព្រះរាជ្យរបស់ព្រះអង្គហើយ |
៧ | យើងនាំគ្នាអរសប្បាយឡើង ត្រូវមានអំណររីករាយឱ្យខ្លាំង ហើយនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះអង្គ អាលេលូយ៉ា! អាលេលូយ៉ា! ដ្បិតដល់ពេលរៀបវិវាហមង្គលការកូនចៀមហើយ ភរិយាថ្មោងថ្មីរបស់កូនចៀម ក៏បានរៀបចំខ្លួនរួចជាស្រេចហើយដែរ។ អាលេលូយ៉ា! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ឥឡូវនេះ យើងឡើងទៅក្រុងយេរូសាឡឹម អ្វីៗទាំងអស់ដែលព្យាការីបានចែងទុកអំពីបុត្រមនុស្ស នឹងកើតមាននៅទីនោះ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (កក ១៣,២៦-៣០)
បងប្អូនជាពូជពង្សលោកអប្រាហាំ និងបងប្អូនដែលគោរពកោតខ្លាចព្រះជាម្ចាស់អើយ ! ព្រះអង្គបានចាត់ព្រះបន្ទូលស្ដីអំពីការសង្គ្រោះ មកឲ្យយើងទាំងអស់គ្នានេះហើយ ដ្បិតអ្នកក្រុងយេរូសាឡឹម និងពួកមេដឹកនាំរបស់គេ ពុំបានដឹងថាព្រះយេស៊ូជានរណាឡើយ។ គេបានកាត់ទោសព្រះអង្គ ស្របនឹងសេចក្ដីដែលព្យាការីថ្លែងទុកមក ហើយគេអានរៀងរាល់ថ្ងៃសប្ប័ទ ទោះបីគេរកកំហុសអ្វីមកកាត់ទោសលោកមិនឃើញក៏ដោយ ក៏គេនៅតែសុំឲ្យលោកពីឡាតប្រហារជីវិតព្រះអង្គដែរ។ កាលគេបានធ្វើស្របនឹងសេចក្ដីដែលមានចែងទុកអំពីព្រះអង្គចប់សព្វគ្រប់ហើយ គេក៏យកព្រះសពព្រះអង្គចុះពីឈើឆ្កាងទៅបញ្ចុះក្នុងផ្នូរ។ ប៉ុន្តែ ព្រះជាម្ចាស់បានប្រោសព្រះអង្គឲ្យរស់ឡើងវិញ។
បន្ទរ៖ ឱព្រះអម្ចាស់អើយ! សូមព្រះសណ្តាប់ និងអាណិតអាសូរយើងខ្ញុំផង! *ដ្បិតយើងខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហប្ញទ័យរបស់ព្រះអង្គ។ បន្ទរឡើងវិញ៖…
-សូមព្រះគ្រីស្តយេស៊ូសណ្តាប់ពាក្យអង្វររបស់យើងខ្ញុំ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ ៖ «កាលណាគេលើកខ្ញុំឡើងពីដី ខ្ញុំនឹងទាញមនុស្សទាំងអស់មកឯខ្ញុំ» ។
៤៦ | «ព្រលឹងខ្ញុំសូមលើកតម្កើងព្រះអម្ចាស់* |
៤៧ | ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ |
៤៨ | ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា ខ្ញុំជាអ្នកមានសុភមង្គលពិតមែន |
៤៩ | ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។ ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន! |
៥០ | ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ |
៥១ | ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ |
៥២ | ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។ |
៥៣ | ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។ |
៥៤ | ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា |
៥៥ | ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ឬ ទំនុកតម្កើងរបស់ព្រះនាងម៉ារី (តាមបែបស្មូត) បទព្រហ្មគីតិ
៤៧ | ខ្ញុំមានចិត្តអំណរ | សប្បាយអរពន់ពេកណាស់ | |
ព្រោះខ្ញុំបានដឹងច្បាស់ | ថាព្រះម្ចាស់ទ្រង់សង្គ្រោះ | ។ | |
៤៨ | ព្រះអង្គទតមកខ្ញុំ | ជាអ្នកបម្រើស្ម័គ្រស្មោះ | |
តទៅមនុស្សទាំងអស់ | ថាខ្ញុំនេះសែនសុខក្រៃ | ។ | |
៤៩ | ព្រះដ៏មានឫទ្ធា | ខ្លាំងអស្ចារ្យលើលោកីយ៍ | |
សម្ដែងឫទ្ធិបារមី | ព្រះនាមថ្លៃថ្លាវិសុទ្ធ | ។ | |
៥០ | ទ្រង់មានព្រះហឫទ័យ | ត្រាប្រណីខ្ពស់បំផុត | |
ដល់អ្នកគោរពកោត | ខ្លាចព្រះអង្គរៀងរហូត | ។ | |
៥១ | ព្រះអង្គសម្ដែងឫទ្ធិ | អស្ចារ្យពិតមិនរលត់ | |
កម្ចាត់មនុស្សមានពុត | ឆ្មើងបំផុតឫកខែងរែង | ។ | |
៥២ | ទ្រង់បានច្រានទម្លាក់ | អ្នកធំធ្លាក់ពីតំណែង | |
ឥតមានខ្លាចរអែង | ហើយទ្រង់តែងលើកអ្នកទាប | ។ | |
៥៣ | ព្រះអង្គប្រោសប្រទាន | ឱ្យអ្នកឃ្លានឆ្អែតដរាប | |
អ្នកមានធនធានស្រាប់ | ដេញត្រឡប់ដៃទទេ | ។ | |
៥៤ | ព្រះអង្គបានជួយរាស្ត្រ | ទ្រង់ទាំងអស់ឥតប្រួលប្រែ | |
អ៊ីស្រាអែលនៅក្បែរ | ជាបម្រើដ៏ស្មោះស្ម័គ្រ | ។ | |
៥៥ | ទ្រង់តែងមានព្រះទ័យ | ករុណាក្រៃមិនថ្នាំងថ្នាក់ | |
លោកអប្រាហាំជាក់ | និងពូជពង្សលោកជានិច្ច | ។ | |
ដូចទ្រង់បានសន្យា | នឹងដូនតាឥតមានភ្លេច | ||
ព្រះអង្គចាំជានិច្ច | គ្មានកលកិច្ចប្រែប្រួលឡើយ | ។ | |
សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
បន្ទរ ៖ «កាលណាគេលើកខ្ញុំឡើងពីដី ខ្ញុំនឹងទាញមនុស្សទាំងអស់មកឯខ្ញុំ» ។
ពាក្យអង្វរសកល
ចូរលើកតម្កើងព្រះជាម្ចាស់ជាព្រះបិតា ព្រះអង្គបាននាំប្រជាជនដែលព្រះអង្គបានជ្រើសរើសឱ្យកើតជាថ្មី ចេញពីគ្រាប់ពូជដែលមិនចេះរលួយ តាមរយៈព្រះបន្ទូលដែលគង់នៅអស់កល្បជានិច្ច។ ដោយយើងជាបុត្រធីតាព្រះអង្គ យើងទូលសូមព្រះអង្គថា ៖
បន្ទរ ៖ បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គប្រោសប្រណីប្រជារាស្រ្តព្រះអង្គផង !
បពិត្រព្រះជាម្ចាស់នៃព្រះហឫទ័យមេត្តាករុណា! សូមព្រះអង្គសណ្តាប់ពាក្យអធិដ្ឋានរបស់យើងខ្ញុំដែលថ្វាយទៅព្រះអង្គ សម្រាប់ប្រជាជនទាំងមូល
—សូមឱ្យពួកគេស្រេកឃ្លានព្រះបន្ទូលព្រះអង្គ ខ្លាំងជាងអាហារខាងរូបកាយផង។ (បន្ទរ)
សូមព្រះអង្គប្រទានឱ្យយើងខ្ញុំមានចិត្តស្មោះត្រង់ និងមានសេចក្តីស្រឡាញ់យ៉ាងក្លៀវក្លាចំពោះប្រជាជាតិរបស់យើងខ្ញុំ និងមនុស្សទាំងអស់
—សូមឱ្យយើងខ្ញុំប្រព្រឹត្តកិច្ចការណាដែលជួយកសាងពិភពលោក ក្នុងសេចក្តីសុខសាន្ត និងសេចក្តីសប្បុរស។ (បន្ទរ)
សូមព្រះអង្គទតមកដោយព្រះហឫទ័យស្រឡាញ់ចំពោះអស់អ្នកដែលបានកើតជាថ្មី ក្នុងអគ្គសញ្ញាជ្រមុជទឹក
—ដើម្បីឱ្យពួកគេបានធ្វើជាថ្មគ្រឹះដ៏មានជីវិត ក្នុងព្រះដំណាក់នៃព្រះវិញ្ញាណដ៏វិសុទ្ធ។ (បន្ទរ)
ព្រះអង្គបានធ្វើឱ្យអ្នកក្រុងនីនីវេកែប្រែចិត្តគំនិត ដោយសារសេចក្តីប្រៀនប្រដៅរបស់ព្យាការីយ៉ូណាស
—ដោយព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ សូមព្រះអង្គប៉ះពាល់ចិត្តអ្នកបាប ដោយការប្រកាសព្រះបន្ទូលនៃព្រះអង្គផង។ (បន្ទរ)
សូមឱ្យអស់អ្នកដែលបានចែកឋានទៅហើយ មានសង្ឃឹមថានឹងបានជួបជាមួយព្រះគ្រីស្ត ដែលជាចៅក្រមរបស់ពួកគេ
—សូមឱ្យពួកគេមានអំណររីករាយជារៀងរហូត ក្នុងសិរីរុងរឿងរបស់ព្រះអង្គ។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
បពិត្រព្រះបិតាជាអម្ចាស់យើងខ្ញុំ ! សូមព្រះអង្គជួយយើងខ្ញុំឲ្យប្រាថ្នាដើរតាមផ្លូវនៃធម៌មេត្តាករុណារបស់ព្រះបុត្រាព្រះអង្គ ដែលស្រឡាញ់មនុស្សលោករហូតដល់សោយទិវង្គត។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច ៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។