ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ដូច្នេះ​ សេចក្ដី​ស្រឡាញ់​នាំ​ឱ្យ​ប្រតិបត្តិតាម​វិន័យ​បាន​ពេញ​លក្ខណៈ (រ៉ូម ១៣,១០)។

បន្ទរ៖ ពេលវេលានៃការប្រែចិត្តគំនិត ពេលវេលាដែលត្រូវលះបង់អំពើបាបចោល ហើយស្វែងរកការសង្រ្គោះ បានមកដល់ហើយ។

បន្ទរ៖ យើង​ជា​ព្រះ​ដែល​មាន​ជីវិត​គង់​នៅ ! យើង​មិន​សប្បាយ​ចិត្ត​នឹង​ឲ្យ​មនុស្ស​អាក្រក់​ស្លាប់​ទេ ចូរ​វិល​មក​រក​យើង​វិញ ដើម្បី​ឲ្យ​បាន​រស់​រាន​មាន​ជីវិត។

បន្ទរ៖ ចូរប្រដាប់ភាពយុត្តិធម៌ និងឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដើម្បីឱ្យយើងចេះអត់ធ្មត់ និងស៊ូទ្រាំ។

១២៩ដំបូន្មានរបស់ព្រះអង្គល្អវិសេសណាស់
ហេតុនេះហើយបានជាទូលបង្គំធ្វើតាម។
១៣០ការស្វែងយល់ព្រះបន្ទូលរបស់ព្រះអង្គ ធ្វើឱ្យចិត្តមនុស្សភ្លឺស្វាង
ហើយធ្វើឱ្យមនុស្សទន់ទាបចេះរិះគិតពិចារណា។
១៣១ទូលបង្គំយកចិត្តទុកដាក់ត្រង់ត្រាប់ស្តាប់ព្រះបន្ទូលរបស់ព្រះអង្គ
ដ្បិតទូលបង្គំចង់ស្គាល់វិន័យរបស់ព្រះអង្គខ្លាំងណាស់។
១៣២សូមបែរព្រះភក្ត្រទតមកទូលបង្គំ សូមប្រណីសន្តោសទូលបង្គំផង
ដូចព្រះអង្គធ្លាប់ប្រណីសន្តោសដល់អស់អ្នកដែលស្រឡាញ់ព្រះនាមរបស់ព្រះអង្គ។
១៣៣សូមពង្រឹងទូលបង្គំឱ្យបានមាំមួន ដោយសារព្រះបន្ទូលសន្យារបស់ព្រះអង្គ
កុំបណ្តោយឱ្យទូលបង្គំធ្លាក់ទៅក្នុងអំណាចនៃអំពើទុច្ចរិតណាមួយឡើយ!។
១៣៤សូមរំដោះទូលបង្គំឱ្យរួចផុតពីការជិះជាន់របស់មនុស្ស
ដើម្បីឱ្យទូលបង្គំប្រតិបត្តិតាមច្បាប់របស់ព្រះអង្គ។
១៣៥សូមសម្តែងព្រះហឫទ័យមេត្តាដល់ទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ
សូមបង្រៀនក្រិត្យវិន័យរបស់ព្រះអង្គឱ្យទូលបង្គំស្គាល់ផង!។
១៣៦ទូលបង្គំបង្ហូរទឹកភ្នែកឥតស្រាកស្រាន្ត ដោយមិនគោរពតាមធម្មវិន័យរបស់ព្រះអង្គ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

សូមបងប្អូនកុំវិនិច្ឆ័យទោសអ្នកណាមុនពេលកំណត់ឡើយ ត្រូវរង់ចាំព្រះអម្ចាស់យាងមកដល់សិន… (១ករ ៤,៥)។

(បទពាក្យ ៧)

១-ព្រះម្ចាស់គង់ក្នុងអង្គប្រជុំនៃស្ថានបរមសុខពេកក្រៃ
ទ្រង់តែងតែយាងមកកាត់ក្តីក្នុងចំណោមនៃពួកទេវតា
២-ពេលណាទើបអ្នកឈប់កាត់ក្តីដោយចិត្តអប្រីយ៍ដូច្នេះណា
ឱ្យមនុស្សអាក្រក់ចិត្តឫស្យាឈ្នះគេដល់ទៅពេលណាទៀត
៣-ព្រះម្ចាស់មានព្រះបន្ទូលថាចូររកយុត្តិធម៌កុំរវាត
ឱ្យអ្នកក្រីក្រខ្សត់គ្មានញាតិកូនកំព្រាអត់មានឪម៉ែ
៤-ចូរកុំនៅស្ងៀមចេញរំដោះអ្នកទន់ខ្សោយខ្សោះគ្មានអ្នកថែ
ឱ្យគ្នារួចខ្លួនបានល្ហើយល្ហែជនអាក្រក់តែងតែធ្វើបាប
៥-តែគេមិនដឹងមិនយល់សោះចិត្តគេទុយ៌សជាដរាប
អំពើយុត្តិធម៌ក៏សូន្យសាបដែលទុកសម្រាប់គ្រឹះផែនដី
៦-យើងនឹងប្រកាសថាអស់អ្នករាល់គ្នាពិតជាក់ជាបុត្រី
បុត្រារបស់ម្ចាស់ផែនដីជាព្រះស្កឹមស្កៃដ៏ខ្ពស់ខ្ពង់
៧-តែអ្នកត្រូវស្លាប់ដូចមនុស្សលោកដែលដួកដេកស្តូកពុំអាចរស់
ស្លាប់ដូចជាមនុស្សទូទាំងអស់ដូចអ្នកធំខ្ពស់បាត់តំណែង
៨-ឱព្រះម្ចាស់អើយសូមតើនឡើងវិនិច្ឆ័យកុំឆ្មើងឫទ្ធិគួរស្ញែង
ដ្បិតមនុស្សគ្រប់ជាតិទាំងនោះឯងជារាស្ត្រឥតក្លែងនៃព្រះអង្គ
សូមកោតសរសើរព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណ
ដែលគង់ស្ថិតស្ថេរឥតសៅហ្មងយូរលង់កន្លងតរៀងទៅ

ចូរ​កាន់​ចិត្ត​អត់‌ធ្មត់​ក្នុង​ពេល​មាន​ទុក្ខ​លំបាក។ ចូរ​ព្យាយាម​អធិស្ឋាន (រ៉ូម ១២,១២)។

នៅពេលមានអាសន្ន ខ្ញុំស្រែកហៅព្រះអម្ចាស់។
ព្រះអង្គក៏ឆ្លើយតបមកខ្ញុំវិញ។
ឱព្រះអម្ចាស់អើយ! សូមរំដោះទូលបង្គំ
ឱ្យរួចផុតពីមនុស្សដែលពោលពាក្យកុហក និងបោកបញ្ឆោត!
អ្នកនិយាយបោកបញ្ឆោតដូច្នេះ តើនឹងត្រូវទទួលទោសអ្វីខ្លះ?
គឺត្រូវតែរងនូវព្រួញរបស់អ្នកចំបាំង និងភ្លើងឆេះសន្ធោសន្ធៅប៉ុណ្ណោះ!
ខ្ញុំស្នាក់នៅក្នុងស្រុករបស់មនុស្សកាចសាហាវ
ហើយរស់នៅក្នុងចំណោមមនុស្សព្រៃផ្សៃដូច្នេះ វេទនាណាស់!
ខ្ញុំបានរស់នៅជាមួយអស់អ្នកដែលស្អប់សន្តិភាពជាយូរឆ្នាំកន្លងមកហើយ។
ពេលខ្ញុំនិយាយពីសន្តិភាព ពួកគេបែរជាប្រកាសសង្គ្រាមទៅវិញ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ពេលវេលានៃការប្រែចិត្តគំនិត ពេលវេលាដែលត្រូវលះបង់អំពើបាបចោល ហើយស្វែងរកការសង្រ្គោះ បានមកដល់ហើយ។

បន្ទរ៖ យើង​ជា​ព្រះ​ដែល​មាន​ជីវិត​គង់​នៅ ! យើង​មិន​សប្បាយ​ចិត្ត​នឹង​ឲ្យ​មនុស្ស​អាក្រក់​ស្លាប់​ទេ ចូរ​វិល​មក​រក​យើង​វិញ ដើម្បី​ឲ្យ​បាន​រស់​រាន​មាន​ជីវិត។

បន្ទរ៖ ចូរប្រដាប់ភាពយុត្តិធម៌ និងឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដើម្បីឱ្យយើងចេះអត់ធ្មត់ និងស៊ូទ្រាំ។

ម៉ោង៩ ព្រឹក
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) ប្រាញ ១១,២៣-២៤ក

ព្រះ‌អង្គ​អាណិត‌អាសូរ​មនុស្ស​ទាំង​អស់ ព្រោះ​ព្រះ‌អង្គ​មាន​ឫទ្ធា‌នុភាព​អាច​សម្រេច​កិច្ច‌ការ​ទាំង​អស់ ព្រះ‌អង្គ​មិន​ប្រកាន់​មនុស្សដែល​ប្រព្រឹត្ត​អំពើ​បាប​ទេ ដើម្បី​ឲ្យ​គេ​កែ​ប្រែ​ចិត្ត​គំនិត។ ព្រះ‌អង្គ​ស្រឡាញ់​សត្វ​លោក​ទាំង​អស់ មិន​ស្អប់​ខ្ពើម​សត្វ​លោក​ណា​មួយ ដែល​ព្រះ‌អង្គ​បាន​បង្កើត​សោះ​ឡើយ។

បន្ទរ៖ ឱ​ព្រះ‌ជាម្ចាស់​អើយ! សូម​ប្រោស​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ចិត្ត​បរិសុទ្ធ
—សូម​ប្រទាន​ចិត្ត​គំនិត​ថ្មី​ដ៏​រឹង‌ប៉ឹង​មក​ទូល‌បង្គំ​ផង។
ពាក្យអធិដ្ឋាន
ម៉ោង១២ ថ្ងៃត្រង់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) អគ ១៨,២៣

តើ​អ្នក​រាល់​គ្នា​ស្មាន​ថា យើង​ចង់​ឃើញ​មនុស្ស​ទុច្ចរិត​ស្លាប់​ឬ? ទេ! ផ្ទុយ​ទៅ​វិញ យើង​ចង់​ឃើញ​គេ​លះ‌បង់​មារយាទ​អាក្រក់​របស់​ខ្លួន ដើម្បី​ឲ្យ​រស់​រាន​មាន​ជីវិត -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

បន្ទរ៖ ព្រះ‌អង្គ​អើយ សូម​កុំ​ទត​មើលអំពើ​បាប​របស់​ទូល‌បង្គំឡើយ
—តែ​សូម​លុប​បំបាត់​កំហុស​ទាំង​ប៉ុន្មានរបស់​ទូល‌បង្គំ​ទៅ។
ពាក្យអធិដ្ឋាន
ម៉ោង៣ រសៀល
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) អស ៥៨,៧

ត្រូវ​ចែក​អាហារ​ឲ្យ​អ្នក​ស្រេក​ឃ្លាន ត្រូវ​ទទួល​ជន​ក្រីក្រ ដែល​គ្មាន​ទីជម្រកឲ្យ​ស្នាក់​នៅ​ជា​មួយ។ បើ​ឃើញ​នរណា​ម្នាក់​គ្មាន​សម្លៀក‌បំពាក់ ត្រូវ​ចែក​ឲ្យ​គ្នា​ស្លៀក​ពាក់​ផង ហើយ​មិន​ត្រូវ​គេច​ខ្លួន​ពី​បង‌ប្អូន​ណា ដែល​មក​ពឹង​ពាក់​អ្នក​ឡើយ។

បន្ទរ៖ យញ្ញ‌បូជា​ដែល​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យឲ្យ​ទូល‌បង្គំថ្វាយ គឺ​ចិត្តសោក​ស្តាយ
—ព្រះ‌អង្គ​តែង‌តែ​ទទួល​ចិត្ត​សោក​ស្តាយ និង​ចិត្ត​លែង​មាន​អំនួត។
ពាក្យអធិដ្ឋាន

ឱព្រះជាម្ចាស់អើយ ! ព្រះអង្គប្រទានអគ្គសញ្ញានានា ដើម្បីកសាងពិភពលោកថ្មី។ សូមព្រះអង្គជួយឧបត្ថម្ភឲ្យព្រះសហគមន៍កាន់តែរីកចម្រើនឡើង ហើយប្រោសឲ្យយើងខ្ញុំចេះចែករំលែកសម្បត្តិនៃស្ថានបរមសុខដល់មនុស្សលោកសព្វថ្ងៃនេះផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

សូមកោតសរសើរព្រះអម្ចាស់ !
សូមអរព្រះគុណព្រះជាម្ចាស់ !

36 Views

Theme: Overlay by Kaira