រដូវសែសិបថ្ងៃ
ថ្ងៃសុក្រ អាទិត្យទី៣
(ពេលល្ងាច)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១៣៥
ចូរសរសើរតម្កើងព្រះជាម្ចាស់សម្រាប់ការអស្ចារ្យ ដែលព្រះអង្គបានប្រព្រឹត្តចំពោះយើង
បងប្អូនជាប្រជារាស្ត្រ ដែលព្រះជាម្ចាស់បានយកមកធ្វើជាកម្មសិទ្ធិផ្ទាល់របស់ព្រះអង្គ ដើម្បីឱ្យបងប្អូនប្រកាសដំណឹងអំពីស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះអង្គ
ដែលបានហៅបងប្អូនឱ្យចេញពីទីងងឹត មកកាន់ពន្លឺរុងរឿងរបស់ព្រះអង្គ (១សល ២,៩)។
បន្ទរទី១ ៖ ព្រះអម្ចាស់ជាព្រះដ៏ឧត្តុង្គឧត្តម ព្រះអម្ចាស់របស់យើងប្រសើរលើសព្រះទាំងប៉ុន្មាន។
(ក)
១ | អាលេលូយ៉ា! ចូរសរសើរតម្កើងព្រះអម្ចាស់! ចូរសរសើរតម្កើងព្រះនាមព្រះអម្ចាស់! អ្នកបម្រើរបស់ព្រះអម្ចាស់អើយ! ចូរនាំគ្នាសរសើរតម្កើងព្រះអង្គ! |
២ | អ្នករាល់គ្នាដែលស្ថិតនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ អ្នករាល់គ្នាដែលស្ថិតនៅក្នុងបរិវេណព្រះដំណាក់របស់ព្រះនៃយើងអើយ! |
៣ | ចូរនាំគ្នាសរសើរតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គមានព្រះហឫទ័យសប្បុរស ចូរច្រៀងតម្កើងថ្វាយព្រះនាមព្រះអង្គ ដ្បិតព្រះអង្គគាប់ព្រះហឫទ័យនឹងយើង។ |
៤ | ព្រះអម្ចាស់បានជ្រើសរើសពូជពង្សលោកយ៉ាកុប ព្រះអង្គយកជនជាតិអ៊ីស្រាអែលធ្វើជាប្រជារាស្ត្រផ្ទាល់របស់ព្រះអង្គ។ |
៥ | ខ្ញុំដឹងច្បាស់ថា ព្រះអម្ចាស់ជាព្រះដ៏ឧត្តុង្គឧត្តម ព្រះអម្ចាស់របស់យើងប្រសើរលើសព្រះដទៃទាំងប៉ុន្មាន។ |
៦ | បើព្រះអម្ចាស់សព្វព្រះហឫទ័យធ្វើការអ្វី ព្រះអង្គនឹងសម្រេចបានទាំងអស់ ទាំងនៅលើផ្ទៃមេឃ ទាំងនៅលើផែនដី នៅក្នុងសមុទ្រ និងនៅក្នុងទីជម្រៅនៃបាតសមុទ្រ។ |
៧ | ព្រះអង្គនាំពពកចេញពីជើងមេឃ ព្រះអង្គធ្វើឱ្យមានផ្លេកបន្ទោរ ដើម្បីឱ្យភ្លៀងធ្លាក់ ព្រះអង្គក៏បញ្ចោញខ្យល់ឱ្យបក់បោកមកដែរ។ |
៨ | ព្រះអង្គបានប្រហារកូនច្បងទាំងឡាយនៅស្រុកអេស៊ីប គឺចាប់តាំងពីកូនមនុស្ស រហូតដល់កូនសត្វពាហនៈ។ |
៩ | ព្រះអង្គសម្តែងទីសម្គាល់ និងឫទ្ធិបាដិហារិយ៍ផ្សេងៗ នៅស្រុកអេស៊ីប ដើម្បីដាក់ទោសព្រះចៅផារ៉ោន និងមន្ត្រីទាំងប៉ុន្មានរបស់ស្តេច។ |
១០ | ព្រះអង្គបានវាយប្រហារប្រជាជាតិជាច្រើន ព្រះអង្គបានវាយប្រហារជីវិតស្តេចដ៏ខ្លាំងពូកែ |
១១ | គឺព្រះបាទស៊ីហុន ជាស្តេចស្រុកអាម៉ូរី ព្រះបាទអុកជាស្តេចស្រុកបាសាន និងស្តេចទាំងប៉ុន្មានរបស់ជនជាតិកាណាន។ |
១២ | ព្រះអង្គប្រគល់ទឹកដីរបស់ពួកគេ ឱ្យអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គ ទុកជាមត៌ក។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ព្រះអម្ចាស់ជាព្រះដ៏ឧត្តុង្គឧត្តម ព្រះអម្ចាស់របស់យើងប្រសើរលើសព្រះទាំងប៉ុន្មាន។
បន្ទរទី២ ៖ ជនជាតិអ៊ីស្រាអែលអើយ ចូរសរសើរតម្កើងព្រះអម្ចាស់ ចូរស្មូតទំនុកតម្កើងថ្វាយព្រះនាមព្រះអង្គ ដ្បិតព្រះអង្គមានព្រះហឫទ័យមេត្តាករុណា។
(ខ)
(បទកាកគតិ)
១៣- | បពិត្រព្រះម្ចាស់ | ព្រះនាមរបស់ | ព្រះអង្គគង់វង្ស |
ជារៀងរហូត | ល្បីល្បាញយូរលង់ | ត្រចះត្រចង់ | |
អស់កល្បឥតរា | ។ | ||
១៤- | ដ្បិតព្រះអង្គរក | យុត្តិធម៌នាំមក | ឱ្យរាស្ត្រប្រជា |
ព្រះអង្គអាណិត | អាសូរគ្រប់គ្រា | អស់កូនចៅជា | |
អ្នកស្ម័គ្របម្រើ | ។ | ||
១៥- | ព្រះផ្សេងឯទៀត | ជាព្រះមិនពិត | កើតពីមនុស្សធ្វើ |
ពីមាសពីប្រាក់ | ពីស្ពាន់ពីឈើ | អ្វីសព្វសារពើ | |
ជាព្រះក្លែងក្លាយ | ។ | ||
១៦- | ព្រះនោះមានមាត់ | បើកបិទមិនកើត | មិនអាចនិយាយ |
មាត់ដែលជាងឆ្លាក់ | គេដាក់មកឱ្យ | ភ្នែកដែលមានហើយ | |
តែបើកមិនរួច | ។ | ||
១៧- | ត្រចៀកក៏មាន | តែស្តាប់មិនបាន | ដូចត្រចៀកខូច |
ស្រេចតែជាងធ្វើ | តាមធំតាមតូច | ខ្យល់ចូលមិនរួច | |
ដង្ហើមក៏គ្មាន | ។ | ||
១៨- | សូមឱ្យអស់អ្នក | ដែលខំសូនឆ្លាក់ | ឥតមានស្រាកស្រាន្ត |
ធ្វើព្រះក្លែងក្លាយ | ដែលមានប៉ុន្មាន | ឱ្យពួកគេបាន | |
ដូចព្រះទាំងនោះ | ។ | ||
១៩- | អ៊ីស្រាអែលអើយ | កុំនៅកន្តើយ | នាំគ្នាទាំងអស់ |
ខំលើកតម្កើង | ព្រះជាអម្ចាស់ | ទាំងពូជរបស់ | |
លោកអរ៉ុនផង | ។ | ||
២០- | គ្រួសារលេវី | ចូរមកមូលមីរ | សរសើរផ្គូរផ្គង |
និងអ្នកដែលធ្លាប់ | គោរពព្រះអង្គ | សរសើរថ្កើងថ្កាន | |
ព្រះម្ចាស់នៃយើង | ។ | ||
២១- | ចូរយើងនាំគ្នា | មកផ្តុំមូលមីរ | សរសើរតម្កើង |
ព្រះជាអម្ចាស់ | គង់ភ្នំស៊ីយ៉ូន | និងនៅក្នុងក្រុង | |
យេរូសាឡឹម | ។ | ||
សូមកោតសរសើរ | ដល់ព្រះបិតា | ព្រះរាជ្យបុត្រា | |
និងព្រះវិញ្ញាណ | ជាព្រះត្រៃអង្គ | ថ្កើងថ្កានឥតហ្មង | |
ដែលគង់ជានិច្ច | ។ |
បន្ទរ ៖ ជនជាតិអ៊ីស្រាអែលអើយ ចូរសរសើរតម្កើងព្រះអម្ចាស់ ចូរស្មូតទំនុកតម្កើងថ្វាយព្រះនាមព្រះអង្គ ដ្បិតព្រះអង្គមានព្រះហឫទ័យមេត្តាករុណា។
បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ១៥,៣-៤)
ទំនុកតម្កើងនៃការគោរពប្រណិប័តន៍
បន្ទរទី៣ ៖ ព្រះអម្ចាស់អើយ ប្រជាជាតិទាំងប៉ុន្មានដែលព្រះអង្គបានបង្កើតមក នឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ។
៣ | “ឱព្រះជាម្ចាស់ដែលមានព្រះចេស្តាលើអ្វីៗទាំងអស់អើយ ស្នាព្រះហស្តរបស់ព្រះអង្គប្រសើរឧត្តម គួរឱ្យកោតស្ញប់ស្ញែងពន់ពេកណាស់! ឱព្រះមហាក្សត្រនៃប្រជាជាតិទាំងឡាយអើយ មាគ៌ារបស់ព្រះអង្គសុទ្ធតែសុចរិត និងត្រឹមត្រូវទាំងអស់! |
៤ | បពិត្រព្រះអម្ចាស់! តើមាននរណាមិនគោរពកោតខ្លាចព្រះនាមព្រះអង្គ? តើនរណាមិនលើកតម្កើងសិរីរុងរឿងនៃព្រះនាមព្រះអង្គ? ដ្បិតមានតែព្រះអង្គប៉ុណ្ណោះជាព្រះដ៏វិសុទ្ធ។ មនុស្សគ្រប់ជាតិសាសន៍នឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ ដ្បិតគេបានឃើញច្បាស់ថា ព្រះអង្គវិនិច្ឆ័យដោយយុត្តិធម៌”។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ព្រះអម្ចាស់អើយ ប្រជាជាតិទាំងប៉ុន្មានដែលព្រះអង្គបានបង្កើតមក នឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (យក ៥,១៦.១៩-២០)
ដូច្នេះ សូមបងប្អូនលន់តួបាបដល់គ្នាទៅវិញទៅមក ព្រមទាំងអធិដ្ឋានឲ្យគ្នាទៅវិញទៅមកផង ដើម្បីឲ្យជាសះស្បើយ។ ពាក្យទូលអង្វររបស់មនុស្សសុចរិតមានប្រសិទ្ធភាពខ្លាំងណាស់។ បងប្អូនអើយ ក្នុងចំណោមបងប្អូន ប្រសិនបើមាននរណាម្នាក់បានវង្វេងចេញឆ្ងាយពីសេចក្ដីពិត ហើយបើមានម្នាក់ទៀតនាំគាត់ឲ្យវិលត្រឡប់មកវិញ តោងដឹងថា អ្នកដែលនាំមនុស្សបាបឲ្យងាកចេញពីមាគ៌ាដែលគេវង្វេងនោះ បានសង្គ្រោះជីវិតគេឲ្យរួចពីស្លាប់ ព្រមទាំងគ្របបាំងអំពើបាបដ៏ច្រើនលើសលប់ផង។
បន្ទរ៖ ខ្ញុំទូលព្រះអម្ចាស់ថា *ព្រះអង្គអើយសូមប្រណីមេត្តាទូលបង្គំ។ បន្ទរឡើងវិញ៖…
-សូមប្រោសទូលបង្គំឲ្យជាឡើងវិញផង ដ្បិតយើងខ្ញុំបានប្រព្រឹត្តអំពើបាប ទាស់នឹងព្រះហប្ញទ័យរបស់ព្រះអង្គ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ៖ បើយើងស្រឡាញ់បងប្អូនឯទៀតៗឲ្យបានដូចស្រឡាញ់ខ្លួនឯង នោះប្រសើរជាងថ្វាយតង្វាយដុត និងថ្វាយយញ្ញបូជាទៅទៀត» ។
៤៦ | «ព្រលឹងខ្ញុំសូមលើកតម្កើងព្រះអម្ចាស់* |
៤៧ | ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ |
៤៨ | ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា ខ្ញុំជាអ្នកមានសុភមង្គលពិតមែន |
៤៩ | ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។ ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន! |
៥០ | ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ |
៥១ | ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ |
៥២ | ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។ |
៥៣ | ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។ |
៥៤ | ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា |
៥៥ | ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ឬ ទំនុកតម្កើងរបស់ព្រះនាងម៉ារី (តាមបែបស្មូត) បទព្រហ្មគីតិ
៤៧ | ខ្ញុំមានចិត្តអំណរ | សប្បាយអរពន់ពេកណាស់ | |
ព្រោះខ្ញុំបានដឹងច្បាស់ | ថាព្រះម្ចាស់ទ្រង់សង្គ្រោះ | ។ | |
៤៨ | ព្រះអង្គទតមកខ្ញុំ | ជាអ្នកបម្រើស្ម័គ្រស្មោះ | |
តទៅមនុស្សទាំងអស់ | ថាខ្ញុំនេះសែនសុខក្រៃ | ។ | |
៤៩ | ព្រះដ៏មានឫទ្ធា | ខ្លាំងអស្ចារ្យលើលោកីយ៍ | |
សម្ដែងឫទ្ធិបារមី | ព្រះនាមថ្លៃថ្លាវិសុទ្ធ | ។ | |
៥០ | ទ្រង់មានព្រះហឫទ័យ | ត្រាប្រណីខ្ពស់បំផុត | |
ដល់អ្នកគោរពកោត | ខ្លាចព្រះអង្គរៀងរហូត | ។ | |
៥១ | ព្រះអង្គសម្ដែងឫទ្ធិ | អស្ចារ្យពិតមិនរលត់ | |
កម្ចាត់មនុស្សមានពុត | ឆ្មើងបំផុតឫកខែងរែង | ។ | |
៥២ | ទ្រង់បានច្រានទម្លាក់ | អ្នកធំធ្លាក់ពីតំណែង | |
ឥតមានខ្លាចរអែង | ហើយទ្រង់តែងលើកអ្នកទាប | ។ | |
៥៣ | ព្រះអង្គប្រោសប្រទាន | ឱ្យអ្នកឃ្លានឆ្អែតដរាប | |
អ្នកមានធនធានស្រាប់ | ដេញត្រឡប់ដៃទទេ | ។ | |
៥៤ | ព្រះអង្គបានជួយរាស្ត្រ | ទ្រង់ទាំងអស់ឥតប្រួលប្រែ | |
អ៊ីស្រាអែលនៅក្បែរ | ជាបម្រើដ៏ស្មោះស្ម័គ្រ | ។ | |
៥៥ | ទ្រង់តែងមានព្រះទ័យ | ករុណាក្រៃមិនថ្នាំងថ្នាក់ | |
លោកអប្រាហាំជាក់ | និងពូជពង្សលោកជានិច្ច | ។ | |
ដូចទ្រង់បានសន្យា | នឹងដូនតាឥតមានភ្លេច | ||
ព្រះអង្គចាំជានិច្ច | គ្មានកលកិច្ចប្រែប្រួលឡើយ | ។ | |
សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
បន្ទរ៖ បើយើងស្រឡាញ់បងប្អូនឯទៀតៗឲ្យបានដូចស្រឡាញ់ខ្លួនឯង នោះប្រសើរជាងថ្វាយតង្វាយដុត និងថ្វាយយញ្ញបូជាទៅទៀត» ។
ពាក្យអង្វរសកល
ព្រះគ្រីស្តជាព្រះអម្ចាស់បានប្រោសឱ្យប្រជារាស្រ្តរបស់ព្រះអង្គវិសុទ្ធ ដោយព្រះលោហិតរបស់ព្រះអង្គ។ ចូរយើងស្រែកអង្វរព្រះអង្គថា ៖
បន្ទរ៖ បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គអាណិតមេត្តាដល់ប្រជារាស្រ្តរបស់ព្រះអង្គផង !
ឱព្រះសង្រ្គោះដ៏ជាទីស្រឡាញ់ ! តាមរយៈទុក្ខលំបាករបស់ព្រះអង្គ សូមបង្រៀនយើងខ្ញុំឱ្យចេះបរិច្ចាគធនធានដែលយើងមាន សូមប្រទានកម្លាំងឱ្យយើងខ្ញុំចេះប្រឆាំងនឹងសេចក្តីអាក្រក់ និងទុក្ខលំបាក ហើយសូមព្រះអង្គពង្រីកសេចក្តីសង្ឃឹមរបស់យើង
—ដូច្នេះ យើងខ្ញុំអាចត្រៀមខ្លួនរួចជាស្រេច ដើម្បីអបអរសាទរព្រះអង្គមានព្រះជន្មរស់ឡើងវិញ។ (បន្ទរ)
សូមព្រះអង្គប្រោសឱ្យគ្រីស្តបរិស័ទទាំងអស់ ធ្វើជាព្យាការីរបស់ព្រះអង្គ ដើម្បីឱ្យមនុស្សលោកបានស្គាល់ព្រះនាមព្រះអង្គក្នុងគ្រប់ទីកន្លែង
—ហើយធ្វើជាសាក្សីអំពីព្រះអង្គ ដោយមានជំនឿ សេចក្តីសង្ឃឹម និងសេចក្តីស្រឡាញ់។ (បន្ទរ)
សូមព្រះអង្គប្រទានកម្លាំងដល់អ្នកដែលមានទុក្ខព្រួយ
—ហើយសូមព្រះអង្គជួយយើងខ្ញុំឱ្យលើកពួកគេឡើង ដោយសារការស្រឡាញ់ និងព្រួយបារម្ភរបស់យើងខ្ញុំ។ (បន្ទរ)
សូមព្រះអង្គប្រៀនប្រដៅមនុស្សទៀងត្រង់ ឱ្យមើលឃើញពីទុក្ខលំបាករបស់ព្រះអង្គ ក្នុងសេចក្តីឈឺចាប់របស់ពួកគេ
—ហើយសូមបង្ហាញឫទ្ធានុភាពនៃការសង្រ្គោះរបស់ព្រះអង្គ ឱ្យអ្នកដទៃបានឃើញផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
ឱព្រះអម្ចាស់ដ៏មានព្រះហឫទ័យសប្បុរសយ៉ាងក្រៃលែងអើយ ! ព្រះអង្គបង្ហូរធម៌មេត្តាករុណារបស់ព្រះអង្គមកក្នុងចិត្តយើងខ្ញុំ។ សូមព្រះអង្គប្រោសយើងខ្ញុំឲ្យចេះរំងាប់កិលេសតណ្ហា ដោយស្តាប់ និងប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្តជាព្រះបុត្រាព្រះអង្គ និងជាអម្ចាស់យើងខ្ញុំ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច ៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។